នៅក្នុងឆ្នាំ២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម និងជម្លោះហិង្សា មានចំនួនដល់ទៅ៣២លាននាក់ ដែលភាគច្រើនលើសលុប គឺមាននៅអ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំនួននេះ បានកើនឡើងដល់ទៅ៦០% បើប្រៀបធៀបទៅឆ្នាំមុន។ ផ្អែកតាមរបាយការណ៍បូកសរុបចុងក្រោយ វាគឺជាលើកទី១ដែលចំនួនជនភៀសខ្លួនក្នុងស្រុកដោយសារជម្លោះហិង្សា មានច្រើនជាងជនភៀសខ្លួនដោយសារតែគ្រោះមហន្តរាយធម្មជាតិ។
អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតដែលអ៊ីស្រាអែលកាន់កាប់។ បើយោងតាមអង្គការយូនីសេហ្វ ប្រតិបត្តិការយោធាអ៊ីស្រាអែលតាំងពីដើមឆ្នាំ ២០២៥ នៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតបានបណ្តាលឲ្យស្លាប់កុមារប៉ាឡេស្ទីនចំនួន ៧០នាក់ ក្នុងនោះ មានជាង ៦០នាក់ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ លក់ទៅឲ្យចិន។ យ៉ាងហាចណាស់ មានមនុស្សមានអំណាច១២នាក់ នៃរបបផ្តាច់ការអ៊ីរ៉ង់ ព្រមទាំងក្រុមហ៊ុននៅឌូបៃនិងនៅហុងកុង ដែលជាប់ក្នុងបញ្ជីខ្មៅ។ គួរកត់ថា ការប្រកាសទណ្ឌកម្មនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកដូណាល់ ត្រាំនឹងទៅជួបលោកស៊ី ជីនពីង នៅប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ។
សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញឲ្យឃើញពីការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់គណបក្សប្រឆាំង។ នេះជាការលើកឡើងរបស់លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរនៅក្នុងជំនួបជាមួយតំណាងក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១១ ឧសភា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១២ ឧសភានេះ លោក គង់ មុនីកា បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងអំពីបញ្ហាប្រឈមផ្សេងៗទៀត ដូចជាការបំភិតបំភ័យខាងនយោបាយលើសកម្មជន និងការបង្កឧបសគ្គរបស់អាជ្ញាធរនៅពេលមានការលើកស្លាកគណបក្សជំទាស់ជាដើម។
ក្នុងបទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីរក្សា និងការពារអធិបតេយ្យភាពជាតិ និងកសាងធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ និងមនសិការស្នេហាជាតិខ្ពស់ ។ តាមលោក ហ៊ុន ម៉ាណែត ទន្ទឹមនឹងការអនុម័តច្បាប់ថ្មីនេះ រដ្ឋាភិបាលកម្ពុជាក៏បានគិតគូរដល់ផលលំបាកផ្សេងៗដែលអាចកើតឡើងចំពោះយុវជនដែលគ្រប់អាយុត្រូវចូលបម្រើកាតព្វកិច្ចយោធា។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានបណ្តាលឲ្យមានស្លាប់ និងរបួសយ៉ាងច្រើនក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ នេះ។ បើតាមរបាយការណ៍ ក្នុងចំណោមជនស៊ីវិលអាហ្វហ្កានីស្ថានស្លាប់ចំនួន ៣៧២នាក់ពីថ្ងៃទី១ មករាដល់ថ្ងៃទី៣១ មីនា មានជាងពាក់កណ្តាលបានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់កងទ័ពប៉ាគីស្ថានទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕
តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ កោះហៅទៅសាកសួរ ក្រោយលោកបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យសហគមន៍រៀបចំវេទិកាសាធារណៈស្តីពីវិវាទដីធ្លី។ នេះបើតាមការចុះផ្សាយរបស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លីកាដូបានអះអាងថា អាជ្ញាធរបានដាក់សម្ពាធឱ្យលោក ឡុំ សែ ផ្តិតមេដៃបញ្ឈប់សកម្មភាពតវ៉ា និងព្រមានចាត់វិធានការច្បាប់ ប្រសិនបើតំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុករូបនេះនៅបន្តសកម្មភាព។
ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរ ឬឆ្លងកាត់រមណីដ្ឋានអង្គរត្រូវអនុវត្តវិធានការសុវត្ថិភាព អំឡុងពេលកម្សាន្តនារដូវវស្សា។ ក្នុងសេចក្តីប្រកាសចេញផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរំឭកឱ្យទេសចរប្រុងប្រយ័ត្នពីហានិភ័យដែលអាចកើតមាន តួយ៉ាងបាតុភូតធម្មជាតិ និងគ្រោះថ្នាក់ជាយថាហេតុ។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ១១៤ លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។ អ្នកវិភាគនយោបាយមើលឃើញថា ច្បាប់នេះធ្វើឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ពេកដែលអាចបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជនដែលកំពុងធ្វើការក្នុងវិស័យផ្សេងៗ។
