ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០គ្រាប់ នៅក្នុងខេត្តចំនួន៧។ នេះបើយោងតាមរបាយការណ៍ដែល ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអគ្គនាយក CMAC។
វត្តគិរីរង្ស៊ីថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយជិត១គីឡូពីព្រំដែនថៃ បានរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងពីគ្រាប់ផ្លោងរបស់យោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមព្រំដែនលើកទី២កាលពីខែធ្នូ ឆ្នាំ២០២៥។ រយៈពេល១ឆ្នាំកន្លងទៅ ព្រះវិហារ សាលាឆាន់ កុដិ និងសាលារៀន បានក្លាយជាសំណង់បាក់បែក ដែលមានកម្ទេចកម្ទីរាយប៉ាយ។ ទាំងអស់នេះជាភស្តុតាងជាក់ស្តែង ដែលបង្កឡើងដោយយោធាថៃ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ អាជ្ញាធរស្រុកបន្ទាយអំពិលបញ្ជាក់ថា មានផ្ទះសម្បែងសរុបចំនួន ៨២៣ខ្នង បានរងការខូតខាត តែអាជ្ញាធរក៏បានជួយជួសជុសផ្ទះឲ្យពលរដ្ឋវិញបានចំនួន ១១៤ខ្នងដែរ។ ក្រៅពីនេះ អាជ្ញាធរអះអាងថា នឹងរៀបចំស្តារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើងវិញ នៅពេលមានសន្តិភាពជាថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន។ ពីវត្តថ្មដូន
ស្របពេលដែលនៅតាមប្រទេសអឺរ៉ុប កំពុងរងគ្រោះដោយភ្លើងឆេះព្រៃមហាកំណាច នៅភាគអាគ្នេយ៍ប្រទេសចិនឯនេះវិញ កំពុងរងគ្រោះដោយខ្យល់ព្យុះទីហ្វុង។ ជាមួយនឹងកម្លាំងខ្យល់បក់ ប្រមាណ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះទីហ្វុងឈ្មោះ នូល (Noul) បានបោកបក់ជាមួយទឹកភ្លៀងយ៉ាងគំហុក នៅខេត្តក្វាងទុងនៅនៅហុងកុងជាដើម។ យ៉ាងហោចណាស់ មនុស្សចំនួន៧សែននាក់ នៅក្វាងទុង ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។
តំបន់ភាគនិរតីនៃប្រទេសបារាំង កំពុងរងគ្រោះភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ និងដ៏កំណាចមិនធ្លាប់មាន។ ព្រៃស្ងួត អាកាសធាតុក្តៅ បានសម្រួលឱ្យភ្លើងឆាបឆេះកាន់លឿន ក្លាយជាព្យុះភ្លើង បញ្ចេញផ្សែងវិលគួចលើផ្ទៃមេឃ និងបង្កើនភាពកំណាចឱ្យអណ្តាតភ្លើងលេបត្របាក់ព្រៃ។ ក្នុងរយៈពេលតែបីថ្ងៃ និងគិតត្រឹមព្រឹកថ្ងៃអាទិត្យទី២៦កក្កដាវេលាម៉ោង៤ព្រឹកម៉ោងនៅក្នុងស្រុក ព្រៃជាង៤ម៉ឺនពីរពាន់ហិចតាបានក្លាយជាផេះ និងមនុស្សសរុបជាងពីរសែនពីរម៉ឺននាក់ត្រូវជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព។
ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីនគរបាលណា ដែលបន្តយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់ជាវត្ថុបញ្ចាំ ឬក្នុងរូបភាពផ្សេងដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់ស្នងការខេត្តសៀមរាប ធ្វើឡើងក្រោយមានមន្ត្រីនគរបាល ៤រូប នៃស្នងការដ្ឋានខេត្តសៀមរាប ត្រូវបានស្ត្រីម្នាក់បង្ហោះរូបភាពភ្ជាប់ជាមួយកាតសម្គាល់ឈ្មោះនគរបាលជាតិ បន្ទាប់ពីពួកគេ គេចវេសមិនព្រមសងបំណុល។
