នៅក្នុងសន្និសីទអន្តរជាតិស្តីពីជំងឺស៊ីដា ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល តាំងពីថ្ងៃចន្ទទី ២៧កក្កដាមក អ្នកជំនាញបានព្រមានថា ការប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដាកំពុងជួបគ្រោះថ្នាក់ ព្រោះជំនួយហិរញ្ញវត្ថុ បានធ្លាក់ចុះអស់មួយភាគប្រាំ នៅឆ្នាំ២០២៥។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និងស្រង់បន្ទះដែករបស់នាវាដែលលិចក្នុងបាតទន្លេបានជាង ១ ៦០០គីឡូក្រាម។ នេះជាលទ្ធផលដែលបានមកពីប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦។
សភាភូមាបានបោះឆ្នោតអនុម័តច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ច្បាប់ថ្មីនេះ បានកំណត់ទោសដ៏ធ្ងន់ធ្ងរ អាចឈានដល់ទោសប្រហារជីវិត ក្នុងករណីដែលមានជនរងគ្រោះស្លាប់ នៅតាមទីតាំងមណ្ឌលឆបោក។
នៅថ្ងៃទី២៨ ខែកក្កដានេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចុះជួបជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ មុនបន្តទៅជួបកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ។ ថ្លែងពីជំរំជនភៀសសឹក «ភូមិរង់ចាំ» នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា ថា លោកបានដឹងអំពីការលំបាករបស់ពលរដ្ឋខ្មែរដែលកំពុងជ្រកនៅក្នុងជំរំភៀសសឹកដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ និងបើតាមលោក កឹម សុខា លោកក៏បានប្រាប់លោក ថូម៉ាស អេនឌ្រូ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ពលរដ្ឋភៀសសឹកខ្មែរត្រូវបានគេរំលោភសិទ្ធិធ្ងន់ធ្ងរណាស់។ វីដេអូ កឹម សុខា៖
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់កាលពីចុងសប្តាហ៍កន្លងទៅថា រដ្ឋាភិបាលចិនបានឱ្យជំនួយ និងកម្ចីសរុបជាង ៤០០លានដុល្លារបន្ថែមទៀតដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ក្នុងចំណោមកម្ចី និងជំនួយសរុបជាង ៤០០លានដុល្លារនោះ២០០លានដុល្លារជាកម្ចី ២០០លានដុល្លារជាជំនួយឥតសំណង និង១ ០០០លានដុល្លារទៀតជាហិរញ្ញប្បទាន៕
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលមានការបិទព្រំដែនជាងមួយឆ្នាំកន្លងទៅនេះមិនបានប៉ះពាល់ដល់ការធ្វើវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាទេ។ ការលើកឡើងដូចនេះរបស់ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា គឺស្របគ្នានឹងការលើកឡើងរបស់តំណាងក្រុមហ៊ុនធំមួយរបស់ជប៉ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា គឺក្រុមហ៊ុន Minebea Mitsumi។
មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់កម្ពុជា ប្រឈមនឹងការកាត់ទោសដោយប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទចោទមួយទៀតលើបុរសអាយុ៣៨ឆ្នាំរូបនេះ ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៦។
វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឲ្យរាំងស្ទះការនាំចេញប្រេង បានបង្កការលំបាកជាខ្លាំងមកលើហ្វីលីពីន។ ថ្ងៃចន្ទទី២៧កក្កដា លោក ហ្វ៊ែរឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា ជាដល់ពេលវេលាហើយ ដែលហ្វីលីពីនត្រូវតែពិចារណាគិតគូរ ដើម្បីមានចរន្តអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។
គិតចាប់ពីថ្ងៃសុក្រមក គឺ៣យប់ជាប់គ្នាហើយ ដែលកងទ័ពអាមេរិកបានផ្អាក លែងវាយប្រហារទៅលើអ៊ីរ៉ង់។ ខាងអ៊ីរ៉ង់វិញ ក៏ដូចគ្នាដែរ ដោយបានផ្អាកលែងបាញ់ប្លោងគ្រាប់ ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថាលោកដូណាល់ ត្រាំ ចង់ទុកឱកាសឲ្យដល់ការរកដំណោះស្រាយ តាមផ្លូវចរចាការទូត តែទន្ទឹមនឹងនេះលោកប្រធានាធិបតី មិនបានបោះបង់ចោលឡើយ នូវជំរើសវាយប្រហារអ៊ីរ៉ង់សាជាថ្មី។
ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលាបារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងប្រទេសចិន វិបត្តិខ្វះការងារធ្វើបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ យុវជនចិនខ្វះការងារធ្វើ រួមផ្សំនឹងវិបត្តិអចលនទ្រព្យ និងបំណុលសាធារណៈជាបញ្ហាចម្បងៗធំ ៣ ដែលជាបន្ទុកផលវិបាកធ្ងន់ចំពោះសេដ្ឋកិច្ចចិនតាំងពីក្រោយសម័យកូវីដ១៩។ លើសពីនេះទៀត នយោបាយសម្រុកអភិវឌ្ឍន៍បញ្ញាសប្បនិម្មិតរបស់ចិនដែលបានកាត់បន្ថយកម្លាំងពលកម្មមនុស្ស ក៏កាន់តែធ្វើឲ្យប៉ះពាល់ដល់ការងារយុវជនដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា នេះក៏ជារបត់ថ្មីមួយនៃសេដ្ឋកិច្ចឌីជីថល។
ក្រសួងវប្បធម៌កម្ពុជា បានរៀបចំជាលើកដំបូង ការតាំងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់អន្តរជាតិ។ រដ្ឋលេខាធិការ និងជាអ្នកជំនាញក្នុងក្រុមការងារបច្ចេកទេសសម្លៀកបំពាក់នៃក្រសួងវប្បធម៌ លោកស្រី ឡងឌី សាន់ណារ៉ា បានលើកទឹកចិត្តឱ្យពលរដ្ឋ រួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫសគល់នៃប្រពៃណីរបស់ខ្លួន បើទោះបីជាបច្ចុប្បន្នកម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ។
បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនខែ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌូណេស៊ីបានសុំលាចុះពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល។ សេដ្ឋកិច្ចឥណ្ឌូណេស៊ីរងផលវិបាកជាខ្លាំងពីវិបត្តិសង្គ្រាមអ៊ីរ៉ង់ ដ្បិតថាប្រទេសអាស៊ីមួយនេះនាំចូលប្រេងដ៏ចម្បងពីតំបន់មជ្ឈិមបូព៌ា។ ការសុំចុះពីតំណែងរបស់ប្រធានធនាគារកណ្តាលរូបនេះបានបំផុសឲ្យមានក្តីបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ច អតិផរណា និងអត្រាប្តូរប្រាក់ឥណ្ឌូណេស៊ី។
មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃទទួលបន្ទុកឃ្លាំមើលស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងបរិហារកម្ពុជាថាបានប្រើតារាសម្តែងល្បីៗឲ្យផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ មន្ត្រីយោធាថៃយល់ថា ការធ្វើដូចនេះនឹងធ្វើឲ្យសហគមន៍អន្តរជាតិយល់ខុសស្ថានភាពជាក់ស្តែង និងថាជានិច្ចកាល ថៃបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា តារាល្បីៗលំដាប់ពិភពលោកមិនអាចត្រូវបានគេបញ្ជាឲ្យធ្វើរឿងអ្វីមួយបានទេ និងថា ថៃក៏ត្រូវតែគោរពតាមបទបាញ់ដូចដែលខ្លួនបានប្រកាសដែរ។
នាពេលថ្មីៗនេះ មានករណីក្មេងទំនើងមួយក្រុមបានព្រួតគ្នាវាយយុវជន ២នាក់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២៧កក្កដានេះថា ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បីស្វែងរកក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាទាំងនោះ។ មន្ត្រីសង្គមស៊ីវិលបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការសំណុំរឿងនេះឲ្យបានហ្មត់ចត់ ព្រោះបាតុភាពហិង្សានេះឆ្លុះបញ្ចាំងឲ្យឃើញទិដ្ឋភាពអសន្តិសុខនៅកន្លែងព្យាបាលអ្នកជំងឺ។
