នៅទីក្រុងញូវដេលី ឥណ្ឌាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ BRICS ដោយមានវត្តមានអ៊ីរ៉ង់ និងរុស្ស៊ី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា ដែលជាថ្ងៃនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសមភាគីអាមេរិក លោកដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។ កម្មវត្ថុនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេស BRICS ផ្តោតសំខាន់លើវិបត្តិថាមពល ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូសហ្សអស់ជាច្រើនខែកន្លងមកនេះ។
លោក Carl Skau នាយករងប្រតិបត្តិនៃអង្គការស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP បានថ្លែងប្រាប់ AFP នៅថ្ងៃទី១៤ ឧសភាថា មានស្រ្តី និងកុមារអាហ្វហ្កានីស្ថានរាប់លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ។ បើតាមលោក Skau បើគ្មានជម្លោះរវាងប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន រួមទាំងសង្រ្គាមនៅអ៊ីរ៉ង់ទេ ម្ល៉េះ WFP អាចផ្តល់ជួយចិញ្ចឹមកុមារអាហ្វហ្កានីស្ថានបានចំនួនមួយលាននាក់បន្ថែមទៀត។
សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចាត់ទុកការបដិសេធរបស់តុលាការចំពោះសំណើសុំដោះលែងកូនក្តីរបស់ខ្លួនថា ជាអំពើអយុត្តិធម៌ និងមានហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់ពិតប្រាកដ។ តែខាងតំណាងអយ្យការអមសាលាដំបូងថា ការអនុវត្តទោសរបស់លោក ថាច់ សេដ្ឋា មិនទាន់បញ្ចប់ឡើយទេ ពោលត្រូវបន្តជាប់ក្នុងពន្ធនាគាររហូតដល់ខែកក្កដា ឆ្នាំ២០២៧។
កម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ទៅកាន់ប្រាសាទព្រះវិហារជាលើកដំបូងក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានប្តូរវេនអាស៊ាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះឲ្យដឹងថា ការចុះសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពេលនេះជាការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ។
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យលោក ជា ធីរិទ្ធ បានឲ្យដឹងនៅថ្ងៃទី១៤ ឧសភានេះថា លោក ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល(ក.ប.ប.) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានាមើលឃើញថា ការព្រមានរបស់លោក ហ៊ុន សែន របៀបនេះមិនមែនធ្វើឡើងជាលើកទី១ទេ តែមន្ត្រី ដែលបានរាយការណ៍កុហកថ្នាក់លើខ្លះភ័យខ្លាច និងខ្លះទៀតក៏នៅតែឆ្លៀតឱកាសដដែល។ តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. ពេលនេះ អាចកែប្រែឥរិយាបទមន្ត្រីខិលខូចបានកម្រិតណាដែរ?
ជំនួបពិភាក្សារវាងលោកស៊ី ជីនពីង និងលោកដូណាល់ត្រាំ បានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា វេលាម៉ោង១២ ថ្ងៃត្រង់។ កិច្ចពិភាក្សាដ៏តានតឹងរវាងប្រមុខដឹកនាំចិននិងអាមេរិក ជាង២ម៉ោង ផ្តោតលើការដោះដូរពាណិជ្ជកម្ម សង្រ្គាមនៅមជ្ឈិមបូព៌ានិងអ៊ុយក្រែន ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជាពិសេសសំណុំរឿងកោះតៃវ៉ាន់។ លោកស៊ីបានព្រមានលោកត្រាំ កុំឲ្យលូកដៃចូលក្នុងសំណុំរឿងតៃវ៉ាន់ បើមិនចង់ឲ្យប្រទេសទាំងពីរមានជម្លោះនឹងគ្នា។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការច្បាប់ចំពោះមន្ត្រីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបងដែលអះអាងថាគ្មានការនាំចូលទុរេនពីថៃ។ ចំពោះលោក ហ៊ុន សែន ការធ្វើបែបនេះ គឺដើម្បីព្រមានដល់មន្ត្រីដទៃទៀតកុំឱ្យភូតភរថ្នាក់ដឹកនាំ និងបោកបញ្ឆោតពលរដ្ឋ។ ភ្លាមៗ ក្រោយមានសំណើពីលោក ហ៊ុន សែន អគ្គនាយកដ្ឋាន ក.ប.ប ក៏បានបញ្ចេញលិខិតមួយដែលបញ្ជាក់ពីការដកប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង។
ថ្ងៃ ពុធ ទី ១៣ ខែ ឧសភា វិមានក្រេមឡាំង បានច្រានចោល លទ្ធភាពនៃការចរចាសន្តិភាពពិតប្រាកដមួយ ជាមួយក្រុងកៀវ ដរាបណាកងទ័ពអ៊ុយក្រែនមិនព្រមដកខ្លួនចេញ ពីតំបន់ដុនបាស ដែលមួយផ្នែកកំពុងស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។ គួរបញ្ជាក់ថា ការស្វែងរកផ្លូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយមកជាង៤ ឆ្នាំ ដោយមានអាមេរិកធ្វើជាអន្តរការី ត្រូវជាប់គាំងបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើង កាលពីចុងខែកុម្ភៈ កន្លងទៅ ។
ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃដែលអះអាងថា ទាហានកម្ពុជាបានបាញ់កាំភ្លើងចំនួន ១១គ្រាប់នៅតំបន់ព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ កម្ពុជាចាត់ទុកការលើកឡើងដូច្នេះរបស់ភាគីថៃជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងបរិបទនៃភាពតានតឹងតាមព្រំដែននៃប្រទេសទាំង ២នៅតែបន្តមាន។
ស្ថាប័នកំពូលៗ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ បក្សក្រៅរដ្ឋាភិបាល រួមនឹងបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួនបានថ្វាយសារជូនព្រះពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា។ ក្នុងឱកាសនេះ សារថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជាបានធ្លាក់មកជាបន្តបន្ទាប់ ដោយបួងសួងឱ្យព្រះអង្គ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរ។
អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
បន្ទាប់ពីលើកពេលម្តងកាលពីខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅដល់ប្រទេសចិននៅរសៀលថ្ងៃពុធទី ១៣ឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១៥ឧសភា ២០២៦។ ជាទស្សនកិច្ចដែលគ្រប់គ្នាទន្ទឹងតាមដានបំផុត ព្រោះមហាអំណាចទាំងពីរ ត្រូវប្រឹងស្វះស្វែងស្ថាបនាទំនាក់ទំនងប្រាកដប្រជាមួយ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មផង បញ្ហាតៃវ៉ាន់ផង និងសង្គ្រាមនៅអ៊ីរ៉ង់ទៀត។
ប្រទេសតួកគី តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក Oncu Keceli បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី១៣ ឧសភាថា តួកគី និងអាមេនីនឹងភ្ជាប់ឡើងវិញជាផ្លូវការនូវទំនាក់ទំនងរវាងគ្នា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣៣ឆ្នាំ។ គម្រោងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មមួយធ្វើឡើងនៅក្នុងក្របខណ្ឌនៃការរំកិលរកគ្នារវាងប្រទេសទាំងពីរ។
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា?
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជាបានទទួលជួបលោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបនេះផ្តោតលើការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខព្រំដែន និងទំនាក់ទំនងប្រជាជន និងប្រជាជន។
នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជំនួបរវាងលោកស្រី Allison Hooker និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាគ្រប់លើវិស័យដែរ។
ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕
កិច្ចប្រជុំកំពូលអាហ្រ្វិក បារាំង « Africa Forward » បានបិទបញ្ចប់នៅយប់ថ្ងៃអង្គារ ទី១២ ឧសភាក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ កិច្ចប្រជុំកំពូលនេះបានចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនរូប ក្នុងនោះក៏មានប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងម្នាក់ដែរ។ នៅក្រោយកិច្ចប្រជុំកំពូល លោកម៉ាក្រុងបានផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំងអន្តរជាតិ RFI ទូរទស្សន៍ France24 និងទូរទស្សន៍ TV5 Monde។ នៅក្នុងបទសម្ភាស លោក ម៉ាក្រុងបានលើកឡើងនូវប្រធានបទជាច្រើនដែលលោកបានជជែកជាមួយថ្នាក់ដឹកនាំអាហ្រ្វិក ក្នុងនោះក៏មានទាក់ទងនឹងច្រកសមុទ្រអកមូហ្សដែលកំពូងបន្តបិទខ្ទប់ដែរ។ លោក ម៉ាក្រុងមើលឃើញថា ការបិទខ្ទប់ច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះបានផ្តល់ផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាហ្រ្វិក ពិសេសកង្វះជីកសិកម្ម។ ដូច្នេះសម្រាប់លោក ម៉ាក្រុង គេត្រូវតែទទួលបានការបើកច្រកសមុទ្រអកមូហ្សឡើងវិញដោយគ្មានលក្ខខណ្ឌ។