ជារបត់ថ្មីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ក្រុមប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ បានបោះឆ្នោត ដកអគ្គរដ្ឋអាជ្ញា ឈ្មោះ ការីម ខាន់ (Karim Khan)ចេញពីតួនាទី ជាស្ថាពរ ក្រោយមានរឿងអាស្រូវជាប់ចោទពីបទបំពារបំពានផ្លូវភេទ លើបុគ្គលិកក្រោមបង្គាប់។ សេចក្តីសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស នៅល្ងាចថ្ងៃសុក្រទី២៤កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក។
លោក អង់តូនីញ៉ូ ហ្គូតទែរស៍ បានធ្វើដំណើរទៅរដ្ឋធានីដាម៉ាស កាលពីថ្ងៃសៅរ៍ទី២៥កក្កដា ដើម្បីជួបជាមួយថ្នាក់ដឹកនាំស៊ីរីថ្មី។ នៅទីនោះ លោកបានថ្លែងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយប្រទេសស៊ីរី នៅក្នុងការកសាងស្តានីតិរដ្ឋ និងសន្តិសុខឡើងវិញ បន្ទាប់ពីចប់សង្គ្រាមស៊ីវីលក្រោយរបបផ្តាច់ការបាស្ហា អាល់អាសាដ ដួលរលំទៅ។
នៅទីបំផុត រដ្ឋមន្ត្រីក្រសួងអប់រំ សុខចិត្តលាលែងចេញពីតំណែង ស្របតាមការទាមទាររបស់បាតុករ។ សម្រាប់ក្រុមបាតុករឥណ្ឌា គ្មានអ៊ីនធ័រនែត ក៏ពួកគេមានមធ្យោបាយផ្សព្វផ្សាយទាក់ទងគ្នាបានដែរ។ ទោះបីជាអាជ្ញាធរចាត់វិធានការហិង្សា និងកាត់ផ្តាច់អ៊ីនធ័រនែតក៏ដោយ ក៏បាតុករនិស្សិតឥណ្ឌានៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាល និងបន្តកាន់កាប់ទីលានបាតុកម្មកណ្តាលរដ្ឋធានីញូវដែលីដដែល។
ក្រុមហ៊ូទីយេម៉ែនដែលជាកូនចៅអ៊ីរ៉ង់ បានអះអាងថាបានបាញ់មីស៊ីល ទៅលើអារ៉ាប៊ីសាអូឌីត នៅព្រឹកទៀបភ្លឺថ្ងៃសៅរ៍ទី២៥កក្កដា។ ការវាយប្រហារ ដែលក្រុមហ៊ូទីអះអាងថា គឺជាការសងសឹក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានបាញ់ប្លោងគ្រាប់មកលើទីក្រុង ហូដេអ៊ីដា ដែនដីយេម៉ែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី។ ការផ្ទុះអាវុធរវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីតនេះ កំពុងគំរាមសន្តិសុខនៅតំបន់សមុទ្រក្រហម ដែលជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់នៃនាវាដឹកទំនិញគ្រប់មុខ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យលើកលែងទោសបន្ថែមមួយកម្រិតទៀតដល់ លោក កឹម សុខា នៅត្រង់ចំណុច «ការហាមមិនឲ្យចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ»។ នេះជាការលើកលែងទោសជំហានទី២ បន្ទាប់ពី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦។ ប៉ុន្តែមកដល់ពេលនេះ អតីតប្រមុខគណបក្សជំទាស់រូបនេះ នៅជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតនៅឡើយ។ តើមានសេណារីយ៉ូអ្វីខ្លះ នៅពីក្រោយការបន្តលើកលែងទោស លោក កឹម សុខា ជំហានទី២?