យោងតាមរបាយការណ៍ ក្នុងរយៈពេល ១ឆ្នាំនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញចំនួន ២៦៨ករណីទៅកាន់តុលាការ ពាក់ព័ន្ធនឹងជនសង្ស័យជិត ៣០០០នាក់។ ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះបានអះអាងថា រដ្ឋាភិបាលកម្ពុជាក៏បានចាត់ការមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញឧក្រិដ្ឋជនផងដែរ។
សកម្មជន និងជាអ្នកការពារបរិស្ថាន លោក ម៉ា ចិត្រា ទទូចឱ្យក្រសួងបរិស្ថានមានចំណាត់ការលើបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ជាការទទូចជាថ្មីម្តងទៀត ក្រោយលោក ម៉ា ចិត្រា រកឃើញជនសង្ស័យមួយក្រុមដែលគ្រោងដឹកឈើប្រភេទក្តារឈើទាលរាប់សិបបន្ទះ ចេញពីដែនជម្រកធម្មជាតិកាលពីយប់ថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងបរិស្ថានបានចេញមុខសន្យាចាត់ការតាមនីតិវិធីច្បាប់លើជនសង្ស័យ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ២០២៦ ខាងមុខ គឺមានថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦មណ្ឌល ឬស្មើនឹង ៤ ៦៧៤បន្ទប់ ខណៈថ្នាក់វិទ្យាសាស្ត្រមានតែ ៦៨មណ្ឌល ឬស្មើនឹង ១៥៣៣បន្ទប់។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី២៦ ខែកក្កដា។ ចំនួននេះបង្ហាញថា បេក្ខជនដែលជ្រើសរើសការប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនតិចជាងថ្នាក់វិទ្យាសាស្ត្រសង្គមរហូតដល់ទៅជាង ៣ដង។ ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?
ប្រឈមនឹងបញ្ហាខ្វះទាហានប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន រុស្ស៊ីកំពុងស្វះស្វែងរកកម្លាំងមកពីបរទេស តាមរយៈការព្រមព្រៀងផ្លូវការផង និងតាមរយៈការឆបោកផង។ លោកហ្សេឡេនស្គី បានអះអាងនៅក្នុងសារវីដេអូថ្ងៃទីអាទិត្យទី២៦កក្កដា អះអាងថារុស្ស៊ី បានស្នើសុំទៅកាន់កូរ៉េខាងជើង សុំទាហាន៣ម៉ឺននាក់បន្ថែមទៀត ព្រមទាំងប្រព័ន្ធបាញ់មីស៊ីលបាលីស្ទីកថែមទៀត។
នៅថ្ងៃសៅរ៍ទី២៥កក្កដា២០២៦ យុវជនឥណ្ឌាបានអបអរជោគជ័យ ក្រោយពីរដ្ឋាភិបាលសុខចិត្តធ្វើតាមសំណើរបស់បាតុករ។ ប៉ុន្តែបាតុករបានព្រមានថាការតស៊ូដើម្បីមានកំណែទម្រង់ប្រព័ន្ធអប់រំ និងតម្លាភាព ទើបតែចាប់ផ្តើមប៉ុណ្ណោះ ព្រោះឥណ្ឌាមានថវិកាជាតិសម្រាប់វិស័យសិក្សាធិការតែប្រមាណ៤%នៃផលិតផលដុលសរុប ហើយសាលារដ្ឋមានសេវាអន់មិនគួរឱ្យទុកចិត្ត។ ឯចំនួននិស្សិតធ្វើអត្តឃាតដោយមូលហេតុពាក់ព័ន្ធនឹងការសិក្សាមានកំណើនដល់ទៅ៦៥%នៅចន្លោះពីឆ្នាំ២០០៥ដល់២០២៥។
នាពេលថ្មីៗនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសពីការដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាត្រឹម ១០%។ បើធៀបនឹងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម កម្ពុជាទទួលបានអត្រាពន្ធគយទាបជាងគេ។ ទោះយ៉ាងណា អ្នកជំនាញនានាក្នុងវិស័យសេដ្ឋកិច្ច បានលើកឡើងពីបញ្ហានៃការប្រកួតប្រជែង និងបញ្ហាប្រឈមជាពិសេសក្នុងវិស័យកាត់ដេរ។ តាមអ្នកជំនាញ អត្រាពន្ធ ១០% របស់អាមេរិក អាចជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ក្នុងពេលខាងមុខ។ តើអត្រាពន្ធថ្មី១០% របស់អាមេរិកមកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?
ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០គ្រាប់ នៅក្នុងខេត្តចំនួន៧។ នេះបើយោងតាមរបាយការណ៍ដែល ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអគ្គនាយក CMAC។
វត្តគិរីរង្ស៊ីថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយជិត១គីឡូពីព្រំដែនថៃ បានរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងពីគ្រាប់ផ្លោងរបស់យោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមព្រំដែនលើកទី២កាលពីខែធ្នូ ឆ្នាំ២០២៥។ រយៈពេល១ឆ្នាំកន្លងទៅ ព្រះវិហារ សាលាឆាន់ កុដិ និងសាលារៀន បានក្លាយជាសំណង់បាក់បែក ដែលមានកម្ទេចកម្ទីរាយប៉ាយ។ ទាំងអស់នេះជាភស្តុតាងជាក់ស្តែង ដែលបង្កឡើងដោយយោធាថៃ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ អាជ្ញាធរស្រុកបន្ទាយអំពិលបញ្ជាក់ថា មានផ្ទះសម្បែងសរុបចំនួន ៨២៣ខ្នង បានរងការខូតខាត តែអាជ្ញាធរក៏បានជួយជួសជុសផ្ទះឲ្យពលរដ្ឋវិញបានចំនួន ១១៤ខ្នងដែរ។ ក្រៅពីនេះ អាជ្ញាធរអះអាងថា នឹងរៀបចំស្តារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើងវិញ នៅពេលមានសន្តិភាពជាថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន។ ពីវត្តថ្មដូន
ស្របពេលដែលនៅតាមប្រទេសអឺរ៉ុប កំពុងរងគ្រោះដោយភ្លើងឆេះព្រៃមហាកំណាច នៅភាគអាគ្នេយ៍ប្រទេសចិនឯនេះវិញ កំពុងរងគ្រោះដោយខ្យល់ព្យុះទីហ្វុង។ ជាមួយនឹងកម្លាំងខ្យល់បក់ ប្រមាណ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះទីហ្វុងឈ្មោះ នូល (Noul) បានបោកបក់ជាមួយទឹកភ្លៀងយ៉ាងគំហុក នៅខេត្តក្វាងទុងនៅនៅហុងកុងជាដើម។ យ៉ាងហោចណាស់ មនុស្សចំនួន៧សែននាក់ នៅក្វាងទុង ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។
តំបន់ភាគនិរតីនៃប្រទេសបារាំង កំពុងរងគ្រោះភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ និងដ៏កំណាចមិនធ្លាប់មាន។ ព្រៃស្ងួត អាកាសធាតុក្តៅ បានសម្រួលឱ្យភ្លើងឆាបឆេះកាន់លឿន ក្លាយជាព្យុះភ្លើង បញ្ចេញផ្សែងវិលគួចលើផ្ទៃមេឃ និងបង្កើនភាពកំណាចឱ្យអណ្តាតភ្លើងលេបត្របាក់ព្រៃ។ ក្នុងរយៈពេលតែបីថ្ងៃ និងគិតត្រឹមព្រឹកថ្ងៃអាទិត្យទី២៦កក្កដាវេលាម៉ោង៤ព្រឹកម៉ោងនៅក្នុងស្រុក ព្រៃជាង៤ម៉ឺនពីរពាន់ហិចតាបានក្លាយជាផេះ និងមនុស្សសរុបជាងពីរសែនពីរម៉ឺននាក់ត្រូវជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព។
ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីនគរបាលណា ដែលបន្តយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់ជាវត្ថុបញ្ចាំ ឬក្នុងរូបភាពផ្សេងដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់ស្នងការខេត្តសៀមរាប ធ្វើឡើងក្រោយមានមន្ត្រីនគរបាល ៤រូប នៃស្នងការដ្ឋានខេត្តសៀមរាប ត្រូវបានស្ត្រីម្នាក់បង្ហោះរូបភាពភ្ជាប់ជាមួយកាតសម្គាល់ឈ្មោះនគរបាលជាតិ បន្ទាប់ពីពួកគេ គេចវេសមិនព្រមសងបំណុល។
ជារបត់ថ្មីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ក្រុមប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ បានបោះឆ្នោត ដកអគ្គរដ្ឋអាជ្ញា ឈ្មោះ ការីម ខាន់ (Karim Khan)ចេញពីតួនាទី ជាស្ថាពរ ក្រោយមានរឿងអាស្រូវជាប់ចោទពីបទបំពារបំពានផ្លូវភេទ លើបុគ្គលិកក្រោមបង្គាប់។ សេចក្តីសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស នៅល្ងាចថ្ងៃសុក្រទី២៤កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក។
