ថ្មីៗនេះ វីដេអូចម្រៀងរបស់តារាចម្រៀងវៀតណាមម្នាក់កំពុងផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម។ បទចម្រៀងនោះបានបង្ហាញពីរូបភាពពិធីមង្គលការ និងរបាំជូនពរដែលសុទ្ធសឹងតែជាវប្បធម៌ខ្មែរ។ នៅកម្ពុជា បទចម្រៀងរបស់វៀតណាមដែលកំពុងល្បី ត្រូវបានអ្នកលេងបណ្តាញសង្គមបន្តនាំគ្នាចែកចាយយ៉ាងព្រោងព្រាត ដោយពលរដ្ឋខ្លះមើលឃើញថា វៀតណាមចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញ។ តែពលរដ្ឋខ្មែរខ្លះវិញ បារម្ភខ្លាចជាតិសាសន៍ផ្សេងភាន់ច្រឡំវប្បធម៌ខ្មែរ ទៅជាវប្បធម៌វៀតណាម និងបានទាមទារឱ្យក្រសួងវប្បធម៌មានចំណាត់ការលើករណីនេះ។ តើការបញ្ចូលវប្បធម៌ខ្មែរទៅក្នុងបទចម្រៀងរបស់បរទេស ជាចំណែកក្នុងការជួយផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែល្បី ឬធ្វើឱ្យអន្តរជាតិភាន់ច្រឡំវប្បធម៌រវាងជាតិសាសន៍?
ទៅតាមការកំណត់ ដោយយោងទៅលើនីតិវិធីរបស់អង្គការសហប្រជាជាតិ កម្ពុជា និងថៃត្រូវជ្រើសរើសបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅក្នុងយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី១៤សីហានេះ។ មកដល់ពេលនេះ ភាគីកម្ពុជា និងថៃ នៅមិនទាន់បញ្ជាក់ជាផ្លូវការពីការសម្រេចជ្រើសតាំងប្រធានក្រុមអ្នកផ្សះផ្សានៅឡើយទេ។ ភាគីថៃបានដាក់ក្តីរំពឹងខ្ពស់ថា ប្រទេសទាំងពីរនឹងជ្រើសរើសប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃសុក្រនេះ ដោយគ្មានការពន្យារពេលទៀតឡើយ។
លោក Elbridge Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងសង្គ្រាមអាមេរិក បានចូលជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបពិភាក្សានៅថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការចាប់ផ្តើមសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ នៅឆ្នាំ២០២៧ខាងមុខ។
ហេតុការណ៍បាញ់សម្លាប់មនុស្សផ្ទួនៗ ពីរលើកក្នុងរយៈពេលតែ៣ថ្ងៃ បានពញ្ញាក់ស្មារតីរដ្ឋាភិបាលឲ្យចាត់វិធានការរឹតបន្តឹងសន្តិសុខ ក៏ដូចជាចរាចរណ៍អាវុធក្នុងប្រទេស។ ចាប់តាំងពីហេតុការណ៍យុវជនអាយុ១៤ឆ្នាំ ចូលបាញ់សម្លាប់សិស្សសាលា និងអតីតសមាជិកសភា បាញ់សម្លាប់មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្នុងខេត្តនន្ទបុរី (អានថា នន់ថៈបុរី) អាជ្ញាធរថៃជាពិសេសនៅក្រុងបាងកកបានបង្កើនការរឹតបន្តឹង ឆែករកអាវុធនៅតាមសាលារៀន ចំណែកនាយករដ្ឋមន្រ្តីបញ្ជាឲ្យគេឈប់ផ្តល់សិទ្ធិកាន់កាប់ និងទិញអាវុធ។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងសម្រេចបិទសហគ្រាសរដ្ឋ ចំនួនយ៉ាងតិច៧៥០សហគ្រាស។ នេះគឺជាសម្តីប្រកាស របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងឱកាសថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ ព្រឹកថ្ងៃទី១៤សីហា។ លោកប្រាបូវ៉ូ បានលើកឡើងថា សហគ្រាសរដ្ឋទាំងនោះ សុទ្ធតែគ្មានប្រសិទ្ធិភាព រកស៊ីខាតបង់ប្រាក់របស់រដ្ឋដោយគ្មានទំនួលខុសត្រូវ។