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយបញ្ចប់ការអនុវត្តទោស ២ឆ្នាំក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងបញ្ចេញមតិជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ប៉ុន្តែ សម្រាប់លោក ស្រ៊ុន ស្រ៊ន ដែលអនុវត្តទោស ២ឆ្នាំ រួចរាល់ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ ដោយហេតុថា សកម្មជនរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំទៀត ក្នុងសំណុំរឿង«ញុះញង់» ប្រព្រឹត្តកាលពីឆ្នាំ២០២៣។ លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ស្រ៊ុន ស្រ៊ន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ ខែកក្កដានេះថា លោក និងកូនក្តីកំពុងរង់ចាំមើលការសម្រេចរបស់តុលាការនៅថ្ងៃទី២៥ ខែកក្កដានេះ។ លោកមេធាវី សឺន ជុំជួន យល់ថា កូនក្តីរបស់លោកគួរតែទទួលបានការដោះលែង ពោលមិនគួរយកសំណុំរឿងចាស់ ដែលតុលាការបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ២០២៤ មកអនុវត្តទោសបន្តនាពេលនេះឡើយ។
បន្ទាប់ពីស្ងាត់មួយរយៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្ម សាជាថ្មី។ ក្រោយពីដាក់ពន្ធគយធ្ងន់ចំពោះកាណាដានិងប្រេស៊ីល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ដាក់រនាំងពន្ធគយលើ ៦០ ប្រទេសផ្សេងទៀត ដែលកំហិតត្រូវជាប់ពន្ធគយ ចំនួន ១០% ឬ ១២,៥% ចំពោះទំនិញនាំចូលទឹកដីអាមេរិក។
ថ្ងៃសុក្រទី២៤កក្កដា អាជ្ញាធរអេស្ប៉ាញ បានជម្លៀសមនុស្សយ៉ាងប្រញាប់ប្រញាល់ ចំនួនជិត៣ម៉ឺននាក់ ចេញពីតំបន់ក្បែរទីក្រុងម៉ាឌ្រីត ដែលកំពុងតែប្រឈមនឹងភ្លើងឆេះព្រៃដ៏កំណាច។ រវាងពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រទី២៤កក្កដា ភ្លើងបានលេបត្របាក់ព្រៃឈើអស់ជិត ១ម៉ឺនហិកតា។ អាជ្ញាធរអេស្ប៉ាញកំពុងព្រួយបារម្ភ ថាភ្លើង២កន្លែងអាចនឹងឆេះរាលតភ្ជាប់គ្នា បង្កការលំបាកកាន់តែខ្លាំងដល់ប្រតិបត្តិការពន្លត់។
២៤ ខែកក្កដា ឆ្នាំ២០២៦ ជាខួប១ឆ្នាំនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោមក្រសែភ្នែក និងកិច្ចសម្របសម្រួលពីសហគមន៍អន្តរជាតិ កម្ពុជា និងថៃសម្រេចបានបទឈប់បាញ់ចំនួន ២លើក គឺថ្ងៃទី២៨ កក្កដា និងថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែស្ថានការណ៍ព្រំដែននៅតែមិនទាន់វិលទៅរកភាពប្រក្រតីវិញឡើយ។ កម្ពុជារាយការណ៍ថា យោធាថៃនៅតែបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់។ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិដើម្បីទាមទារទឹកដីខ្មែរត្រឡប់មកវិញ។ មកទល់ពេលនេះ ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន។
ក្រោយពីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌបន្ថែមដោយតម្រូវឲ្យទីក្រុងរីយ៉ាដទទួលស្គាល់រដ្ឋអ៊ីស្រាអែល។ តែមិនទាន់អីផង កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរវាងវ៉ាស៊ីនតោន និងរីយ៉ាដបានបង្កឲ្យមានការរិះគន់អំពីអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងក្តីព្រួយបារម្ភពីការសាយភាយអាវុធប្រល័យលោក។ ចំណែកបណ្តាអ្នកតំណាងរាស្ត្រប្រឆាំងនៅអាមេរិកក៏បានរិះគន់លោក ត្រាំ ថាកំពុងតែធ្វើរឿងមិនសមហេតុផល ដោយធ្វើសង្គ្រាមហាមឃាត់អ៊ីរ៉ង់មិនឲ្យមាននុយក្លេអ៊ែរ តែបែរជាបើកភ្លើងខៀវឲ្យអារ៉ាប៊ីសាអូឌីតដែលជាសត្រូវអ៊ីរ៉ង់អាចមាននុយក្លេអ៊ែរទៅវិញ។
តំបន់ Gironde ភាគនិរតីប្រទេសបារាំង កំពុងតែរងគ្រោះដោយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុត។ គិតចាប់ពីល្ងាចថ្ងៃពុធមកដល់ថ្ងៃសុក្រទី២៤កក្កដា ភ្លើងបានឆេះលេបត្របាក់ព្រៃឈើប្រមាណជាង១ម៉ឺនហិកតា ខណៈពេលនេះ ក្រុមពន្លត់បន្តប្រយុទ្ធយ៉ាងលំបាកលំបិន។ សមត្ថកិច្ចនិងអាជ្ញាធរបារាំង កំពុងតែជម្លៀសមនុស្សប្រមាណ៤ម៉ឺននាក់ ចេញពីតំបន់ទេសចរណ៍ Cap Ferret ដែលត្រូវភ្លើងឆេះព័ទ្ធ។
