នៅកាណាដា ភ្លើងឆេះព្រៃច្រើនរយកន្លែង និងស្ទើរតែគ្រប់គ្រងលែងបាន។ ផ្សែងភ្លើងដ៏សន្ធោសន្ធៅជះឥទ្ធិពលអាក្រក់ដល់ខ្យល់ដកដង្ហើម និងបោកបក់យ៉ាងសន្ធាប់ទៅលើបណ្តារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។ ដោយមិនសប្បាយចិត្ត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ កាណាដា ថាមានចេតនាចង់បំពុលពលរដ្ឋអាមេរិក ហើយលោកក៏គំរាមដំឡើងពន្ធគយបន្ថែមលើទំនិញកាណាដា។
វេលាទៀបភ្លឺព្រឹកថ្ងៃទី១៨កក្កដា អ៊ុយក្រែនបានបញ្ជូនដ្រូនជាង៣០០គ្រឿង ទៅកាន់រុស្ស៊ី។ ថ្វីបើដ្រូនភាគច្រើនត្រូវបានប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ី ស្ទាក់កម្ទេចបាន តែមានដ្រូនច្រើនគ្រឿង បានវាយប្រហារចំទីតាំងឃ្លាំងទំនិញធំៗ នៅតំបន់ក្បែរទីក្រុងម៉ូស្គូ។ ផ្អែកតាមអាជ្ញាធររុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែន បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៨នាក់ និងរបួសច្រើនសិបនាក់។
ច្រើនថ្ងៃមកហើយ ដែលប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ បានមកជួបជុំគ្នានៅទីក្រុងកៀវ ដើម្បីតវ៉ាប្រឆាំងនឹងការដកហូតតំណែង របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Mykhaïlo Fedorov ។ ការផ្លាស់ប្តូរតំណែងនេះ ត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌរុះរើសមាជិករដ្ឋាភិបាល សម្រេចដោយលោកប្រធានាធិបតីហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក៏ប៉ុន្តែ ប្រភពពិតនៃបញ្ហានេះ គឺកើតចេញពីជម្លោះខ្វែងគំនិតគ្នាខ្លាំងឡើងៗ រវាងលោករដ្ឋមន្ត្រីការពារជាតិ និងលោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន។
បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Christopher Anderson បានអះអាងពីការងារអាទិភាពទី១ នៅពេលមកបំពេញការងារនៅកម្ពុជា ថាលោកនឹងរុះរើឧក្រិដ្ឋកម្មឆបោកអនឡាញ ព្រមទាំងបណ្តាញឧក្រិដ្ឋជន ដែលនៅពីក្រោយ។ ការបញ្ជាក់នេះធ្វើឡើង នៅអំឡុងពេល លោក Christopher Anderson បេក្ខភាពឯកអគ្គរដ្ឋអាទូតអាមេរិក ឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
សហរដ្ឋអាមេរិក និងអតីតគូសត្រូវ អ៊ីរ៉ាក់ បានសម្រេចចុះកិច្ចព្រមព្រៀង ជិត ៥០ ស្តីពីភាពជាដៃគូសហការ ហើយជាពិសេសផ្តោតលើវិស័យប្រេងឥន្ធនៈ។ លើសពីនេះ ក្រោមអន្តរការីសម្របសម្រួលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, អ៊ីរ៉ាក់និងស៊ីរី ក៏បានយល់ព្រមដាក់ឲ្យដំណើរការបំពង់បង្ហូរប្រេងឡើងវិញ ដែលត្រូវនាំចេញប្រេងពីអ៊ីរ៉ាក់ទៅស៊ីរី មុននឹងបន្តទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ។ នេះជាយុទ្ធសាស្ត្រថ្មីមួយរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការនាំចេញប្រេងតាមផ្លូវផ្សេង ព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រអកមូស្ស។
អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីការពារផលប្រយោជន៍សង្គម និងសិទ្ធិរបស់អ្នកកាសែត។ ច្បាប់ដែលអ្នកជំនាញបានលើកឡើងនោះ គឺច្បាប់ស្តីពីរបបសារព័ត៌មាន ដែលគួរធ្វើវិសោធនកម្មឱ្យបានលឿន និងច្បាប់ផ្សេងៗទៀត ដូចជា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ច្បាប់ស្តីពីការប្រើប្រាស់បណ្តាញសង្គម ច្បាប់ស្តីពីបច្ចេកវិទ្យាAI និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលជាដើម។
