ភាពតានតឹងកំពុងកើតមានរវាងអ៊ីស្រាអែល តួកគី និងសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតនិងជាប្រេសិតពិសេសអាមេរិកនៅតួកគីបានរិះគន់ទង្វើវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរីថាជាការបង្កើតជម្លោះឥតប្រយោជន៍។ ចំណែកតួកគីបានចេញដីកាអន្តរជាតិតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ តែម្តង។ ប៉ុន្តែអ៊ីស្រាអែលបានបញ្ចេញប្រតិកម្មច្រានចោលពាក្យរិះគន់អាមេរិក ហើយចាត់ទុកប្រធានាធិបតីតួកគីថាជាជនផ្តាច់ការរើងអើងអ៊ីស្រាអែល។ ហេតុអ្វីបានជាតួកគីនិងអ៊ីស្រាអែលតានតឹងនឹងគ្នាកាន់តែខ្លាំងយ៉ាងដូច្នេះ?
អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ បានកំរើកឡើងវិញ ដោយមានការវាយប្រហារដុតបំផ្លាញអគារសាធារណៈ ជាច្រើនកន្លែងប្រដាក់គ្នា និង មានករណីប្លន់ប្រដាប់អាវុធ ដែរ។ េហតុការណ៍នេះកើតឡើង នាយប់ថ្ងៃសៅរ៍ ទី២២ សីហា នៅខេត្តណារា៉ធីវ៉ាត់ ខេត្តយ៉ាឡា និងខេត្តប៉ាតានី។ ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងប្រកាសដាក់បម្រាមគោលចរ ក្នុងខេត្តទាំងបី រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអាទិត្យ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង អតីតអគ្គនាយកក្រសួងការបរទេស និងគ្នីគ្នា ២នាក់ទៀតទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យនេះ ពាក់ព័ន្ធការលួចបញ្ចេញសន្លឹកទិដ្ឋាការខុសច្បាប់យកទៅផ្តល់ឱ្យជនបរទេសប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។ នេះបើតាមអ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃទី២២សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចុះទៅខេត្តបាត់ដំបងដើម្បីពិនិត្យមើលសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មរបស់ខេត្តនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AKP លោក វ៉ាង វិនពីន ត្រូវបានអមដំណើរដោយមន្ត្រីសំខាន់ៗរបស់កម្ពុជា រួមមានរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមដែលស្ថិតនៅជាប់ដងទន្លេមេគង្គបាន និងកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដោយបានប៉ះពាល់ដល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងនោះ១ ៣០០គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងនៅថ្ងៃទី២៣សីហានេះ ខេត្តក្រចេះត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមខេត្តទាំង ៤។
ចំណូលពន្ធលើល្បែងស៊ីសងបានធា្លក់ចុះប្រមាណ ២៥.៨% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ បើធៀបនឹង៦ខែកាលពីឆ្នាំ២០២៥។ ជាការកត់សម្គាល់ ការធ្លាក់ចុះនៃចំណូលពន្ធលើល្បែងស៊ីសងកើតឡើងនៅអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរឹតបន្តឹងច្បាប់លើកាស៊ីណូល្បែងស៊ីសង ដោយសារតែរកឃើញមានកាស៊ីណូមួយចំនួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។
មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក្សាអំពីសេរីភាពរបស់អ្នកនេសាទខ្មែរ ៣នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា នៅថ្ងៃ ទី ២៣សីហា ឆ្នាំ ២០២៦។
អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាស នៅថ្ងៃសៅរ៍ ទី២២ សីហា បញ្ជូនទាហានបន្ថែម ចំនួនប្រមាណ ១៥០០នាក់ ដើម្បីចូលរួមជួយទប់ទល់ ការរីករាលដាលនៃភ្លើងឆេះព្រៃ នៅលើកោះប័រណេអូ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានបញ្ជាក់ថា មហន្តរាយភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើជាច្រើនកន្លែង នៅលើកោះនេះ ហើយថែមទាំងបង្កជាផ្សែងភ្លើងក្រាស់ឃ្មឹក លាយឡំដោយល្អងផេះក្នុងបរិយាកាស។
កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ទន្ទឹមនឹងដំណើរឆ្ពោះទៅមុខនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ រដ្ឋសភាកម្ពុជាបានស្នើឲ្យមានវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។ ជាសំណើដែលត្រូវបានគណបក្សប្រឆាំងខ្លះជំទាស់ ព្រោះពួកគេយល់ថា ការកែប្រែច្បាប់នេះនឹងធ្វើឲ្យគណបក្សនយោបាយដែលមានសំឡេងភាគច្រើនក្នុងការបោះឆ្នោតច្បាមយកអាសនៈជាមេឃុំ ចៅសង្កាត់ ឬជំទប់ទី១ និងទី២ជាដើម ខណៈគណបក្សមានសំឡេងបន្ទាប់នឹងបានតំណែងត្រឹមតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ។ តើការធ្វើវិសោនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ជាការពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬជាយុទ្ធសាស្ត្រប្រមូលផ្តុំអំណាចនៅថ្នាក់មូលដ្ឋាន?