គណបក្សកម្លាំងជាតិ តាមរយៈអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី២៤ កក្កដានេះថា គណបក្សគ្រោងសួរនាំអ្នកតំណាងរដ្ឋាភិបាលបារាំងប្រចាំកម្ពុជាពីលិខិតដែលគណបក្សបានសុំឲ្យប្រធានាធិបតីបារាំងអន្តរាគមន៍ និងគាំទ្រការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ គួរបញ្ជាក់ថា គណបក្សប្រឆាំងនៅកម្ពុជាមួយនេះបានដាក់លិខិតមួយទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីខែមិថុនា ឆ្នាំ២០២៦ តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា។
ព្រឹកព្រលឹមថ្ងៃ សុក្រ ទី ២៤ ខែ កក្កដា ជាលើកទីបីក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនៅរុស្ស៊ី ឈ្មោះ Wildberries បានក្លាយជាគោលដៅនៃការវាយប្រហារដោយដ្រូនអ៊ុយក្រែន ក្បែរទីក្រុង Saint-Pétersbourg ។ មានចម្ងាយជាង ៨០០ គីឡូម៉ែត្រពីព្រំដែន ការវាយប្រហារថ្មីនេះ បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស ។ អាកាសយានដ្ឋានអន្តរជាតិ Saint-Pétersbourg បានផ្អាកដំណើរការ អស់រយៈពេលជាច្រើនម៉ោង ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ បានលើកឡើងជាថ្មីអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយរំលេចពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ក្នុងសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ ជំនួបពិភាក្សារវាងប្រមុខការទូតនៃប្រទេសទាំងពីរ ធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃបានប្រកាសសម្រេចផ្អាកការងារ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃទី២៤កក្កដានេះថា ការសម្រេចបញ្ឈរជើងមេនគរបាលទេសចរណ៍រូបនេះ គឺដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតលើភាពមិនប្រក្រតីនាអំឡុងពេលបំពេញការងារក្នុងករណីជម្លោះនៅក្នុងក្រុមហ៊ុនដឹផ្លរ៉ា។
សង្គ្រាមតំបន់មជ្ឈិមបូព៌ា កំពុងតែរីករាលដាលទៅជ្រោយម្ខាងទៀត នៃឧបទ្វីបអារ៉ាប់។ ក្រុមហ៊ូទីយេម៉ែន កូនចៅអ៊ីរ៉ង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៣កក្កដា ថាបានវាយប្រហារលើនាវាដឹកប្រេង២គ្រឿងរបសអារ៉ាប៊ីសាអូឌីត។ បញ្ហានេះ កំពុងតែបង្កឲ្យមានការភ័យបារម្ភ អំពីសន្តិសុខចរាចរណ៍នាវាដឹកនាំទំនិញ នៅច្រកចេញចូលសមុទ្រក្រហម ស្របពេលដែលច្រកសមុទ្រអកមូហ្សឯនោះ ត្រូវបិទខ្ទប់សឹងទាំងស្រុងរួចទៅហើយ។
ទីក្រុងតូក្យូប្រទេសជប៉ុន កំពុងតែរងគ្រោះដោយរលកសីតុណ្ហភាពក្តៅខ្លាំង មិនធ្លាប់មាន បង្កឲ្យមានអ្នកជំងឺច្រើនសន្ធឹក ដែលត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សីតុណ្ហភាពក្តៅខ្លាំងប្រមាណ១សប្តាហ៍មកនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៤នាក់ហើយនៅជប៉ុន។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទើបតែបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ កម្រាស៤២ទំព័រ។ អាស៊ានទាំង១១ប្រទេស បានជួបផលវិបត្តិខ្វះប្រេង ព្រោះតែការបិទខ្ទប់ច្រកសមុទ្រអកមូស្ស។ ម្ល៉ោះហើយ ទើបបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានមូរមាត់គ្នាអំពាវនាវឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រអកមូស្សឡើងវិញ រួមទាំង អនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងហោះហើរនៅច្រកសមុទ្រអកមូស្សនេះ ដោយគ្មានឧបសគ្គ។