មេដឹកនាំចិនជាន់ខ្ពស់ បានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ជាសេចក្តីប្រកាសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់ចិន លោក ស៊ី ជីនពីង និងលោក លី ឈាង អំឡុងពេលលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុរសខ្មែរម្នាក់ ដែលមានឈ្មោះថា កែងវ៉ាន់ធី ហ៊ុនហេង ពីការជួញដូរមនុស្ស។ តាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បុរសជនជាតិខ្មែររូបនេះ ត្រូវបានគេបោកប្រាស់ឱ្យមកធ្វើការនៅខេត្តបរកែវ ប្រទេសឡាវ និងគ្រោងលក់បន្តទៅប្រទេសទីបី គឺភូមា។ នៅក្នុងវីដេអូឃ្លីប ដែលបានផ្សាយលើហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវដដែល លោក កែងវ៉ាន់ធី ហ៊ុនហេង បានរៀបរាប់ថា លោកត្រូវបានជនជាតិចិនម្នាក់ បោកបញ្ឆោតនាំទៅធ្វើការនៅក្នុងប្រទេសឡាវ។ ក្រោយទៅដល់ប្រទេសឡាវ ទើបគាត់ដឹងថា ជនជាតិចិននោះគ្រោងនឹងនាំគាត់ទៅលក់បន្តនៅប្រទេសភូមា។ ទោះយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ បានបញ្ជាក់បន្ថែមថា ស្ថានទូតបានសម្របសម្រួលឲ្យបុរស ដែលជាជនរងគ្រោះខាងលើ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាគ្នាត្រង់ទៅត្រង់មកនៅក្នុងជំនួបមួយនាទីក្រុងសៀងហៃ ប្រទេសចិន អំពីរថក្រោះ ដែលកម្ពុជាបានទទួលពីប្រទេសចិនកាលពីពេលថ្មីៗនេះ។ លោក ស៊ី ជីនពីង បានបញ្ជាក់ថា រថក្រោះដែលចិនប្រគល់ឲ្យកម្ពុជា ជាផ្នែកមួយនៃការទិញដូរអាវុធតាមកិច្ចព្រមព្រៀង ដែលធ្វើឡើងមុនទាហានកម្ពុជា និងថៃប៉ះទង្គិចគ្នាតាមព្រំដែនកាលពីឆ្នាំ២០២៥។ ក្នុងន័យនេះ លោក ស៊ី ថា ថៃមិនគួរមានការបារម្ភនោះឡើយ។
ក្នុងទិសដៅបន្តពង្រឹងនយោបាយអន្តោប្រវេសន៍ រដ្ឋាភិបាលអាមេរិកប្រកាសរឹតបន្តឹងទិដ្ឋាការស្នាក់នៅចំពោះនិស្សិតនិងអ្នកសារព័ត៌មានបរទេស។ វិធានការថ្មីបានកំណត់រយៈពេលស្នាក់នៅស្របច្បាប់សម្រាប់និស្សិតបរទេស យ៉ាងច្រើនបំផុត ត្រឹម៤ឆ្នាំ ហើយចំពោះ អ្នកកាសែត ត្រឹម៨ខែ។ រយៈពេលនេះ តិចខ្លាំង បើប្រៀបនឹងការអនុវត្តពីមុន។ ប្រទេសចិន ដែលមាននិស្សិតរៀនច្រើននៅអាមេរិក បញ្ចេញប្រតិកម្មមិនសប្បាយចិត្ត និងសន្យាដាក់វិធានការវាយបក។ ចំណែក ស្ថាប័នកាសែតអន្តរជាតិ រិះគន់ថា អាមេរិកកំពុងរឹតត្បឹតសេរីភាពសារព័ត៌មាន និងធ្វើឲ្យស្រអាប់លទ្ធិប្រជាធិបតេយ្យ។
យុទ្ធនាការបង្ក្រាបក្រុមអន្ធពាល និងបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀននៅប្រទេសអេលសាល់វ៉ាឌ័រ ចាប់តាំងពីឆ្នាំ២០២២មក មានដឹតដាមទៅដោយករណីរំលោភសិទ្ធិមនុស្ស និងអាចជាករណីឧក្រិដ្ឋម្មប្រឆាំងមនុស្សជាតិ។ ផ្អែកតាម អង្គការ Amnesty International គឺអាជ្ញាធរអេលសាល់វ៉ាឌ័រ បានចាប់ឃុំខ្លួនមនុស្សក្រៅប្រព័ន្ធច្បាប់ ប្រមាណ៩ម៉ឺននាក់ ក្នុងនោះមានមនុស្សយ៉ាងតិច៤៧០នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។
នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ដែលសុទ្ធសឹងជាក្រុមហ៊ុនសំខាន់ និងមានសក្តានុពល។ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានខ្លះដែលកំពុងវិនិយោគនៅកម្ពុជាបានអះអាងពីការពង្រីកទុនវិនិយោគបន្ថែម ខណៈក្រុមហ៊ុនខ្លះទៀតបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះមិនបង្ហាញត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែពួកគេនឹងបោះទុនវិនិយោគជាក់ស្តែងនៅកម្ពុជាតែម្តង។ ដូច្នេះសួរថា តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?
អ្នកនយោបាយប្រឆាំងដ៏កម្រមួយរូបក្នុងប្រទេសរុស្ស៊ី លោក Boris Nadejdine បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃ ទី ១៦ ខែ កក្កដា ថា នយោបាយដឹកនាំរបស់ លោក វ៉្លាឌីមៀរ ពូទីន កំពុងអូសទាញប្រទេស ឲ្យធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយ ។ ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតសភារុស្ស៊ី នៅខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ អ្នកនយោបាយជើងចាស់់រូបនេះ ដែលមិនខ្លាចនិយាយរិះគន់លោក ពូទីន ដោយចំៗ កំពុងរងការធ្វើទុក្ខបុកម្នេញដោយប្រព័ន្ធតុលាការ ដែលនឹងអាចរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ។
ក្រុមអង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នបានផ្ញើលិខិតចំហទៅលោក ហ៊ុន ម៉ាណែតឲ្យស្នើសុំព្រះមហាក្សត្រលើកលែងទោសអ្នកកាសែត ២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ាដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៤ឆ្នាំ។ ចំពោះក្រុមសង្គមស៊ីវិល មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលអាចសុំការបន្ធូបន្ថយ និងលើកលែងទោសអ្នកកាសែតទាំង ២នាក់បាន។
មហាយក្សចិនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទក្នុងក្រុងសៀងហៃស្តីពីបញ្ញាសប្បនិម្មិតដែលមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រមាណ ៣០ប្រទេសចូលរួម។ ជាគូប្រជែងនឹងសហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានថ្លែងក្នុងឱកាសបើកវេទិកាសន្និសីទនៅថ្ងៃសុក្រ ទី១៧កក្កដានេះ ថា ប្រទេសមួយមិនត្រូវគ្រប់គ្រងវិស័យបញ្ញាសប្បនិម្មិតដោយផ្តាច់មុខតែម្នាក់ឯងទេ។ ក្រៅពីក្រើនរំឭកឲ្យមានបទដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រងបញ្ញាសប្បនិម្មិត ប្រមុខរដ្ឋចិនក៏ដាស់តឿនថា រាល់ការអភិវឌ្ឍវិស័យបញ្ញាសប្បនិម្មិតគួរតែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងបម្រើផលប្រយោជន៍មនុស្សជាតិ។
មានរាជធានី ខេត្តយ៉ាងតិចចំនួន៨ បានប្រកាសរៀបចំផ្សាយបន្តផ្ទាល់តាមអេក្រង់ធំៗ នូវការប្រកួតបាល់ទាត់ពិភពលោក ២០២៦(FIFA World Cup 2026) នៅវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។ ការប្រកាសរៀបចំនេះត្រូវបានអ្នកជំនាញវិស័យកីឡាយល់ឃើញថាជារូបភាពមួយល្អ ដែលបង្ហាញពីសាមគ្គីភាព ការសប្បាយរួមគ្នា និងការបំផុសឲ្យមានស្មារតីស្រលាញ់កីឡាបាល់ទាត់នៅក្នុងចំណោមពលរដ្ឋខ្មែរ។
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ មេដឹកនាំគណបក្សកម្លាំងជាតិ បាននាំគ្នាដង្ហែញត្តិទៅកាន់ព្រះបរមរាជវាំង ដើម្បីទូលថ្វាយព្រះមហាក្សត្រក្នុងព្រះបរមតួនាទីជាព្រះប្រមុខរដ្ឋ មានព្រះរាជតម្រិះ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យលទ្ធភាពអនុវត្តនីតិវិធី ដែលច្បាប់បានកំណត់។ ការដាក់ញត្តិរបស់គណបក្សកម្លាំងជាតិនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សត្រូវតុលាការកំពូលកាលពីពេលថ្មីៗនេះ បានផ្តន្ទាទោស និងដកហូតសិទ្ធិជាមួយដ្ឋានសំខាន់ៗមួយចំនួនរបស់លោក។
នៅថ្ងៃទី១៧កក្កដានេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញ និងសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ីបានបញ្ជាក់ថា ស្រ្តីក្នុងវីដេអូដែលកំពុងចែកចាយលើបណ្តាញសង្គមមិនមែនជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ីឡើយ។ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងសមាគមអតីតនិស្សិតបានស្នើឱ្យអាជ្ញាធរកម្ពុជា និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ព្រោះវាជាបញ្ហាមនុស្សធម៌ និងសិទ្ធិកុមារ។