កម្ពុជាបានស្នើសុំចិនឱ្យជួយសហការកាត់ផ្តាច់ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងលំហូរសាច់ប្រាក់របស់ក្រុមឧក្រិដ្ឋជនក្នុងបទល្មើសឆបោកអនឡាញ។ ការស្នើដូចនេះធ្វើឡើងនៅក្នុងជំនួបរវាង លោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក Jiang Guoli អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃព្រហស្បតិ៍ទី១៣សីហា។
ក្រុមហ៊ុនចិន AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពីគម្រោង «អច្ឆរិយៈអង្គរ» នៅទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅសៀមរាបបានយូរជាងមុន។ ក្នុងជំនួបនៅថ្ងៃទី១២សីហា ភាគីទាំងពីរក៏បានជជែកគ្នាពីការស្តារលំហូរអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការពង្រីកជើងហោះហើរត្រង់ពីតំបន់មានសក្តានុពល។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្វាគមន៍ចំពោះគម្រោងនេះ ដោយចាត់ទុកថា វាអាចបង្កើតសក្តានុពលទេសចរណ៍ថ្មី និងបន្ថែមសេវាកម្មទេសចរណ៍នៅសៀមរាប ខណៈការបង្កើនជើងហោះហើរត្រង់ក៏ជាកត្តាសំខាន់សម្រាប់ជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបង្កើតមាតិកា ឬសាធារណៈជនដែលនៅតែបន្តយកកុមារថតរូបភាព ឬវីដេអូទៅប្រើប្រាស់តាមបណ្តាញសង្គម និងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។ ក្នុងសេចក្តីណែនាំចុះនៅថ្ងៃទី១៣សីហា ក្រសួងសង្គមកិច្ចចាត់ទុកការយកកុមារទៅបង្កើតមាតិកាមិនសមរម្យលើបណ្តាញសង្គម ជាសកម្មភាពផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ អោ ស្រីពេជ្រ៖
ប្រជាជននៅបណ្តាប្រទេសអឺរ៉ុបអាចគយគន់ព្រឹត្តិការណ៍ សូរ្យគ្រាសដ៏កម្រមាន កាលពីល្ងាចថ្ងៃពុធទី១២សីហា។ ភាគខាងជើងអេស្ប៉ាញជាកន្លែងដែលគេអាចមើលឃើញសូរ្យគ្រាសទាំងស្រុង ប៉ុន្តែ នៅទីក្រុងធំៗផ្សេងទៀត ដូចជា ឡុងដ៍ ឬប៉ារីស ទោះសូរ្យគ្រាសមិនពេញ ធ្វើឲ្យមេឃងងឹត ប៉ុន្តែ ប្រជាជនគ្រប់វ័យទិញពាក់វែនតាពិសេសដើម្បីតាមដានព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យមួយនេះ។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះពីទីក្រុងប៉ារីស
ប្រទេសជាង៣០ រួមមានបារាំង កាណាដា អង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់។ ប្រទេសទាំងនោះចោទថាអាជ្ញាធរអ៊ីរ៉ង់ កំពុងប្រើទោសប្រហារជីវិតដើម្បីបង្ក្រាប និងបំបិទសំឡេងអ្នកប្រឆាំងរដ្ឋាភិបាល ជាពិសេសអ្នកដែល បានចូលរួមធ្វើបាតុកម្ម កាលពីខែធ្នូឆ្នាំ ២០២៥។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម នៅថ្ងៃ ពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា រុស្ស៊ីនឹងរឹបអូសយកនាវារបស់ប្រទេសលោកខាងលិច ប្រសិនបើប្រទេសទាំងនេះ ហ៊ានស្ទាក់ចាប់នាវារុស្ស៊ីមួយចំនួន ដែលពួកគេអះអាងថាជា នាវាខ្មោច ។ ការព្រមាននេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិធានការថ្មីរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យមានការលក់ប្រេង ឬ ទំនិញដែលត្រូវបានរឹបអូសពីនាវាខ្មោចខាងលើ ។ គួរគូសបញ្ជាក់ថា បើតាមការអះអាងរបស់សហភាពអឺរ៉ុប ម៉ូស្គូប្រើប្រាស់នាវាប្រភេទនេះ ដើម្បីគេចពីទណ្ឌកម្មលោកខាងលិច ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីជួបជជែកជាមួយរដ្ឋាភិបាលកម្ពុជា ពីការចាប់ផ្តើមលំហាត់សមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ។ វត្តមានរបស់លោក Elbridge Colby នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រទី១៤សីហា ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងអាមេរិកនិងកម្ពុជា។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីប្រពន្ធ និងកូនរបស់ជនបង្ក ក៏ដូចជាតាមរកប្រភពផ្តល់សារធាតុផ្សំកែច្នៃគ្រាប់បែក ដែលជនបង្កប្រើសម្រាប់បំផ្ទុះ កាលពីថ្ងៃ៥ ខែសីហាកន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែសីហានេះ លោក ខូយ រីដា អះអាងថា ជនបង្កធ្លាប់ជាទាហានខ្មែរក្រហម។ អាជ្ញាធរសង្ស័យថា គ្រាប់បែកដែលប្រើសម្រាប់បំផ្ទុះនោះអាចជាគ្រាប់បែកច្នៃដោយជនបង្កផ្ទាល់ ខណៈក្រុមការងារជំនាញស៊ីម៉ាកបានរកឃើញសំណល់ មិនទាន់ផ្ទុះជាច្រើននៅបរិវេណជុំវិញផ្ទះកើតហេតុ។ បើតាមលោកអភិបាលខេត្ត គ្រាប់បែកកែច្នៃរបស់ជនបង្កនោះមានធាតុផ្សំចេញពីម្សៅផ្ទុះTNTរបស់មីនតោនជាង៦គីឡូក្រាម។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើដំណើរជាលើកទី១ ទៅប្រជុំកោះគូរីល (Kouriles) ដើម្បីត្រួតពលជើងទឹក។ ភ្លាមៗ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រតិកម្មថា មិនអាចទទួលយកបានទាល់តែសោះ។ គួរជ្រាបថា គូរីល ជាប្រជុំកោះដែលសម្បូរធនធានធម្មជាតិនិងរ៉ែមានតម្លៃ ហើយជាកន្លែងដែល រុស្ស៊ី និងជប៉ុន ប្រទាញប្រទង់ ឈ្លោះដណ្តើមគ្នា តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ។ ជប៉ុនក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតូក្យូ ដើម្បីសួរនាំ។
ក្រុមរដ្ឋអាជ្ញាមកពីរដ្ឋចំនួនបួនបានចោទប្រកាន់ក្រុមហ៊ុនមេតាថា បានរចនាបង្កើតបណ្តាញសង្គមរបស់ខ្លួនដោយចេតនា ដើម្បីទាក់ទាញ និងរក្សាអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេងឲ្យនៅប្រើកម្មវិធីកាន់តែយូរ។ សវនាការជំនុំជម្រះបានចាប់ផ្តើម នៅថ្ងៃពុធ ទី ១២ ខែសីហា នៅតុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋកាលីហ្វនីញ៉ា។ បើតុលាការរកឃើញថា ក្រុមហ៊ុនមេតា មានកំហុស ក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg អាចប្រឈមនឹងការបង់ប្រាក់ពិន័យ ១៤០០ពាន់លានដុល្លារ និងវិធានការកែប្រែ ជាច្រើននៅក្នុងប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន។
នៅថ្ងៃពុធទី១២សីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ជាថ្មីថា ចិននៅតែរក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា និងថៃ បើទោះប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពនៃជម្លោះព្រំដែន។ ជាការកត់សម្គាល់ ការបញ្ជាក់ជំហរជាថ្មីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជាទើបតែទទួលសម្ភារយោធាមួយចំនួនដូចជា រថគ្រោះ និងនាវាល្បាតដែលជាកាដូរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចដកតំណែងមន្ត្រី ដែលមានតួនាទីជានាយកទីចាត់ការ ២នាក់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ។ វិធានការរដ្ឋបាលនេះធ្វើឡើង ក្រោយមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រតិកម្មយ៉ាងខ្លាំងក្លាពីពលរដ្ឋ ជុំវិញការចំណាយថវិកាសម្រាប់បង្គោលភ្លើងសូឡា ក្នុងតម្លៃខ្ពស់កប់ពពក នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ថែមពីវិធានការរដ្ឋបាល អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU អះអាងថា កំពុងស៊ើបអង្កេតបន្ថែមក្នុងសំណុំរឿងនេះ មុននឹងសម្រេចបន្តនីតិវិធីច្បាប់។
នៅថ្ងៃទី១៣ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោយច្បាប់នេះត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើរាជក្រមដាក់ឱ្យប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមាន ៨ជំពូក និង ៤១មាត្រា ដោយកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេលចូលបំពេញកាតព្វកិច្ចជាដើម។ គួរជម្រាបថា គ្រប់យោធិនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ៗចំនួន ៤០ម៉ឺនរៀល បូកនឹងរបបគោលផ្សេងៗទៀតដូចយោធិនអាជីពដែរ។
នៅថ្ងៃពុធ ទី១២ សីហា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តសេចក្តីព្រាងកំណែទម្រង់ដ៏ធំមួយ ស្តីពីក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអាល្លឺម៉ង់។ កំណែទម្រង់នេះមានគោលដៅផ្តល់អំណាចកាន់តែទូលំទូលាយដល់ស្ថាប័នស៊ើបការណ៍សម្ងាត់ ក្នុងការធ្វើប្រតិបត្តិការទប់ស្កាត់ការគំរាមកំហែងពីបរទេស។សេចក្តីព្រាងច្បាប់នេះ ត្រូវឆ្លងកាត់ការបោះឆ្នោតនៅសភា មុននឹងអាចចូលជាធរមាននៅដើមឆ្នាំក្រោយ។
វិបត្តិអសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា បានរំលេចឲ្យឃើញនូវភាពប្រឈមគ្រោះថ្នាក់ នៃវិស័យដឹកជញ្ជូនទំនិញអន្តរជាតិ ដែលអាចគំរាមដល់សេដ្ឋកិច្ចរបស់ចិន។ ច្រកសមុទ្រអកមូហ្ស និងច្រកសមុទ្រក្រហម គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់នៃចរាចរណ៍ ដឹកប្រេង ឧស្ម័ន និងទំនិញគ្រប់មុខ។ តែទោះជាយ៉ាងនេះក្តី ចិនបានប្រមើមើលឃើញផ្លូវមួយទៀត ដើម្បីបន្តមហិច្ឆតាពាណិជ្ជកម្មរបស់ខ្លួន នោះគឺផ្លូវឆ្លងកាត់តាមតំបន់ប៉ូលខាងជើង អាកទិក។
នៅអាហ្វហ្កានីស្ថាន ៥ឆ្នាំក្រោយការវិលត្រឡប់មកគ្រប់គ្រងអំណាចវិញ របស់ក្រុមអ៊ីស្លាមផ្តាច់ការតាលីបង់ សិទ្ធិសេរីភាពរបស់ស្ត្រីនិងកុមារីអាហ្វាហ្កានីស្ថាន បានធ្លាក់ចុះដុនដាបយ៉ាងធ្ងន់ធ្ងរបំផុត។ របបតាលីបង់ អនុញ្ញាតឲ្យក្មេងស្រី រៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ផ្អែកតាមអង្គការយូណេស្កូ មានក្មេងស្រីអាហ្វហ្កានីស្ថានប្រមាណ ២លាន៤សែននាក់ ដែលត្រូវរបបអ៊ីស្លាមជ្រុលនិយមនេះ ហាមឃាត់មិនឲ្យរៀនបន្តដល់ថ្នាក់មធ្យមសិក្សា។ ទៅថ្ងៃអនាគត ស្ត្រីអាហ្វហ្កានីស្ថាននឹងត្រូវផាត់ចេញទាំងស្រុង ពីប្រព័ន្ធអប់រំ ព្រមទាំងវិស័យសេដ្ឋកិច្ចនិងសង្គម។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ឱសានវាទឲ្យអភិបាលរាជធានី-ខេត្តដោះស្រាយបញ្ហាការកំណត់ព្រំប្រទល់ដែនរដ្ឋបាល រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ និងសង្កាត់ឲ្យចប់សព្វគ្រប់ នៅត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកឃ្លាំមើលយល់ថា ប្រសិនបើការកំណត់ដែនរដ្ឋបាលនេះមិនបានចប់តាមកាលកំណត់ទេ នោះវានឹងប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ខាងមុខ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបជាង ៤៣លានដុល្លារអាមេរិក ពោលគឺកើនឡើងជិត ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ អ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ចូនយល់ថា ការកើនឡើងនៃប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មួយផ្នែកដោយសារតែការបិទព្រំដែនគោករវាងកម្ពុជា និងថៃ។ តែទន្ទឹមនេះពួកគេយល់ថា កម្ពុជាអាចរកចំណូលបានកាន់តែច្រើនបន្ថែមទៀត ប្រសិនកំពង់ផែស្វយ័តក្រុងព្រះសីហនុកែសម្រួលនីតិវិធីស្មុគស្មាញមួយចំនួនចេញ ពិសេសកាត់បន្ថយថ្លៃសេវានានា។
នៅថ្ងៃអង្គារទី១១សីហា សារព័ត៌មាន Mongabay បានចុះផ្សាយអត្ថបទស្រាវជ្រាវដែលបង្ហាញថា អាជីវកម្មបូមខ្សាច់សមុទ្រ នៅប្រទេសកម្ពុជាលក់ទៅឱ្យប្រទេសសិង្ហបុរី ហាក់ចាប់ដំណើរការឡើងវិញ ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។ សារព័ត៌មាន Mongabay បានសម្ភាសប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដោយបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានទទួលគោលការណ៍ពីថ្នាក់ជាតិ ដើម្បីអនុញ្ញាតឲ្យមានដំណើរការអាជីវកម្មបូមខ្សាច់សមុទ្រលក់នាំចេញទៅប្រទេសសិង្ហបុរី។
ចាប់តាំងពីខែមិថុនា មានយុវជនបារាំងយ៉ាងតិច១១នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋាន ជាមួយនឹងកញ្ឆាជាច្រើនគីឡូក្រាម ក្នុងវ៉ាលិសធ្វើដំណើរ។ ជនជាតិបារាំងដែលត្រូវឃាត់ខ្លួនទាំងនេះភាគច្រើនជាយុវជនហើយអាចជាជនរងគ្រោះ ត្រូវបានគេបោកបញ្ឆោត ឲ្យជួញដូរគ្រឿងដោយមិនដឹងខ្លួន។
នៅឥណ្ឌូណេស៊ី មហន្តរាយភ្លើងឆេះព្រៃកំពុងរាលដាលនៅក្នុងខេត្តចំនួន៦ ដូចជានៅខេត្តភាគខាងលិចកោះកាលីម៉ាន់តាន់ និងតំបន់ខាងកើតកោះជ្វា។ គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង កើតឡើងដោយបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ បានបង្កឲ្យគ្រោះមហន្តរាយភ្លើងឆេះព្រៃ កាន់តែធ្ងន់ធ្ងរនៅឥណ្ឌូណេស៊ី។ អាជ្ញាធរកោះកាលីម៉ាន់តាន់ បានប្រកាសបិទសាលារៀន២ថ្ងៃមកហើយ ដោយហេតុតែខ្យល់ដកដង្ហើម ពុលដោយផ្សែងភ្លើងដ៏ក្រាស់ឃ្មឹក។
ការបាញ់បង្ហោះរ៉ុកកែត Long March 7A ដឹកផ្កាយរណបទូរគមនាគមន៍ទៅកាន់ទីអវកាសរបស់ចិន នៅថ្ងៃចន្ទ ទី ១០ ខែសីហា ត្រូវបានបរាជ័យ។ នៅតែជាង១នាទី ក្រោយការបាញ់បង្ហោះ រ៉ុកកែតស្រាប់តែផ្ទុះឆេះ បញ្ចេញអណ្តាតភ្លើងពេញមេឃ។ អាជ្ញាធរចិនបានបញ្ជាក់ថា មានភាពមិនប្រក្រតីកើតឡើង ប៉ុន្តែ មិនលម្អិតច្រើន ដោយអះអាងបន្តស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីដែលបណ្តាលឲ្យកើតមានបរាជ័យលើកនេះ។
រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង បាញ់មកលើអ៊ុយក្រែន បណ្តាលឲ្យស្លាប់ជនស៊ីវីលយ៉ាងតិច៦នាក់។ នេះបើផ្អែកតាមការអះអាងរបស់លោកប្រធានាធិបតី ហ្សេឡេនស្គី នៅព្រឹកថ្ងៃទី១១សីហា។ លោកហ្សេឡេនស្គីបញ្ជាក់ទៀតថា បន្ថែមពីមីស៊ីល រុស្ស៊ីកំពុងតែត្រៀមពង្រាយកម្លាំងទ័ពបានមកពីកូរ៉េខាងជើង ច្រើនម៉ឺននាក់ទៀត ដើម្បីបន្តសង្គ្រាមឈ្លានពានអ៊ុយក្រែន។
អតីតសមាជិកសភាលោក ឆាឡង រីវរ៉ាង ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ចំពោះការបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ប្រធានរដ្ឋបាលខេត្តនន្ទបុរី លោក ថុងឆៃ យ៉េនប្រាសឿត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ Thai Enquirer នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា បានទទួលជួបលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយលើកឡើងពីវប្បធម៌សន្ទនានយោបាយ និងបញ្ហាប្រឈមរបស់ជនស៊ីវិលខ្មែរដែលត្រូវបានបម្លាស់ទីដោយសារជម្លោះព្រំដែនជាមួយថៃ។ នេះជាការទទួលជួបសវនាការលើកដំបូងរបស់លោក កឹម សុខា ជាមួយមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសនិយមប្រជាធិបតេយ្យ ក្រោយពីអតីតប្រមុខបក្សប្រឆាំងរូបនេះទទួលបានការលើកលែងទោស។
ប៉ុន្មានថ្ងៃក្រោយពីមានប្រតិកម្មរបស់ភាគីថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកលើកម្ពុជាអំឡុងសង្គ្រាម កាលពីឆ្នាំមុន នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបរិហាររិះគន់តបទៅភាគីថៃវិញថា កម្ពុជាមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់អំពីសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកើតចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ក្រុមអ្នកសង្គោ្រះ និងអ្នកស្ម័គ្រចិត្តនៅកូឡុំប៊ីកំពុងប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោមគំនរបាក់បែក ដោយសារការរញ្ជួយដីដ៏ខ្លាំងមួយ នៅភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទទី១០សីហា។ ក្រុមជួយសង្គ្រោះកូឡុំប៊ីបានប្រើដៃ ធុង និងឧបករណ៍សាមញ្ញៗ ដើម្បីរើកកាយឥដ្ឋ និងបេតុងចេញពីគំនរបាក់បែក។ គិតត្រឹមថ្ងៃអង្គារ ទី ១១ សីហា អាជ្ញាធរកូឡុំប៊ីអះអាងថា ចំនួនមនុស្សស្លាប់មានយ៉ាងហោចចំនួន ១៣០នាក់ និងរបួសយ៉ាងតិចចំនួន ៥៧០នាក់។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ភាគីថៃដែលនៅតែបន្តរំលោភបំពានទឹកដីកម្ពុជានៅតាមបណ្តាយព្រំដែន ចាប់តាំងពីក្រោយមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ ការតវ៉ាជាថ្មីទៀតរបស់កម្ពុជានេះ ធ្វើឡើងដោយសារតែយោធាថៃបានសាងសង់លេណដ្ឋានថ្មីរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជានៅច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា និងការប្រកាសភ្ជាប់អគ្គិសនីរបស់ថៃទៅកាន់ប្រាសាទតាក្របី និងភ្នំ៣៣៣ កាលពីថ្ងៃទី៧ខែ សីហា។
នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចឱ្យជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីស្តារស្ថានភាពតាមព្រំដែនឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