នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅក្នុងវិទ្យាល័យ San Jose National High School នៃទីក្រុង Tacloban គឺជាផែនការដែលបានរៀបចំទុកជាមុន។ កាលពីថ្ងៃចន្ទ ទី២២ មិថុនា កូនសិស្សចំនួន ២នាក់បានបើកការបាញ់ប្រហារសំដៅលើសិស្សសាលាដោយបណ្តាលឲ្យស្លាប់សិស្ស ៣នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ បើតាមប៉ូលិស ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមទាំង ២នាក់ធ្លាប់បានហ្វឹកហាត់បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង។
នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋអំណាចបានប្រាប់ឲ្យដឹងនាថ្ងៃចន្ទ ទី២២ មិថុនាថា ការវាយប្រហារដោយដ្រូនពីសំណាក់កងទ័ពរុស្ស៊ីលើប៉ែកខាងត្បូង និងប៉ែកឦសានប្រទេសបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៦នាក់។ ប្រទេសអ៊ីតាលីបានប្រកាសថា ថ្នាក់ដឹកនាំអឺរ៉ុបចំនួន ៥ប្រទេសដែលជាមហាអំណាចយោធាគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនាក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ គម្រោងជំនួបនេះធ្វើឡើង ខណៈដែលអឺរ៉ុបកំពុងព្យាយាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលបានអូសបន្លាយតាំងពីជាង ៤ឆ្នាំកន្លងមក។
នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន ដោយផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA ក្នុងថ្ងៃអង្គារ ទី២៣ មិថុនា។ បើតាម KCNA ការប្តេជ្ញាដូចនេះរបស់មនុស្សខ្លាំងកូរ៉េខាងជើងធ្វើឡើងដោយលោក គីម ជុងអ៊ុនបានមើលឃើញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការធ្វើទំនើបកម្មកងទ័ពដែលអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។
ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតប្រមុខដឹកនាំប្រជាធិបតេយ្យភូមា តែត្រូវបានរបបសឹកភូមាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ មេដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងមួយនៅក្នុងប្រទេសកម្ពុជា ក៏បានចុះហត្ថលេខានៅក្នុងលិខិតចំហនេះដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការចោទប្រកាន់បែបព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឲ្យសារភាពជាសាធារណៈ ដើម្បីបង្ក្រាបសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំង។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា វិធានការច្បាប់ធ្វើឡើងចំពោះតែអ្នកប្រព្រឹត្តបទល្មើស និងថាការចូលរួមជាមួយគណបក្សកាន់អំណាចគឺជាជម្រើសដោយសេរីរបស់បុគ្គលម្នាក់ៗ។
ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប។ មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិចិន ឈ្មោះ Hu Xiaowei ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនពីការប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ នេះបើតាមកាសែតជប៉ុន The Asahi Shimbun នាថ្ងៃទី២២មិថុនា។
នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវការដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាចដឹកកសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់។
នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មានប្រជាពលរដ្ឋភូមា ៧០២នាក់ ត្រូវបានសម្លាប់ដោយកងទ័ពភូមាក្នុងអំឡុងពេលដំណើរការបោះឆ្នោត កាលពីចន្លោះខែសីហា ឆ្នាំ ២០២៥ ដល់ ខែមករា ឆ្នាំ ២០២៦។ អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និង បញ្ជូនសំណុំរឿងភូមាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្រោយរងសម្ពាធយ៉ាងខ្លាំង នៅក្នុងរង្វង់គណបក្សពលករ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង នៅថ្ងៃចន្ទ ទី២២ មិថុនា។ លោក Andy Burnham ដែលទើបតែជាប់ឆ្នោតជាតំណាងរាស្រ្ត និងជាអតីតចៅហ្វាយក្រុង Manchester ដ៏មានប្រជាប្រិយភាព មកពីបក្សពលករ ទទួលបានគាំទ្រច្រើនពីសមាជិកបក្ស។ ជាបុគ្គលលេចធ្លោក្នុងគណបក្សផង និងមានប្រជាប្រិយភាពខ្លាំងផង លោក Andy Burnham ត្រូវគេមើលឃើញ ថានឹងអាចក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស បន្តពីលោក គៀរ ស្តារមឺ នៅប៉ុន្មានខែខាងមុខ។
នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លីចង់សម្លាប់ខ្លួន។
ថ្ងៃអាទិត្យទី២១មិថុនា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមជួបចរចាគ្នានៅប្រទេសស្វ៊ីស។ ភាគីទាំង២បានកំណត់រយៈពេល៦០ថ្ងៃ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងជាស្ថាពរមួយ។ ផ្អែកតាមគណៈប្រតិភូប៉ាគីស្ថាននិងកាតាដែលជាអ្នកសម្របសម្រួលការចរចា គឺភាគីទាំង២បានយល់ស្របគ្នាជាបមឋ បង្កើតឲ្យបណ្តាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីធានាការពារសុវត្ថិភាពនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។
តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Sung Jae ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចូលរួមសហការជំរុញឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ២០២៤។ មន្ត្រីជិតស្និទផ្សេងទៀតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ត្រូវបានតុលាការកាត់ទោសដូចគ្នា។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការសងសឹកវិញ ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន១០ រួមមានក្រុមហ៊ុន ផលិតសព្វាវុធ អវកាស និងក្រុមហ៊ុនរ៉ែដីកម្រ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិន ធ្វើឡើង២សប្តាហ៍ក្រោយពីអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ៣ ក្នុងបញ្ជីខ្មៅ ដោយចោទថាបានបម្រើផលប្រយោជន៍ឲ្យកងទ័ពចិន។ វិធានការសងសឹកគ្នាទៅវិញទៅមក អាចធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប្រេះឆាឡើងវិញ បន្ទាប់ពីមហាអំណាចទាំង២ ទើបតែត្រូវរ៉ូវគ្នា បានជាង១ខែ។
នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើសំណុំរឿង «ញុះញង់» ប្រឆាំងនឹង លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។ តុលាការជាន់ខ្ពស់មួយនេះ បានរក្សាទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ តុលាការជាន់ទាបកាលពីឆ្នាំ២០២៤ បានកាត់ទោស លោក ស៊្រុន ស៊្រន ដាក់ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយពលករខ្មែរ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួន និងចោទប្រកាន់ពីបទចូលទឹកដីថៃដោយខុសច្បាប់។ នេះបើតាម មន្ត្រីអង្គការសង់ត្រាល់ ដែលធ្វើការទាក់ទងទៅនឹងពលករចំណាកស្រុក និងកាសែតថៃ Bangkok Post។ ពលករខ្មែរទាំង ៤០នាក់ខាងលើ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញតាមច្រកឡែមក្នុងខេត្តបាត់ដំបង។ ចំណែកពលករ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃុំខ្លួននៅក្នុងខេត្តចាន់ថាបុរី ប្រទេសថៃ។
ស្ថានទូតចិនប្រចាំកម្ពុជាបានណែនាំដល់ពលរដ្ឋចិន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ឱ្យជៀសវាងការចូលរួមល្បែងស៊ីសង ការភ្នាល់ល្បែងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន Asia Gambling Brief នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ ការណែនាំរបស់ស្ថានទូតចិនពេលនេះ កើតមានឡើងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងចាប់ផ្តើមអនុវត្តគម្រោងលើកលែងទិដ្ឋាការសាកល្បងរយៈពេល៤ខែ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន។
មន្ត្រីជាន់ខ្ពស់យោធាថៃបានចេញមុខមកបដិសេធចោលរាល់ការចោទប្រកាន់របស់កម្ពុជាដែលថា ថៃបានរំលោភទឹកដី និងដុតបំផ្លាញឃ្លាំង ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។ គួររម្លឹកថា កាលពីថ្ងៃទី១៩មិថុនា កម្ពុជាបានចោទថៃថា បានរំលោភដែនអធិបតេយ្យខ្លួន តាមរយៈការបង្ហូតទង់ជាតិថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងថាកងកម្លាំងប្រដាប់អាវុធថៃ បានដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះមកនៅប្រមាណ ៧៦ដុល្លារ ក្នុងមួយធុងបារីល។ នេះជាតម្លៃមួយ ដែលទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ា ពោលតម្លៃប្រេងឆៅពេលនេះ បានធ្លាក់ចុះមកនៅប្រហាក់ប្រហែលគ្នានឹងតម្លៃកាលពីមុនមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែចុះថ្លៃមកវិញឲ្យស្របនឹងតម្លៃប្រេងទីផ្សារអន្តរជាតិ។
នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មានអ្នកកាសែតម្នាក់របស់ទូរទស្សន៍ Al Jazeera។ នេះបើផ្អែកតាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី២០ មិថុនា។ ភាគីអ៊ីស្រាអែលបានអះអាងថា អ្នកកាសែតរបស់អាល់ហ្សាហ្សេរ៉ារូបនេះ ជាសមាជិកសកម្មរបស់ក្រុមប្រដាប់អាវុធហាម៉ាស។ ចំណែក អ្នកតំណាងរបស់Al Jazeera បានបរិហារ និងបានច្រាលចោលការចោទប្រកាន់របស់អ៊ីស្រាអែល។
នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ មិថុនា ក្រោយពីរដ្ឋាភិបាលបានលុបចោលលទ្ធផលប្រឡងលើកមុន ដោយសារការបែកធ្លាយវិញ្ញាសា។ ការប្រឡងលើកនេះស្ថិតនៅក្រោមការឃ្លាំមើល និងឆែកឆេរយ៉ាងតឹងរឹងបំផុត ពីអនុរក្ស និងទាហានរាប់សែននាក់។ អាជ្ញាធរឥណ្ឌាក៏បានបិទបណ្តាញសង្គម Telegram ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ជាថ្មីម្តងទៀត។
បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយជាវេទិកាដ៏ពេញនិយមមួយសម្រាប់ការស្វែងរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ។ អ្នកតាមដានសង្គមនានាបានកត់សម្គាល់ឃើញថា ការស្វែងរកយុត្តិធម៌ក្រៅប្រព័ន្ធតុលាការនេះបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនាពេលចុងក្រោយនេះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម បានស្រែកអំពាវនាវរកយុត្តិធម៌ក្នុងបញ្ហាដែលមិនអាចដោះស្រាយបានតាមប្រព័ន្ធតុលាការ បញ្ហាដីធ្លី ការរឹតត្បិតសិទ្ធិសេរីភាព ការអនុវត្តច្បាប់មិនត្រឹមត្រូវរបស់អាជ្ញាធរ ឬការរងអំពើអយុត្តិធម៌ផ្សេងៗ។ តើបណ្តាញទំនាក់ទំនងសង្គមអាចក្លាយជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?
ជំនួបកំពូលG7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបង្កឲ្យលោកស្រីប្រមុខរដ្ឋាភិបាលអ៊ីតាលី ចរចា មេឡូនី ខឹងអត់ទ្រាំមិនបាន បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយប្រាប់បណ្តាញព័ត៌មានថា លោកស្រីមេឡូនី បានទទូចសុំអង្វរលោកដើម្បីបានថតរូបជាមួយ។ ពាក្យសំដីនេះ ត្រូវបានលោកស្រីមេឡូនី ចាត់ទុកថាជាពាក្យប្រឌិត និងមាក់ងាយមកលើលោកស្រី ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពជាកម្ចីអនឡាញ។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យទាំង ២បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Zeii Neth» ដើម្បីគំរាមទារប្រាក់ពីជនរងគ្រោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសដដែល ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ អ្នកជំនាញទេសចរណ៍ ចង់ឃើញរដ្ឋាភិបាលវិនិយោគបន្ថែមទៅលើតំបន់ទេសចរណ៍ចុងឃ្នៀស ពីព្រោះតំបន់នេះបានជួយទាក់ទាញទេសចរណ៍ឲ្យមកកាន់ប្រទេសកម្ពុជាទាំងមូល។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងឆែកឆេរទំនិញនាំចូលខុសច្បាប់តាមច្រកដើមខ្សែ ច្រកចល័ត និងតាមឃ្លាំងទំនិញធំៗ ដោយអនុលោមទៅតាមច្បាប់កំណត់។ ក្នុងសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមនៅថ្ងៃទី២០មិថុនា លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តលើគោលការណ៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអាជីវករលក់រាយ។
