តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
ថ្ងៃទី២០កក្កដា ចលនាហាម៉ាសប៉ាឡេស្ទីន បានប្រកាសថាគេបានបោះឆ្នោតតែងតាំងមេដឹកនាំថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា។ ការតែងតាំងនេះ ត្រូវបានធ្វើដោយសម្ងាត់បំផុត ដោយសារតែកត្តាសន្តិសុខ ការគំរាមសម្លាប់ពីសំណាក់អ៊ីស្រាអែល។ មេក្រុមហាម៉ាសមុនៗ ឈ្មោះ អ៊ីស្មាយ ហានីយ៉េ និង យ៉ះយ៉ា ស៊ីនួ សុទ្ធតែត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់ជាបន្តបន្ទាប់។
បាតុកម្មដោយសន្តិវិធី ក្លាយជាការប៉ះទង្គិចគ្នាយ៉ាងហិង្សា។ នៅរសៀលថ្ងៃចន្ទទី២០កក្កដា២០២៦នេះ ប៉ូលិសឥណ្ឌា បានប្រើគ្រាប់បែកបង្ហូរទឹកភ្នែក ដំបង វាយក្រុមបាតុករ ដែលភាគច្រើនជានិស្សិត។ បាតុករជាច្រើនសិបពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដ៏ធំបំផុតមួយ នៅរដ្ឋធានីញូវដេលី ដើម្បីបរិហារការលួចបន្លំក្នុងពេលប្រឡង និងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលាលែងចេញពីតំណែង។
ក្រុមកីឡាករអេស្ប៉ាញ បានទាត់ឈ្នះក្រុមកីឡាករអាហ្សង់ទីន ១-០ និងក្លាយជាជើងឯកពិភពលោកនៃការប្រកួតបាល់ទាត់ពិភពលោក ថ្ងៃទី២០កក្កដា ឆ្នាំ២០២៦។ ក្នុងពិធីប្រគល់ពានមាសដល់ក្រុមជ័យលាភីពិភពលោក ប្រធានាធិបតីអាមេរិកជាម្ចាស់ផ្ទះ បានបង្ហាញខ្លួនយ៉ាងយូរ លើវេទិកាជាមួយក្រុមកីឡាករជើងឯកអេស្ប៉ាញ បើទោះបីជាមានសំឡេងស្រែកមិនពេញចិត្តប្រឆាំងនឹងរូបលោកក៏ដោយ។
ជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានប្រកាសក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពីការផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារឲ្យក្រសួងការពារជាតិកម្ពុជា។ កម្មវិធីជំនួយនេះមានការផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ការផ្តល់ជំនួយឲ្យវិស័យយោធាកម្ពុជាពីសំណាក់ជប៉ុនពេលនេះជាផ្នែកមួយនៃគោលនយោបាយសន្តិសុខរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈឺ និងថា កម្ពុជាគួរតែសហការជាមួយជប៉ុនដើម្បីពង្រឹងវិស័យកងទ័ពផងដែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក៏ចង់ឃើញកម្ពុជាធ្វើពិពិធកម្មការទូតជាមួយបណ្តាប្រទេសក្នុងលោកដោយតម្លាភាព អព្យាក្រឹតភាព និងតុល្យភាពដើម្បីធ្វើឲ្យវិស័យការពារជាតិកាន់តែរឹងមាំ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឲ្យប្រទេសថៃ និងកម្ពុជាដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយរវាងគ្នាដោយសន្យាថា ចិននឹងដើរតួជា «អ្នកស្ថាបនា» ឬជាអ្នកសម្របសម្រួល។ ការជំរុញរបស់ភាគីទី៣ ធ្វើឡើងក្នុងថ្ងៃតែមួយនៃជំនួបដាច់ឡែកពីគ្នារវាងប្រធានាធិបតីចិនជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃនៅក្រៅសន្និសីទស្តីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងទីក្រុងសៀងថៃកាលពីចុងសប្តាហ៍កន្លងទៅ។
លោក អ៊ែនឌី ប៊ើនហេម (Andy Burnham) ប្រធានបក្សពលករអង់គ្លេស ចាប់ផ្តើមចូលកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ជាផ្លូវការនៅថ្ងៃចន្ទទី២០កក្កដានេះ។ លោកគារ ស្តារមើ បានសម្រេចចិត្តលាចុះពីតំណែងកាលពីចុងខែមិថុនា បន្ទាប់ពីរងការរិះគន់ខ្លាំងឡើងៗពីក្នុងបក្សនិងពីប្រជាជន។ ក្នុងរយៈពេល១០ឆ្នាំមកនេះ អង់គ្លេសបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី១០នាក់ហើយ។ វិបត្តិនយោបាយ សង្គមនិងសេដ្ឋកិច្ច កំពុងរងចាំដំណោះស្រាយពីរដ្ឋាភិបាលថ្មី របស់លោក អ៊ែនឌី ប៊ើនហេម។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ សភាជប៉ុនបានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ស្នងរាជបល្លង្ក ដើម្បីពង្រីកលទ្ធភាពរកអ្នកមកបន្តធ្វើជាព្រះចៅអធិរាជ។ ក៏ប៉ុន្តែ តាមរយៈច្បាប់ថ្មីនេះ សភាជប៉ុនបានបន្តបដិសេធ មិនព្រមអនុញ្ញាតិឲ្យមនុស្សស្រី អាចឡើងធ្វើជាព្រះចៅអធិរាជបានឡើយ។ ការបដិសេធ ដែលហាក់ផ្ទុយពីមតិភាគច្រើនរបស់ប្រជាជនជប៉ុន ដែលចង់ឃើញ ព្រះអង្គម្ចាស់ក្សត្រី អៃកូ បុត្រីតែមួយអង្គគត់របស់ព្រះចៅអធិរាជ ណារូហ៊ីតូ ឡើងគ្រងរាជ្យបន្តពីព្រះបិតា។
នៅទីបំផុត ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣ទល់នឹង២ សម្រាប់ការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា នេះជាការទទួលបានជោគជ័យរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បន្ទាប់ពីបានវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
បណ្ណាការ ដែលគេហៅសាមញ្ញថា ប្រាក់ជំនូន ឬក៏ លុយថ្លៃទឹកដោះ ទម្លាក់បន្ទុកយ៉ាងទម្ងន់ទៅលើស្ត្រីក្នុងសង្គមឥណ្ឌា និងធ្វើឲ្យភរិយាឥណ្ឌា រងអំពើហិង្សាយ៉ាងសាហាវរ៉ាំរ៉ៃក្នុងគ្រួសារ ដែលឈានទៅដល់ស្លាប់ ឬក៏ត្រូវបង្ខំចិត្តសម្លាប់ខ្លួន។ អត្រាមរណភាពរបស់ភរិយាឥណ្ឌា ក្នុងបញ្ហានេះ មានចំនួនកើនឡើងខ្លាំង គួរឲ្យព្រួយបារម្ភ។ នេះបើតាមការសិក្សាបែបនរវិទ្យា របស់សកលវិទ្យាល័យអង់គ្លេស King’s College។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យពលរដ្ឋ និងអ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME) លើកឡើងពីបញ្ហា ដែលកំពុងប្រឈមក្នុងវិស័យនេះ ដើម្បីឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការដោះស្រាយជូនប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។ នេះបើតាមសំណេរបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ និងថារដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាជួយជំរុញវិស័យ SMEនេះ ឱ្យមានភាពរឹងមាំ។
មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦កក្កដា បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំវិញការបង្ហោះព័ត៌មាន ដោយចោទប្រកាន់គ្មានមូលដ្ឋាន លើមន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន។ ការព្រមានឲ្យកែតម្រូវ និងលុបព័ត៌មានគ្មានមូលដ្ឋានចេញពីហ្វេសប៊ុក ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុក Ren Chanrith បានសរសេរកាលពីថ្ងៃទី១៥កក្កដាថា បច្ចុប្បន្នមានករណីកៀបស៊ីលើពលរដ្ឋ ដោយទាមទារឲ្យពលរដ្ឋបង់លុយជាថ្នូរនឹងការដោះលែង។
អភិបាលក្រុងញូវយ៉ក លើកឡើងថា កំពុងពិចារណា ចាប់ឃាត់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រគល់ទៅឲ្យ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ នៅពេលដែលលោក បេនចាមិន នេតាន់យ៉ាហ៊ូ ធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា។ លោក នេតាន់យ៉ាហ៊ូ ជាប់ដីកាតាមចាប់ខ្លួនរបស់តុលាការក្រុងឡាអេ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនិងប្រឆាំងមនុស្សជាតិ ប្រព្រឹត្តនៅតំបន់ហ្កាហ្សា។ ថ្ងៃយប់ថ្ងៃសៅរ៍ ឈានចូលអាទិត្យ ទី១៩កក្កដា កងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្កាហ្សា និងសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង ១០ នាក់។
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោលខ្លាំងឡើង បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្សកដានី បណ្តាលឲ្យស្លាប់ទាហានអាមេរិក២នាក់ និងរបួសច្រើននាក់ កាលពីយប់ថ្ងៃសុក្រ។ កងទ័ពអាមេរិកបានវាយប្រហារសងសឹកវិញ ដោយបានបាញ់ប្លោងគ្រាប់ទៅលើទីតាំងយោធាច្រើនកន្លែងរបស់អ៊ីរ៉ង់។ នៅកូវ៉ែត អ៊ីរ៉ង់បានប្រើដ្រូននិងបាញ់មីស៊ីល បង្ករការខូចខាតស្ថានីយបូមប្រេង រោងចក្រអគ្គិសនី និងស្ថានីយបន្សាបទឹកសមុទ្រថែមទៀត។
នាពេលថ្មីៗនេះ បញ្ញវន្តខ្មែរមួយចំនួន បាននិយាយវែកញែកអំពីបញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គមខ្មែរ ដូចជាបញ្ហាជម្លោះព្រំដែនជាមួយថៃ ការរិះគន់ពីសញ្ញាបត្របណ្ឌិត និងការទាក់ទាញអ្នកវិនិយោគបរទេសជាដើម។ ទាំងអស់នេះជាបញ្ហា ដែលបញ្ញវន្តខ្មែរខ្លះ យល់ថាកម្ពុជាដើរមិនទាន់ប្រទេសជិតខាង។ តែការលើកឡើងទាំងនេះ បានទាក់ទាញប្រតិកម្មពីថ្នាក់ដឹកនាំប្រទេសជាបន្តបន្ទាប់ តាមរយៈសារបញ្ឆិតបញ្ឆៀង និងការក្រើនរំឭកដាស់តឿន ឲ្យអ្នកបញ្ចេញមតិមានការប្រយ័ត្នប្រយែង ជាពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានា យល់ឃើញផ្សេងៗគ្នា ដោយខ្លះចង់ឲ្យបញ្ញវន្តចែករំលែកយោបល់ដោយសេរី ដើម្បីប្រយោជន៍ជាតិ និងខ្លះទៀតចង់ឲ្យបញ្ញវន្តផ្តល់មតិដែលមានមូលដ្ឋានច្បាស់លាស់ និងមិនហៃអើតែតាមអ្នកនយោបាយ។ តើកម្ពុជាគួរបើកចំហឲ្យបញ្ញវន្តបង្ហាញពីការចែករំលែកទស្សនៈ ដោយគ្មានសម្ពាធ ឬត្រូវកម្រិតសិទ្ធិបញ្ចេញមតិយ៉ាងណា?