ការរំដោះអ្នកដំណើរចេញពីនាវាទេសចរណ៍ ដែលមានករណីឆ្លងមេរោគHantavirus ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដោយមានការត្រួតពិនិត្យតាមដាន ពីអង្គការសុខភាពពិភពលោក។ គិតត្រឹមពេលនេះ មានប្រទេសចំនួន៦ដែលពាក់ព័ន្ធដោយសារតែមានជនជាតិខ្លួន ជាអ្នកដំណើរលើនាវានេះ បានឆ្លងមេរោគឬជាករណីប៉ះពាល់ជាមួយអ្នកឆ្លង។ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ ឲ្យមានការពិនិត្យតាមដាន និងធ្វើចត្តាឡីស័ក៤២ថ្ងៃ នៅពេលអ្នកដំណើរទាំងនោះ ត្រឡប់ទៅដល់ប្រទេសរៀងៗខ្លួនវិញ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចបារាំង-អាហ្វ្រិកនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ានាថ្ងៃចន្ទ ទី១១ ខែឧសភា។ កម្មវត្ថុនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ គឺដើម្បីការពារតួនាទីរបស់សហភាពអឺរ៉ុបនៅទ្វីបអាហ្រ្វិក ពិសេសស្តារទំនាក់ទំនងរវាងបារាំង និងទ្វីបអាហ្រ្វិកឡើងវិញ ក្រោយពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ។
បន្ទាប់ពីបានគិតច្រើនថ្ងៃ ចំពោះលក្ខខណ្ឌបញ្ចប់សង្គ្រាមស្នើដោយសហរដ្ឋអាមេរិក នៅទីបំផុត ភាគីអ៊ីរ៉ង់បានឆ្លើយតបវិញ កាលពីថ្ងៃអាទិត្យទី១០ឧសភា។ អ៊ីរ៉ង់បានស្នើត្រឡប់ទៅវិញ នូវលក្ខខណ្ឌដែលខ្លួនចង់បាន ហើយបានធ្វើឲ្យលោកដូណាល់ ត្រាំ ក្តៅចិត្ត និងមិនអាចទទួលយកបានជាដាច់ខាត។ នេះគឺជាដំណឹងអាក្រក់មួយ ចំពោះក្តីរំពឹងដែលចង់ឲ្យច្រកសមុទ្រអកមូហ្សអាចបើកឡើងវិញឆាប់ៗ។ ស្ថានការណ៍វិបត្តិអូសបន្លាយនេះ បានធ្វើឲ្យតម្លៃប្រេងឆៅស្ទុះហក់ឡើងមួយរំពេច នៅព្រឹកថ្ងៃចន្ទនេះ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃ បានបញ្ជាក់នៅថ្ងៃទី១០ខែឧសភាថា ភ្នាក់ងារពាក់ព័ន្ធរបស់ចិន កំពុងដំណើរការពន្លឿនព័ត៌មាន និងរកការពិតពីអ្នកពាក់ព័ន្ធ ករណីថៃចាប់ខ្លួនបុរសជនជាតិចិនម្នាក់ដែលកាន់លិខិតឆ្លងដែនកម្ពុជា។ បុរសចិនអាយុ ៣១ឆ្នាំរូបនេះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ពីបទនាំចូលអាវុធ និងគ្រឿងផ្ទុះខុសច្បាប់ទៅក្នុងទឹកដីថៃ ប៉ុនប៉ងធ្វើភេរវកម្ម។
ប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធ័រនែតដែលបានប្រមូលផ្តុំភាគច្រើននៅប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូចិនដូចជា កម្ពុជា ភូមា ឡាវ និងវៀតណាមកំពុងមានវត្តមានកាន់តែច្រើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតឥណ្ឌូណេស៊ី The Jakarta Post នៅថ្ងៃទី១១ ឧសភានេះដោយបន្ថែមថា លំហូរក្រុមឆបោកអនឡាញនៅឥណ្ឌូណេស៊ីកើតឡើង ក្រោយពីមានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងបណ្តាប្រទេសទាំងនោះ។
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យដោះលែងអ្នកស្រី ហែម ចន្នី អតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយគ្មានលក្ខខណ្ឌ។ សូមជម្រាបជូនថា អ្នកស្រី ហែម ចន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រោយអ្នកស្រីមានជំនួបមួយជាមួយអភិបាលខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី១១ ខែឧសភានេះ ប្រទេសថៃបានបដិសេធលើរបាយការណ៍របស់កម្ពុជាដែលថា ទីក្រុងបាងកកបានយល់ព្រមលើការប្រើប្រាស់យន្តការ «ផ្សះផ្សាដោយបង្ខំ» នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ជុំវិញការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ការចេញមុខបដិសេធរបស់ភាគីថៃធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅមុខនាយករដ្ឋមន្ត្រីថៃនាជំនួបត្រីភាគីក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនថា កម្ពុជានឹងប្រើប្រាស់យន្តការ «ផ្សះផ្សាដោយចាប់បង្ខំ» ទាក់ទងនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។