នៅព្រឹកថ្ងៃទី២៣ កក្កដានេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំពិធីរម្លឹកខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា។ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យថ្លែងថា ការរៀបចំពិធីនេះមិនត្រឹមតែជាការរម្លឹកខួប ១ឆ្នាំនៃការឈ្លានពានប៉ុណ្ណោះទេ តែវាជាសក្ខីកម្មដែលបញ្ជាក់ពីការចងចាំមិនភ្លេចនូវការពលីរបស់វីរកងទ័ព និងនគរបាលជាតិកម្ពុជាក្នុងបុព្វហេតុការពារជាតិ។
សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបីជារដ្ឋមួយនេះបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗមួយចំនួនក៏ដោយ។ EU ព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយាយីដល់សិទ្ធិនយោបាយ និងសិទ្ធបញ្ចេញមតិ ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ EBA នឹងនៅតែបន្តព្យួរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នារយៈពេលប្រមាណ ៣០នាទី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ ប្រមុខការទូតនៃមហាអំណាចទាំង២ មិនបានប្រកាសផ្ទាល់មាត់អំពីខ្លឹមសារនៃជំនួបទ្វេភាគីនេះទេ។ តែក្រសួងការបរទេសនីមួយៗបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ ភាគីអាមេរិកបានលើកឡើងថា ជំនួបដាច់ដោយឡែកនេះផ្តោតលើចំណងមេត្រីភាពទ្វេភាគី និងសារៈសំខាន់នៃការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ តែរុស្ស៊ីបានព្រមានអាមេរិកដែលចេះតែបន្តបញ្ជូនគ្រឿងសព្វាវុធឲ្យអ៊ុយក្រែនដោយចាត់ទុកទង្វើនេះថាមិនអាចទទួលយកបានទាល់តែសោះ។
ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។
ក្រសួងយុត្តិធម៌បានរកឃើញថា ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបបានប្រព្រឹត្តិខុសវិជ្ជាជីវៈតុលាការ នៅក្នុងសំណុំរឿងមានភាពមិនប្រក្រតីចំនួន ១៤ករណីដែលត្រូវបានប្តឹងដោយពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
បេសកកម្មសង្គ្រោះប្រាសាទព្រះវិហារពីសំណាក់សហគមន៍អន្តរជាតិនៅមិនគ្រប់គ្រាន់នោះទេ ដរាបណាថៃបន្តគំរាមកំហែងខ្មែរ។ នេះជាការថ្លែងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា នៅក្នុងបទអន្តរាគមន៍មួយនាសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២២កក្កដាម្សិលមិញនេះ។ លោកស្រី ភឿង សកុណា បានថ្លែងទៀតថា កងកម្លាំងយោធាថៃនៅតែមានវត្តមាននៅតំបន់ជុំវិញប្រាសាទ និងថា ថៃនៅតែបន្តបំពាន ដោយប្រព្រឹត្តិសកម្មភាពឯកតោភាគី ក្នុងការបំផ្លិចបំផ្លាញទីតាំងបេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើនកន្លែង៕ សូមស្តាប់លោកស្រី ភឿង សកុណា៖
កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខឌីជីថល ទើបបណ្តោយឱ្យមានករណីលួចចូលធ្វើចារកិច្ចតាមបណ្តាញអ៊ីនធ័រនែតអស់រយៈពេលជិត១០ខែដោយមិនដឹងខ្លួន។ គឺក្រសួងការបរទេសកូរ៉េខាងត្បូងដែលជាអ្នករងការវាយប្រហារតាមអ៊ីនធ័រនែតយ៉ាងធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន។
នៅឥណ្ឌា ការបង្ក្រាបចលនាបាតុកម្មរបស់យុវនិស្សិត បានបណ្តាលឲ្យប៉ូលិសនិងជនស៊ីវិល រងរបួស សរុបប្រមាណ ១៨០ នាក់។ នគរបាលឥណ្ឌា ក៏បានចាប់ខ្លួន ប្រមុខមេបក្សប្រឆាំង និងអ្នកតំណាងរាស្ត្រមួយចំនួន ឃុំឃាំងមួយរយៈខ្លី រួចហើយក៏ដោះលែងវិញ នៅថ្ងៃទី២២កក្កដា។
ពីវេទិកាអាស៊ាន និងមុនជំនួបទ្វេភាគីជាមួយសមភាគីចិន ប្រមុខការទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ បានអះអាងនៅព្រឹកថ្ងៃពុធទី២២កក្កដានេះថា “បណ្តោយឱ្យអ៊ីរ៉ង់ត្រួតត្រាច្រកសមុទ្ទអកមូហ្ស គឺជាការបង្កើតឱ្យមានគំរូដ៏គ្រោះថ្នាក់” និងផលវិបាករាលដាលដល់តំបន់ផ្សេង ហួសពីតំបន់មជ្ឈិមបូព៌ា។ ទោះមិនបញ្ចេញឈ្មោះក៏ដោយ ក៏គេអាចយល់បានថាអាមេរិកកំពុងចង់ដៅវាយប្រហារចិនដែលមានមហិច្ឆតាគ្រប់គ្រងច្រកសមុទ្ទតៃវ៉ាន់ និងសមុទ្ទចិនខាងត្បូងតែម្នាក់ឯង។