ស៊ុយអែតសម្រេចបានគោលដៅជាប្រទេសគ្មានបារីក្នុងឆ្នាំ ២០២៥។ របាយការណ៍ប្រចាំឆ្នាំ ២០២៥ ចេញផ្សាយនាថ្ងៃទី២៥ ឧសភា ដោយក្រុមប្រឹក្សាព័ត៌មានស្តីពីគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងទៀតហៅកាត់ CAN បានឲ្យដឹងថា អត្រាអ្នកជក់បារីប្រចាំថ្ងៃមានតិចជាង ៥%។ តែរបាយការណ៍ដដែលមិនភ្លេចបញ្ជាក់ថា នៅមានពលរដ្ឋចំនួន ១ភាគ៤ កំពុងបន្តប្រើសារធាតុនីកូទីនក្រោមទម្រង់ផ្សេង ដូចជា បារីអេឡិចត្រូនិក និងថ្នាំចុកក្នុងមាត់ជំនួសបារី។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្ហេបា ស្ហារីស្វ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូររដ្ឋរយៈពេល ៤ថ្ងៃនៅក្នុងប្រទេសចិន។ កម្មវត្ថុនៃទស្សនកិច្ច គឺដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរវាងក្រុងប៉េកាំង និងក្រុងអ៊ីស្លាម៉ាបាដ។ លោក ស្ហេបា ស្ហារីស្វ បានចូលជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីន នៅវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ លោកស៊ី ជីនពីងបានសាទរចំពោះមិត្តភាពមិនអាចបំផ្លាញបានរវាងប្រទេសទាំងពីរ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុងអ៊ីស្លាម៉ាបាដ ក្នុងនាមជាអន្តរការី ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីថៃ លោក អានុធិន ឆានវីរៈគូន បាននិយាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ថា ថៃមិនអាចបើកព្រំដែនឡើងវិញជាមួយកម្ពុជាបានទេ បើកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌរបស់ថៃជាមុនទេនោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២៤ ឧសភា។ គួររម្លឹកជូនថា នៅក្នុងរឿងបើកច្រកព្រំដែននេះ រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជំហរជាច្រើនដងថា កម្ពុជានឹងមិនស្នើសុំឲ្យថៃបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយ ព្រោះថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។
នៅក្នុងផ្សារទំនើបមួយនៃទីក្រុងតូក្យូ ប្រទេសជប៉ុន មានមនុស្សជាង ២០នាក់បានរងរបួសស្រាល បន្ទាប់ពីបុរសម្នាក់បានបាញ់សារធាតុគីមីម្យ៉ាងទៅលើម៉ាស៊ីន ATM។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ ទី ២៥ឧសភា ក្នុងតំបន់ហ្ស៊ីនហ្សា (Ginza) ដែលជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយក្នុងក្រុងតូក្យូ។ ប៉ូលិសជប៉ុនបានបើកការស៊ើបអង្កេតភ្លាមៗដើម្បីកំណត់អត្តសញ្ញាណរបស់សារធាតុគីមី និងស្វែងរកមូលហេតុនៃការប្រព្រឹត្តទង្វើមួយនេះ។
នៅរៀងរាល់ឆ្នាំ មានសាសនិកអ៊ីស្លាមរាប់សែននាក់ មកពីគ្រប់ទិសទីក្នុងលោក ចូលរួមប្រារព្ធពិធីបុណ្យ Hajj តាមប្រពៃណីសាសនាអ៊ីស្លាម នៅទីក្រុងឡាម៉ិក ប្រទេសអារ៉ាប៊ីសាអូឌីត។ ពិធីបុណ្យសាសនាអ៊ីស្លាមមួយនេះ ចាប់ផ្តើមពីថ្ងៃចន្ទ ទី២៥ ដល់ថ្ងៃសៅរ៍ ទី៣០ ឧសភា ដោយមានមនុស្សចូលរួមចំនួនប្រមាណ ១លាន៥សែននាក់។ អ្វីជាការកត់សម្គាល់ ពិធីបុណ្យសាសនាអ៊ីស្លាមមួយនេះប្រព្រឹត្តទៅក្រោមវិធានការ ការពារសុវត្ថិភាពយ៉ាងតឹងរឹង ពីសំណាក់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ខណៈអាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នា ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។
«ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ទស្សនិកជនអាចស្វែងយល់ ចងចាំ និងអភិរក្សអត្តសញ្ញាណជនជាតិចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
អាជ្ញាធរខេត្តមួយចំនួន ពិសេស ខេត្តរតនគិរី បានដាក់ចេញបទបញ្ជាថ្មីមួយឲ្យមេបញ្ជាការកងកម្លាំងរបស់ខេត្ត ទប់ស្កាត់កុំឲ្យមានបទល្មើស ឆបោកតាមអនឡាញ កើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការដាក់ចេញវិធានការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានដោយត្រង់ៗរបស់ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះអភិបាលខេត្តរតនគិរី កាលពីម្សិលមិញ និងក្រោយពេលដកតំណែងអភិបាលខេត្ត មេប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជុំវិញរឿងឆបោកតាមអនឡាញនេះ។
ចិនបានចាប់ផ្តើមបេសកកម្មអវកាសថ្មីមួយទៀតរបស់ខ្លួន នៅថ្ងៃអាទិត្យទី២៤ឧសភា ដោយបានបញ្ជូនអវកាសយានិកចិនចំនួន៣នាក់ ក្នុងនោះម្នាក់មកពីហុងកុង ឆ្ពោះទៅកាន់ស្ថានីយអវកាសចិន។ ក្នុងចំណោមអវកាសយានិកទាំង៣នាក់ គឺមានម្នាក់ដែលនឹងត្រូវបំពេញបេសកកម្មលើខ្សែគន្លងតារាវិធីរបស់ផែនដី រយៈពេលដល់ទៅ១ឆ្នាំ។ ការសាកល្បងដ៏ពិសេសនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ចិន ដែលមានមហិច្ឆតា បញ្ជូនមនុស្សទៅបំពេញបេសកកម្មនៅលើព្រះចន្ទ រយៈពេលវែង។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បានរៀបចំថវិកាជាតិសម្រាប់ការចាយវាយនៅឆ្នាំ ២០២៧នៅឡើយ ហើយថា អ្វីដែលបានលើកឡើងនៅក្នុងសារាចរចុះថ្ងៃទី១៥ខែឧសភានោះ ជាឯកសារគោល ដែលបង្ហាញផ្លូវឲ្យស្ថាប័នរដ្ឋនីមួយៗព្រាងថវិកាសម្រាប់ការចាយវាយនៅ ៣ឆ្នាំខាងមុខ។ ពោលជាការចាយវាយចាប់ពីឆ្នាំ២០២៧ទៅ។ តាមលោក មាស សុខសេនសាន រដ្ឋាភិបាលនៅតែផ្តល់អាទិភាពលើវិស័យសង្គមកិច្ច ដែលរួមមាន ក្រសួងអប់រំ និងក្រសួងសុខាភិបាលដដែល។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅសួរសុខទុក្ខម្តាយរបស់លោកជាលើកទី២ បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។ សហមេធាវីការពារក្តីលោក កឹម សុខា ចាត់ទុកការអនុញ្ញាតរបស់សមត្ថកិច្ចតុលាការនេះថា អាចជាសញ្ញាវិជ្ជមានច្រើន ក្នុងការស្វែងរកដំណោះស្រាយលើសំណុំរឿង លោក កឹម សុខា។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភានេះ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានប្រកាសចាត់វិធានការចំនួន ២កម្រិត ចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ វិធានការទាំងពីរនោះរួមមានដកតំណែង ប្រឈមមុខនឹងតុលាការ បង្កកទ្រព្យសម្បត្តិ និងប្តូរការងារទៅកន្លែងថ្មី។ អ្នកតាមដានសង្គម និងអ្នកនយោបាយខ្លះ បានស្នើឲ្យរដ្ឋាភិបាលមានតម្លាភាពក្នុងការបោសសម្អាតមន្ត្រី និងខ្លះទៀត មិនទាន់មានជំនឿទាំងស្រុងចំពោះការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យអស់ពីកម្ពុជា៕
