សង្គ្រាមតំបន់មជ្ឈិមបូព៌ា កំពុងតែរីករាលដាលទៅជ្រោយម្ខាងទៀត នៃឧបទ្វីបអារ៉ាប់។ ក្រុមហ៊ូទីយេម៉ែន កូនចៅអ៊ីរ៉ង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៣កក្កដា ថាបានវាយប្រហារលើនាវាដឹកប្រេង២គ្រឿងរបសអារ៉ាប៊ីសាអូឌីត។ បញ្ហានេះ កំពុងតែបង្កឲ្យមានការភ័យបារម្ភ អំពីសន្តិសុខចរាចរណ៍នាវាដឹកនាំទំនិញ នៅច្រកចេញចូលសមុទ្រក្រហម ស្របពេលដែលច្រកសមុទ្រអកមូហ្សឯនោះ ត្រូវបិទខ្ទប់សឹងទាំងស្រុងរួចទៅហើយ។
ទីក្រុងតូក្យូប្រទេសជប៉ុន កំពុងតែរងគ្រោះដោយរលកសីតុណ្ហភាពក្តៅខ្លាំង មិនធ្លាប់មាន បង្កឲ្យមានអ្នកជំងឺច្រើនសន្ធឹក ដែលត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សីតុណ្ហភាពក្តៅខ្លាំងប្រមាណ១សប្តាហ៍មកនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៤នាក់ហើយនៅជប៉ុន។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទើបតែបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ កម្រាស៤២ទំព័រ។ អាស៊ានទាំង១១ប្រទេស បានជួបផលវិបត្តិខ្វះប្រេង ព្រោះតែការបិទខ្ទប់ច្រកសមុទ្រអកមូស្ស។ ម្ល៉ោះហើយ ទើបបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានមូរមាត់គ្នាអំពាវនាវឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រអកមូស្សឡើងវិញ រួមទាំង អនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងហោះហើរនៅច្រកសមុទ្រអកមូស្សនេះ ដោយគ្មានឧបសគ្គ។
នៅព្រឹកថ្ងៃទី២៣ កក្កដានេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំពិធីរម្លឹកខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា។ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យថ្លែងថា ការរៀបចំពិធីនេះមិនត្រឹមតែជាការរម្លឹកខួប ១ឆ្នាំនៃការឈ្លានពានប៉ុណ្ណោះទេ តែវាជាសក្ខីកម្មដែលបញ្ជាក់ពីការចងចាំមិនភ្លេចនូវការពលីរបស់វីរកងទ័ព និងនគរបាលជាតិកម្ពុជាក្នុងបុព្វហេតុការពារជាតិ។
សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបីជារដ្ឋមួយនេះបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗមួយចំនួនក៏ដោយ។ EU ព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយាយីដល់សិទ្ធិនយោបាយ និងសិទ្ធបញ្ចេញមតិ ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ EBA នឹងនៅតែបន្តព្យួរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នារយៈពេលប្រមាណ ៣០នាទី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ ប្រមុខការទូតនៃមហាអំណាចទាំង២ មិនបានប្រកាសផ្ទាល់មាត់អំពីខ្លឹមសារនៃជំនួបទ្វេភាគីនេះទេ។ តែក្រសួងការបរទេសនីមួយៗបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ ភាគីអាមេរិកបានលើកឡើងថា ជំនួបដាច់ដោយឡែកនេះផ្តោតលើចំណងមេត្រីភាពទ្វេភាគី និងសារៈសំខាន់នៃការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ តែរុស្ស៊ីបានព្រមានអាមេរិកដែលចេះតែបន្តបញ្ជូនគ្រឿងសព្វាវុធឲ្យអ៊ុយក្រែនដោយចាត់ទុកទង្វើនេះថាមិនអាចទទួលយកបានទាល់តែសោះ។
ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។
ក្រសួងយុត្តិធម៌បានរកឃើញថា ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបបានប្រព្រឹត្តិខុសវិជ្ជាជីវៈតុលាការ នៅក្នុងសំណុំរឿងមានភាពមិនប្រក្រតីចំនួន ១៤ករណីដែលត្រូវបានប្តឹងដោយពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
បេសកកម្មសង្គ្រោះប្រាសាទព្រះវិហារពីសំណាក់សហគមន៍អន្តរជាតិនៅមិនគ្រប់គ្រាន់នោះទេ ដរាបណាថៃបន្តគំរាមកំហែងខ្មែរ។ នេះជាការថ្លែងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា នៅក្នុងបទអន្តរាគមន៍មួយនាសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២២កក្កដាម្សិលមិញនេះ។ លោកស្រី ភឿង សកុណា បានថ្លែងទៀតថា កងកម្លាំងយោធាថៃនៅតែមានវត្តមាននៅតំបន់ជុំវិញប្រាសាទ និងថា ថៃនៅតែបន្តបំពាន ដោយប្រព្រឹត្តិសកម្មភាពឯកតោភាគី ក្នុងការបំផ្លិចបំផ្លាញទីតាំងបេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើនកន្លែង៕ សូមស្តាប់លោកស្រី ភឿង សកុណា៖
កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខឌីជីថល ទើបបណ្តោយឱ្យមានករណីលួចចូលធ្វើចារកិច្ចតាមបណ្តាញអ៊ីនធ័រនែតអស់រយៈពេលជិត១០ខែដោយមិនដឹងខ្លួន។ គឺក្រសួងការបរទេសកូរ៉េខាងត្បូងដែលជាអ្នករងការវាយប្រហារតាមអ៊ីនធ័រនែតយ៉ាងធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន។
នៅឥណ្ឌា ការបង្ក្រាបចលនាបាតុកម្មរបស់យុវនិស្សិត បានបណ្តាលឲ្យប៉ូលិសនិងជនស៊ីវិល រងរបួស សរុបប្រមាណ ១៨០ នាក់។ នគរបាលឥណ្ឌា ក៏បានចាប់ខ្លួន ប្រមុខមេបក្សប្រឆាំង និងអ្នកតំណាងរាស្ត្រមួយចំនួន ឃុំឃាំងមួយរយៈខ្លី រួចហើយក៏ដោះលែងវិញ នៅថ្ងៃទី២២កក្កដា។
ពីវេទិកាអាស៊ាន និងមុនជំនួបទ្វេភាគីជាមួយសមភាគីចិន ប្រមុខការទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ បានអះអាងនៅព្រឹកថ្ងៃពុធទី២២កក្កដានេះថា “បណ្តោយឱ្យអ៊ីរ៉ង់ត្រួតត្រាច្រកសមុទ្ទអកមូហ្ស គឺជាការបង្កើតឱ្យមានគំរូដ៏គ្រោះថ្នាក់” និងផលវិបាករាលដាលដល់តំបន់ផ្សេង ហួសពីតំបន់មជ្ឈិមបូព៌ា។ ទោះមិនបញ្ចេញឈ្មោះក៏ដោយ ក៏គេអាចយល់បានថាអាមេរិកកំពុងចង់ដៅវាយប្រហារចិនដែលមានមហិច្ឆតាគ្រប់គ្រងច្រកសមុទ្ទតៃវ៉ាន់ និងសមុទ្ទចិនខាងត្បូងតែម្នាក់ឯង។
ក្រុមធុរកិច្ចអាមេរិក-អាស៊ានបានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ។ គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីបង្កើនការវិនិយោគដែលរួមចំណែកផ្តល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា អាមេរិកកំពុងតែសម្លឹងរកការវិនិយោគលើវិស័យសុខាភិបាល ដឹកជញ្ជូន និងភស្តុភា ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ។ ហេតុអ្វីនៅដំណាក់ចុងក្រោយនេះ អាមេរិកសម្លឹងរកការវិនិយោគក្នុងវិស័យរ៉ែកម្រនៅកម្ពុជា?
លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ក្រោយមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅឃ្លាំងមួយកន្លែងក្នុងខណ្ឌបឹងកេងកង។ ការរកឃើញសាប៊ូស្ពៃក្លែងក្លាយទ្រង់ទ្រាយធំនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពី ក.ប.ប ទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្រញាញ់ក្នុងស្រុក។
ថែរក្សា សម្រស់ ក៏ ជា ផ្នែក មួយ នៃ សុខភាពដែរ ព្រោះ យើង នឹង មាន អារម្មណ៍ ល្អ នៅ ពេល ឃើញ ខ្លួន ស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែ ជួនកាល ដោយហេតុ តែ ចង់ ល្អ ចង់ស្អាត ពេក និង គ្មាន ព័ត៌មាន ត្រឹម ត្រូវ ហើយ ជឿ ផ្អើល តាម ការ ឃោសនា របៀប សំអិត សំអាងខ្លួន និង ការ ប្រើប្រាស់ ផលិតផល សំអាង ច្រើន មុខ ច្របូកច្របល់ គ្នា អាច បង្ក ជា ផលវិបាក ទៅ វិញទេ។
នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅជ្រលងភ្នំភាគឦសានប្រទេស។ ក្រុមភ្នាក់ងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន ហើយអង្គការកាកបាទក្រហមអាហ្វហ្កានីស្ថានក៏ធ្វើអន្តរាគមន៍ផ្តល់ជំនួយចាំបាច់បន្ទាន់ដែរ។ តែភ្លៀងបន្តធ្លាក់ខ្លាំងជាបន្តបន្ទាន់បានធ្វើឲ្យដំណើរការជួយសង្គ្រោះកាន់តែលំបាក។
នៅថ្ងៃទី២១ ខែកក្កដា ព្រះចៅអធិការវត្តសំបួរមាសមានថេរដីកាបញ្ជាក់ថា វត្តពុំធ្លាប់កំណត់តម្លៃសេវាបូជាសពម្តងណាឡើយ និងថា តារាងតម្លៃដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះមិនមែនចេញដោយគណៈកម្មការវត្តសំបួរមាសនោះទេ។ ការបំភ្លឺរបស់ចៅអធិការវត្តសំបួរមាសពេលនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋនាំគ្នារិះគន់លើតារាងតម្លៃទទួលបូជាសពក្នុងវត្តសំបួរមាសដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗនេះ។
ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយព្រមទាំងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិត។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ថា នេះជារោងចក្រទី២ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាងដែលប្រកាសបិទទ្វារចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៨ខែ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការបន្តផ្តន្ទាទោសអ្នកទាំង ៤ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គម។
នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី២១ កក្កដានេះ អាមេរិកបានបន្តបើកការវាយប្រហារលើអ៊ីរ៉ង់ដែលឈានដល់ ១០យប់ជាប់ៗគ្នាហើយ។ ចំណែកអ៊ីរ៉ង់ក៏បានតប តវិញដោយប្រកាសបាញ់ប្លោងដៅកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្ទពែក្ស និងបានព្រមានវាយប្រហារកាន់តែខ្លាំងបន្ថែមទៀតនៅថ្ងៃមុខ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អាស៊ីរងគ្រោះយ៉ាងដំណំពីឧក្រិដ្ឋកម្មឆបោកអនឡាញ និងបានធ្វើឲ្យខាតបង់ប្រាក់ប្រមាណជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ ទឹកប្រាក់ខាតបង់នេះបានកើនឡើងគុណនឹង ៣ ដង បើធៀបនឹងឆ្នាំ២០២៣។ ភូមា និងកម្ពុជាជាប្រទេសមានឈ្មោះអាស្រូវជាសម្បុកឆបោកអនឡាញខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះ។
ប្រជាជនប្រហែល ៦៤៥ លាននាក់ រងគ្រោះទុរ្ភិក្ស នៅឆ្នាំ២០២៥ ពោលគឺស្មើប្រមាណ ៧,៨% នៃចំនួនប្រជាជនលើពិភពលោក។ នេះបើតាម ទីភ្នាក់ងារស្បៀងអាហារនិងកសិកម្ម នៃអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ទោះបីជាដំណោះស្រាយគ្រោះអត់ឃ្លានជួបភាពបន្សាំបន្តិចក្តី តែវាត្រូវរងគ្រោះធ្ងន់ថែមមួយជាន់ទៀតក្នុងឆ្នាំ២០២៦ ព្រោះតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិប្រែប្រួលអាកាសធាតុ។
សង្គ្រាមអ៊ុយក្រែនបានអូសបន្លាយអស់ពេលជាងបួនឆ្នាំហើយ។ ចំនួនមនុស្សស្លាប់ និងរបួសក៏បានកើនឡើងជាលំដាប់ដែរ។ បើតាមឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងរយៈ៦ខែដំបូងនៃឆ្នាំ២០២៦នេះ ចំនួនជនស៊ីវិលស្លាប់និងរបួសបានកើនឡើង៣៧% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតក្នុងខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា លោកមិនបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតទេ។ តែលោកមិនភ្លេចបញ្ជាក់ថា ការបញ្ចេញទស្សនៈ និងការវិភាគរបស់បណ្ឌិតគ្រប់រូបត្រូវតែផ្អែកលើភស្តុតាង និងវិទ្យាសាស្ត្រ ជាជាងវិភាគតាមអារម្មណ៍ និងមើលងាយអ្នកដទៃ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ក្រោយផ្ទុះការជជែកវែកញែកជុំវិញសុភាសិតបណ្ឌិត និងអ្នកចែវទូក និងក្រោយការផ្សព្វផ្សាយអំពីទស្សនៈវិភាគរបស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងភូមិសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ី។
នៅយប់ថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារតាមអាកាសដោយដ្រូនអ៊ុយក្រែនជាង ៤០០ គ្រឿង ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស និង ខូចខាតទ្រព្យសម្បត្តិជាច្រើន នេះបើតាមការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើង ពីរថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីបានបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ទៅលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ។
នៅថ្ងៃចន្ទទី២០កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស់ចិននេះ គឺបន្ទាប់ពីក្រសួងការបរទេសតៃវ៉ាន់សម្រេចលុបចោលការសម្រួលទិដ្ឋាការចេញ-ចូលដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានចាត់ទុកការសម្រេចរបស់ទីក្រុងតៃប៉ិជាគំរូដ៏អាក្រក់ក្នុងចេតនាប៉ុនប៉ងបំបែកខ្លួនចេញពីចិន។
នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យជាសកលតាមកាលកំណត់ និងការរៀបចំរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិជុំទី៤ (UPR)។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារនេះ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា នៅក្នុងរបាយការណ៍ការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ (UPR) រដ្ឋាភិបាលកម្ពុជាបានទទួលយកអនុសាសន៍ចំនួន២៦ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។ បើតាមលោកស្រី ឆន សុគន្ធា ស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជានៅតែរងការរឹតត្បិត ជាពិសេសនៅក្រោយក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ប្រមុខការទូតថៃបានលើកឡើងនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ការជ្រើសយកយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រត្រួតស៊ីគ្នារបស់កម្ពុជាមានន័យថា កម្ពុជាបិទផ្លូវចរចាលើបញ្ហាព្រំដែនជាមួយថៃ រួមទាំងព្រំដែនគោកដែរ។ ការលើកឡើងដូចនេះរបស់ប្រមុខការទូតថៃត្រូវបានក្រសួងការបទេសកម្ពុជាចេញមុខទាត់ចោលភ្លាមៗ។ អ្វីទៅជាចេតនារបស់ថៃដែលមិនព្រមចូលតុចរចាដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា?
តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
ថ្ងៃទី២០កក្កដា ចលនាហាម៉ាសប៉ាឡេស្ទីន បានប្រកាសថាគេបានបោះឆ្នោតតែងតាំងមេដឹកនាំថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា។ ការតែងតាំងនេះ ត្រូវបានធ្វើដោយសម្ងាត់បំផុត ដោយសារតែកត្តាសន្តិសុខ ការគំរាមសម្លាប់ពីសំណាក់អ៊ីស្រាអែល។ មេក្រុមហាម៉ាសមុនៗ ឈ្មោះ អ៊ីស្មាយ ហានីយ៉េ និង យ៉ះយ៉ា ស៊ីនួ សុទ្ធតែត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់ជាបន្តបន្ទាប់។
បាតុកម្មដោយសន្តិវិធី ក្លាយជាការប៉ះទង្គិចគ្នាយ៉ាងហិង្សា។ នៅរសៀលថ្ងៃចន្ទទី២០កក្កដា២០២៦នេះ ប៉ូលិសឥណ្ឌា បានប្រើគ្រាប់បែកបង្ហូរទឹកភ្នែក ដំបង វាយក្រុមបាតុករ ដែលភាគច្រើនជានិស្សិត។ បាតុករជាច្រើនសិបពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដ៏ធំបំផុតមួយ នៅរដ្ឋធានីញូវដេលី ដើម្បីបរិហារការលួចបន្លំក្នុងពេលប្រឡង និងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលាលែងចេញពីតំណែង។
ក្រុមកីឡាករអេស្ប៉ាញ បានទាត់ឈ្នះក្រុមកីឡាករអាហ្សង់ទីន ១-០ និងក្លាយជាជើងឯកពិភពលោកនៃការប្រកួតបាល់ទាត់ពិភពលោក ថ្ងៃទី២០កក្កដា ឆ្នាំ២០២៦។ ក្នុងពិធីប្រគល់ពានមាសដល់ក្រុមជ័យលាភីពិភពលោក ប្រធានាធិបតីអាមេរិកជាម្ចាស់ផ្ទះ បានបង្ហាញខ្លួនយ៉ាងយូរ លើវេទិកាជាមួយក្រុមកីឡាករជើងឯកអេស្ប៉ាញ បើទោះបីជាមានសំឡេងស្រែកមិនពេញចិត្តប្រឆាំងនឹងរូបលោកក៏ដោយ។
ជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានប្រកាសក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពីការផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារឲ្យក្រសួងការពារជាតិកម្ពុជា។ កម្មវិធីជំនួយនេះមានការផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ការផ្តល់ជំនួយឲ្យវិស័យយោធាកម្ពុជាពីសំណាក់ជប៉ុនពេលនេះជាផ្នែកមួយនៃគោលនយោបាយសន្តិសុខរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈឺ និងថា កម្ពុជាគួរតែសហការជាមួយជប៉ុនដើម្បីពង្រឹងវិស័យកងទ័ពផងដែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក៏ចង់ឃើញកម្ពុជាធ្វើពិពិធកម្មការទូតជាមួយបណ្តាប្រទេសក្នុងលោកដោយតម្លាភាព អព្យាក្រឹតភាព និងតុល្យភាពដើម្បីធ្វើឲ្យវិស័យការពារជាតិកាន់តែរឹងមាំ។