រដ្ឋាភិបាលស៊ីរីបានប្រកាសស្នើសុំចូលរួមជាដៃគូអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយបារាំង នៅថ្ងៃសុក្រ ទី២១ សីហា ប្រទេសទាំងពីរ ស៊ីរីនិងបារាំងក៏បានបង្ហាញជំហំគាំទ្រ ដល់រាល់សកម្មភាពរបស់ អង្គការអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី ដើម្បីស្វែងការពិត ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីរបស់អតីតប្រមុខដឹកនាំស៊ីរី លោក បាស្ហា អាល់អាសាដ ។
កាណាដាមិនព្រមទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក នៅក្នុងការចរចាចុងក្រោយ ដើម្បីបញ្ចៀសកុំឱ្យការដំឡើងពន្ធនាំចូល៥០%អាចចូលជាធរមាននៅថ្ងៃសៅរ៍ទី ២២សីហានេះទេ។ នាយករដ្ឋមន្ត្រីកាណាដា ដែលមានជំហរនយោបាយយុទ្ធសាស្ត្រស្វែងរកទីផ្សារថ្មី ជ្រើសរើសដំឡើងពន្ធនាំចូលលើផលិតផលអាមេរិកវិញ ឱ្យបានស្មើគ្នា។
បន្ទាប់ពីចិន នៅថ្ងៃសៅរ៍ទី ២២សីហា២០២៦នេះ កូរ៉េខាងត្បូងបានបញ្ជូននាវាដឹកទំនិញដំបូងរបស់ខ្លួន ទៅកាន់អឺរ៉ុប ដោយធ្វើដំណើរតាមផ្លូវសមុទ្ទខាងជើង ឆ្លងកាត់មហាសមុទ្ទទឹកកកអាកទិកដែរ។ តើតំបន់អាកទិកកំពុងក្លាយជាជម្រើសថ្មី នៃចរាចរណ៍ដឹកជញ្ជូនទំនិញ រវាងអាស៊ីនិងអឺរ៉ុបឬ?
លោក លិម ថូមាស សំណាង ដែលជាកូនប្រុសរបស់ លោក លិម គិមយ៉ា បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ចាប់ខ្លួនបុរស ២នាក់ទៀតដែលគេជឿថាកំពុងស្នាក់នៅកម្ពុជា ដើម្បីយកទៅកាត់ទោស ពាក់ព័ន្ធនឹងឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សប្រឆាំង កាលពី២០ខែមុន។ ការអំពាវនាវជាថ្មីម្តងទៀត របស់លោក លិម ថូមាស សំណាង ធ្វើជាឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ក្នុងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃទី២១ខែសីហាម្សិលមិញនេះ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំយុទ្ធនាការសាធារណៈស្ដីពី «សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក» នៅខេត្តកណ្តាល។ ជាយុទ្ធនាការដែលត្រូវបានរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងដល់ពលរដ្ឋ អំពីវិធានការសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។ ចំណែកអង្គការសុខភាពពិភពលោក (WHO) ដែលបានចូលរួមយុទ្ធនាការនេះ ចាត់ទុកការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈដែលកម្ពុជាត្រូវយកចិត្តទុកដាក់។
វៀតណាមនៅតែជាទីផ្សារទីមួយ ក្នុងការផ្គត់ផ្គង់គ្រឿងសមុទ្រចូលមកកម្ពុជា។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦ កម្ពុជាបាននាំចូលគ្រឿងសមុទ្រពីវៀតណាម ជិត ៤ម៉ឺនតោន។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាសតវ៉ាសកម្មភាពបំពានរបស់កងកម្លាំងថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយការបន្តសាងសង់ផ្លូវ និងជីកលេណដ្ឋានយោធាខុសច្បាប់។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់។