នៅហ្វីលីពីន អតីតមេប៉ូលីសជាតិ និងជាសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa បានអំពាវនាវឲ្យមានគាំទ្រពីមិត្តរួមអាជីពដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបញ្ឈប់ការតាមចាប់ខ្លួនលោកតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេកាលពីខែវិច្ចិកា ឆ្នាំ ២០២៥។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃពុធ ទី ១៣ ឧសភា បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនចាប់ផ្តើមអនុវត្តដីកា ICC តាមចាប់ខ្លួនលោក Dela Rosa ទៅឲ្យ ICC ដែលចោទលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយរួមដៃជាមួយអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែរតេនៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន។
នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនឹងការគិតគូរជាថ្មីទៅលើបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងតំបន់ត្រូពិក ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុង ការវិវត្តនៃរបៀបរស់នៅផ្សេងៗពីគ្នា ពិសេសគឺការហូរចូលបេតិកភណ្ឌបែបទំនើបកម្ម។ លោក Martin Aerne ស្ថាបត្យករជនជាតិស្វីស និងអ្នកជំនាញខាងការរចនាសំណង់អាគារដ៏លេចធ្លោម្នាក់ដែលមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០២ ធ្លាប់បានចូលរួមចំណែកនៅក្នុងគម្រោងស្ថាបត្យកម្ម និងការវាយតម្លៃលើស្នាដៃនៃការប្រកួតប្រជែងរបស់សិស្ស-និស្សិតជាច្រើននៅកម្ពុជា។ សម្រាប់លោក Martin Aerne ស្ថាបត្យកម្មមិនមែនត្រឹមតែជាការសាងសង់អាគារដែលមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏ជាការរចនាសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរដែរ។
ក្រសួងវប្បធម៌កម្ពុជាបានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការដាក់ប្រាសាទបុរាណខ្មែររួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់បុរាណស្ថានផ្សេងៗទៀតទៅក្នុងបញ្ជីជាតិនៃបុរាណស្ថានរបស់ថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ក្រសួងវប្បធម៌កម្ពុជាចាត់ទុកទង្វើបែបនេះរបស់ថៃជាអំពើខុសច្បាប់ និងគ្មានន័យផ្លូវច្បាប់អ្វីឡើយ។
នៅក្នុងឆ្នាំ២០២៥ ជនភៀសខ្លួនក្នុងស្រុកដោយសារតែសង្គ្រាម និងជម្លោះហិង្សា មានចំនួនដល់ទៅ៣២លាននាក់ ដែលភាគច្រើនលើសលុប គឺមាននៅអ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំនួននេះ បានកើនឡើងដល់ទៅ៦០% បើប្រៀបធៀបទៅឆ្នាំមុន។ ផ្អែកតាមរបាយការណ៍បូកសរុបចុងក្រោយ វាគឺជាលើកទី១ដែលចំនួនជនភៀសខ្លួនក្នុងស្រុកដោយសារជម្លោះហិង្សា មានច្រើនជាងជនភៀសខ្លួនដោយសារតែគ្រោះមហន្តរាយធម្មជាតិ។
អង្គការយូនីសេហ្វ (Unicef) បានថ្កោលទោសនៅថ្ងៃអង្គារ ទី ១២ឧសភានេះលើកំណើនអំពើហិង្សា ពិសេសលើកុមារប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតដែលអ៊ីស្រាអែលកាន់កាប់។ បើយោងតាមអង្គការយូនីសេហ្វ ប្រតិបត្តិការយោធាអ៊ីស្រាអែលតាំងពីដើមឆ្នាំ ២០២៥ នៅតំបន់ស៊ីហ្សកដានី និងទីក្រុងហ្សេរុយសាឡិមខាងកើតបានបណ្តាលឲ្យស្លាប់កុមារប៉ាឡេស្ទីនចំនួន ៧០នាក់ ក្នុងនោះ មានជាង ៦០នាក់ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី១១ឧសភា នូវវិធានការទណ្ឌកម្មមួយចំនួន ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ លក់ទៅឲ្យចិន។ យ៉ាងហាចណាស់ មានមនុស្សមានអំណាច១២នាក់ នៃរបបផ្តាច់ការអ៊ីរ៉ង់ ព្រមទាំងក្រុមហ៊ុននៅឌូបៃនិងនៅហុងកុង ដែលជាប់ក្នុងបញ្ជីខ្មៅ។ គួរកត់ថា ការប្រកាសទណ្ឌកម្មនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកដូណាល់ ត្រាំនឹងទៅជួបលោកស៊ី ជីនពីង នៅប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ។