របាយការណ៍ថ្មីមួយបានរកឃើញថា ក្រុមគណនីហ្វេសប៊ុកមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដើម្បីដៅមុខសញ្ញាយាយីទៅលើអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ តាមអ្នកជំនាញឌីជីថលរូបនេះដដែល ការបំពានតាមអនឡាញដែលបានកត់សំគាល់នេះ មិនមែនជាសេរីភាពបញ្ចេញមតិទេ។ ផ្ទុយទៅវិញ វាជាទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម និងភាសាប្រមាថដែលស្ថាប័នរងគ្រោះ គួរតែរកការអន្តរាគមន៍ពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីដកចេញការយាយីទាំងនេះ។
កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»។ ជាកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលសម្រេចបាន នាអំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាទៅបំពេញទស្សនកិច្ចនៅភូមា កាលពីដើមសប្តាហ៍កន្លងទៅ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃអាទិត្យទី២១មិថុនានេះថា កិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ» ជាកញ្ចប់សេវាកម្មទេសចរណ៍បំពេញគ្នាទៅវិញទៅមករវាងភូមា និងកម្ពុជា ដ្បិតថា ភូមាតែឯងមិនអាចទាក់ទាញភ្ញៀវទេសចរទាំងស្រុងនោះទេ។ បើតាមលោក ហួត ហាក់ កម្ពុជា និងភូមាមានគោលដៅទេសចរណ៍រួមគ្នាជាច្រើនដូចជាទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍ព្រះពុទ្ធសាសនារួមគ្នា។
ការផ្ទេរការចងចាំស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមមិនកំណត់ព្រំដែនត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេសបារាំង នៅទីក្រុងឡូញដែលមានសហគមន៍ខ្មែររស់នៅច្រើន អតីតជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បានសហការជាមួយគ្រូបង្រៀនប្រវត្តិវិទ្យាដើម្បីបង្កើនចំណេះដឹង ជាពិសេសប្រវត្តិរឿងរ៉ាវក្នុងរបបខ្មែរក្រហម នៅក្នុងចំណោមសិស្សសាលា។
បទឈប់បាញ់ចូលជាធរមានមិនទាន់បាន១ថ្ងៃស្រួលបួលផង គ្រាប់ផ្ទុះបានលាន់់ឮសាជាថ្មីនៅភាគខាងត្បូងលីបង់។ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារ ដោយអះអាងថាដើម្បីឆ្លើយតប ទៅនឹងការបាញ់ប្លោងគ្រាប់រាប់សិបគ្រាប់ ពីសំណាក់ក្រុមហេសបូឡា។ ផ្អែកតាមអាជ្ញាធរលីបង់ ការផ្ទុះអាវុធជាថ្មីនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៦នាក់។ អ៊ីរ៉ង់បានប្រតិកម្មវិញភ្លាម ដោយបានប្រកាសបិទច្រកសមុទ្រអកមូហ្ស និងប្រាប់ទៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងបឋមអាចនឹងត្រូវអាសារបង់។
លោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស៍ កំពុងស្ថិតនៅក្នុងព្យុះបោកបក់ បន្ទាប់ពីភរិយារបស់លោក លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស ត្រូវបានតុលាការអេស្ប៉ាញស៊ើបអង្កេតពីបទពុករលួយ។ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា តុលាការ បានសម្រេចដកលិខិតឆ្លងដែនរបស់លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស និងហាមឃាត់មិនឲ្យចាកចេញពីប្រទេសក្នុងពេលដំណើរការស៊ើបអង្កេត។
នៅថ្ងៃទី១៩មិថុនានេះ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែតអនឡាញ ២នាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា។ អង្គការសង្គមស៊ីវិលដែលតាមដានសំណុំរឿងនេះ រំពឹងថា តុលាការនឹងដោះលែងអ្នកទាំងពីរឲ្យបានមកជួបជុំគ្រួសារវិញ ក្នុងហេតុផលថា ពួកគេមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ គួរជ្រាបថា អ្នកកាសែតទាំង២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះរូបភាពកងទ័ពខ្មែរឈរជើងនៅប្រាសាទតាក្របី។ ជារូបភាពដែលទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយថៃ។
នៅថ្ងៃសុក្រ ទី ១៩ មិថុនា ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា លោកស្រី Julie Bishop បានអំពាវនាវឲ្យដោះលែង លោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលវិបត្តិនយោបាយភូមា នៅតែស្ថិតក្នុងភាពខ្មៅងងឹត ស្របពេលដែលរបបសឹកភូមាបន្តលាក់បាំងពីស្ថានភាពសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី។