នៅប្រទេសថៃ ប៉ូលិសបានចាប់ខ្លួនអតីតសមាជិកសភាម្នាក់ ដែលបានបាញ់ប្រហារ និងបង្ករបួសស្នាមលើមន្ត្រីមូលដ្ឋាន នៅថ្ងៃចន្ទទី ១០សីហានេះ។ ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពីមានការបាញ់ប្រហារនៅសាលារៀនមួយកន្លែង នៅក្នុងតំបន់តែមួយ គឺនន្ទបុរី ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងបាងកក។
នៅកូឡុំប៊ី ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានស្វាគមន៍ប្រធានាធិបតីថ្មី ដោយការវាយប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែង២ផ្សេងគ្នា ហើយធ្វើឲ្យនគរបាលរដ្ឋម្នាក់ស្លាប់ និងរបួសច្រើននាក់។ ជាការសងសឹក កងកម្លាំងរដ្ឋាភិបាលកូឡុំប៊ី បានបើកយុទ្ធនាការបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ បណ្តាលឲ្យស្លាប់ ៦ នាក់ និងចាប់ខ្លួនពួកជនសង្គមងងឹតជាច្រើននាក់។
មន្ទីរបញ្ចកោណកំពុងព្រួយបារម្ភពីការធ្លាក់ចុះនៃចំនួនគ្រាប់មីស៊ីល និងគ្រាប់រំសេវក្នុងឃ្លាំងស្តុករបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើសង្គ្រាមវាយប្រហារទៅលើអ៊ីរ៉ង់ អស់រយៈពេល៥ខែ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកបានស្នើឲ្យក្រុមហ៊ុនផលិតអាវុធបង្កើនល្បឿនផលិតឲ្យលឿនជាងមុន ខណៈសង្គ្រាមដែលអូសបន្លាយនៅអ៊ីរ៉ង់ បានធ្វើឲ្យអាមេរិកប្រើប្រាស់មីស៊ីល និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើន។ នេះបើយោងតាមសារព័ត៌មានអាមេរិក The Washington Post ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ០៩ សីហា។
ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គីមសួរ បានស្នើសុំឱ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បើកការស៊ើបអង្កេតនិងចាត់វិធានការលើបទល្មើសធនធានធម្មជាតិ ដែលគេសង្ស័យថា បានកើតឡើងនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លិខិតរបស់លោកតាន់ គីមសួរ ចុះថ្ងៃទី៣ខែសីហា ឆ្នាំ២០២៦ បង្ហាញដែរថា បទល្មើសនោះអាចមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួន។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថា នៅតាមព្រំដែនខណ្ឌចែកទឹកដី កម្ពុជា-វៀតណាម មិនដែលមានបញ្ហារកាំរកូសឡើយ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានចេញមកអះអាងយ៉ាងដូច្នេះ បន្ទាប់ពីលោក អ៊ំ សំអាន អ្នកនយោបាយប្រឆាំង នៅក្រៅប្រទេសបានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយចោទប្រកាន់ថា វៀតណាមបានបញ្ជូនមនុស្សឱ្យចូលមកចុចប្រព័ន្ធ GPS ដើម្បីកំណត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តរតនគិរីរបស់កម្ពុជា កាលពីថ្ងៃទី៩សីហាម្សិលមិញ។
ព្រឹកថ្ងៃចន្ទ ទី១០សីហា ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ពលរដ្ឋរុស្ស៊ីស្លាប់យ៉ាងតិច ១៣ នាក់ ក្រោមការវាយប្រហាររបស់អ៊ុយក្រែន និងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ស្ទាក់កម្ទេចដ្រូនអ៊ុយក្រែន ជាង ៤៥០ គ្រឿង នៅយប់ថ្ងៃអាទិត្យ។ ចំណែក នៅភាគីអ៊ុយក្រែនឯណោះវិញ មនុស្សស្លាប់យ៉ាងតិច ៥ នាក់ គ្រាន់តែគិតនៅក្នុងតំបន់ខារកៀវ ភាគខាងឦសាន្តប្រទេស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី។
ព្យុះទីហ្វុង ដុលហ្វីន (Dolphin) ដែលរត់ក្នុងល្បឿនជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់វិលរំកិលចូលភាគខាងកើតប្រទេសចិន ចាប់ពីរសៀលថ្ងៃអាទិត្យ ទី ០៩ សីហា ដោយនាំមកជាមួយនូវទឹកភ្លៀងធ្លាក់ខ្លាំង។ មនុស្សជាងមួយលាននាក់ត្រូវបានអាជ្ញាធរចិនជម្លៀសចេញពីតំបន់ដែលអាចប្រឈមនឹងគ្រោះថ្នាក់។ រដ្ឋអំណាចចិនត្រៀមទប់ទល់នឹងទឹកជំនន់ និងការរលំបាក់ដី នៅតំបន់ភាគខាងកើតប្រទេស។
នៅប្រទេសថៃ ប៉ូលិសបានចាប់ខ្លួនអតីតសមាជិកសភាម្នាក់ ដែលបានបាញ់ប្រហារ និងបង្ករបួសស្នាមលើមន្ត្រីមូលដ្ឋាន នៅថ្ងៃចន្ទទី ១០សីហានេះ។ ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមានការបាញ់ប្រហារនៅសាលារៀនមួយកន្លែង នៅក្នុងតំបន់តែមួយ គឺនុនថៈបុរី ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងបាងកក។
គណៈកម្មការប្រឡងចំនួន៣រូប នៅខេត្តសៀមរាប ដែលពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡងបាក់ឌុបនឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាវិន័យ និងក្រសួងអប់រំ មុនការប្រកាសលទ្ធផលប្រឡង ដើម្បីកំណត់ទោស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា នៅថ្ងៃទី១០ ខែសីហានេះ។ គួរជម្រាបជូនថា ក្រសួងអប់រំ បានហាមឃាត់មិនឲ្យមានការពាក់នាឡិកាឆ្លាតវៃក្នុងអំឡុងពេលប្រឡងនោះឡើយ។ សូមស្តាប់ការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា។
នៅឆ្នាំ២០២៦នេះមានបេក្ខជនប្រឡងបាក់ឌុបជាង១៥ម៉ឺន១ពាន់នាក់ ពោលគឺកើនឡើងជាងឆ្នាំ២០២៥ដែលមានបេក្ខជន ជាង១៤ម៉ឺន៦ពាន់នាក់។ នៅឆ្នាំ២០២៦នេះ មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ប្រមាណតែ២៨ភាគរយប៉ុណ្ណោះ ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានរហូតដល់ទៅ៧២ភាគរយ។ ទោះបីជាជាប់ ឬធ្លាក់បាក់ឌុប តើយុវជនខ្មែរគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីកសាងអនាគតខ្លួនឯង និងក្លាយជាខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ?
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការ។ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ សិស្សានុសិស្សដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានប្រាប់ថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡង និងមិនមានការភ័យព្រួយខ្លាំងនោះទេ។ មុនចូលបន្ទប់ប្រឡង សិស្សខ្លះបានបង្ហាញភាពជឿជាក់ ខណៈអ្នកខ្លះទៀតបានឆ្លៀតពេលចុងក្រោយពិនិត្យមេរៀន ដើម្បីត្រៀមខ្លួនសម្រាប់វិញ្ញាសាដំបូង។ នៅព្រឹកថ្ងៃដំបូងនេះ បេក្ខជនត្រូវប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។
យន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅឆ្នាំ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន ក្នុងសន្និសីទសារព័ត៌មានអំឡុងពេលចូលរួមកាត់ក្បាលវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ បើតាមរដ្ឋមន្រ្តីដដែលរូបនេះ នៅរាល់ការប្រឡងបញ្ចប់ទៅ ក្រសួងអប់រំតែងតែងពិនិត្យរាល់ចំណុចខ្វះខាត ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីកែលម្អបន្ថែមនៅពេលប្រឡងឆ្នាំក្រោយៗទៀត។ ទោះជាយ៉ាងនេះក្តី លោក ហង់ជួន ណារ៉ុន ក៏មិនភ្លេចបញ្ជាក់ជាថ្មីពីដំណាក់កាលសំណេរ កំណែ និងបញ្ចូលពិន្ទុ ដែលត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានានូវសុក្រឹតភាពសម្រាប់ដំណើរការប្រឡង៕ សូមស្តាប់ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន៖
នៅអ៊ីស្រាអែល ចរន្តចំណាកស្រុកនៃក្រុមអ្នកមានទ្រព្យ និង បញ្ញវ័ន្ត កាន់តែឃើញច្បាស់ឡើងៗ។ អាជ្ញាធរពន្ធដារអ៊ីស្រាអែល ប្រកាសខាតបង់ប្រាក់ចំណូលច្រើនពាន់លានដុល្លារ ព្រោះតែបាត់បង់ក្រុមធនធានមនុស្សដ៏សំខាន់នេះ។ បញ្ហានយោបាយក្នុងស្រុក ចម្បាំងផ្ទួនៗគ្នា ហើយភ្លើងសង្គ្រាមនៅតែបន្តឆេះមិនព្រមរលត់ សុទ្ធសឹងជាមូលហេតុដែលជំរុញឲ្យមានលំហូរចាកចោលប្រទេស។
នៅប្រទេសកាណាដា ក្នុងរយៈពេលតែ២៤ម៉ោង ភ្លើងបានត្របាក់ព្រៃអស់ជាងមួយម៉ឺនហិចតា។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ។ អាចមានករណីស្លាប់ពាក់ព័ន្ធនឹងភ្លើងព្រៃដែរ ប៉ុន្តែអាជ្ញាធរពុំទាន់មានតុល្យការច្បាស់លាស់ទេ។ ថ្វីបើកាណាដាតែងរងគ្រោះភ្លើងឆេះព្រៃ ជាញឹកញាប់មែន ប៉ុន្តែ ប្រកាសដាក់តំបន់ខេត្តខាងលិចប្រទេស ក្នុងភាពអាសន្ន ព្រោះភ្លើងឆេះព្រៃ ជាវិធានការដ៏កម្រខ្លាំង ដែលសឱ្យឃើញអំពីភាពកំណាចឃោរឃៅនៃភ្លើងព្រៃ។
នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា អំពាវនាវឲ្យធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ «ស៊ីអេអូ» និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើងនាឱកាសទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកថ្ងៃទី៩ សីហានេះ។
នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក បេក្ខជនប្រឡងបាក់ឌុបក៏បាននាំយកមកជាមួយទៀនធូប ផ្កាឈូក និងដង្វាយមួយចំនួនសម្រាប់បន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ២០២៦ ខាងមុខ។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំ ២០២៦នេះ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ខណៈមណ្ឌលប្រឡងចំនួន ២៤៤ កន្លែងនៅទូទាំងប្រទេស។
ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានយកកុមារទៅបង្កើតមាតិកាតាមបណ្តាញសង្គមដើម្បីទាក់ទាញការចាប់អារម្មណ៍ កម្សាន្ត ឬរកប្រាក់ចំណូលជាដើម។ អ្នកតាមដានសង្គម និងអ្នកជំនាញពាក់ព័ន្ធនានាបានមើលឃើញថា និន្នាការនេះកាន់តែផុសផុលឡើងដែលកម្ពុជាមិនគួរមើលរំលង។ ពួកគេលើកឡើងថា ការយកកុមារមកធ្វើជាមាតិកាលើប្រព័ន្ធឌីជីថលទាមទារការគោរពសិទ្ធិ ការពារឯកជនភាព និងសុវត្ថិភាពរបស់កុមារតឹងរ៉ឹង។ បើមិនដូច្នោះទេ កុមារនឹងបាត់បង់ឯកជនភាព មានសម្ពាធផ្លូវចិត្ត និងរងការរំលោភបំពានតាមអនឡាញផងដែរ។ តើកម្ពុជាត្រូវធ្វើបែបណាដើម្បីការពារកុមារពីការកេងប្រវ័ញ្ចលើបណ្តាញសង្គម?