សកម្មភាពនានារបស់គណបក្សប្រឆាំងបន្តជាកម្មវត្ថុនៃការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋានដែលបង្ហាញឲ្យឃើញពីការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់គណបក្សប្រឆាំង។ នេះជាការលើកឡើងរបស់លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរនៅក្នុងជំនួបជាមួយតំណាងក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១១ ឧសភា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១២ ឧសភានេះ លោក គង់ មុនីកា បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងអំពីបញ្ហាប្រឈមផ្សេងៗទៀត ដូចជាការបំភិតបំភ័យខាងនយោបាយលើសកម្មជន និងការបង្កឧបសគ្គរបស់អាជ្ញាធរនៅពេលមានការលើកស្លាកគណបក្សជំទាស់ជាដើម។
ក្នុងបទអន្តរាគមន៍នៅសភាជាតិនៅព្រឹកថ្ងៃទី១២ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ដើម្បីរក្សា និងការពារអធិបតេយ្យភាពជាតិ និងកសាងធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ និងមនសិការស្នេហាជាតិខ្ពស់ ។ តាមលោក ហ៊ុន ម៉ាណែត ទន្ទឹមនឹងការអនុម័តច្បាប់ថ្មីនេះ រដ្ឋាភិបាលកម្ពុជាក៏បានគិតគូរដល់ផលលំបាកផ្សេងៗដែលអាចកើតឡើងចំពោះយុវជនដែលគ្រប់អាយុត្រូវចូលបម្រើកាតព្វកិច្ចយោធា។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ឧសភាបង្ហាញថា ជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានបណ្តាលឲ្យមានស្លាប់ និងរបួសយ៉ាងច្រើនក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ នេះ។ បើតាមរបាយការណ៍ ក្នុងចំណោមជនស៊ីវិលអាហ្វហ្កានីស្ថានស្លាប់ចំនួន ៣៧២នាក់ពីថ្ងៃទី១ មករាដល់ថ្ងៃទី៣១ មីនា មានជាងពាក់កណ្តាលបានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់កងទ័ពប៉ាគីស្ថានទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕
តំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុក លោក ឡុំ សែ ត្រូវបានអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ កោះហៅទៅសាកសួរ ក្រោយលោកបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យសហគមន៍រៀបចំវេទិកាសាធារណៈស្តីពីវិវាទដីធ្លី។ នេះបើតាមការចុះផ្សាយរបស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លីកាដូបានអះអាងថា អាជ្ញាធរបានដាក់សម្ពាធឱ្យលោក ឡុំ សែ ផ្តិតមេដៃបញ្ឈប់សកម្មភាពតវ៉ា និងព្រមានចាត់វិធានការច្បាប់ ប្រសិនបើតំណាងសហគមន៍ការពារដីធ្លីឫស្សីស្រុករូបនេះនៅបន្តសកម្មភាព។
ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរ ឬឆ្លងកាត់រមណីដ្ឋានអង្គរត្រូវអនុវត្តវិធានការសុវត្ថិភាព អំឡុងពេលកម្សាន្តនារដូវវស្សា។ ក្នុងសេចក្តីប្រកាសចេញផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរំឭកឱ្យទេសចរប្រុងប្រយ័ត្នពីហានិភ័យដែលអាចកើតមាន តួយ៉ាងបាតុភូតធម្មជាតិ និងគ្រោះថ្នាក់ជាយថាហេតុ។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ១១៤ លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។ អ្នកវិភាគនយោបាយមើលឃើញថា ច្បាប់នេះធ្វើឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ពេកដែលអាចបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជនដែលកំពុងធ្វើការក្នុងវិស័យផ្សេងៗ។
ការរំដោះអ្នកដំណើរចេញពីនាវាទេសចរណ៍ ដែលមានករណីឆ្លងមេរោគHantavirus ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដោយមានការត្រួតពិនិត្យតាមដាន ពីអង្គការសុខភាពពិភពលោក។ គិតត្រឹមពេលនេះ មានប្រទេសចំនួន៦ដែលពាក់ព័ន្ធដោយសារតែមានជនជាតិខ្លួន ជាអ្នកដំណើរលើនាវានេះ បានឆ្លងមេរោគឬជាករណីប៉ះពាល់ជាមួយអ្នកឆ្លង។ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ ឲ្យមានការពិនិត្យតាមដាន និងធ្វើចត្តាឡីស័ក៤២ថ្ងៃ នៅពេលអ្នកដំណើរទាំងនោះ ត្រឡប់ទៅដល់ប្រទេសរៀងៗខ្លួនវិញ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចបារាំង-អាហ្វ្រិកនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ានាថ្ងៃចន្ទ ទី១១ ខែឧសភា។ កម្មវត្ថុនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ គឺដើម្បីការពារតួនាទីរបស់សហភាពអឺរ៉ុបនៅទ្វីបអាហ្រ្វិក ពិសេសស្តារទំនាក់ទំនងរវាងបារាំង និងទ្វីបអាហ្រ្វិកឡើងវិញ ក្រោយពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ។