នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីពីចំនួនអ្នកទោសដែលត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍ មានអ្នកទោសយ៉ាងតិច ២ ៧០៧នាក់ក្នុងលោកត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥ ពោលកើនឡើង ៧៨% បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ អ៊ីរ៉ង់តែម្នាក់ឯងបានសម្លាប់អ្នកទោសដល់ទៅជាង ២ ០០០នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណីដែលចេញមកពីប្រភព ២សំខាន់។ ទី១ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែ លោក នេត្រ ភក្ត្រាមិនភ្លេចបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំ។
ថ្ងៃអាទិត្យទី១៧ឧសភា មានដ្រូនអនាមិកមួយគ្រឿង បានវាយប្រហារនិងបង្កអគ្គីភ័យនៅក្បែរស្ថានីយនុយក្លេអ៊ែរ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ គិតត្រឹមពេលនេះ មិនមានអ្វីបញ្ជាក់ទេ អំពីប្រភពថាដ្រូននោះហោះចេញពីទីណា និងបញ្ជាដោយអ្នកណា។ យ៉ាងណាក៏ដោយ អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម បានដាក់ការសង្ស័យទៅលើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់ ហើយថាអេមីរ៉ាតអារ៉ាប់រួម សូមរក្សាសិទ្ធិវាយប្រហារឆ្លើយតបវិញ។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាមុខសាលាក្រុងប៉ោយប៉ែតដើម្បីទាមទាររកដំណោះស្រាយ។ បើតាមតំណាងអ្នកតវ៉ា ពួកគេបានទិញដីឡូតិ៍នោះជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់បានដីពិតប្រាកដនៅឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងអេបូឡាដែលជាជំងឺឆ្លងធ្ងន់ធ្ងរមួយ។ ការណែនាំនេះធ្វើឡើង បន្ទាប់ពីជំងឺមួយនេះបានផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា និងដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្នសុខភាពសាធារណៈកាលពីថ្ងៃទី ១៧ ខែឧសភា។
បារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជួយដោះស្រាយព្រំដែនកម្ពុជា-ថៃ ព្រោះវាជាការផ្តល់មូលដ្ឋានគ្រឹះគតិយុត្តិច្បាស់លាស់ និងតម្លាភាពពីរដ្ឋាភិបាលបារាំង។ តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃទី១៨ ខែឧសភានេះ។ ច្បាប់ថ្មីនេះនឹងត្រូវយកទៅប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ នៅឆ្នាំ២០២៩ តទៅ។ គួរឲ្យកត់សំគាល់ ច្បាប់ថ្មីនេះបានបង្កើនមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពី ៨មណ្ឌល ឬភូមិភាគ រហូតដល់២៥មណ្ឌល។
អាជ្ញាធរនៅប្រទេសស្រីលង្កាបានបង្ហាញក្តីបារម្ភចំពោះកំណើននៃការចាប់ខ្លួនជនបរទេសដែលប្រព្រឹត្តអំពើឆបោកអនឡាញ បន្ទាប់ពីការបង្កើនវិធានការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះនៅក្នុងប្រទេសកម្ពុជា និងភូមា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលត្រូវបានផ្សព្វផ្សាយបន្តដោយសារព័ត៌មានផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរស្រីលង្កាបានឲ្យដឹងទៀតថា លំហូរនៃជនបរទេសដែលពាក់ព័ន្ធនឹងអំពើឆបោកអនឡាញចូលទៅប្រទេសស្រីលង្កា កំពុងប្រែក្លាយទឹកដីដែនកោះមួយនេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការឆបោកអនឡាញ។
ថ្ងៃសៅរ៍ ទី១៦ឧសភា បណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សាយថា បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមានប្រទេសអឺរ៉ុបមួយចំនួនបានសុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់កំពុងរៀបចំយន្តការមួយត្រឹមត្រូវ ដើម្បីបើកចរាចរណ៍ច្រកនេះ តាមរយៈការបង់ប្រាក់ថ្លៃឆ្លងកាត់។
បើទោះបីជាអ៊ីស្រាអែលនិងលីបង់ បានព្រមព្រៀងបន្តបទឈប់បាញ់៤៥ថ្ងៃទៀតក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើលីបង់ទៀត។ នៅថ្ងៃអាទិត្យទី ១៧ឧសភានេះ អ៊ីស្រាអែលបានដៅវាយលើតំបន់ភាគខាងកើត និងខាងត្បូងប្រទេសលីបង់ យ៉ាងខ្លាំង។ សម្រាប់អ៊ីស្រាអែល លក្ខខណ្ឌធំបំផុតនៃសន្តិភាពនៅលីបង់ គឺការរំសាយអាវុធរបស់ចលនាហេសបូឡា។
ថ្ងៃសៅរ៍ ទី១៦ឧសភា បណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សាយថា បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមានប្រទេសអឺរ៉ុបមួយចំនួនបានសុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់កំពុងរៀបចំយន្តការមួយត្រឹមត្រូវ ដើម្បីបើកចរាចរណ៍ច្រកនេះ តាមរយៈការបង់ប្រាក់ថ្លៃឆ្លងកាត់។
សមយុទ្ធទ្វេភាគី កម្ពុជា-ឥណ្ឌា លើកទី២(CINBAX II) ដែលមានរយៈពេល ២សប្តាហ៍ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញ។ នេះបើតាមការប្រកាសរបស់កងទ័ពជើងគោកកម្ពុជា ក្រោយកងទ័ពកម្ពុជា និងឥណ្ឌា បើកធ្វើសមយុទ្ធរួមគ្នានៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អាជ្ញាធររុស្ស៊ី បានឲ្យដឹងថា យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៧ឧសភា អ៊ុយក្រែនបានបញ្ជូនដ្រូនជិត៦០០គ្រឿង មកវាយប្រហារលើរុស្ស៊ី ក្នុងនោះច្រើនសិបគ្រឿងបានមកដល់រដ្ឋធានីម៉ូស្គូ។ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់ និងរបួសច្រើននាក់ទៀត។ គួរបញ្ជាក់ថា ប្រតិបត្តិការវាយប្រហាររបស់អ៊ុយក្រែននេះ គឺជាការឆ្លើយតប បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយដ្រូននិងមីស៊ីលកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យស្លាប់ប្រជាជនអ៊ុយក្រែន២៤នាក់នៅទីក្រុងកៀវ។
នៅចំពោះមុខការរាតត្បាតជាថ្មីនៃជំងឺអេបូឡា អង្គការសុខភាពពិភពលោកបានប្រកាស នៅថ្ងៃអាទិត្យទី១៧ឧសភានេះ អាសន្នអន្តរជាតិកំរិតខ្ពស់បំផុតតែម្តង។ គ្មានថ្នាំបង្ការ គ្មានថ្នាំព្យាបាល អេបូឡាបំប្លែងខ្លួនថ្មីដែលកំពុងចាប់ផ្តើមរាតត្បាតជាថ្មីនៅប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ ត្រូវបានគេចាត់ទុកជាមេរោគកំណាចខ្លាំង ដោយអាចសម្លាប់ជីវិតមនុស្សក្នុងអត្រាដ៏ខ្ពស់។ បន្ទាប់ពីមានស្លាប់ជាង៨០នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ ម្នាក់នៅអ៊ូហ្កង់ដា ស៊ូដង់ខាងត្បូងរៀបផែនការត្រៀមអាសន្ន ឯកេនយ៉ាចាប់ពង្រឹងប្រតិបត្តិការទប់ទល់នឹងមេរោគអេបូឡា។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា សមត្ថកិច្ចបានឆ្មក់ចូលចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ដល់បន្ទប់ជួលមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២៦។ ដ្បិតពុំទាន់មានរបាយការណ៍ផ្លូវការបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនសកម្មជនសង្គមរូបនេះក៏ដោយ តែមន្ត្រីសិទ្ធិមនុស្ស នៅតែយល់ថា ការចាប់ខ្លួននេះនាំឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ខណៈកញ្ញា ខែម ស្រីមុំ តែងតែចែករំលែកបញ្ហាអយុត្តិធម៌សង្គម និងចុងក្រោយនេះ គឺចែករំលែកបញ្ហាព្រំដែនជាមួយថៃ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលព្រីស៍ ផ្លាហ្សា ស្ថិតនៅក្បែរអគ្គស្នងការនគរបាលជាតិ ដោយបានឃាត់ខ្លួន ជនបរទេសសរុបចំនួន ១០៤នាក់។ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថា ជនសង្ស័យទាំងជាង ១០០នាក់នេះ មាន ៨៣នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និង២១នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ក្រៅពីករណីខាងលើ សកម្មភាពបង្រ្កាបអំពើឆបោកតាមអនឡាញ ការអនុវត្តនីតិវិធីតុលាការ និងការបណ្តេញចេញជនបរទេសក៏កំពុងត្រូវបានធ្វើយ៉ាងសកម្មដែរនៅទូទាំងប្រទេស។
ថ្ងៃសៅរ៍ទី១៦ឧសភា ក្រសួងការបរទេសតៃវ៉ាន់បានអះអាងថា តៃវ៉ាន់គឺជាជាតិមួយឯករាជ្យ មានរបបប្រជាធិបតេយ្យ និងមិនស្ថិតនៅក្រោមចំណុះ សាធារណរដ្ឋប្រជាមានិតចិនឡើយ។ ការប្រកាសអះអាងរបស់តៃវ៉ាន់នេះ គឺជាចម្លើយឆ្លើយតបចំពោះសំដីលោកដូណាល់ ត្រាំ ដែលបាននិយាយគំរាមមិនឲ្យតៃវ៉ាន់ប្រកាសឯករាជ្យ បន្ទាប់ពីលោកបានជួបលោកស៊ី ជីនពីង នៅទីក្រុងប៉េកាំង។
ក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំឲ្យមានការរៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធការពារបូរណភាពទឹកដីនៅក្នុងសង្គ្រាមព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥។ ចំណែក យុទ្ធជនដែលពលី រដ្ឋាភិបាលនឹងពិចារណាសង់ស្តូប ដែលមានឆ្លាក់ឈ្មោះយុទ្ធជនទាំងនោះ ដើម្បីទទួលស្គាល់ពីការលះបង់ និងជាដឹងគុណដល់ពួកគេ។ លើសពីការផ្តល់មេដាយ និងសង់ស្តូបជូនយុទ្ធជន តើរដ្ឋគួរលើកទឹកអ្វីទៀតដល់កងទ័ពជួរមុខ?
ក្រុមអ្នករត់ម៉ូតូកង់បីប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នៅខាងមុខក្រុមហ៊ុន Grab ដើម្បីទាមទារឲ្យក្រុមហ៊ុនកាត់បន្ថយការយកតម្លៃជើងសា ដំឡើងតម្លៃដឹកជញ្ជូន និងផ្តល់កិច្ចគាំពារសង្គម។ ការតវ៉ានេះធ្វើឡើងដើម្បីឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន Grab បញ្ចុះកម្រៃជើងសា រួមនឹងការទាមទារនូវលក្ខខណ្ឌមួយចំនួនទៀត ដែលទាក់ទងទៅនឹងកិច្ចគាំពារសង្គម។ នេះបើតាមលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។
នៅថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជាតាមរយៈក្រសួងវប្បធម៌បានចេញមកជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរបស់ភាគីថៃ ដែលបានរៀបចំព្រឹតិ្តការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឲ្យភ្ញៀវចូលទស្សនាជាសាធារណៈ ខណៈទីតាំងបេតិកភណ្ឌនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ នេះជាការតវ៉ាថ្មីទៀតរបស់កម្ពុជា ចំពោះភាគីថៃ ដែលកន្លងមកក៏បានប្រកាសដាក់បញ្ចូលប្រាសាទបុរាណខ្មែរមួយចំនួន ជាសម្បត្តិវប្បធម៌ខ្លួន ដោយមានទាំងប្រាសាទខ្នារមួយផងដែរ។
អាជ្ញាធរម៉ាឡេស៊ីបានបញ្ចេញប្រតិកម្មខ្លាំងៗដាក់ន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញប្រព័ន្ធបាញ់មីស៊ីល មកកាន់ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីបានទាញសញ្ញាអាសន្នថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលន័រវែស អាចប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារជាតិរបស់ម៉ាឡេស៊ី។ ចំណែក ក្រសួងការបរទេសន័រវែសបានបញ្ជាក់ ថាការសម្រចចិត្តនេះ គឺដើម្បីឆ្លើយតបនឹងបទបញ្ញតិ្តគ្រប់គ្រង និងត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាការពារជាតិ ទៅបរទេស។ អាជ្ញាធរន័រវែសបានសម្តែងការសោកស្តាយ ដែលបទបញ្ញត្តិនេះបានប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី។
នៅថ្ងៃសុក្រ ទី ១៥ ឧសភា សហភាពអឺរ៉ុប និងប្រទេសចំនួន៣៦ ដែលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប រួមទាំងប្រទេសអូស្រ្តាលី និងកូស្តារីកាបានបញ្ជាក់ពីបំណងរបស់ខ្លួនក្នុងការចូលរួមបង្កើតតុលាការពិសេសមួយប្រទេសអ៊ុយក្រែន។ ការសម្រេចនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីបរទេសនៃក្រុមប្រឹក្សាអឺរ៉ុបដែលធ្វើឡើងនៅរដ្ឋធានីឈីស៊ីណាវ (Chisinau) ប្រទេសម៉ុលដាវី។ តួនាទីរបស់តុលាការពិសេសនេះគឺដើម្បីអូស ក រុស្ស៊ីមកកាត់ទោសក្នុងបទឈ្លានពានអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងសង់ស្តូបមួយផ្សេងទៀត ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើងអំឡុងពេលលោកចូលរួមជាអធិបតីនៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅកោះពេជ្រ។
រដ្ឋាភិបាលភូមាបានផ្សព្វផ្សាយនាថ្ងៃសុក្រ ទី១៥ ឧសភានេះនូវសេចក្តីព្រាងច្បាប់ថ្មីមួយដោយស្នើឲ្យដាក់ទោសប្រហារជីវិតលើជនណាដែលប្រើអំពើហិង្សា ឬធ្វើទារុណកម្ម ឬបង្ខំមនុស្សឲ្យធ្វើការនៅក្នុងមណ្ឌលបទល្មើសឆបោកអនឡាញ។ បណ្តាប្រទេសជិតខាងភូមា ពិសេសចិនមានការព្រួយបារម្ភខ្លាំងចំពោះច្បាប់នេះ ព្រោះមានពលរដ្ឋរបស់ខ្លួនជាច្រើននាក់បានធ្លាក់ក្នុងសំណាញ់ ឬបានចូលរួមប្រព្រឹត្តបទល្មើសឆបោកអនឡាញនេះ។
ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកដូណាល់ត្រាំនៅប្រទេសចិន បានបិទបញ្ចប់នៅថ្ងៃសុក្រ ទី១៥ ឧសភា។ នៅមុនពេលឡើងយន្តហោះត្រឡប់ទៅអាមេរិកវិញ លោកដូណាល់ ត្រាំបានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមហិមាជាមួយសមភាគីចិនលោកស៊ី ជីនពីង។ បើតាមលោក ត្រាំ លោកស៊ីបានសន្យាជួយសម្រុះសម្រួលឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស និងមិនផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យអ៊ីរ៉ង់។ ចំណែកលោកស៊ីជីនពីងអះអាងថា នេះជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងបានសាទរចំពោះការស្តារទំនាក់ទំនងរវាងមហាអំណាចដែលធ្លាប់តែជាគូប្រជែងឥទ្ធិពលគ្នា តែឥឡូវបានក្លាយជាដៃគូយុទ្ធសាស្រ្ត ប្រកបដោយស្ថិរភាព និងស្ថាបនា។
បទឈប់បាញ់រយៈពេល ៣ ថ្ងៃ ទើបតែចប់ នៅយប់ថ្ងៃពុធ ឆ្លងចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ ឧសភា ម្សិលមិញនេះ កងទ័ពរុស្ស៊ីបានបើកប្រតិបត្តិការវាយសម្រុកទ្រង់ទ្រាយធំ ទៅលើទីក្រុង កៀវ ប្រទេសអ៊ុយក្រែន ។ បើតាមតុល្យការចុងក្រោយ យ៉ាងហោចណាស់មានមនុស្ស ២៤ នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមាន ៣ នាក់ ជាកូនក្មេង ។
កងទ័ពភូមិន្ទថៃបានបញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រហារកាំភ្លើងធំប្រភេទ M79 ពីភាគីកម្ពុជាចូលទីតាំងយោធាថៃក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុង ដោយចាត់ទុកការចុះផ្សាយទាំងនេះជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង។
ចាកចេញពីកម្ពុជានៅអាយុ៦ឆ្នាំ និងបានព្យាយាមរៀនសូត្រនៅឧត្តមសិក្សា រហូតដល់ក្លាយជាសាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈនៅ សកលវិទ្យាល័យបារាំង បារីសទី៨ លោកស្រីសូកូ ផៃ ដែលមានឈ្មោះខ្មែរថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេ ដែលបានបង្ហាញថា ស្នាដៃរបស់សិល្បករខ្មែរជាផ្នែកមួយនៃឧបសគ្គ រារាំងមិនឲ្យគេបំភ្លេច លុបដាននៃអំពើឧក្រិដ្ឋកម្ម កើតឡើងនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធសៀវភៅរបស់លោកស្រីនៅទីក្រុងប៉ារីស លោកស្រីសូកូ ផៃភ្ញាក់ផ្អើលដែលឃើញមានមនុស្សច្រើនចាប់អារម្មណ៍មកចូលរួមស្តាប់បទបង្ហាញសៀវភៅរបស់លោកស្រី។ សៀវភៅរបស់លោកស្រីសូកូផៃ ដែលមានចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ពបារាំង Naima។
កងទ័ពភូមិន្ទថៃបានបញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រហារកាំភ្លើងធំប្រភេទ M79 ពីភាគីកម្ពុជាចូលទីតាំងយោធាថៃក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុង ដោយចាត់ទុកការចុះផ្សាយទាំងនេះជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជានៅស្ថាប័នរដ្ឋ ជាពិសេសនៅក្រសួងការពារជាតិចុងក្រោយនេះគឺ «បង្រួមក្បាល ពង្រីកខ្លួន» ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែង។ តាមរយៈកំណែទម្រង់នេះ និងបើតាមលោក ហ៊ុន ម៉ាណែត ក្រសួងការពារជាតិគ្រោងលុបចោលការិយាល័យ នាយកដ្ឋាន និងប្រភេទទ័ពមួយចំនួន។ នៅចំពោះមុខនៃការធ្វើកំណែទម្រង់នៅក្រសួងការពារជាតិនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រូវការខ្លួនធំ រឹងមាំ និងរស់រវើក ពោល មិនមែនខ្លួនធំដោយមានសុទ្ធតែខ្លាញ់នោះទេ៕
នៅទីក្រុងញូវដេលី ឥណ្ឌាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ BRICS ដោយមានវត្តមានអ៊ីរ៉ង់ និងរុស្ស៊ី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា ដែលជាថ្ងៃនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសមភាគីអាមេរិក លោកដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។ កម្មវត្ថុនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេស BRICS ផ្តោតសំខាន់លើវិបត្តិថាមពល ដោយសារការបិទខ្ទប់ច្រកសមុទ្រអកមូសហ្សអស់ជាច្រើនខែកន្លងមកនេះ។