ជប៉ុនប្រារព្វខួបទី៨១ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូលើក្រុងណាហ្កាសាគី នៅថ្ងៃអាទិត្យទី៩សីហានេះ និង នៅហ៊ីរ៉ូស្ហ៊ីម៉ា កាលពីបីថ្ងៃមុន។ ឆ្នាំនេះ ពិធីរំឭកខួបនិងវិញ្ញាណក្ខន្ធជនរងគ្រោះ ប្រព្រឹត្តទៅក្នុងបរិបទដ៏តានតឹង ព្រោះសម្ព័ន្ធរដ្ឋាភិបាលចម្រុះជប៉ុនចង់ផ្តល់សន្ទុះឱ្យមានកិច្ចពិភាក្សាអំពីអាវុធកំញើញនុយក្លេអ៊ែរ ដោយគ្មានការទើសទ័ល ពោលគឺចង់សើរើទ្រឹស្តីសន្តិនិយមរបស់ប្រទេស ដែលហាមមិនឱ្យមាន មិនឱ្យផលិត និងមិនឱ្យនាំចូលអាវុធនុយក្លេអ៊ែរ នៅក្នុងទឹកដីជប៉ុន។
តួកគី កំពុងតែអូសទាញ អេហ្ស៊ីប ឲ្យចូលរួមក្នុងសម្ព័ន្ធការពារជាតិរួម ដ្បិតថា ប្រទេសនេះបានលូកដៃចរចាយ៉ាងស៊ីជម្រៅ ក្នុងសំណុំបញ្ហាថ្នាក់តំបន់មជ្ឈិមបូព៌ា ស្រាប់។ សេចក្តីអន្ទងចង់បានរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា បែបនេះ ធ្វើឡើងក្រោយពី តួកគី អារ៉ាប៊ីសាអូឌី និងប៉ាគីស្ថាន បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិរួម កាលពីពេលថ្មីៗ។
តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ទ្រី សក្កដា ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ (ព្រៃស) ក្រោមបទចោទប្រកាន់ចំនួនបី គឺបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានរបួស និងស្លាប់អ្នកដទៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន១១២ករណី និងជួយសង្គ្រោះជនរងគ្រោះសរុប ៥៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ និងថា ចំនួននេះបានកើនឡើង ១៣ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅតែជាក្តីបារម្ភសម្រាប់កម្ពុជា។ តែលោកស្រី ជូ ប៊ុនអេង ក៏មិនភ្លេចបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ថាប័នពាក់ព័ន្ធកំពុងត្រៀមរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីឱ្យមានលក្ខណៈសមស្របនឹងបរិបទដែលកំពុងកើតឡើង។
សំណល់គ្រាប់យុទ្ធភណ្ឌរបស់ថៃ ពិសេសគ្រាប់បែកចង្កោមប្រមាណ ៦ទៅ៧លានកូនគ្រាប់កំពុងស្ថិតនៅរាយប៉ាយ ក្នុងភូមិចំនួន៣៣៥ របស់ប្រជាពលរដ្ឋខ្មែរ តាមបណ្តាយព្រំដែនកម្ពុជា-ថៃ។ គ្រាប់បែកចង្កោមដែលជាប្រភេទអាវុធហាមឃាត់ ក្រោមអនុសញ្ញាអន្តរជាតិនេះ ត្រូវបានយោធាថៃប្រើប្រាស់ក្នុងសង្គ្រាម ជាមួយកម្ពុជាកាលពីអំឡុងឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកCMAC ក្នុងជំនួបជាមួយលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជានាថ្ងៃ៦សីហា ឆ្នាំ២០២៦។
ក្រោយពីបានប្រមូលផ្តុំនិស្សិតធ្វើបាតុកម្ម ជាប្រវត្តិសាស្ត្រ រហូតរដ្ឋាភិបាលព្រមចុះចាញ់ ចលនាកន្លាតរបស់ឥណ្ឌា បានបង្ហើបបង្ហាញផែនការអនាគត។ បង្កើតឡើងតាមបណ្តាញសង្គម ចលនាយុវនិស្សិតជំនាន់ថ្មី កំពុងបន្តដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីស្តារស្ថាប័នសាលារដ្ឋ និងបានបន្តសកម្មភាពចុះជួបទាក់ទាញយុវវ័យឥណ្ឌា។
នៅសហរដ្ឋអាមេរិកដើមសប្តាហ៍នេះ ជនអន្តោប្រវេសន៍ ជនជាតិអេលសាល់វ៉ាឌ័រម្នាក់ ស្លាប់ក្នុងពន្ធនាគារ នៃរដ្ឋ New Jersey។ មរណភាពថ្មីនេះ បានបង្កើនចំនួនជនអន្តោប្រវេសន៍ស្លាប់ក្នុងមន្ទីរឃុំឃាំង ឲ្យឡើងដល់ ៥៦នាក់។ ទិន្នន័យនេះ គ្រាន់តែគិតត្រឹមរយៈពេលជាង១ឆ្នាំកន្លះ ក្រោមអំណាចដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលរឹតបន្តឹងនយោបាយប្រឆាំងជនអន្តោប្រវេសន៍យ៉ាងតឹងតែង។
គ្រួសារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ទ្រី សក្កដា កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់រួចរាល់ហើយ។ នេះបើតាមលោក ម៉ែន វុធ មេធាវីតំណាងឱ្យជនរងគ្រោះ។ តាមមេធាវីរូបនេះ គ្រួសារជនរងគ្រោះក៏បានកំណត់ចំនួនសំណងរដ្ឋប្បវេណីរួចហើយដែរ។
ក្នុងថ្ងៃស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់កូឡុំប៊ីប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំប្រយុទ្ធប្រឆាំងពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលជាបញ្ហាអសន្តិសុខដ៏ចម្បងក្នុងប្រទេស។ ខុសពីប្រមុខរដ្ឋចាស់ ប្រធានាធិបតីថ្មីរូបនេះជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ម្ល៉ោះហើយ រដ្ឋាភិបាលវ៉ាស៊ីនតោន បានប្រកាសភ្លាមៗ ផ្តល់ជំនួយថវិកា ១ពាន់លានដុល្លារ ដើម្បីឲ្យ កូឡុំប៊ី ចាត់ចែងនយោបាយសេដ្ឋកិច្ចនិងសន្តិសុខ។
លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានផ្តើមទស្សនកិច្ចជាលើកទីមួយ នៅប្រទេសស៊ែរប៊ី នៅថ្ងៃសៅរ៍ទី៨សីហា។ ស៊ែរប៊ីជាសម្ព័ន្ធមិត្តដ៏យូរលង់របស់រុស្ស៊ី និងរំពឹងលើរុស្ស៊ីខ្លាំងណាស់ក្នុងផ្នែកថាមពល។ តើអ្វីទៅជាកម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោកហ្សេឡេនស្គីនៅផ្ទះសម្ព័ន្ធមិត្តរបស់ម៉ូស្គូដែលកំពុងបង្កើនការវាយប្រហារលើអ៊ុយក្រែន?
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក លួត សុផល អ្នកកាសែត អនឡាញ ដែលត្រូវបានតុលាការចោទប្រកាន់ពី បទញុះញង់ ចំពោះការផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពលំបាកនានារបស់កងទ័ពនៅព្រំដែន។ គួរជ្រាបថា លោក លួត សុផល ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់។ ក្រោយការចាប់ខ្លួនលោក លួត សុផល ត្រូវតុលាការខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង។
ពលរដ្ឋខ្មែរ-អាមេរិកាំងរាប់សិបនាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៧សីហាក្នុងបំណងទាមទារឲ្យសហគមន៍អន្តរជាតិផ្តល់កិច្ចអន្តរាគមន៍ឲ្យមានដំណោះស្រាយបញ្ហាមួយចំនួនសម្រាប់ប្រទេសកម្ពុជា។ បញ្ហាទាំងនោះរួមមាន ជម្លោះព្រំដែនកម្ពុជា-ថៃ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងនិទណ្ឌភាពនៅកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ តែរដ្ឋាភិបាលទីក្រុងបាងកកមិនបានឆ្លើយតបអ្វីទាំងអស់។ ហេតុអ្វីភាគីថៃសំដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា?
តុលាការអាមេរិកនៃរដ្ឋ New Mexico បានសម្រេចផ្តន្ទាទោសក្រុមហ៊ុន មេតា (Meta) ឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល្លារចំពោះបទល្មើសបង្កការខូចខាតសណ្តាប់ធ្នាប់សង្គម តាមរយៈការធ្វេសប្រហែលក្នុងសកម្មភាពអាជីវកម្ម និងបណ្តាលឲ្យប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន និងក្មេងជំទង់។ ទឹកប្រាក់ជិត ១ ពាន់លានដុល្លារនេះនឹងត្រូវបែកចែកមួយភាគធំសម្រាប់គម្រោងជួយស្តារ បង្ការ និងថែទំាសុខភាពផ្លូវចិត្តយុវជន។ មិនតែប៉ុណ្ណោះ តុលាការអាមេរិកក៏ចេញបញ្ជាឲ្យក្រុមហ៊ុនបណ្តាញសង្គមមួយនេះត្រូវតែបិទខ្ទប់ Like និង Notification នៅក្នុងម៉ោងសិក្សា និងពេលចូលដំណេករបស់ក្មេងៗ។
សកម្មជនប្រឆាំងចិន លោកស្រី ចាង ស៊ីនយ៉ាង (Zhang Xinyan) បានទៅដល់ប្រទេសកាណាដាដោយសុវត្ថិភាពនាថ្ងៃចន្ទ ទី ០៣ ខែសីហា ២០២៦។ មុនទទួលបានសិទ្ធិជ្រកកោននៅកាណាដា លោកស្រីបានជាប់ឃុំអស់ជាច្រើនខែនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក ប្រទេសថៃ និងបានរស់នៅក្នុងការភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនទៅឲ្យចិនវិញ។ បើអង្គការការពារសិទ្ធមនុស្សមួយចំនួន នៅមានជនភៀសខ្លួនចិនផ្សេងទៀតកំពុងប្រឈមនឹងហានិភ័យដូចគ្នានៅក្នុងប្រទេសថៃ។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ឲ្យដឹងថា ការបង្កើតរោងចក្រផលិតក្រណាត់ និងសមត្ថភាពផលិតរបស់កម្ពុជានៅទាប។ ការលើកឡើងរបស់ TAFTAC ដូចនេះ បន្ទាប់ពីបានមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងប្រទេសមួយចំនួន ដែលមានសមត្ថភាពផលិត និងមានការចរចាកូតាអត្រាពន្ធគយ (TRQ) ជាមួយអាមេរិកដូចកម្ពុជាដែរ។ តែសមាគមក៏បានចាត់ទុកជាឱកាសសម្រាប់កម្ពុជាក្នុងការពន្លឿនឲ្យមានការផលិតវត្ថុធាតុដើមនៅកម្ពុជាដែរ។