នៅប្រទេសថៃ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ២៤៣ថ្ងៃ។ ចំណែកនៅប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជីត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំក្នុងផ្ទះវិញ។ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគខ្លះយល់ថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង ដើម្បីជំរុញឲ្យមានការផ្សះផ្សា និងពង្រឹងឯកភាពជាតិ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធបានចាត់ទុកការលើកឡើងបែបនេះថាជាការប្រៀបធៀបខុសរបៀប។ តើមានមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាង?
លោក ម៉ា ចិត្រា សកម្មជនបរិស្ថានបានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនល្មើសកាប់ឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ បានប្រាប់លោកថា ពួកគេបានបង់លុយចំនួន៣០ម៉ឺនរៀលទៅឲ្យមន្ត្រីបរិស្ថាន ជាថ្នូរនឹងការយករណាយន្តមួយគ្រឿងចូលព្រៃដើម្បីអារឈើនៅតំបន់នោះ។ លោកម៉ា ចិត្រាបានប្រទះអ្នកកាប់ព្រៃ នៅពេលលោកចុះដើរល្បាតព្រៃ នៅយប់ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ។
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលលឺគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។
នៅថ្ងៃអាទិត្យ ទី១០ ឧសភា តុលាការស៊ីរីបានចោទប្រកាន់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងរបបលោកបាស្ហា អាល់អាសាដ ម្នាក់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធ្លាប់ជាមនុស្សជំនិតរបស់មេដឹកនាំផ្តាច់ការ បាស្ហា អាល់ អាសាដ ជនជាប់ចោទAtif Najibត្រូវបានចៅក្រមប្រកាសចោទប្រកាន់ពីបទប្រព្រឹត្ត អំពើដែល “ស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” នៅក្នុងយុទ្ធនាការបង្រ្កាបបាតុកម្ម នៅទីក្រុង Daraa កាលពីឆ្នាំ ២០១១។ ការបង្រ្កាបដ៏ហិង្សាទៅលើបាតុករនៅទីក្រុងDaraa ជាចំណុចចាប់ផ្តើមនៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាល រហូតធ្វើឲ្យស៊ីរីធ្លាក់ខ្លួនទៅក្នុងភ្លើងសង្រ្គាមស៊ីវិលជាង ១០ឆ្នាំ។
អ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ លោក អ៊ុំ សំអាន បានអះអាងថា ថៃកំពុងសាងសង់របងថ្មរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។ ទាក់ទងនឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់ប្រាប់មហាជនយ៉ាងណានៅឡើយទេ។ តែកន្លងមកក្រសួងការបរទេសកម្ពុជា ធ្លាប់ដាក់លិខិតតវ៉ាទៅកាន់រដ្ឋាភិបាលថៃ អំពីគម្រោងសាងសង់របងព្រំដែននៅចន្លោះបង្គោលលេខ៥២ ដល់បង្គោលលេខ៥៤។
ប្រតិបត្តិការជម្លៀសអ្នកដំណើរ និង បុគ្គលិកជាងមួយរយនាក់ ចេញពីនាវាទេសចរណ៍ HV Hondius ដែលមានការផ្ទុះករណីឆ្លងមេរោគ « Hantavirus » ចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី ១០ ឧសភា។ ប្រតិបត្តិការនេះធ្វើឡើងនៅកោះ Tenerife នៃប្រជុំកោះកាណារី ប្រទេសអេស្ប៉ាញ។ អាជ្ញាធរអេស្ប៉ាញ និង អង្គការសុខភាពពិភពលោក (WHO) បានចាត់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ការជម្លៀសមនុស្សចេញពីនាវា នឹងមិនបង្កហានិភ័យដល់ប្រជាជនក្នុងតំបន់។
ទោះបីកម្ពុជាបានចេញកំណត់ទូតតវ៉ាយ៉ាងណា ភាគីថៃនៅតែបន្តសង់របងព្រំដែនរឹងមាំត្រង់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រៅពីសំណង់របងនេះ ភាគីថៃបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្លាំងយោធាខ្លួនវាយដណ្តើមកាន់កាប់បាន កាលពីខែធ្នូឆ្នាំ២០២៥។ អ្នកឃ្លាំមើលនយោបាយមួយចំនួនយល់ថា កម្ពុជាត្រូវប្រឹងប្រែងតវ៉ាប្រឆាំង តាមយន្តការការទូតបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានរបស់ថៃ ទោះជាត្រូវប្រើពេលវេលាយូរក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយជំទាស់ និងអ្នកវិភាគខ្លះយល់ថា កម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួនចំពោះការរំលោភពីរដ្ឋដទៃ ដូចករណីអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ សំណួរសួរថា តើក្នុងកាលៈទេសៈនេះ កម្ពុជាអាចធ្វើអ្វីបានខ្លះទៀត ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានរបស់ថៃមកលើកម្ពុជាជាបន្តបន្ទាប់?
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង្កេតទូលំទូលាយ ករណីដែលសមត្ថកិច្ចខេត្តឈុនបូរីរបស់ថៃ ចាប់បានជនជាតិចិនម្នាក់កាលពីថ្ងៃសុក្រទី៨ឧសភា និងដែលថៃអះអាងថា មានកាន់លិខិតឆ្លងដែនកម្ពុជា។ អាជ្ញាធរថៃបានចោទប្រកាន់បុរសចិនអាយុ ៣១ឆ្នាំ រូបនោះថា ជាបណ្តាញអង្គរក្ស លោក ហ៊ុន សែន ដែលបាននាំចូលអាវុធ និងគ្រឿងផ្ទុះទៅក្នុងទឹកដីថៃប៉ុនប៉ងធ្វើភេរវកម្ម។ ប៉ុន្តែអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា នេះជារឿងអសន្តិសុខដែលបានកើតឡើងនៅប្រទេសថៃ ហើយថៃគ្រប់គ្រងមិនបាន តែបែរជាមកប្រឌិតរឿងចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាទៅវិញ។
ជនបរទេសជាច្រើនរយនាក់ បានរត់ប្រសាចពេញដងផ្លូវនៅក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីគេចចេញពីការចាប់ឃាត់ខ្លួនរបស់សមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសម្រុកចូលបង្ក្រាបទីតាំងកាស៊ីណូមួយកន្លែង ដែលអាជ្ញាធរសង្ស័យថា ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញយ៉ាងសកម្ម។
ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ពស់ចំពោះការឆ្លងវីរុសហាន់តា (Hantavirus) ថ្វីបើកម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសនេះលើមនុស្សនៅឡើយក៏ដោយ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការរក្សាអនាម័យ និងជៀសវាងការប៉ះពាល់ទឹកនោម លាមក និងទឹកមាត់របស់ប្រភេទសត្វកកេរ ពិសេសសត្វកណ្តុរ និងមិនត្រូវឱ្យក្រុមប្រភេទទាំងនេះខាំ ឬខ្វាចឡើយ។
ប្រមុខការទូតថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ថៃមានគម្រោងបញ្ជូនភារធារីរបស់ខ្លួន ឲ្យត្រលប់មកធ្វើការនៅស្ថានទូតថៃនាទីក្រុងភ្នំពេញឡើងវិញ ដើម្បីស្តារទំនាក់ទំនង និងទំនុកចិត្តជាមួយកម្ពុជា។ ការបញ្ជាក់របស់ប្រមុខការទូតថៃយ៉ាងដូច្នេះ គឺបន្ទាប់ពីមេដឹកនាំកម្ពុជា-ថៃ បានអះអាងរួមគ្នាអំពីការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធជុំវិញបញ្ហាជម្លោះព្រំដែន។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីជំហររបស់កម្ពុជា ដែលចង់ឲ្យពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងឥន្ធនៈ។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេលប្រមុខរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ឧសភា ឆ្នាំ២០២៦។