លោក អង់តូនីញ៉ូ ហ្គូតទែរស៍ បានធ្វើដំណើរទៅរដ្ឋធានីដាម៉ាស កាលពីថ្ងៃសៅរ៍ទី២៥កក្កដា ដើម្បីជួបជាមួយថ្នាក់ដឹកនាំស៊ីរីថ្មី។ នៅទីនោះ លោកបានថ្លែងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយប្រទេសស៊ីរី នៅក្នុងការកសាងស្តានីតិរដ្ឋ និងសន្តិសុខឡើងវិញ បន្ទាប់ពីចប់សង្គ្រាមស៊ីវីលក្រោយរបបផ្តាច់ការបាស្ហា អាល់អាសាដ ដួលរលំទៅ។
នៅទីបំផុត រដ្ឋមន្ត្រីក្រសួងអប់រំ សុខចិត្តលាលែងចេញពីតំណែង ស្របតាមការទាមទាររបស់បាតុករ។ សម្រាប់ក្រុមបាតុករឥណ្ឌា គ្មានអ៊ីនធ័រនែត ក៏ពួកគេមានមធ្យោបាយផ្សព្វផ្សាយទាក់ទងគ្នាបានដែរ។ ទោះបីជាអាជ្ញាធរចាត់វិធានការហិង្សា និងកាត់ផ្តាច់អ៊ីនធ័រនែតក៏ដោយ ក៏បាតុករនិស្សិតឥណ្ឌានៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាល និងបន្តកាន់កាប់ទីលានបាតុកម្មកណ្តាលរដ្ឋធានីញូវដែលីដដែល។
ក្រុមហ៊ូទីយេម៉ែនដែលជាកូនចៅអ៊ីរ៉ង់ បានអះអាងថាបានបាញ់មីស៊ីល ទៅលើអារ៉ាប៊ីសាអូឌីត នៅព្រឹកទៀបភ្លឺថ្ងៃសៅរ៍ទី២៥កក្កដា។ ការវាយប្រហារ ដែលក្រុមហ៊ូទីអះអាងថា គឺជាការសងសឹក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានបាញ់ប្លោងគ្រាប់មកលើទីក្រុង ហូដេអ៊ីដា ដែនដីយេម៉ែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី។ ការផ្ទុះអាវុធរវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីតនេះ កំពុងគំរាមសន្តិសុខនៅតំបន់សមុទ្រក្រហម ដែលជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់នៃនាវាដឹកទំនិញគ្រប់មុខ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យលើកលែងទោសបន្ថែមមួយកម្រិតទៀតដល់ លោក កឹម សុខា នៅត្រង់ចំណុច «ការហាមមិនឲ្យចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ»។ នេះជាការលើកលែងទោសជំហានទី២ បន្ទាប់ពី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦។ ប៉ុន្តែមកដល់ពេលនេះ អតីតប្រមុខគណបក្សជំទាស់រូបនេះ នៅជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតនៅឡើយ។ តើមានសេណារីយ៉ូអ្វីខ្លះ នៅពីក្រោយការបន្តលើកលែងទោស លោក កឹម សុខា ជំហានទី២?
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយបញ្ចប់ការអនុវត្តទោស ២ឆ្នាំក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងបញ្ចេញមតិជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ប៉ុន្តែ សម្រាប់លោក ស្រ៊ុន ស្រ៊ន ដែលអនុវត្តទោស ២ឆ្នាំ រួចរាល់ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ ដោយហេតុថា សកម្មជនរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំទៀត ក្នុងសំណុំរឿង«ញុះញង់» ប្រព្រឹត្តកាលពីឆ្នាំ២០២៣។ លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ស្រ៊ុន ស្រ៊ន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ ខែកក្កដានេះថា លោក និងកូនក្តីកំពុងរង់ចាំមើលការសម្រេចរបស់តុលាការនៅថ្ងៃទី២៥ ខែកក្កដានេះ។ លោកមេធាវី សឺន ជុំជួន យល់ថា កូនក្តីរបស់លោកគួរតែទទួលបានការដោះលែង ពោលមិនគួរយកសំណុំរឿងចាស់ ដែលតុលាការបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ២០២៤ មកអនុវត្តទោសបន្តនាពេលនេះឡើយ។