អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌក្រសួងប្រសិនបើពួកគេបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្ករឿងជាមួយអ្នកដទៃ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ គឺផ្តើមចេញពីការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធទី២៦ ខែសីហានេះ ស្តីពីការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ជាការកត់សម្គាល់ កន្លងមកតែងកើតមានជារឿយៗ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលបានបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបានទាក់ទាញការរិះគន់ខ្លាំងពីមហាជន ជាពិសេសនៅតាមបណ្តាញសង្គម ទាក់ទងទៅនឹងភាពជាគំរូរបស់មន្ត្រី ឬសមត្ថកិច្ច ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស
អង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំនួយអភិវឌ្ឍន៍អន្តរជាតិបានថយចុះ។ នេះបើតាមរបាយការណ៍សន្ទស្សន៍ប្រតិបត្តិល្អឆ្នាំ២០២៦ ចេញផ្សាយដោយមជ្ឈមណ្ឌលសប្បុរសធម៌ និងសង្គមអាស៊ី និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នាថ្ងៃពុធទី២៦ខែសីហា ឆ្នាំ២០២៦។
ចិនចង់បង្ហាញថា ខ្លួនក៏យកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពរបស់ទំនិញផលិតនៅប្រទេសចិន។ ជាក់ស្តែង ដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាព អាជ្ញាធរចិនទើបបានចេញបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ដែលស្ថិតក្នុងប្រទេសចិន ត្រូវតែប្រមូលយកឡានអគ្គិសនីមកវិញ ដើម្បីត្រួតពិនិត្យ និងកែសម្រួលបច្ចេកទេស។ ចំណាត់ការរបស់អាជ្ញាធរចិននេះកើតឡើង ក្រោយពី អាជ្ញាធរអាមេរិកទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានបើកការស៊ើបអង្កេតលើទ្វារឡានអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla។
មនុស្សរាប់លាននាក់ កំពុងប្រឈមនឹងហានិភ័យមានបញ្ហាសុខភាពផ្លូវដង្ហើម ដែលបង្កឡើងដោយផ្សែងខ្មៅខ្មួរខ្មាញ់ ហុយចេញពីភ្លើងឆេះព្រៃ។ ដោយបាតុភូតធម្មជាតិអែលនីញ៉ូ ឥណ្ឌូណេស៊ីរងគ្រោះភ្លើងឆេះព្រៃនៅជាច្រើនខេត្ត តាំងពីជាច្រើនសប្តាហ៍មកហើយ។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរឥណ្ឌូណេស៊ី។
អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានព្រមានអំពីហានិភ័យបណ្ដាលមកពីអាវុធស្វ័យប្រវត្តិ (Killer Robot)។ ការអភិវឌ្ឍន៍ដ៏លឿនរហ័សនៃអាវុធស្វ័យប្រវត្តិអាចនឹងនាំឱ្យមនុស្សជាតិ «ឆ្លងកាត់បន្ទាត់ក្រហមសីលធម៌» ក្នុងពេលដ៏ខ្លីខាងមុខ ដោយទុកឱ្យម៉ាស៊ីនរ៉ូបូ ជាអ្នកសម្រេចចិត្តសម្លាប់មនុស្ស។
រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃចន្ទ ទី២៤សីហា ដាក់វិធានការទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីកាត់ផ្តាច់ទាំងស្រុងនូវប្រភពចំណូលរបស់អ៊ីរ៉ង់។ ទណ្ឌកម្មវគ្គនេះ មិនដាក់ទៅលើអ៊ីរ៉ង់ដោយផ្ទាល់ទេ តែដាក់ទៅលើប្រទេសដែលជាដៃគូរកស៊ីជាមួយរបបផ្តាច់ការអ៊ីរ៉ង់។ អ៊ីរ៉ង់បានចំអកតបមកវិញថា វិធានការទណ្ឌកម្មបន្ថែមនេះ គឺវាបញ្ជាក់ អំពីបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការកាច់បំបាក់អ៊ីរ៉ង់។
អាល្លឺម៉ង់បានចាប់បញ្ជូនបុរសជនជាតិអាហ្វហ្កានីស្ថានចំនួន ២៣នាក់ ទៅកាន់ទីក្រុងកាប៊ូលវិញ នៅព្រឹកថ្ងៃអង្គារ ទី ២៥ ខែសីហា។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថានដែលត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញ សុទ្ធតែជាឧក្រិដ្ឋជនដែលត្រូវបានតុលាការអាល្លឺម៉ង់កាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាពិសេសបទល្មើសផ្លូវភេទ និង អំពើហិង្សាដែលបណ្តាលឲ្យអ្នកដទៃរងរបួស។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវចំនួន ៣ខ្សែក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងមិនបង្រួមក្រសួង-ស្ថាប័នបញ្ជូលគ្នានោះទេ តែត្រូវពង្រឹងផ្ទៃក្នុង និងថែរក្សាអ្វីដែលមានស្រាប់។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋនៅតែយករូបមន្ត ឬម៉ូដែល «ពង្រឹងជាជាងពង្រីក» និងមិនយកតាមគំរូនៃការរៀបចំរចនាសម្ព័ន្ធប្រទេសឱ្យដូចប្រទេសដទៃទេ។
នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកនយោបាយប្រឆាំងនៅឯក្រៅប្រទេស ដែលធ្វើសកម្មភាពក្រោមឈ្មោះ «រដ្ឋាភិបាលឯករាជ្យ ២៣តុលា» បានអះអាងពីការចូលផ្តល់សក្ខីកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញពាក្យបណ្តឹងទាមទារឲ្យចាប់ខ្លួនមេដឹកនាំថៃ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ក្រុមមន្ត្រីរដ្ឋាភិបាល២៣តុលា បានលើកឡើងពីជោគជ័យ នៅក្នុងជំនួបជាមួយរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ មុននឹងរំពឹងថា ICC នឹងកោះហៅមេដឹកនាំថៃទៅសាកសួរ។ ក៏ប៉ុន្តែ អ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់គ្មានជំនឿ និងខ្លះទៀតមានជំនឿតិចតួចថា ICC នឹងមានចំណាត់ការលើមេដឹកនាំថៃ ក្រោយការស្តាប់សក្ខីកម្ម ដែលផ្តល់ដោយក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា។
ក្នុងសប្តាហ៍នេះ មហោស្រពភាពយន្តនិយាយភាសាបារាំងនៅក្រុងអង់ហ្គូឡែម ប្រទេសបារាំង បានឧទ្ទិសកិត្តិយសដល់ប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន។ ក្រៅពីចាក់បញ្ចាំងកុនខ្មែរ ចំនួន៩ ស្តីអំពីសម័យកាលផ្សេងៗគ្នា ក៏មានពិព័ណ៌រូបថតដ៏កម្រ ជាង៤០សន្លឹក ឆ្លុះបង្ហាញពីជីវភាពប្រជាជន និងភាពដ៏សម្បូរបែបរបស់កម្ពុជា នាសម័យសង្គមរាស្ត្រនិយម។ លើសពីនេះ មហោស្រពភាពយន្តនិយាយភាសាបារាំងលើកទី១៩ ក៏ជាស្ពានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហការក្នុងផ្នែកជាច្រើន រវាងក្រុង អង់ហ្គូឡែម និងខេត្តកំពង់ធំ ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម
ប្រទេសស៊ីរីត្រូវបានអាមេរិកសម្រេចដកចេញជាផ្លូវការពីបញ្ជីខ្មៅ បញ្ជី“ក្រុមប្រទេសគាំទ្រភេរវកម្ម”។ សេចក្តីសម្រេចជាផ្លូវការដែលក្រសួងការបរទេសអាមេរិកបានប្រកាស នៅថ្ងៃចន្ទ ទី ២៤ ខែសីហា ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយសម្រាប់បន្ធូរទណ្ឌកម្ម និងការបើកផ្លូវឲ្យសេដ្ឋកិច្ចស៊ីរីអាចភ្ជាប់ខ្លួនឡើងវិញជាមួយពិភពលោក។
ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UN) អះអាងថា សកម្មភាពអាទិភាពចំនួន ១៦ ក្នុងចំណោម ២២ សម្រាប់កែលម្អវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានអនុវត្តយ៉ាងពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យភាគីពាក់ព័ន្ធបន្តផ្តោតលើការពង្រឹងប្រព័ន្ធទិន្នន័យឥណទាន ការការពារអតិថិជន និងការប្រឹក្សាបំណុល ដើម្បីកាត់បន្ថយហានិភ័យបំណុលរបស់អ្នកខ្ចីប្រាក់នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃអង្គារទី ២៥សីហានេះ។ ស៊ឹម ចាន់សំណាង រាយការណ៍ព័ត៌មាននេះ៖
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅកាន់រុស្ស៊ីនាពេលដ៏ឆាប់ខាងមុខនេះ។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrew Rudenko ក្នុងជំនួបជាមួយ លោក ហ៊ុន សែន កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅវិមានព្រឹទ្ធសភា។ នេះបើតាមការថ្លែងរបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ឆ្នាំ២០២៦។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រី Winterton នឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយសន្តិវិធី អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេស នៅថ្ងៃអង្គារទី២៥ ខែសីហា។
រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលការចោទប្រកាន់ដែលថា អាវុធត្រូវបានដឹកចេញពីកម្ពុជា ចូលទៅក្នុងប្រទេសថៃ និងអះអាងថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់។ ប្រតិកម្មរបស់រដ្ឋបាលខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសអាវុធប្រភេទ AK-47 ចំនួន ២ដើម និងគ្រាប់កាំភ្លើងជាង ២៤ ០០០គ្រាប់ នៅខេត្តត្រាត កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ។
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់តាមបែបធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៦នេះ កំពុងរំខានដល់សកម្មភាពថែទាំសត្វដំរីស្រុក៕
ក្នុងពេលទទួលជួបមហាក្សត្រហ្សកដានី អាប់ឌូឡា ២ នៅទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា តាមផ្លូវការទូត និងគោរពអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់ នៅក្នុងតំបន់។ ចំណែកហ្សកដានី ចង់ឃើញចិនលូកដៃក្នុងសំណុំរឿងប៉ាឡេស្ទីន ច្រើនជាងនេះ។
ជនល្មើស ឈ្មោះ ឆេង ភារុណ ដែលបានយកដបស្រាវាយលើគូទំនាស់កាលពីយប់ថ្ងៃទី២២សីហាកន្លងទៅ ហើយរត់គេចខ្លួនចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួន និងប្រគល់មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តទោស។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានទុកពេលឲ្យជនដៃដល់ ឆេង ភារុណ ចំនួន ៤៨ម៉ោង ដើម្បីចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីច្បាប់។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានប្រាប់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះបុគ្គល ដែលអះអាងថាអាច «ការពារគណនី» ឬ«ការពារទំព័រ» បណ្តាញសង្គមជាថ្នូរនឹងប្រាក់។ និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ការអះអាងបែបនេះអាចជាការបោកប្រាស់ ដោយអ្នកប្រើប្រាស់អាចប្រឈមនឹងការបាត់បង់ប្រាក់ ការលួចព័ត៌មានសម្ងាត់ និងបាត់បង់ការគ្រប់គ្រងគណនី ឬទំព័ររបស់ខ្លួន។
គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៥ បានស្នើទៅកាន់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អន្តរាគមន៍កែសម្រួលឡើងវិញ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលរដ្ឋសភាទើបតែអនុម័ត។ ក្នុងលិខិតចំហ ដាក់ទៅកាន់លោក ហ៊ុន សែន នាថ្ងៃទី២៣សីហា គណបក្សនយោបាយទាំង៥ យល់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បានធ្វើឲ្យបាត់បង់តម្លៃប្រជាធិបតេយ្យ និងតុល្យភាពអំណាចនៅថ្នាក់មូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់វៀតណាមលើកឡើងថា ការបណ្តុះបណ្តាល និងការដោះដូរបទពិសោធន៍រវាងមន្ត្រីវ័យក្មេង មានសារៈសំខាន់ក្នុងការពង្រឹងការយល់ដឹង ការជឿទុកចិត្ត និងចំណងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជា។ ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលមន្ត្រីវ័យក្មេងមកពីគណបក្សកាន់អំណាចនៃប្រទេសទាំងបី កំពុងចូលរួមកម្មវិធីបណ្តុះបណ្តាលនៅទីក្រុងហាណូយ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៦។ អ្នកវិភាគនយោបាយយល់ថា កិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងគណបក្សកុម្មុយនិស្តបែបនេះ មិនគួរប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។
Saint Raphael (សាំង រ៉ាហ្វាអ៊ែល) ទីក្រុងភាគខាងត្បូងបារាំងជ្រើសរើសប្រវត្តិសាស្រ្តខ្មែរក្រហមរបស់កម្ពុជាសម្រាប់កម្មវិធីប្រារព្ធរំលឹកខួបជនរងគ្រោះដោយសារពួកផ្តាច់ការកុម្មុយនិស្តនៅក្នុងពិភពលោក។ នៅក្នុងកម្មវិធីរយៈពេលពីរថ្ងៃ (ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យទី២៣សីហា) សាលាក្រុងSaint Raphaël បានរៀបចំកម្មវិធីសិល្បៈ ប្រវត្តិសាស្រ្ត ទាក់ទងនឹងប្រទេសកម្ពុជាសម្រាប់ប្រជាជននិងអ្នកទេសចរណ៍។ ឈាង បុប្ផាជូនព័ត៌មាននេះផ្ទាល់ពីទីក្រុង Saint Raphaël។
កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមការងាររបស់ខ្លួន ដោយជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងសប្តាហ៍នេះ។ តាមកូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ភាគីទាំងពីរបានលើកឡើងអំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ(EBA)ពីកម្ពុជា២០% តាំងពីឆ្នាំ២០២០ បន្ទាប់ពីចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។ តើបេសសកម្មរបស់កញ្ញា កឹម មនោវិទ្យា អាចធ្វើឲ្យសហភាពអឺរ៉ុបផ្តល់EBA ២០%មកវិញ និងជួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឬទេ?
ដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។ នេះគឺជាអះអាងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃអាទិត្យទី២៣សីហា។ បើគ្មានបញ្ហាអ្វីកើតឡើងទេ លទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ នឹងត្រូវប្រកាសនាថ្ងៃទី២កញ្ញាខាងមុខ។
នៅសប្តាហ៍ក្រោយ ចិននឹងបង្ហោះយានអវកាស ទៅបំពេញបេសកកម្មដ៏ស្មុគស្មាញបំផុត បើគិតតាមបែបបច្ចេកទេស៖ គឺជាការស្វែងរកប្រភពទឹកត្រជាក់កកនៅក្នុងរូងរណ្តៅ ជិតតំបន់ប៉ូលនៃភពព្រះចន្ទ ដែលគ្មានទទួលពន្លឺសោះ។ បេសកកម្មនេះជាដំណាក់កាលដ៏ចម្បងមុននឹងឈានទៅសម្រេចកម្មវត្ថុដាក់វត្តមានមនុស្សជាប្រចាំនៅឋានព្រះចន្ទ នៅមុនឆ្នាំ២០៣០ និងការដាក់ឱ្យដំណើរការស្ថានីយ៍ស្រាវជ្រាវរួមជាមួយរុស្ស៊ីនៅឆ្នាំ២០៣៥។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានច្រានចោលសំណើរៀបចំការបោះឆ្នោត និងបានចាត់ទុកការបោះឆ្នោត ក្នុងអំឡុងប្រទេសកំពុងមានសង្រ្គាម ថានឹងអាចបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន។ លោក ហ្សេឡេនស្គី បានបញ្ជាក់ជំហរ នៅថ្ងៃអាទិត្យ ទី២៣ សីហា បន្ទាប់ពីអតីតរដ្ឋមន្រ្តីការពារជាតិ បានបង្ហោះសារវីដេអូអំពាវនាវឲ្យរៀបចំការបោះឆ្នោត ជ្រើសរើមេដឹកនាំថ្មីនៅអ៊ុយក្រែន។
ភាពតានតឹងកំពុងកើតមានរវាងអ៊ីស្រាអែល តួកគី និងសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតនិងជាប្រេសិតពិសេសអាមេរិកនៅតួកគីបានរិះគន់ទង្វើវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរីថាជាការបង្កើតជម្លោះឥតប្រយោជន៍។ ចំណែកតួកគីបានចេញដីកាអន្តរជាតិតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ តែម្តង។ ប៉ុន្តែអ៊ីស្រាអែលបានបញ្ចេញប្រតិកម្មច្រានចោលពាក្យរិះគន់អាមេរិក ហើយចាត់ទុកប្រធានាធិបតីតួកគីថាជាជនផ្តាច់ការរើងអើងអ៊ីស្រាអែល។ ហេតុអ្វីបានជាតួកគីនិងអ៊ីស្រាអែលតានតឹងនឹងគ្នាកាន់តែខ្លាំងយ៉ាងដូច្នេះ?
អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ បានកំរើកឡើងវិញ ដោយមានការវាយប្រហារដុតបំផ្លាញអគារសាធារណៈ ជាច្រើនកន្លែងប្រដាក់គ្នា និង មានករណីប្លន់ប្រដាប់អាវុធ ដែរ។ េហតុការណ៍នេះកើតឡើង នាយប់ថ្ងៃសៅរ៍ ទី២២ សីហា នៅខេត្តណារា៉ធីវ៉ាត់ ខេត្តយ៉ាឡា និងខេត្តប៉ាតានី។ ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងប្រកាសដាក់បម្រាមគោលចរ ក្នុងខេត្តទាំងបី រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអាទិត្យ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង អតីតអគ្គនាយកក្រសួងការបរទេស និងគ្នីគ្នា ២នាក់ទៀតទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យនេះ ពាក់ព័ន្ធការលួចបញ្ចេញសន្លឹកទិដ្ឋាការខុសច្បាប់យកទៅផ្តល់ឱ្យជនបរទេសប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។ នេះបើតាមអ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃទី២២សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចុះទៅខេត្តបាត់ដំបងដើម្បីពិនិត្យមើលសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មរបស់ខេត្តនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AKP លោក វ៉ាង វិនពីន ត្រូវបានអមដំណើរដោយមន្ត្រីសំខាន់ៗរបស់កម្ពុជា រួមមានរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមដែលស្ថិតនៅជាប់ដងទន្លេមេគង្គបាន និងកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដោយបានប៉ះពាល់ដល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងនោះ១ ៣០០គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងនៅថ្ងៃទី២៣សីហានេះ ខេត្តក្រចេះត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមខេត្តទាំង ៤។
ចំណូលពន្ធលើល្បែងស៊ីសងបានធា្លក់ចុះប្រមាណ ២៥.៨% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ បើធៀបនឹង៦ខែកាលពីឆ្នាំ២០២៥។ ជាការកត់សម្គាល់ ការធ្លាក់ចុះនៃចំណូលពន្ធលើល្បែងស៊ីសងកើតឡើងនៅអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរឹតបន្តឹងច្បាប់លើកាស៊ីណូល្បែងស៊ីសង ដោយសារតែរកឃើញមានកាស៊ីណូមួយចំនួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។