ជាលើកទី១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពីការពង្រឹងសហប្រតិបត្តិការលើច្រើនវិស័យ ជាជំនួបកំពូលនេះ មានកម្មវត្ថុទាក់ទាញចិត្តអាមេនី ឲ្យងាកចេញឆ្ងាយពីឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាជាយូរមកហើយ។
នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាបក្សប្រឆាំងភូមាបានស្នើសុំការគាំទ្រពីបារាំងក្នុងការទាមទារឲ្យរដ្ឋាភិបាលភូមាបញ្ជាក់ពីព័ត៌មានស្តីពីស្ថានភាពសុខភាពរបស់ម្តាយខ្លួន។ ការស្នើសុំជំនួយពីបារាំងរបស់កូនប្រុសលោកស្រីអ៊ុង សានស៊ូជីដូចនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលភូមាបានសម្រេចសម្រាលទោស និងផ្ទេរការឃុំលោកស្រី ស៊ូជីនៅក្នុងពន្ធនាគារទៅឃុំនៅក្នុងផ្ទះដោយមានការយាមកាមយ៉ាងតឹងរឹងវិញ។
ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយហាមជក់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក។ សេចក្តីណែនាំទាំងនេះធ្វើឡើង ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតឲ្យឈប់នាំចូល និងការប្រើបារីអេឡិចត្រូនិក។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើលសង្គមខ្លះយល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ស្ថាប័នរដ្ឋនៅមិនទាន់គ្រប់គ្រាន់ទេ ពោលរដ្ឋគួរមានវិធានការច្បាប់តឹងរ៉ឹងដើម្បីឆ្លើយតបនឹងបញ្ហានេះ។
ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងករណីសង្ស័យចំនួន ៥ ករណីក្នុងចំណោមមនុស្សនៅលើនាវាទេសចរណ៍មួយដែលកំពុងជាប់នៅលើសមុទ្រក្នុងប្រទេសប្រជុំកោះ Cape Verde។ គិតត្រឹមថ្ងៃអង្គារ ទី០៥ ឧសភានេះ ជំងឺថ្មីមួយនេះបានសម្លាប់មនុស្ស ៣នាក់នៅលើនាវា។ បើតាម WHO មេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនៅលើនាវា។
នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ ឧសភា ភាគីរុស្ស៊ីបានប្រកាសផ្អាកប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន ក្នុងអំឡុងពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ៨ និង ៩ ខែ ឧសភា ។ ចំណែកឯអ៊ុយក្រែនវិញ ក៏បានប្រកាសជាផ្លូវការ អំពីបទឈប់បាញ់ជាឯកតោភាគីមួយ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែ ឧសភានេះតទៅ ។
តើបទឈប់បាញ់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចនឹងរលាយសូន្យបង់ដែរឬទេ? នៅថ្ងៃទី៤ឧសភា មានការផ្ទុះអាវុធរវាងកងទ័ពអាមេរិកនិងអ៊ីរ៉ង់ ក្នុងពេលដែលកងទ័ពអាមេរិក អមដំណើរការពារ រំដោះនាវាចេញតាមច្រកសមុទ្រអកមូហ្ស។ ហើយនៅព្រឹកថ្ងៃអង្គារនេះ អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនច្រើនគ្រឿង មកលើស្ថានីយស្តុកប្រេង និងនាវាដឹកប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម។ ពីអឺរ៉ុប បណ្ដាថ្នាក់ដឹកនាំ បានអំពាវនាវបន្តបន្ទាប់គ្នា ឲ្យភាគីជម្លោះមានការអត់ធ្មត់ និងងាកទៅចូលតុចរចាដើម្បីដោះស្រាយវិបត្តិនេះ ព្រោះវាកំពុងតែធ្វើបាបពិភពលោកទាំងមូល។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងចំនួន៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទបានប្តេជ្ញាចិត្តរួមគ្នាបន្តសហការ និងគាំទ្រពេញទំហឹងដល់ក្រុមការងារ «កសិកម្ម-ទឹក-ជនបទ» ដើម្បីធានាប្រសិទ្ធភាពការងារ និងឧត្តមប្រយោជន៍ជាតិ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីវិស័យលើកទី៦ រវាងរដ្ឋមន្ត្រីទាំង ៣ក្រសួងនេះ។ ចំណែកតំណាងកសិករចង់ឃើញមានការអនុវត្តជាក់ស្តែងលើសពីការប្តេជ្ញាចិត្តរបស់ក្រសួងទាំង ៣។
កម្ពុជាគ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងទេ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន នៅក្នុងសេក្តីថ្លែងការណ៍មួយនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ពោលបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់ MOU ឆ្នាំ២០០១ ជាមួយកម្ពុជា។ សម្រាប់លោក ប្រាក់ សុខុន ការដកខ្លួនរបស់ថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយរួមគ្នាជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងថា បញ្ហានេះនឹងមិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ខ្លួនឡើយ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រកាសដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ជេ ប៊ី អឹម អេ ឌីវេឡុបមិន ដែលគ្រប់គ្រងកាស៊ីណូ អរឆីដ អូតែល និង រិច កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកាស៊ីណូនេះបានអនុវត្តផ្ទុយនឹងសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយបានធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ សូមរំឭកថា កាលពីពេលថ្មីៗ កម្លាំងសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបអគារកាស៊ីណូចំនួន ១៩កន្លែង និងបានឃាត់ខ្លួនជនបរទេសជាងមួយពាន់នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៦នេះដែលគ្រោងរៀបចំឡើងនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាព សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានផ្អាកដោយសារព្រះអង្គ ទ្រង់ព្រះប្រឈួន និងកំពុងគង់ប្រថាប់ព្យាបាលនៅទីក្រុងប៉េកាំងប្រទេសចិន។ ត្បិតតែមិនមានការប្រារព្ធពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ តែប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនបានសរសេរសារអបអរព្រះរាជពិធីនេះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនជាមួយនឹងការបួងសួងឲ្យកម្ពុជាទទួលបានភោគផលកសិកម្មខ្ពស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ តាមគម្រោង លោក ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននៅក្រៅកិច្ចប្រជុំផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា កិច្ចប្រជុំអាស៊ានឆ្នាំ២០២៦នេះនឹងត្រូវពិភាក្សាច្រើនលើបញ្ហាក្តៅគគុកដូចជា ជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាអន្តរជាតិផ្សេងទៀតដែលអាចប៉ះពាល់ដល់ស្ថិរភាព និងភាពរួបរួមក្នុងតំបន់។
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី និងសមភាគីជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយនេះត្រូវបានក្រុងហ្សាការតាចាត់ទុកជារឿងចាំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប្រឈមនឹងពិភពលោកមួយដែលកំពុងស្គាល់ភាពស្មុគស្មាញ និងវឹកវរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី៣ឧសភា ថាកងទ័ពអាមេរិកនឹងបើកប្រតិបត្តិការចាប់ពីថ្ងៃចន្ទនេះទៅ ដើម្បីអមការពារ នាវាដែលជាប់ក្នុងឈូងសមុទ្រពែក្ស ឲ្យអាចបើកចេញតាមច្រកសមុទ្រអកមូហ្ស។ លោកដូណាល់ ត្រាំ អះអាងថាប្រតិបត្តិការនេះ គឺជាកាយវិការមនុស្សធម៌ និងចេតនាល្អរបស់សហរដ្ឋអាមេរិក។ តែយ៉ាងណា អ៊ីរ៉ង់បានប្រកាសថា វត្តមានរបស់កងទ័ពអាមេរិកនៅក្នុងច្រកសមុទ្រអកមូហ្ស នឹងត្រូវក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីរ៉ង់។
ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS គឺជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងផែនការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ (MOU២០០១) របស់ភាគីថៃ និងជាការត្រៀមទុកក្នុងការតតាំងតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារដែនទឹកដែលកម្ពុជាកំពុងមានជម្លោះជាមួយវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ឧសភា។ ការលើកឡើងបែបនេះត្រូវបានមន្ត្រីកម្ពុជាបន្តបកស្រាយថា កម្ពុជាផ្តល់តម្លៃលើ MOU២០០១ និងមិនចង់ឃើញថៃលុបចោលឯកសារច្បាប់មួយនេះទេ។
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពីប្រទេសវៀតណាមនៅចុងសប្តាហ៍កន្លងទៅ លោកស្រីបានបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីនាថ្ងៃចន្ទ ទី៤ ឧសភានេះ។ « វិបត្តិប្រេងឥន្ធនៈសកលបានធ្វើឲ្យប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក » នេះជាការថ្លែងរបស់លោកស្រី តាកាអ៊ីជី សាណាអេ បន្ទាប់ពីបានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី។
សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ សមយុទ្ធយោធាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២ នេះត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ឧសភា ដើម្បីតាមដានពាក្យបណ្តឹងដែលស្នើសុំឲ្យមានការដោះលែងអ្នកនយោបាយប្រឆាំងរូបនេះឲ្យមានសេរីភាពឡើងវិញ។ សំណើរបស់មេធាវីការពារក្តីយ៉ាងដូចនេះធ្វើឡើងក្នុងហេតុផលថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់កំណត់។
ជប៉ុនបានប្រកាសលុបចោលបម្រាមចុងក្រោយស្តីពីការនាំចេញអាវុធ។ អំណើះតទៅ ឧស្សាហកម្មអាវុធជប៉ុនអាចបញ្ចេញសក្តានុពលយ៉ាងពេញទំហឹងបាន នៅលើទីផ្សារសព្វាវុធអន្តរជាតិ។ ប៉ុន្តែជប៉ុនទំនងត្រូវការពេលវេលាបន្តិច ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់និងពង្រឹងសមត្ថភាព។
អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិកទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣ ឧសភា។
សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី៣ ឧសភា។ បើផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលគំាព៌ាសិទ្ធិមនុស្ស នៅអ៊ីស្រាអែល តុលាការបានសម្រេចបន្តឃុំខ្លួនសកម្មជនទាំងពីរនាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយម។ ចំណែក សកម្មជនមនុស្សធម៌ផ្សេងទៀតត្រូវកងទ័ពអ៊ីស្រាអែលដោះលែង និងបញ្ជូនតាមកប៉ាល់ ទៅឲ្យអាជ្ញាធរក្រិក។
បន្ទាប់ពីច្រានចោលសំណើថ្ងៃសុក្រទី១ឧសភា លោកប្រធានាធិបតីអាមេរិក បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ទី២ឧសភាថានឹងពិនិត្យមើលផែនការសន្តិភាពថ្មីដែលអ៊ីរ៉ង់ទើបដាក់ស្នើមកទៀតតាមរយៈប៉ាគីស្ថាន។ បើតាមសារព័ត៌មានផ្លូវការអ៊ីរ៉ង់ ផែនការសន្តិភាពថ្មីមាន១៤ចំណុច និងអាចបិទបញ្ចប់ជម្លោះក្នុងរយៈពេល៣០ថ្ងៃ។
នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនបរទេសចំនួនជាង ៤ពាន់នាក់ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ តាមអគ្គស្នងការនគរបាលជាតិ នេះជាប្រតិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ ខណៈមានជនជាតិចិនជាង ១០០នាក់ បាននាំគ្នារត់គេច នៅថ្ងៃទី២ខែ ឧសភាកន្លងទៅ តែត្រូវបានឃាត់ខ្លួនមកវិញ។
នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ពលរដ្ឋមួយចំនួនដែលរស់នៅតាមផ្លូវថ្មើរជើងចតុមុខ(Walk Streat) បានត្អូញត្អែរពីការរំខានដោយសំឡេងខ្លាំងៗ ខណៈមានការប្រគុំតន្ត្រីនៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ពលរដ្ឋអះអាងថា សំឡេងខ្លាំងៗចេញពីឆាកតន្ត្រីនោះ បានប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សចាស់ និងកូនក្មេងដែលមានផ្ទះនៅតំបន់នោះ ដោយពួកគេមិនអាចទទួលទានដំណេកបាន។
ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Spirit Airlines បានប្រកាសនៅថ្ងៃសៅរ៍ ទី២ ឧសភា លុបជើងហោះហើរទាំងអស់ និងចាប់ផ្តើមផ្អាកសកម្មភាពការងារជាបណ្តើរៗភ្លាម។ ប្រសិនបើច្រកសមុទ្រអកមូហ្សនៅបន្តបិទខ្ទប់យូរទៀត នោះក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក៏អាចប្រឈមនឹងការបិទទ្វារ ដែរ។
លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយបា និងបានគំរាមវាយយកគុយបា។ នៅថ្ងៃដដែល ប្រជាជនគុយបាច្រើនម៉ឺននាក់បានចុះផ្លូវដើរដង្ហែក្បួន នៅទីក្រុងឡាហាវ៉ាន ដើម្បីបង្ហាញសាមគ្គីភាព និងការការពារមាតុភូមិ។ ប្រជាជានគុយបាក៏បានបរិហារចំពោះការគំរាមឈ្លានពានដែនអធិបតេយ្យភាពរបស់គុយបា ពីសំណាក់កងទ័ពអាមេរិក។ ប្រតិកម្មនឹងទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ក្រុងឡាហាវ៉ានបានចាត់ទុកវិធានការនេះ ថាជាអំពើខុសច្បាប់ និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ។
ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ នូវសកម្មភាពមិនរៀបរយ និងសកម្មភាពអសណ្តាប់ធ្នាប់របស់អ្នកកាសែតក្នុងការបំពេញកិច្ចការរបស់ខ្លួន ដែលបានបង្កផលប៉ះពាល់ដល់គុណតម្លៃ និងកិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដោយបានបន្ថែមថា អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។
ក្នុងឱកាសបំពេញទស្សនកិច្ចជាលើកទីមួយ នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ បានចុះកិច្ចព្រមព្រៀងជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពលនិងទំនើបកម្ម។ ក្នុងសុន្ទរកថាផ្នែកនយោបាយការបរទេសពីទីក្រុងហាណូយដដែល លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាដើរតួនាទីកាន់តែសកម្មខ្លាំងបន្ថែមទៀត ដើម្បីធានាប្រែក្លាយអាស៊ីប៉ាស៊ីហ្វិកឱ្យក្លាយជាតំបន់សេរីនិងបើកចំហ។ តែសម្រាប់ប៉េកាំង គំនិតផ្តួចផ្តើមរបស់លោកស្រីប្រមុខរដ្ឋាភិបាលជប៉ុន គឺជាការពន្យុះឱ្យមានភាពប្រឈមដាក់គ្នា។
ក្នុងពេលដែលការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ត្រូវគាំងស្តូក ហើយលោកត្រាំបានប្រាប់សភាអាមេរិកថាអរិភាពជាមួយអ៊ីរ៉ង់បានចប់ តែអ៊ីរ៉ង់ថាសង្គ្រាមនឹងអាចផ្ទុះឡើងវិញ ប្រធានាធិបតីអាមេរិកបានងាកមករករឿងសម្ព័ន្ធមិត្តចាស់ គឺអឺរ៉ុប។ ក្រៅពីប្រើវិធីគំរាមដំឡើងពន្ធនាំចូល ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី១ឧសភា ដកទ័ពប្រមាណ៥ពាន់នាក់ចេញពីអាល្លឺម៉ង់ ដោយប្រើពេលយ៉ាងយូរ១ឆ្នាំ។
ជនសង្ស័យក្នុងបទវាយប្រហារដោយកាំបិត ទៅលើបុរសជនជាតិជ្វីហ្វពីរនាក់ នៅភាគខាងជើងទីក្រុងឡុងដ៏ បានបង្ហាញខ្លួននៅមុខចៅក្រម នៅថ្ងៃទី ០១ ខែឧសភា។ រដ្ឋាភិបាលអង់គ្លេសចាត់ទុកការវាយប្រហារនេះ ជាទង្វើប្រកាន់ពូជសាសន៍ ហើយសន្យាថានឹងពង្រឹងការការពារសន្តិសុខនៅតាមតំបន់សហគមន៍ជ្វីហ្វ។