អ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី២៧តុលា។ គេរំពឹងថា ការបោះឆ្នោតលើកនេះនឹងមានអ្នកចូលរួមបោះឆ្នោតច្រើនជាងលើកមុនៗ បន្ទាប់ពីមានការអំពាវនាវយ៉ាងភ្លូកទឹកភ្លូកដីពីគណបក្សប្រឆាំង និងគណបក្សឯករាជ្យមួយចំនួនដែលប្រាថ្នាចង់ឲ្យមានការផ្លាស់ប្តូរ នៅអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលជាច្រើនដែលរស់នៅទឹកដីបរទេសបានអះអាង ពួកគេបានទិញសំបុត្រយន្តហោះរួចហើយដើម្បីត្រលប់ទៅបោះឆ្នោត នៅអ៊ីស្រាអែល។ គោលបំណងធំរបស់ពួកគេគឺធ្វើយ៉ាងណារារាំងកុំឲ្យក្រុមអភិរក្ស ស្តាំនិយមជ្រុល និងនាយករដ្ឋមន្រ្តីផុតអាណត្តិ បេនចាមីន នេតាន់យ៉ាហ៊ូឈ្នះឆ្នោត និងប្រើអំណាចរុញច្រានអ៊ីស្រាអែលទៅក្នុងភ្នក់ភ្លើងសង្រ្គាមតទៅទៀត។
ជំងឺរាតត្បាតអេបូឡា បានសម្លាប់ជីវិតមនុស្សអស់ជាង២៥០០នាក់ហើយ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ និងកំពុងបន្តសកម្មភាពចម្លងរាតត្បាតយ៉ាងលឿន ហើយច្រើនឡើងៗ ហួសការស្មានឆ្ងាយណាស់។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកទទួលខុសត្រូវផ្នែកសម្របសម្រួលជំងឺអេបូឡាប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី ២១សីហា២០២៦។
នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗខ្លះ ចាត់ទុកថាជាវប្បធម៌សន្ទនាមួយដ៏ល្អមួយ តែអ្នកខ្លះទៀតថា ខ្វះភាពស្មោះត្រង់។
ដោយអះអាងថាអ៊ីរ៉ង់មានប្រៀបជាងនៅលើសមរភូមិ ប្រមុខរដ្ឋអ៊ីរ៉ង់បានដាស់តឿន អាមេរិក ថាដល់ពេលបញ្ចប់សង្គ្រាម។ ការប្រកាសរបស់ប្រធានាធិបតីអ៊ីរ៉ង់បែបនេះ ធ្វើឡើងស្របពេលដែល រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសដាក់សម្ពាធសេដ្ឋកិច្ចនិងទណ្ឌកម្មថ្មីៗបន្ថែមទៀត លើអ៊ីរ៉ង់។ ចំពោះចិន ទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ ពុំមែនជាដំណោះស្រាយទេ។
សកម្មជនប្រជាធិបតេយ្យហុងកុងពីរនាក់ ត្រូវបានតុលាការហុងកុងប្រកាសរកឃើញនៅថ្ងៃសុក្រទី២១សីហានេះ ថាមានទោសកំហុសពីបទ “ញុះញង់ធ្វើវិទ្ធង្សនា” តាមរយៈសកម្មភាពរៀបចំពិធីរំឭកព្រឹត្តិការណ៍បង្ក្រាបនៅទីលានធានអានមិន។ សាលក្រមដាក់ទោស នឹងត្រូវប្រកាសនៅពេលក្រោយ។
នៅថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦នេះ គណបក្សកម្លាំងជាតិបានស្នើសុំឱ្យរដ្ឋសភាកម្ពុជាពិចារណា សើរើសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឡើងវិញ ក្នុងហេតុផលថា ច្បាប់ថ្មីនឹងធ្វើឱ្យប៉ះពាល់ដល់តម្លាភាព និងដំណើរការវិមជ្ឈការនៅកម្ពុជា។ ចំពោះគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្អាកអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ដោយរក្សាទុកច្បាប់ចាស់ឱ្យនៅដដែល។
ប្រមុខការទូតចិន និង រដ្ឋមន្ត្រីការពារជាតិចិន បានបំពេញទស្សនកិច្ចនៅក្រុងហ្សាការតា ដើម្បីបើកកិច្ចចរចាឈានទៅពង្រឹងកិច្ចសហការទ្វេភាគីជាមួយឥណ្ឌូណេស៊ី។ ក្រសួងការបរទេសនៃប្រទេសទាំង២ បញ្ជាក់ព្រមគ្នាថា កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីនេះ ផ្តោតជាចម្បងទៅលើវិស័យសន្តិសុខ និងសហប្រតិបត្តិការផ្នែកការពារជាតិ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សន្លឹកទិដ្ឋាការប្រភេទ C និង Cex ជាង ៦ពាន់សន្លឹកដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងថា ACU កំពុងតាមស្វែងរកសន្លឹកទិដ្ឋាការជាង៤ពាន់បន្ថែមទៀត ដែលលោក ថូ សំណាង អះអាងថា បានកម្ទេចចោល។
លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២០សីហាម្សិលមិញនេះ បានអះអាងថា ស្ថានទូតចិនមិនបានបញ្ជូនបុគ្គលិកណាម្នាក់ អមដំណើរម្ចាស់សណ្ឋាគារ Heng Fang ដែលជាជនជាតិចិន ទៅកាន់តំបន់ព្រំដែនថ្មដា ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។ លោកឯកអគ្គរដ្ឋទូតចិនបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងចុះផ្សាយ។
ថ្លែងនៅក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សថ្ងៃទី២០សីហា ឆ្នាំ២០២៦ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្រាវជ្រាវមន្ត្រីចំនួន ៤រូបពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបន្ទាប់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំងដកតំណែងមន្ត្រី ២រូបក្នុងខេត្តកំពង់ឆ្នាំង ជុំវិញការចំណាយថវិកាសម្រាប់បង្គោលភ្លើងសូឡា ក្នុងតម្លៃ ៨លានរៀល ឬ ២០០០ដុល្លារកាលពីពេលថ្មីៗ។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបញ្ជាក់ថា «វិមានសាមគ្គី» នៃព្រឹទ្ធសភាកម្ពុជាថ្មី គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល។ អតីតកាលដែលព្រះអង្គបន្តព្រះរាជបន្ទូលថា មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុងឧត្តម និងមានកិត្យានុភាពល្បីរន្ទឺក្នុងតំបន់ និងនៅលើសកលលោក។ សម្រាប់ព្រះមហាក្សត្រ កម្ពុជាបានអភិវឌ្ឍ រីកចម្រើនជាលំដាប់ និងបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈសព្វថ្ងៃនេះ គឺមកពីកម្ពុជាមានមហាសាមគ្គីជាតិជាធ្លុងមួយ កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ នារយៈពេល ២ទសវត្សរ៍ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ សូមស្តាប់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖
ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។
នៅប៉ុន្មានថ្ងៃមកនេះ កាសែតអាមេរិក និងអន្តរជាតិចាប់អារម្មណ៍ចុះផ្សាយយ៉ាងព្រោងព្រាតពីវត្តមានស្រ្តីខ្ពស់ស្រឡះ សក់ទង់ដែងម្នាក់ដែលគេឃើញអមដំណើរជាប់ជានិច្ចនឹងប្រធានាធិបតីលោកដូណាល់ ត្រាំ។ តើNatalie Harp ដែលប្រធានាធិបតីអាមេរិក យកធ្វើជាជំនួយការប្រតិបត្តិជាអ្នកណា និងដើរតួសំខាន់ប៉ុណ្ណានៅក្នុងក្រុមរង្វង់មនុស្សជំនិតរបស់ត្រាំ?
ថ្ងៃទី១៩សីហា លោកដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹង អនុវត្តមហាទណ្ឌកម្មសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទៅលើអ៊ីរ៉ង់ ដើម្បីធ្វើឲ្យអ៊ីរ៉ង់ទន់ជង្គង់ព្រមចុះចាញ់។ បន្ថែមពីនេះទៀត លោកដូណាស់ ត្រាំ បានគំរាមគ្រប់ប្រទេសទាំងអស់ ថានឹងរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដែរ ប្រសិនបើជួយអ៊ីរ៉ង់មិនថាក្នុងរូបភាពណាក៏ដោយ។
បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុកតាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នកតាមដានសង្គម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការរឹតបន្តឹងទៅលើជនបរទេសដែលរកស៊ីរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា។ តើគេត្រូវបារម្ភពីកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជាដែរឬទេ?
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។