ចន្លោះខែមករា និងខែតុលា ឆ្នាំ២០២៥ កម្ពុជាបាននាំចូលមាសពីថៃប្រមាណ ២៤តោន គិតជាទឹកប្រាក់សរុបជាង២,៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយថៃ ដែលក្រុមចលនាមាតាធម្មជាតិយកមកផ្សព្វផ្សាយបន្ត នៅថ្ងៃសុក្រទី៨ ខែឧសភា ឆ្នាំ២០២៦។ ក្រុមចលនាមាតាធម្មជាតិបានលើកជាសំណួរ និងសង្ស័យអំពីភាពមិនប្រក្រតី ចំពោះការនាំចូលមាសដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ នៅចំអំឡុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ មន្ត្រីកម្ពុជានៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទៅនឹងការលើកឡើងរបស់ក្រុមចលនាមាតាធម្មជាតិ។
លោក ភីធ័រ ម៉ាកចារបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីហុងគ្រី ជាផ្លូវការ កាលពីថ្ងៃសៅរ៍ទី ៩ឧសភា បន្ទាប់ពីរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជាមួយសំឡេងគាំទ្រ ចំនួន១៤០ ក្នុងចំណោមសំឡេងសរុបរបស់រដ្ឋសភាចំនួន១៩៩។ នាយករដ្ឋមន្រ្តីថ្មីរបស់ហុងគ្រីបានសន្យាផ្លាស់ប្តូររបបដឹកនាំដើម្បីឈានទៅបិទបញ្ចប់អំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាព ដែលធ្លាប់មាននៅក្នុងអាណត្តិដឹកនាំ១៦ឆ្នាំ របស់លោកវិចទ័រ អកបាន។ ភាគីអឺរ៉ុបទទួលស្វាគមន៍សាជាថ្មី នាយករដ្ឋមន្រ្តីហុងគ្រីដែលមានទំនោរមកខាងអឺរ៉ុប។ នៅមុនការប្រកាសចូលកាន់តំណែងរបស់នាយករដ្ឋមន្រ្តី សភាហុងគ្រីបានអនុម័តយល់ព្រមឲ្យលើកទង់ជាតិអឺរ៉ុបនៅរដ្ឋសភាសាជាថ្មី បន្ទាប់ពីអាក់ខាន អស់១២ឆ្នាំ។ ចំពោះប្រធានគណៈកម្មការអឺរ៉ុប នេះជាសញ្ញាលើកទឹកចិត្តដ៏សំខាន់មួយនៅក្នុងកាលៈទេសៈលំបាកដូចសព្វថ្ងៃ។
ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋរស់នៅលើបឹងទន្លេសាប តែងហៅខ្លួនឯងថាជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕
លោកដូណាល់ ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី៨ឧសភា ថាលោកបានសម្របសម្រួល ឲ្យអ៊ុយក្រែននិងរុស្ស៊ីសុខចិត្តផ្អាកការប្រយុទ្ធរយៈពេល៣ថ្ងៃ និងប្តូរអ្នកទោសគ្នា១ពាន់នាក់។ បទឈប់បាញ់បណ្តោះអាសន្ននេះ គឺធ្វើឡើងស្របពេលដែលរុស្ស៊ី បានរៀបចំប្រារព្ធ “ទិវាជ័យជំនះ” លើអាល្លឺម៉ង់ណាស៊ី កាលពីជំនាន់សង្គ្រាមលោកលើកទី២។ ជាការកត់សំគាល់ ការប្រារព្ធពិធីនៅម៉ូស្គូឆ្នាំនេះ គឺមានលក្ខណៈតូចតាចជាងឆ្នាំមុនៗឆ្ងាយ ។ ព័ត៌មានជាច្រើនបានអះអាងថា គឺលោកពូទីនខ្លាចក្រែងអ៊ុយក្រែន បញ្ជាដ្រូនមកវាយប្រហារធ្វើឲ្យបាក់មុខ។
នៅកូរ៉េខាងត្បូង បច្ចេកវិទ្យាទំនើបមិនត្រឹមតែបានបោះជំហានចូលក្នុងផ្ទះប៉ុណ្ណោះទេ តែកំពុងតែបោះជំហាន ឈានចូលក្នុងវត្តអារាមពុទ្ធសាសនាថែមទៀត។ មនុស្សយន្តទីមួយឈ្មោះ GABI ត្រូវបានគេបំបួស ឲ្យក្លាយជាសាមណេរ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៦ឧសភា។ ក្នុងទឹកមុខសប្បាយរំភើប លាយឡំដោយការភ្ញាក់ផ្អើល ព្រះសង្ឃពុទ្ធសាសនាកូរ៉េខាងត្បូង បានរៀបចំសូត្រធម៌ស្វាគមន៍មនុស្សយន្តសាមណេរថ្មីនេះ យ៉ាងរីករាយ។