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសជប៉ុន បានផ្តល់ជំនួយ ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិកម្ពុជា។ គម្រោងនេះ នឹងប្រគល់នូវឧបករណ៍បញ្ជូនសារ ដល់កងទ័ពជើងគោក និងផ្តល់នាវាល្បាត ទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ស្នើទៅបណ្តាអ្នកវិភាគឲ្យជៀសវាងការវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយរឿងទាំងនេះចេញទៅក្រៅ ដោយចាត់ទុកថា ជារឿងសម្ងាត់របស់ជាតិ។ ការលើកឡើងរបស់ប្រមុខគណបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអំពីទស្សនៈវិភាគរបស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងភូមិសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ី។
នៅកាណាដា ភ្លើងឆេះព្រៃច្រើនរយកន្លែង និងស្ទើរតែគ្រប់គ្រងលែងបាន។ ផ្សែងភ្លើងដ៏សន្ធោសន្ធៅជះឥទ្ធិពលអាក្រក់ដល់ខ្យល់ដកដង្ហើម និងបោកបក់យ៉ាងសន្ធាប់ទៅលើបណ្តារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។ ដោយមិនសប្បាយចិត្ត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ កាណាដា ថាមានចេតនាចង់បំពុលពលរដ្ឋអាមេរិក ហើយលោកក៏គំរាមដំឡើងពន្ធគយបន្ថែមលើទំនិញកាណាដា។
វេលាទៀបភ្លឺព្រឹកថ្ងៃទី១៨កក្កដា អ៊ុយក្រែនបានបញ្ជូនដ្រូនជាង៣០០គ្រឿង ទៅកាន់រុស្ស៊ី។ ថ្វីបើដ្រូនភាគច្រើនត្រូវបានប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ី ស្ទាក់កម្ទេចបាន តែមានដ្រូនច្រើនគ្រឿង បានវាយប្រហារចំទីតាំងឃ្លាំងទំនិញធំៗ នៅតំបន់ក្បែរទីក្រុងម៉ូស្គូ។ ផ្អែកតាមអាជ្ញាធររុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែន បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៨នាក់ និងរបួសច្រើនសិបនាក់។
ច្រើនថ្ងៃមកហើយ ដែលប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ បានមកជួបជុំគ្នានៅទីក្រុងកៀវ ដើម្បីតវ៉ាប្រឆាំងនឹងការដកហូតតំណែង របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Mykhaïlo Fedorov ។ ការផ្លាស់ប្តូរតំណែងនេះ ត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌរុះរើសមាជិករដ្ឋាភិបាល សម្រេចដោយលោកប្រធានាធិបតីហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក៏ប៉ុន្តែ ប្រភពពិតនៃបញ្ហានេះ គឺកើតចេញពីជម្លោះខ្វែងគំនិតគ្នាខ្លាំងឡើងៗ រវាងលោករដ្ឋមន្ត្រីការពារជាតិ និងលោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន។
បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Christopher Anderson បានអះអាងពីការងារអាទិភាពទី១ នៅពេលមកបំពេញការងារនៅកម្ពុជា ថាលោកនឹងរុះរើឧក្រិដ្ឋកម្មឆបោកអនឡាញ ព្រមទាំងបណ្តាញឧក្រិដ្ឋជន ដែលនៅពីក្រោយ។ ការបញ្ជាក់នេះធ្វើឡើង នៅអំឡុងពេល លោក Christopher Anderson បេក្ខភាពឯកអគ្គរដ្ឋអាទូតអាមេរិក ឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
សហរដ្ឋអាមេរិក និងអតីតគូសត្រូវ អ៊ីរ៉ាក់ បានសម្រេចចុះកិច្ចព្រមព្រៀង ជិត ៥០ ស្តីពីភាពជាដៃគូសហការ ហើយជាពិសេសផ្តោតលើវិស័យប្រេងឥន្ធនៈ។ លើសពីនេះ ក្រោមអន្តរការីសម្របសម្រួលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, អ៊ីរ៉ាក់និងស៊ីរី ក៏បានយល់ព្រមដាក់ឲ្យដំណើរការបំពង់បង្ហូរប្រេងឡើងវិញ ដែលត្រូវនាំចេញប្រេងពីអ៊ីរ៉ាក់ទៅស៊ីរី មុននឹងបន្តទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ។ នេះជាយុទ្ធសាស្ត្រថ្មីមួយរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការនាំចេញប្រេងតាមផ្លូវផ្សេង ព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រអកមូស្ស។
អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីការពារផលប្រយោជន៍សង្គម និងសិទ្ធិរបស់អ្នកកាសែត។ ច្បាប់ដែលអ្នកជំនាញបានលើកឡើងនោះ គឺច្បាប់ស្តីពីរបបសារព័ត៌មាន ដែលគួរធ្វើវិសោធនកម្មឱ្យបានលឿន និងច្បាប់ផ្សេងៗទៀត ដូចជា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ច្បាប់ស្តីពីការប្រើប្រាស់បណ្តាញសង្គម ច្បាប់ស្តីពីបច្ចេកវិទ្យាAI និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលជាដើម។
មេដឹកនាំចិនជាន់ខ្ពស់ បានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ជាសេចក្តីប្រកាសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់ចិន លោក ស៊ី ជីនពីង និងលោក លី ឈាង អំឡុងពេលលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុរសខ្មែរម្នាក់ ដែលមានឈ្មោះថា កែងវ៉ាន់ធី ហ៊ុនហេង ពីការជួញដូរមនុស្ស។ តាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បុរសជនជាតិខ្មែររូបនេះ ត្រូវបានគេបោកប្រាស់ឱ្យមកធ្វើការនៅខេត្តបរកែវ ប្រទេសឡាវ និងគ្រោងលក់បន្តទៅប្រទេសទីបី គឺភូមា។ នៅក្នុងវីដេអូឃ្លីប ដែលបានផ្សាយលើហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវដដែល លោក កែងវ៉ាន់ធី ហ៊ុនហេង បានរៀបរាប់ថា លោកត្រូវបានជនជាតិចិនម្នាក់ បោកបញ្ឆោតនាំទៅធ្វើការនៅក្នុងប្រទេសឡាវ។ ក្រោយទៅដល់ប្រទេសឡាវ ទើបគាត់ដឹងថា ជនជាតិចិននោះគ្រោងនឹងនាំគាត់ទៅលក់បន្តនៅប្រទេសភូមា។ ទោះយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ បានបញ្ជាក់បន្ថែមថា ស្ថានទូតបានសម្របសម្រួលឲ្យបុរស ដែលជាជនរងគ្រោះខាងលើ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាគ្នាត្រង់ទៅត្រង់មកនៅក្នុងជំនួបមួយនាទីក្រុងសៀងហៃ ប្រទេសចិន អំពីរថក្រោះ ដែលកម្ពុជាបានទទួលពីប្រទេសចិនកាលពីពេលថ្មីៗនេះ។ លោក ស៊ី ជីនពីង បានបញ្ជាក់ថា រថក្រោះដែលចិនប្រគល់ឲ្យកម្ពុជា ជាផ្នែកមួយនៃការទិញដូរអាវុធតាមកិច្ចព្រមព្រៀង ដែលធ្វើឡើងមុនទាហានកម្ពុជា និងថៃប៉ះទង្គិចគ្នាតាមព្រំដែនកាលពីឆ្នាំ២០២៥។ ក្នុងន័យនេះ លោក ស៊ី ថា ថៃមិនគួរមានការបារម្ភនោះឡើយ។
ក្នុងទិសដៅបន្តពង្រឹងនយោបាយអន្តោប្រវេសន៍ រដ្ឋាភិបាលអាមេរិកប្រកាសរឹតបន្តឹងទិដ្ឋាការស្នាក់នៅចំពោះនិស្សិតនិងអ្នកសារព័ត៌មានបរទេស។ វិធានការថ្មីបានកំណត់រយៈពេលស្នាក់នៅស្របច្បាប់សម្រាប់និស្សិតបរទេស យ៉ាងច្រើនបំផុត ត្រឹម៤ឆ្នាំ ហើយចំពោះ អ្នកកាសែត ត្រឹម៨ខែ។ រយៈពេលនេះ តិចខ្លាំង បើប្រៀបនឹងការអនុវត្តពីមុន។ ប្រទេសចិន ដែលមាននិស្សិតរៀនច្រើននៅអាមេរិក បញ្ចេញប្រតិកម្មមិនសប្បាយចិត្ត និងសន្យាដាក់វិធានការវាយបក។ ចំណែក ស្ថាប័នកាសែតអន្តរជាតិ រិះគន់ថា អាមេរិកកំពុងរឹតត្បឹតសេរីភាពសារព័ត៌មាន និងធ្វើឲ្យស្រអាប់លទ្ធិប្រជាធិបតេយ្យ។
យុទ្ធនាការបង្ក្រាបក្រុមអន្ធពាល និងបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀននៅប្រទេសអេលសាល់វ៉ាឌ័រ ចាប់តាំងពីឆ្នាំ២០២២មក មានដឹតដាមទៅដោយករណីរំលោភសិទ្ធិមនុស្ស និងអាចជាករណីឧក្រិដ្ឋម្មប្រឆាំងមនុស្សជាតិ។ ផ្អែកតាម អង្គការ Amnesty International គឺអាជ្ញាធរអេលសាល់វ៉ាឌ័រ បានចាប់ឃុំខ្លួនមនុស្សក្រៅប្រព័ន្ធច្បាប់ ប្រមាណ៩ម៉ឺននាក់ ក្នុងនោះមានមនុស្សយ៉ាងតិច៤៧០នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។
នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ដែលសុទ្ធសឹងជាក្រុមហ៊ុនសំខាន់ និងមានសក្តានុពល។ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានខ្លះដែលកំពុងវិនិយោគនៅកម្ពុជាបានអះអាងពីការពង្រីកទុនវិនិយោគបន្ថែម ខណៈក្រុមហ៊ុនខ្លះទៀតបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះមិនបង្ហាញត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែពួកគេនឹងបោះទុនវិនិយោគជាក់ស្តែងនៅកម្ពុជាតែម្តង។ ដូច្នេះសួរថា តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?
អ្នកនយោបាយប្រឆាំងដ៏កម្រមួយរូបក្នុងប្រទេសរុស្ស៊ី លោក Boris Nadejdine បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃ ទី ១៦ ខែ កក្កដា ថា នយោបាយដឹកនាំរបស់ លោក វ៉្លាឌីមៀរ ពូទីន កំពុងអូសទាញប្រទេស ឲ្យធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយ ។ ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតសភារុស្ស៊ី នៅខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ អ្នកនយោបាយជើងចាស់់រូបនេះ ដែលមិនខ្លាចនិយាយរិះគន់លោក ពូទីន ដោយចំៗ កំពុងរងការធ្វើទុក្ខបុកម្នេញដោយប្រព័ន្ធតុលាការ ដែលនឹងអាចរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ។
ក្រុមអង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នបានផ្ញើលិខិតចំហទៅលោក ហ៊ុន ម៉ាណែតឲ្យស្នើសុំព្រះមហាក្សត្រលើកលែងទោសអ្នកកាសែត ២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ាដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៤ឆ្នាំ។ ចំពោះក្រុមសង្គមស៊ីវិល មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលអាចសុំការបន្ធូបន្ថយ និងលើកលែងទោសអ្នកកាសែតទាំង ២នាក់បាន។
មហាយក្សចិនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទក្នុងក្រុងសៀងហៃស្តីពីបញ្ញាសប្បនិម្មិតដែលមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រមាណ ៣០ប្រទេសចូលរួម។ ជាគូប្រជែងនឹងសហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានថ្លែងក្នុងឱកាសបើកវេទិកាសន្និសីទនៅថ្ងៃសុក្រ ទី១៧កក្កដានេះ ថា ប្រទេសមួយមិនត្រូវគ្រប់គ្រងវិស័យបញ្ញាសប្បនិម្មិតដោយផ្តាច់មុខតែម្នាក់ឯងទេ។ ក្រៅពីក្រើនរំឭកឲ្យមានបទដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រងបញ្ញាសប្បនិម្មិត ប្រមុខរដ្ឋចិនក៏ដាស់តឿនថា រាល់ការអភិវឌ្ឍវិស័យបញ្ញាសប្បនិម្មិតគួរតែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងបម្រើផលប្រយោជន៍មនុស្សជាតិ។