គ្រូបង្រៀន និងកុមារកម្ពុជាជាច្រើនពាន់នាក់នៅតាមព្រំដែនកំពុងបន្តដក់ជាប់នូវការឈឺចាប់ លាយឡំនឹងការភ័យខ្លាចនៃភ្លើងសង្គ្រាមកម្ពុជា-ថៃកាលពីឆ្នាំ២០២៥។ តែទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គ្រូបង្រៀននៅតែបន្តបេសកកម្មអប់រំសិស្សនៅជំរំភៀសសឹកតាមព្រំដែនដដែល។ ជាក់ស្តែងនៅសាលាបឋមសិក្សាជោគជ័យក្នុងភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រូបង្រៀនបន្តបង្រៀនកុមារតូចៗដោយយកចិត្តទុកដាក់ស្របតាមកម្មវិធីអប់រំរបស់ក្រសួង៕
មន្ត្រីរាជការថៃជាង៥ពាន់នាក់ អាចនឹងត្រូវព្យូរពីការងារ និងតួនាទី ដោយហេតុមានរឿងអាស្រូវពុករលួយ និងលួចបន្លំនៅពេលប្រលងចូល។ នេះបើតាមការអះអាងរបស់អាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍ទី១៦កក្កដា ដោយបញ្ជាក់ថាបានចាប់ខ្លួនជនជាប់សង្ស័យបីនាក់ ក្នុងសំណុំរឿងនេះ។
នៅអ៊ុយក្រែន យុវជនច្រើនពាន់នាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម តាមបណ្តាទីប្រជុំជន ទោះបីជាត្រូវប្រឈមនឹងការវាយប្រហាររបស់ទ័ពរុស្ស៊ី យ៉ាងណាក្តី។ បាតុកម្មនេះ ប្រឆាំងនឹងការដកតំណែងរដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាព និងជាអ្នកជំរុញដ៏ចម្បងឲ្យទ័ពអ៊ុយក្រែនសម្រុកប្រើដ្រូនចម្បាំង។ រដ្ឋមន្ត្រីវ័យក្មេងរូបនេះ មានទំនាស់ជាមួយមេបញ្ជាការកងទ័ព ដែលបណ្តាលឲ្យត្រូវរុះរើរដ្ឋាភិបាលថ្មី។ ដោយមិនកាន់ជើងខាងណាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវឲ្យ«រួបរួមជាតិ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែតក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តី លោក អានុធិន ឆានវីរៈគូន ក៏ចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងមានជំនួបជាមួយលោក ស៊ី ជីនពីងដែរ។ អ្នកតាមដានកិច្ចការអន្តរជាតិកត់សម្គាល់ថា កិច្ចប្រជុំនៅចិនពេលនេះអាចជាវេទិកាដែលមេដឹកនាំកម្ពុជា និងថៃឆ្លៀតជួបជជែកគ្នាពីបញ្ហាព្រំដែន។ ចំណែកអ្នកជំនាញយល់ថា ចិនអាចនឹងព្យាយាមជួយសម្របសម្រួលដើម្បីរៀបចំជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ។
ក្រុមហ៊ុនចិនធំៗចំនួន ៩ក្រុមហ៊ុនបានបង្ហាញពីគោលបំណងចង់ពង្រីកបន្ថែមការវិនិយោគនៅកម្ពុជា។ ចេតនានេះធ្វើឡើងនៅក្នុងជំនួបបន្តបន្ទាប់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាឱកាសដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
សភាបារាំងបានអនុម័តនៅថ្ងៃពុធទី១៥កក្កដា២០២៦ ច្បាប់ជួយបញ្ចប់ជីវិត ដែលផ្តល់សិទ្ធិឱ្យអ្នកមានជំងឺធ្ងន់ធ្ងរខ្លាំងប្រុងស្លាប់និងលែងមានមធ្យោបាយព្យាបាលជា សុំអស់ជីវិត ដោយថ្លៃថ្ងូរ។ តែដំណើរបែបបទនិងលក្ខខណ្ឌសុំបញ្ចប់ជីវិតមានច្រើន។
ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ្ឌា បន្ទាប់ពីក្រឡាប់ទូក កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរួមគ្នារបស់ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM)។ ក្រៅពីសម្តែងក្តីព្រួយបារម្ភជាខ្លាំង ស្ថាប័នអង្គការអន្តរជាតិទាំង២នេះក៏បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអន្តរជាតិជួយរកមធ្យោបាយដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC កាលពីថ្ងៃទី១៥ កក្កដា ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹងតាមព្រំដែន។ ថៃ តាមរយៈកងទ័ពភូមិភាគទី២ បានបដិសេធដោយអះអាងថា ខ្លួនមិនមែនជាអ្នកបង្កឱ្យមានហេតុការណ៍នោះទេ។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ស្តង់ដារទាំង ៤៥ រួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣ ស្តង់ដារ ISO ចំនួន ២៦ ស្តង់ដារ IEC ចំនួន ៤ និងវិសោធនកម្មស្តង់ដារចំនួន ២។ ស្តង់ដារទាំងអស់នេះគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រ ដូចជាសំណង់ គីមីសាស្ត្រ ប្រព័ន្ធគ្រប់គ្រង គ្រឿងអេឡិចត្រូនិក កៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ តើការអនុម័តស្តង់ដារទាំងនេះអាចជួយជំរុញការនាំចេញផលិតផលខ្មែរដែរ ឬទេ?
អង្គការសង្គមស៊ីវិល និងអ្នកជំនាញអន្តរជាតិជាង ៦០ស្ថាប័នបានដាក់ក្តីបារម្ភថា ការសម្រេចច្រានចោលរបាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពាក់ព័ន្ធនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចបង្កជាគំរូមិនល្អសម្រាប់ប្រព័ន្ធគណនេយ្យភាពរបស់ធនាគារពិភពលោក។ ទន្ទឹមនឹងការរិះគន់ IFC ក៏កំពុងជួបបញ្ហាអស្ថិរភាពផ្ទៃក្នុងដោយសារប្រធានស្ថាប័នត្រួតពិនិត្យឯករាជ្យសម្រេចលាលែងពីតំណែងភ្លាម ក្រោយរបាយការណ៍ខ្លួនត្រូវបានច្រានចោលដូច្នេះ។
ការចាក់ថ្នាំបង្ការកុមារនៅលើពិភពលោក បានប្រសើរឡើងបន្តិចនៅឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤។ ប៉ុន្តែការកាត់បន្ថយជំនួយអន្តរជាតិ ជម្លោះប្រដាប់អាវុធ និងការផ្សព្វផ្សាយព័ត៌មានមិនពិត កំពុងធ្វើឱ្យពិភពលោកប្រឈមនឹងគ្រោះថ្នាក់ មានជំងឺឆ្លងរាតត្បាត កើតឡើងវិញ ព្រោះអត្រាចាក់ថ្នាំបង្ការមិនដល់កំរិត។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃពុធទី១៥កក្កដា២០២៦។
សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផលិតដ្រូនចម្បាំងរួមគ្នាជាមួយ អ៊ុយក្រែន។ តាំងពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២មក អ៊ុយក្រែនបានសម្រួចបច្ចេទេស រហូតក្លាយជាអ្នកជំនាញយ៉ាងប៉ិនប្រសប់ខាងផលិតដ្រូនចម្បាំង។ សហភាពអឺរ៉ុប ចង់យកជំនាញរបស់អ៊ុយក្រែននេះ ដើម្បីវិនិយោគជំរុញឧស្សាហកម្មយោធា ព្រមទាំង ជួយការពារសន្តិសុខរួម ផង។
ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។
យោធាអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធទី ១៥កក្កដា ថាមានទាហាន៧នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក លើតំបន់ភាគអាគ្នេយ៍នៃប្រទេស។ ក្រុងកំពង់ផែអ៊ីរ៉ង់ដែលមានមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលតាំងនៅ ក៏រងការដៅវាយប្រហារ ពីសំណាក់អាមេរិកដែរ។ ទន្ទឹមនឹងការវាយប្រហារយ៉ាងសន្ធាប់ជាថ្មី ជាគម្រប់បួនថ្ងៃជាប់គ្នា អាមេរិកបានប្រកាសបិទខ្ទប់កំពង់ផែអ៊ីរ៉ង់នៅច្រកអកមូហ្សជាថ្មី។ ចំណែកអ៊ីរ៉ង់បានបាញ់ប្រហារសងសឹកវិញដល់មូលដ្ឋានទ័ពអាមេរិកនៅហ្សកដានី។
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់?