ល្ងាចថ្ងៃសៅរ៍ ទី២៣ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន មានខ្មាន់កាំភ្លើងម្នាក់ បានដកកាំភ្លើងបាញ់រះប៉ុនប៉ងសំរុកចូលទៅក្នុងបរិវេនសេតវិមាន តែត្រូវបានកងអង្គរក្សបាញ់សម្លាប់បាន។ ក្នុងពេលកើតហេតុនេះ លោកដូណាល់ ត្រាំ និងរដ្ឋមន្ត្រីធំៗ ព្រមទាំងអគ្គមេបញ្ជាការកងទ័ពអាមេរិកផង កំពុងប្រជុំគ្នានៅក្នុងសេតវិមាន និយាយអំពីសំណុំរឿងសង្គ្រាមនៅអ៊ីរ៉ង់។ សំឡេងផ្ទុះគ្រាប់កាំភ្លើងប្រមាណជាង២០គ្រាប់ បានបង្កការភ័យស្លន់ស្លោ ដល់អ្នកទេសចរនិងអ្នកដំណើរ នៅក្បែរសេតវិមាន។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាក់ចេញទណ្ឌកម្មពីរកម្រិតចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា។ កម្រិតទី១ អ្នកដែលជាប់ពាក់ព័ន្ធ មិនត្រឹមតែដកតំណែងទេ គឺត្រូវចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ ចំណែកកម្រិតទី២ គឺដកចេញពីតំណែងចាស់យកមកកន្លែងថ្មី។ ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីប្រមុខរដ្ឋស្តីទីរូបនេះ បានសម្រេចតែងតាំង លោក ថង សាវុន អតីតអភិបាលខេត្តមណ្ឌលគិរី ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈមេប៉ូលិស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តភាគឥសានមួយនេះ ត្រូវបានដកតំណែងនាពេលថ្មីៗនេះ។
លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចោទសួរថា តើជនឆបោកតាមអនឡាញចូលមកកម្ពុជាតាមប្រទេសណា ខណៈលោកជឿថា អ្នកទាំងនោះមិនអាចចូលកម្ពុជា តាមវៀតណាមនោះទេ។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន បានថ្លែងបែបបញ្ឆិតបញ្ឆៀងទំនងសំដៅទៅប្រទេសថៃ។ ថៃដែលកន្លងមក បានយកលេសបញ្ហាឆបោកអនឡាញនេះ ដើម្បីធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន។
ថ្ងៃសៅរ៍ទី២៣ឧសភា ប្រជាជនតៃវ៉ាន់ច្រើនពាន់នាក់ បានដើរដង្ហែរក្បួននៅទីក្រុងតៃប៉ិ ដើម្បីស្រែកប្រកូកប្រកាសគាំទ្ររដ្ឋាភិបាល ដែលមានគម្រោងបន្ថែមការចំណាយលើវិស័យការពារជាតិ។ ការដើរដង្ហែក្បួនរបស់ប្រជាជនតៃវ៉ាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកដូណាល់ ត្រាំ បានទៅទស្សនកិច្ចនៅប៉េកាំង ហើយបានសម្រេចផ្អាកការលក់គ្រឿងសព្វាវុធបន្ថែមមកឲ្យតៃវ៉ាន់។ ផែនការធ្វើសង្គ្រាមឈ្លានពានតៃវ៉ាន់ពីសំណាក់ចិន កំពុងតែស្ថិតនៅក្នុងសតិស្មារតីរបស់ប្រជាជនតៃវ៉ាន់មួយភាគធំ ដែលមិនចង់ឃើញកោះប្រជាធិបតេយ្យរបស់ខ្លួន ត្រូវរបបផ្តាច់ការកុម្មុយនីស្តប៉េកាំង លេបត្របាក់យក។
បន្ទាប់ពីឈ្នះរង្វាន់តាល់ប័ត្រមាសកាលពី១៩ឆ្នាំមុន សមិទ្ធិកររូម៉ានីបានត្រលប់មកទទួលរង្វាន់តាល់ប័ត្រមាសរបស់មហោស្រពភាពយន្តកាន ជាលើកទី២ជាមួយខ្សែភាពយន្តរឿង Fjord ។ នៅក្នុងការប្រកាសរង្វាន់កាលពីយប់ថ្ងៃសៅរ៍ទី២៣ឧសភា គណៈមេប្រយោគរបស់មហោស្រពកានបានប្រកាសផ្តល់រង្វាន់ផ្សេងទៀតដល់សមិទ្ធិករដទៃទៀត និងរង្វាន់សម្រាប់អ្នកសម្តែងប្រុសស្រី។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះពីមហោស្រពភាពយន្តកាន
គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែឧសភានេះ កម្មកររោងចក្រកាត់ដេរចំនួន ១៤នាក់ បានស្លាប់ និង៩៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរផ្សេងគ្នានៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង។ នេះបើតាមព័ត៌មានផ្តល់់ដោយអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា និងថា កម្មករខ្លះកំពុងបន្តបញ្ចូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរដំណាលគ្នានេះ អ្នកនាំពាក្យក្រសួងការងារចាត់ទុកថា ជាករណីដែលមានកម្មករនិយោជិតស្លាប់ច្រើនជាងគេ។ តាមអ្នកនាំពាក្យក្រសួងការងារដដែល រាល់ការចំណាយនៃពិធីបុណ្យសពរបស់កម្មករនិយោជិតជាបន្ទុករបស់ក្រសួងការងារ។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សកាន់អំណាចបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។ ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសានដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។
ជាលើកទី១នៅក្នុងប្រវត្តិរៀបចំមហោស្រពភាពយន្តអន្តរជាតិកាន ខ្សែភាពយន្តដែលពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬស្រឡាញ់ចម្រុះភេទ មានចំនួនច្រើនមិនធ្លាប់មាននៅក្នុងបញ្ជីខ្សែភាពយន្តដែលត្រូវចាក់បញ្ចាំង ឬការប្រកួតប្រជែងដណ្តើមរង្វាន់នៅក្នុងមហោស្រព។ ជាក់ស្តែង នៅក្នុងចំណោមខ្សែភាពយន្តធំៗចំនួន២២ដែលត្រូវប្រកួតយករង្វាន់តាល់ប័ត្រមាស នៅយប់ថ្ងៃសៅរ៍នេះ មានយ៉ាងតិច ខ្សែភាពយន្តចំនួន៧ ដែលនិយាយពីមនុស្សស្រឡាញ់ភេទដូចគ្នា។
លោកម៉ាកូ រូប៊ីយ៉ូ ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍ ទី២៣ឧសភា ដើម្បីពង្រឹងទំនាក់ទំនងជាមួយឥណ្ឌាឡើងវិញ។ ជាទស្សនកិច្ច ដែលបានធ្វើឡើងនៅក្នុងបរិបទមួយ ដែលទំនាក់ទំនងរវាងឥណ្ឌានិងសហរដ្ឋអាមេរិក ហាក់កំពុងតែជួបបញ្ហាខ្លះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង ហើយដែលបានធ្វើបាបច្រើន មកលើវិស័យថាមពលប្រេង និងឧស្ម័នរបស់ឥណ្ឌា។ មិនត្រឹមប៉ុណ្ណោះទេ ជម្លោះនៅមជ្ឈិមបូព៌ាបានរុញប៉ាគីស្ថានដែលជាសត្រូវធំរបស់ឥណ្ឌ ឲ្យលេចធ្លោឡើងថែមទៀត។
អាជ្ញាធរអន្តរជាតិបាតសមុទ្រ បានបង្ហាញការព្រួយបារម្ភ និងបានទាញសញ្ញាអាសន្នទាក់ទិននឹងគម្រោងរបស់លោកដូណាល់ ត្រាំ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនអាចជីកកកាយរ៉ែបាតសមុទ្រ នៅក្នុងដែនទឹកអន្តរជាតិ។ សម្រាប់អាជ្ញាធរអន្តរជាតិបាតសមុទ្រ គម្រោងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនេះ គឺជាគម្រោងខុសច្បាប់ ព្រោះគ្មានប្រទេសណាមួយ អាចអនុញ្ញាតឲ្យមានការជីកគាស់កម្ទេចបាតសមុទ្រអន្តរជាតិ ដើម្បីយករ៉ែបានឡើយ ល្គឹកណាមិនទាន់មានក្របខណ្ឌច្បាប់អន្តរជាតិគ្រប់គ្រងឲ្យបានត្រឹមត្រូវ។
មានស្លាប់យ៉ាងហោចណាស់ ៩០នាក់ នៅក្នុងគ្រោះថ្នាក់ផ្ទុះអណ្តូងរ៉ែមួយកន្លែងនៅភាគឦសានប្រទេសចិន។ នេះបើតាមតួលេខចុងក្រោយផ្តល់ដោយទូរទស្សន៍ជាតិចិន នៅព្រឹកថ្ងៃសៅរ៍ទី២៣ឧសភា។ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានសន្យាយកគ្រោះថ្នាក់នេះមកធ្វើជាមេរៀនដើម្បីទប់ស្កាត់កុំឱ្យមានមហន្តរាយយ៉ាងដូច្នេះកើតឡើងទៀត។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ២២ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញផលវិជ្ជមានជាច្រើនពីការបង្ក្រាបអំពើឆបោកអនឡាញ ដែលត្រូវបានធ្វើឡើងក្នុងរយៈកាលកន្លងមក។ តែលោកក៏មិនភ្លេចស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តបោសសម្អាតបទល្មើសនេះឲ្យអស់ពីផ្ទៃប្រទេសដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិឡើងវិញ។ ស្របពេលនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូចនេះ មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធមួយចំនួននៅតាមបណ្តាខេត្តត្រូវបានដកហូតពីមុខតំណែង។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ គ្រោងសរសេរលិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត ដើម្បីអនុញ្ញាតឲ្យលោកបានទៅជួបសួរសុខទុក្ខម្តាយ ដែលកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ផែង ហេង សហមេធាវីការពារក្តីឲ្យលោក កឹម សុខា នៅថ្ងៃសៅរ៍ទី២៣ឧសភានេះ។ បើតាមលោក ផែង ហេង អ្វីដែលលោក កឹម សុខា ផ្តល់អាទិភាពបំផុត គឺសេរីភាពដែលអាចឲ្យលោកបានទៅជួបមើលមុខម្តាយកំពុងស្ថិតក្នុងវ័យចាស់ជរា។
បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព?
អ្នកជំនាញថៃ បានព្រមានពីបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយពេលដែលក្រសួងការងារថៃនៅមិនទាន់បានផ្តល់បណ្ណការងារស្របច្បាប់ដល់ពលករខ្មែរប្រមាណជាង ២០ម៉ឺននាក់។ អ្នកជំនាញថៃ បានអះអាងថា ភាពយឺតយ៉ាវក្នុងការផ្តល់បណ្ណសុពលភាពការងារដល់ពលករខ្មែរ នឹងធ្វើឲ្យរោងចក្រ សហគ្រាស និងឧស្សាហកម្មរបស់ថៃ បន្តរងការប៉ះពាល់ខ្សែច្រវាក់ផលិតកម្ម។
មហោស្រពភាពយន្តអន្តរជាតិកានបានឈានចូលដល់ថ្ងៃបិទបញ្ចប់ នៅយប់ថ្ងៃសៅរ៍ទី២៣ឧសភា នៅប្រទេសបារាំង។ នៅមុនពេលគណៈមេប្រយោគប្រកាសឈ្មោះខ្សែភាពយន្តដែលត្រូវទទួលរង្វាន់តាល់ប័ត្រមាស ឈាង បុប្ផានឹងលើកយករឿងមួយចំនួនដែលអាចសក្តិសមនឹងទទួលបានរង្វាន់ធំរបស់មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៩។
នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានលើកទី៧៩នៅឆ្នាំ២០២៦នេះ មានខ្សែភាពយន្តស្តីពីកម្ពុជា របស់សមិទ្ធិករស៊ែរប៊ី ដែលត្រូវបានចាក់បញ្ចាំងកាលពីដើមសប្តាហ៍នេះនៅក្នុងក្របខ័ណ្ឌកម្មវិធីACID។ ទោះបីជាសមិទ្ធិករកម្ពុជាគ្មានខ្សែភាពយន្ត និងមានវត្តមាននៅក្នុងមហោស្រពភាពយន្តកានឆ្នាំនេះមែន ប៉ុន្តែ កម្ពុជាមានស្រ្តីផលិតករវ័យក្មេង ម៉ាប់ ស្រីមុំដែលមានឱកាសបានទទួលអាហារូបករណ៍ពីវិទ្យាស្ថានបារាំងនៅប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងកម្មវិធីបណ្តុះបណ្តាលផលិតកររៀបចំដោយទីផ្សារកុនរបស់មហោស្រពភាពយន្តកាន។
ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកនោមផ្អែម សរសៃឈាមបេះដូង និងជំងឺលើសឈាម។ នេះបើយោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់បារាំងចំនួន ៣ នៅក្នុងទស្សនាវដ្តី Diabetes Care European Journal of Epidemiology និង European Heart Journal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២១ ឧសភា។ សេចក្តីប្រកាសព័ត៌មានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព និងវេជ្ជសាស្ត្របារាំងបានបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះមានកម្មវត្ថុដាស់តឿនរដ្ឋអំណាចឲ្យពិនិត្យមើលបន្ថែមអំពីផលវិបាកដល់សុខភាពសាធារណៈពីការប្រើល័ក្ត និងសារធាតុរក្សាទុកបានយូរនៅក្នុងចំណីអាហារ។
សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងពីការលំបាកក្នុងការលើកផ្លាកគណបក្សនយោបាយនៅតាមតំបន់មួយចំនួន។ ការត្អូញត្អែរនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង និងអាជ្ញាធរស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ បានរារាំងចំពោះសំណើមួយចំនួនដែលតំណាងគណបក្សឆន្ទៈខ្មែរស្នើសុំលើកផ្លាកគណបក្ស។
រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬបញ្ជូលអង្គភាពផ្សេងៗចូលជាអង្គភាពតែមួយ។ សេចក្តីណែនាំរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការកែសម្រួលនេះធ្វើឡើងស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធនធានមនុស្ស និងកាត់បន្ថយការចំណាយថវិកាជាតិ។
នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ឧសភាថា ការបញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានចែងក្នុងកិច្ចសន្យាលក់កាលពីដំណាច់ឆ្នាំ ២០២៥ ត្រូវបានព្យួរបណ្តោះអាសន្ន។ ការព្យួរនេះត្រូវបានអ្នកទទួលខុសត្រូវអាមេរិកពន្យល់ថា គឺដោយសារតែអាមេរិកត្រូវការអាវុធសម្រាប់ធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ តែតៃវ៉ាន់ តាមរយៈប្រធានាធិបតីបានបញ្ចេញប្រតិកម្មភ្លាមៗក្នុងថ្ងៃសុក្រ ទី២២ ឧសភានេះថា លោកមិនបានទទួលព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងអាមេរិកព្យួរកុងត្រាលក់អាវុធឲ្យតៃវ៉ាន់នេះ។
រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអង្គការអូតង់ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអែត នៅថ្ងៃសុក្រ ទី២២ឧសភា។ ជាកិច្ចប្រជុំដែលធ្វើឡើងក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីលោកដូណាល់ ត្រាំ រិះគន់អង្គការអូតង់ ប្រកាសដកទ័ពចេញពីអឺរ៉ុប ព្រមទាំងបានគំរាមដកខ្លួនសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធមិត្តនេះទៀតផង។ ក៏ប៉ុន្តែប៉ុន្មានម៉ោងមុនកិច្ចប្រជុំ ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសយល់ព្រមបន្ថែមកម្លាំងទ័ព ចំនួន៥ពាន់នាក់នៅប្រទេសប៉ូឡូញ ធ្វើឲ្យសមាជិកអូតង់ មានការភ្ញាក់ផ្អើលជាខ្លាំង។