នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មានអ្នកកាសែតម្នាក់របស់ទូរទស្សន៍ Al Jazeera។ នេះបើផ្អែកតាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី២០ មិថុនា។ ភាគីអ៊ីស្រាអែលបានអះអាងថា អ្នកកាសែតរបស់អាល់ហ្សាហ្សេរ៉ារូបនេះ ជាសមាជិកសកម្មរបស់ក្រុមប្រដាប់អាវុធហាម៉ាស។ ចំណែក អ្នកតំណាងរបស់Al Jazeera បានបរិហារ និងបានច្រាលចោលការចោទប្រកាន់របស់អ៊ីស្រាអែល។
នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ មិថុនា ក្រោយពីរដ្ឋាភិបាលបានលុបចោលលទ្ធផលប្រឡងលើកមុន ដោយសារការបែកធ្លាយវិញ្ញាសា។ ការប្រឡងលើកនេះស្ថិតនៅក្រោមការឃ្លាំមើល និងឆែកឆេរយ៉ាងតឹងរឹងបំផុត ពីអនុរក្ស និងទាហានរាប់សែននាក់។ អាជ្ញាធរឥណ្ឌាក៏បានបិទបណ្តាញសង្គម Telegram ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ជាថ្មីម្តងទៀត។
បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយជាវេទិកាដ៏ពេញនិយមមួយសម្រាប់ការស្វែងរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ។ អ្នកតាមដានសង្គមនានាបានកត់សម្គាល់ឃើញថា ការស្វែងរកយុត្តិធម៌ក្រៅប្រព័ន្ធតុលាការនេះបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនាពេលចុងក្រោយនេះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម បានស្រែកអំពាវនាវរកយុត្តិធម៌ក្នុងបញ្ហាដែលមិនអាចដោះស្រាយបានតាមប្រព័ន្ធតុលាការ បញ្ហាដីធ្លី ការរឹតត្បិតសិទ្ធិសេរីភាព ការអនុវត្តច្បាប់មិនត្រឹមត្រូវរបស់អាជ្ញាធរ ឬការរងអំពើអយុត្តិធម៌ផ្សេងៗ។ តើបណ្តាញទំនាក់ទំនងសង្គមអាចក្លាយជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?
ជំនួបកំពូលG7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបង្កឲ្យលោកស្រីប្រមុខរដ្ឋាភិបាលអ៊ីតាលី ចរចា មេឡូនី ខឹងអត់ទ្រាំមិនបាន បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយប្រាប់បណ្តាញព័ត៌មានថា លោកស្រីមេឡូនី បានទទូចសុំអង្វរលោកដើម្បីបានថតរូបជាមួយ។ ពាក្យសំដីនេះ ត្រូវបានលោកស្រីមេឡូនី ចាត់ទុកថាជាពាក្យប្រឌិត និងមាក់ងាយមកលើលោកស្រី ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពជាកម្ចីអនឡាញ។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យទាំង ២បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Zeii Neth» ដើម្បីគំរាមទារប្រាក់ពីជនរងគ្រោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសដដែល ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ អ្នកជំនាញទេសចរណ៍ ចង់ឃើញរដ្ឋាភិបាលវិនិយោគបន្ថែមទៅលើតំបន់ទេសចរណ៍ចុងឃ្នៀស ពីព្រោះតំបន់នេះបានជួយទាក់ទាញទេសចរណ៍ឲ្យមកកាន់ប្រទេសកម្ពុជាទាំងមូល។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងឆែកឆេរទំនិញនាំចូលខុសច្បាប់តាមច្រកដើមខ្សែ ច្រកចល័ត និងតាមឃ្លាំងទំនិញធំៗ ដោយអនុលោមទៅតាមច្បាប់កំណត់។ ក្នុងសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមនៅថ្ងៃទី២០មិថុនា លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តលើគោលការណ៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអាជីវករលក់រាយ។
របាយការណ៍ថ្មីមួយបានរកឃើញថា ក្រុមគណនីហ្វេសប៊ុកមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដើម្បីដៅមុខសញ្ញាយាយីទៅលើអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ តាមអ្នកជំនាញឌីជីថលរូបនេះដដែល ការបំពានតាមអនឡាញដែលបានកត់សំគាល់នេះ មិនមែនជាសេរីភាពបញ្ចេញមតិទេ។ ផ្ទុយទៅវិញ វាជាទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម និងភាសាប្រមាថដែលស្ថាប័នរងគ្រោះ គួរតែរកការអន្តរាគមន៍ពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីដកចេញការយាយីទាំងនេះ។
កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»។ ជាកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលសម្រេចបាន នាអំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាទៅបំពេញទស្សនកិច្ចនៅភូមា កាលពីដើមសប្តាហ៍កន្លងទៅ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃអាទិត្យទី២១មិថុនានេះថា កិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ» ជាកញ្ចប់សេវាកម្មទេសចរណ៍បំពេញគ្នាទៅវិញទៅមករវាងភូមា និងកម្ពុជា ដ្បិតថា ភូមាតែឯងមិនអាចទាក់ទាញភ្ញៀវទេសចរទាំងស្រុងនោះទេ។ បើតាមលោក ហួត ហាក់ កម្ពុជា និងភូមាមានគោលដៅទេសចរណ៍រួមគ្នាជាច្រើនដូចជាទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍ព្រះពុទ្ធសាសនារួមគ្នា។
ការផ្ទេរការចងចាំស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមមិនកំណត់ព្រំដែនត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេសបារាំង នៅទីក្រុងឡូញដែលមានសហគមន៍ខ្មែររស់នៅច្រើន អតីតជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បានសហការជាមួយគ្រូបង្រៀនប្រវត្តិវិទ្យាដើម្បីបង្កើនចំណេះដឹង ជាពិសេសប្រវត្តិរឿងរ៉ាវក្នុងរបបខ្មែរក្រហម នៅក្នុងចំណោមសិស្សសាលា។
បទឈប់បាញ់ចូលជាធរមានមិនទាន់បាន១ថ្ងៃស្រួលបួលផង គ្រាប់ផ្ទុះបានលាន់់ឮសាជាថ្មីនៅភាគខាងត្បូងលីបង់។ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារ ដោយអះអាងថាដើម្បីឆ្លើយតប ទៅនឹងការបាញ់ប្លោងគ្រាប់រាប់សិបគ្រាប់ ពីសំណាក់ក្រុមហេសបូឡា។ ផ្អែកតាមអាជ្ញាធរលីបង់ ការផ្ទុះអាវុធជាថ្មីនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៦នាក់។ អ៊ីរ៉ង់បានប្រតិកម្មវិញភ្លាម ដោយបានប្រកាសបិទច្រកសមុទ្រអកមូហ្ស និងប្រាប់ទៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងបឋមអាចនឹងត្រូវអាសារបង់។
លោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស៍ កំពុងស្ថិតនៅក្នុងព្យុះបោកបក់ បន្ទាប់ពីភរិយារបស់លោក លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស ត្រូវបានតុលាការអេស្ប៉ាញស៊ើបអង្កេតពីបទពុករលួយ។ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា តុលាការ បានសម្រេចដកលិខិតឆ្លងដែនរបស់លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស និងហាមឃាត់មិនឲ្យចាកចេញពីប្រទេសក្នុងពេលដំណើរការស៊ើបអង្កេត។
នៅថ្ងៃទី១៩មិថុនានេះ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែតអនឡាញ ២នាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា។ អង្គការសង្គមស៊ីវិលដែលតាមដានសំណុំរឿងនេះ រំពឹងថា តុលាការនឹងដោះលែងអ្នកទាំងពីរឲ្យបានមកជួបជុំគ្រួសារវិញ ក្នុងហេតុផលថា ពួកគេមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ គួរជ្រាបថា អ្នកកាសែតទាំង២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះរូបភាពកងទ័ពខ្មែរឈរជើងនៅប្រាសាទតាក្របី។ ជារូបភាពដែលទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយថៃ។
នៅថ្ងៃសុក្រ ទី ១៩ មិថុនា ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា លោកស្រី Julie Bishop បានអំពាវនាវឲ្យដោះលែង លោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលវិបត្តិនយោបាយភូមា នៅតែស្ថិតក្នុងភាពខ្មៅងងឹត ស្របពេលដែលរបបសឹកភូមាបន្តលាក់បាំងពីស្ថានភាពសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី។
ថ្ងៃទី១៨មិថុនា រដ្ឋាភិបាលសង្គមនិយមគុយបា បានប្រកាសផែនការកំណែទម្រង់ដ៏ធំសម្បើម មាន១៧៦ចំណុច ដើម្បីបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី។ កំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំបានគំរាមជាប្រចាំ ថាអាចប្រើកម្លាំងចូលគ្រប់គ្រងគុយបា។ តើផែនការកំណែទម្រង់បើកចំហរសេដ្ឋកិច្ចនាពេលនេះ អាចជួយជីវភាពប្រជាជនគុយបា បានកម្រិតណា?
គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានបង្ហាញការខកចិត្តចំពោះសាលដីកាសម្រេចរបស់តុលាការកំពូលក្នុងសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាសេចក្តីសម្រេចមួយដែលគណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលចាត់ទុកជាការគម្រាមកំហែងផ្នែកនយោបាយ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅកម្ពុជា។ គួរជ្រាបថា តុលាការកំពូលនៅថ្ងៃទី១៩មិថុនាបានប្រកាសតម្កល់សាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដោយផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ តែត្រូវព្យួរ ដោយមិនអនុញ្ញាតឲ្យលោកធ្វើនយោបាយ និងបោះឆ្នោតរយៈពេល ៥ឆ្នាំ រួមនឹងបម្រាមផ្សេងៗទៀត។
អ្នកជំនាញលើកឡើងថា មួយផ្នែកនៃអចលនទ្រព្យនៅកម្ពុជាបានជាប់គាំងសារជាថ្មីដោយសារការចាកចេញរបស់ជនបរទេស ក្រោយកម្ពុជាបើកការបង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងចាស់ដៃ។ តាមអ្នកជំនាញ បន្ទាប់ពីការចាកចេញរបស់ជនបរទេសទាំងនោះ អគារធំៗជាច្រើនបានផ្អាកដំណើរការ ខណៈសំណង់មួយចំនួនក៏ត្រូវផ្អាកការសាងសង់។ ទោះជាយ៉ាងណា ពួកគេមើលឃើញថា វិបត្តិនេះកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងថា វាមិនឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យជាទូទៅនោះទេ៕
នៅថ្ងៃទី១៩មិថុនានេះ កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមកជំទាស់យ៉ាងដាច់អហង្ការចំពោះទង្វើយោធាថៃដែលបានលើកដង និងបង្ហូតទង់ជាតិថៃ នៅក្នុងទឹកដីកម្ពុជា ត្រង់តំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះជាការតវ៉ាសាជាថ្មីទៀតរបស់កម្ពុជាទៅនឹងសកម្មភាពរំលោភបំពានរបស់ភាគីថៃ ក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។
ជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តែទោះទទួលបានលំនៅឋាន និងការគាំពារផ្នែកមូលនិធិពីរដ្ឋាភិបាលក៏ដោយ ក៏មានជនភៀសសឹកមួយចំនួនបានអះអាងថា ជម្រកថ្មីបណ្តោះអាសន្នមិនទាន់អាចជំនួសលំនៅឋានចាស់របស់ពួកគេបានឡើយ។ ក្នុងពេលរង់ចាំរដ្ឋាភិបាលទាមទារដីពីថៃត្រឡប់វិញ ពលរដ្ឋភៀសសឹកមួយចំនួនបានអះអាងពីការពិបាករកចំណូលចិញ្ចឹមជីវិត និងពីភាពមិនច្បាស់លាស់សម្រាប់អនាគត៕
ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានប្រកាស នៅថ្ងៃសុក្រ ទី ១៩ មិថុនាថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមភេរវនិយមជីហាតនៅក្នុងទឹកដីប៉ាគីស្ថាន។ ប៉ុន្តែ រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខបដិសេធភ្លាមៗថា គ្មានក្រុមជីហាតជ្រុលនិយមនៅក្នុងទឹកដីប៉ាគីស្ថានឡើយ។ អាហ្វហ្កានីស្ថានទៅវិញទេ ដែលបានផ្តល់ជម្រកដល់ក្រុមជ្រុលនិយមប្រឆាំងប៉ាគីស្ថាន។ ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ បានធ្វើឲ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ កាន់តែកើនឡើងមួយកម្រិតថែមទៀត។
ខណៈពេលដែលអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ក្រសួងការពារជាតិអាមេរិកបានដាក់ឯកសារស្នើសុំថវិកាប្រមាណ៨០ពាន់លានដុល្លារដើម្បីទប់ទល់នឹងការចំណាយទៅលើសង្រ្គាមអ៊ីរ៉ង់។ យោងតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal នៅសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិកព្រមានពីការកាត់បន្ថយការហ្វឹកហាត់ និងចំនួនទាហានដែលរដ្ឋបាលលោកដូណាល់ត្រាំបានបញ្ជាឲ្យដាក់ពង្រាយនៅតាមព្រំដែនម៉ិកស៊ិក ក្នុងករណីដែលសភាខុនហ្រ្កេសមិនអនុម័តកញ្ចប់ថវិកាធ្វើសង្រ្គាម។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ចំពោះបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយមេដឹកនាំប្រទេសទាំង ២ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយកាលពីពេលថ្មីៗនេះ។ ចំពោះកម្ពុជា កិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ ជារឿងសំខាន់ដើម្បីកាត់បន្ថយភាពតានតឹង ពិសេសធ្វើឱ្យសកលលោកវិលទៅរកសភាពដើមវិញ។
នៅច្រកសមុទ្រអកមូហ្ស កប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងបានបើកចេញចូល ឆ្លងកាត់ ក្នុងចំនួនច្រើនគួរសម នៅបន្ទាប់ពី មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់។ នៅថ្ងៃព្រហស្បតិ៍ទី ១៨មិថុនា បញ្ជាការដ្ឋានទ័ពអាមេរិកនៅតំបន់ដើមបូព៌ាអះអាង បើកភ្លើងខៀវ អនុញ្ញាតឲ្យកប៉ាល់ចេញចូល កំពង់ផែអ៊ីរ៉ង់។ ការបើកឲ្យចរាចរណ៍ជាធម្មតា នៅច្រកសមុទ្រអកមូហ្ស ទៅតាមកិច្ចព្រមព្រៀងបឋម ដែលអាមេរិកនិងអ៊ីរ៉ង់ បានចុះហត្ថលេខារួមគ្នា នៅយប់ថ្ងៃពុធកន្លងទៅ បានធ្វើឲ្យតម្លៃប្រេងនៅទីផ្សារធ្លាក់ចុះបន្តិច មុននឹងឡើងវិញមកនៅជាង៨០ដុល្លារ ក្នុងមួយធុងបារីល បន្ទាប់ពីមានក្តីបារម្ភទាក់ទងនឹងអនាគតមិនច្បាស់លាស់របស់កិច្ចព្រមព្រៀង ព្រោះតែអ៊ីស្រាអែលបន្តវាយប្រហារទៅលើលីបង់ និងប្រតិកម្មរបស់ប្រមុខសាសនាអ៊ីរ៉ង់។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៩ តុលាការកំពូលបានតម្កល់ការសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដែលផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ តែត្រូវព្យួរ មិនអនុញ្ញាតឲ្យធ្វើនយោបាយ និងបោះឆ្នោតរយៈពេល ៥ឆ្នាំ មិនឲ្យប្តូរទីលំនៅចេញពីភ្នំពេញ និងហាមចូលរួមវេទិកាសាធារណៈ។ ការប្រកាសសាលដីកាតុលាការកំពូលដូចនេះត្រូវបានលោក រ៉ុង ឈុន ចំអកឲ្យថា អ្នកកាន់អំណាចខ្លាចវត្តមានរបស់លោក។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុងបានថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងក្រុងសេអ៊ូលនាថ្ងៃសុក្រ ទី១៩ មិថុនានេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកំពុងចាប់ផ្តើមងាកទៅចាប់អារម្មណ៍លើបញ្ហាកូរ៉េខាងជើងម្តង ក្រោយពីលោក ត្រាំសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់។ ទន្ទឹមគ្នានេះ លោក លី ចែម្យុងក៏បានប្រាប់លោក ត្រាំថា ទណ្ឌកម្មដាក់លើរបបក្រុងព្យុងយ៉ាងលែងមានប្រសិទ្ធភាពទៀតឡើយ។
តំណាងកម្ពុជាបានប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិថា ថៃបានប្រើលេសរាប់សិបដើម្បីគេចពីកិច្ចប្រជុំទ្វេភាគីជាមួយកម្ពុជា។ ហេតុនេះទើបកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ។ ការថ្លែងរបស់តំណាងកម្ពុជាខាងលើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយចាប់ពីថ្ងៃ១៥ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS។
នៅដើមសប្តាហ៍នេះ ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានបន្ថែមប្រមាណជាង ១០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធអប់រំក្នុងវិស័យសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយលម្អិតបន្ថែមថា ហិរញ្ញប្បទានបន្ថែមនេះនឹងជួយកម្ពុជាក្នុងការពង្រីកបន្ថែមនូវការបណ្តុះបណ្តាលចំណេះដឹងក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ ពង្រឹងស្តង់ដារបរិក្ខារពេទ្យ និងការប្រលងដោយផ្អែកលើសមត្ថភាព។
តុលាការ Old Bailey នៅទីក្រុងឡុងដ៍ បានសម្រេចកាត់ទោសជនជាតិអង់គ្លេសដើមកំណើតចិន ពីរនាក់ ឲ្យជាប់ពន្ធនាគារ ចន្លោះពី ៨ឆ្នាំ ទៅ ១០ឆ្នាំ ពីបទធ្វើចារកម្ម នៅក្នុងទឹកដីអង់គ្លេស។ ការសម្រេចកាត់ទោសបុរសទាំងពីរ នៅថ្ងៃ ព្រហស្បតិ៍ ទី ១៨ មិថុនា ជាផ្នែកមួយនៃសំណុំរឿងសំខាន់ ទាក់ទងនឹងសន្តិសុខជាតិ និងការជ្រៀតជ្រែករបស់បរទេសក្នុងទឹកដីអង់គ្លេស។
នៅតែអាក់អន់ចិត្តនឹងអឺរ៉ុប ដែលបដិសេធមិនចូលរួមជាមួយអាមេរិកនៅក្នុងសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់ អាមេរិកតាមរយៈរដ្ឋមន្រ្តីការពារជាតិ លោកPete Hegseth បានគំរាមនៅថ្ងៃព្រហស្បតិ៍ទី១៨មិថុនាថា អាមេរិកនឹងពិនិត្យសើរើឡើងវិញពីកម្លាំងទ័ពអាមេរិក ពង្រាយនៅទឹកដីអឺរ៉ុប។ ចំពោះប្រមុខការពារជាតិអាមេរិក ក្រៅតែមិនព្រមជួយអាមេរិក នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ សមាជិកមួយចំនួនរបស់អូតង់នៅតែយឺតយ៉ាវ មិនទាន់ធ្វើតាមការចង់បានរបស់អាមេរិក ដែលចង់ឲ្យសមាជិកអូតង់បង្កើនវិភាគទានក្នុងកញ្ចប់ថវិកាអូតង់ បានដល់៥%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាជាផ្លូវការលើឯកសារកិច្ចព្រមព្រៀងបឋម ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់។ មានវត្តមានជាភ្ញៀវពិសេសរបស់ប្រធានាធិបតីបារាំង នៅរាជវាំង Versailles កាលពីយប់ថ្ងៃពុធទី ១៧មិថុនា លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើក្រដាសកិច្ចព្រមព្រៀងបឋម ដែលមាន១៤ចំណុច។ ឈាង បុប្ផាជូនព័ត៌មានលម្អិត
មេដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋាភិបាលបរទេសផ្សេងៗទៀតបានចេញសារថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់៩០ យាងចូល៩១ ព្រះវស្សា។ មេដឹកនាំខ្មែរនានា គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងពលរដ្ឋខ្មែរ ក៏បានបង្ហោះសារថ្វាយព្រះពរសម្តេចម៉ែ នៅតាមបណ្តាញសង្គមដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ។