សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រទី២៨ ខែសីហានេះ បន្ទាប់ពីចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិរបស់កម្ពុជានាពេលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យការទូត ទេសចរណ៍ ពោលគឺជួយស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ជាប់ឈ្មោះមិនល្អនាកន្លងទៅ៕
អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំ និងបង្កើតកម្មវិធី ឈ្មោះ "Kapea Scams” ដើម្បីបង្ការទប់ស្កាត់ និងផ្ដល់កិច្ចការពារដល់សាធារណជនឲ្យរួចផុតពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦នេះថា កម្មវិធីនេះបង្កើតឡើងដើម្បីជួយការពារ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
គិតត្រឹមរសៀលថ្ងៃសុក្រទី២៨សីហា អាជ្ញាធរនេប៉ាល់បានរកឃើញសាកសពមនុស្សចំនួន ៥៣៨នាក់ ដែលស្លាប់ដោយគ្រោះទឹកជំនន់មហាប្រល័យ កាលពីព្រឹកថ្ងៃពុធ នៅតំបន់ជាប់ព្រំដែនជាមួយទីបេ។ នៅមានអ្នកបាត់ខ្លួនប្រមាណ១០០០នាក់ទៀត។ ក៏ប៉ុន្តែប្រតិបត្តិការសង្គ្រោះ ទាំងនៅចិននិងនៅនេប៉ាល់ ត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីមានការប្រកាសអាសន្ន ថាទឹកដ៏ច្រើនសន្ធឹកដែលស្ទះនៅខាងលើ អាចនឹងបាក់ ហូរធ្លាក់ចុះ បង្កជាទឹកជំនន់ម្តងទៀត។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលប្តេជ្ញាពង្រឹងការគោរពច្បាប់អន្តរជាតិ ការទូតសភា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របពេលកម្ពុជាបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ និងជំហររបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្នុងរាជធានីភ្នំពេញ៖
ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ចូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ច្រកថ្មដូន ខេត្តឧត្តរមានជ័យ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
អតីតមេទាហានស៊ែរប៊ីនៅបូស្នី លោករ៉ាតកូ ម្លាឌីកដែលជាប់ឈ្មោះជាមេឃាតករដៃឆៅប្រចាំបាល់កង់បានស្លាប់ហើយ កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ សីហានៅក្នុងពន្ធនាគារ ក្នុងទីក្រុងឡាអេ ក្នុងអាយុ៨៤ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិស៊ែរប៊ី។ លោករ៉ាតកូ ម្លាឌីក ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងបទចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍សម្លាប់មនុស្សនៅSrebrenica នៅឆ្នាំ១៩៩៥។
កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មថ្មី ដែលមានគោលដៅទាក់ទាញការវិនិយោគ បង្កើតការងារ និងជំរុញការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់។ ការលើកកម្ពស់ឱកាសវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងវិនិយោគិន អាជីវកម្មកសិចំណីអាហារ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា។
ដោយបន្តនយោបាយវាតទីនិយមនិងសួនតួនិយម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្តូរឈ្មោះ«បឹងអង់តារីយ៉ូ» របស់កាណាដា ប្រទេសក្បែរខាង មកជា «បឹងអាមេរិក»។ ក្រឹត្យប្រធានាធិបតីអាមេរិកចុះហត្ថលេខា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧សីហា ដោយតម្រូវឲ្យមានសុពលភាពអនុវត្តភ្លាមភ្លែតតែម្តង។ លោក ត្រាំ ធ្វើដូច្នេះ ក្រោយពីទាស់ទែងខ្វែងគំនិតគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា ក្នុងពេលចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ពង្រូល និងទន្សោងជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFI នៅថ្ងៃសុក្រ ទី២៨សីហា គឺ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសបារាំង។ លោកចៅហ្វាយខេត្ត នួន ផារ័ត្ន ទើបតែបានចុះហត្ថលេខាលើ «លិខិតបង្ហាញសុច្ឆន្ទៈនៃភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូឡែម (Angoulême) ខាងត្បូងឆៀងខាងលិចប្រទេសបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅទីក្រុងប៉ារីស អភិបាលខេត្តរូបនេះបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហការភាពជាដៃគូជាមួយក្រុងអង់ហ្គូឡែមរបស់បារាំងនឹងចូលរួមចំណែកក្នុងការពង្រីកទីផ្សារទេសចរណ៍ ពិសេសជនជាតិបារាំង និងជំរុញការអភិរក្សកេរមត៌កវប្បធម៌នៅក្នុងខេត្ត។ លោក នួន ផារ័ត្ន ក៏ប្តេជ្ញាចិត្តថា នឹងធ្វើឲ្យ កំពង់ធំ មានសក្តានុពលខ្លាំងខាងកសិកម្ម ហើយឈានទៅកសិឧស្សាហកម្ម។ តទៅនេះ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនិង លោក នួន ផារ័ត្ន៖
ថ្ងៃទី២៧សីហា ក្រុមហ៊ុន Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទាំងអស់នៅសហរដ្ឋអាមេរិក ដោយសុខចិត្តបង់ប្រាក់សរុប ១៧ពាន់លានដុល្លារ ដើម្បីចូលរួមការពារសុខភាពផ្លូវចិត្តអនីតិជន។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមហ៊ុន Meta បានសន្យាថាខ្លួននឹងរៀបចំបច្ចេកទេស បិទមិនឲ្យក្មេងក្រោម១៨ឆ្នាំ ប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន លើសពី២ម៉ោងក្នុងមួយថ្ងៃ។
កាលពីថ្ងៃទី២៦សីហា ទឹកជំនន់មួយរំពេចដ៏មហាប្រល័យមួយ បានកើតឡើងនៅតំបន់ជ្រលងភ្នំហិមាល័យ ក្បែរព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ចិនទីបេ។ គិតត្រឹមរសៀលថ្ងៃទី២៧សីហានេះ គឺមានមនុស្សស្លាប់យ៉ាងតិច២៧៣នាក់។ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនប្រមាណជិត១៥០០នាក់ផ្សេងទៀត ក្នុងនោះមានអ្នកទេសចរបរទេសច្រើនរយនាក់។
ក្នុងពិធីសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជាជាមួយវៀតណាម និង រវាងកម្ពុជាជាមួយឡាវបន្ថែមទៀត។ កម្ពុជាមានគម្រោងបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសជិតខាងទាំងពីរនេះ ដោយសារតែច្រកព្រំដែនកម្ពុជា និងថៃ ត្រូវបានថៃបិទជាងមួយឆ្នាំមកហើយ។ តើគម្រោងបើកច្រកព្រំដែនថ្មី ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញសេដ្ឋកិច្ចអ្វីខ្លះ?
នៅត្រឹមរយៈពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៦ ដល់១២ ខែសីហាកន្លងទៅ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិបានចំនួន ៣៣ករណី ក្នុងនោះ៤ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
ធនាគារចិន China Eximbank នឹងបន្តសហការជាមួយកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន និងស្វែងរកដៃគូវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។ ការបញ្ជាក់របស់ធនាគារចិននេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងប្រធានក្រុមប្រឹក្សាភិបាលធនាគារ China Eximbank លោក Chen Huaiyu កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និងដង់ស៊ីតេប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួនមន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។
ទោះបីសហគមន៍អន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងឡើងៗយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ មិនខ្វល់ដែរ។ នៅថ្ងៃពុធទី ២៦សីហានេះ លោក នេតាន់យ៉ាហ៊ូ បានប្តេជ្ញាបន្តពង្រីកតំបន់អាណានិគមកិច្ចអ៊ីស្រាអែលនៅស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន បន្ថែមទៀត។
ការបាក់ទំនប់វារីអគ្គិសនីនៅចិន សម្លាប់មនុស្ស និងបាត់ខ្លួនជាច្រើននាក់។ នៅនេប៉ាល់ដែលជាប់ព្រំដែនចិន មនុស្សស្លាប់យ៉ាងតិច ៩៥ នាក់ ហើយអ្នកទេសចរច្រើននាក់ កំពុងតែបាត់ខ្លួន នៅថ្ងៃពុធ ទី២៦សីហានេះ។ អាជ្ញាធរនេប៉ាល់ និងចិន ប្រកាសព្រមៗគ្នា ជំរុញមធ្យោបាយជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌក្រសួងប្រសិនបើពួកគេបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្ករឿងជាមួយអ្នកដទៃ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ គឺផ្តើមចេញពីការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធទី២៦ ខែសីហានេះ ស្តីពីការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ជាការកត់សម្គាល់ កន្លងមកតែងកើតមានជារឿយៗ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលបានបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបានទាក់ទាញការរិះគន់ខ្លាំងពីមហាជន ជាពិសេសនៅតាមបណ្តាញសង្គម ទាក់ទងទៅនឹងភាពជាគំរូរបស់មន្ត្រី ឬសមត្ថកិច្ច ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស
អង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំនួយអភិវឌ្ឍន៍អន្តរជាតិបានថយចុះ។ នេះបើតាមរបាយការណ៍សន្ទស្សន៍ប្រតិបត្តិល្អឆ្នាំ២០២៦ ចេញផ្សាយដោយមជ្ឈមណ្ឌលសប្បុរសធម៌ និងសង្គមអាស៊ី និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នាថ្ងៃពុធទី២៦ខែសីហា ឆ្នាំ២០២៦។
ចិនចង់បង្ហាញថា ខ្លួនក៏យកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពរបស់ទំនិញផលិតនៅប្រទេសចិន។ ជាក់ស្តែង ដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាព អាជ្ញាធរចិនទើបបានចេញបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ដែលស្ថិតក្នុងប្រទេសចិន ត្រូវតែប្រមូលយកឡានអគ្គិសនីមកវិញ ដើម្បីត្រួតពិនិត្យ និងកែសម្រួលបច្ចេកទេស។ ចំណាត់ការរបស់អាជ្ញាធរចិននេះកើតឡើង ក្រោយពី អាជ្ញាធរអាមេរិកទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានបើកការស៊ើបអង្កេតលើទ្វារឡានអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla។
មនុស្សរាប់លាននាក់ កំពុងប្រឈមនឹងហានិភ័យមានបញ្ហាសុខភាពផ្លូវដង្ហើម ដែលបង្កឡើងដោយផ្សែងខ្មៅខ្មួរខ្មាញ់ ហុយចេញពីភ្លើងឆេះព្រៃ។ ដោយបាតុភូតធម្មជាតិអែលនីញ៉ូ ឥណ្ឌូណេស៊ីរងគ្រោះភ្លើងឆេះព្រៃនៅជាច្រើនខេត្ត តាំងពីជាច្រើនសប្តាហ៍មកហើយ។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរឥណ្ឌូណេស៊ី។
អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានព្រមានអំពីហានិភ័យបណ្ដាលមកពីអាវុធស្វ័យប្រវត្តិ (Killer Robot)។ ការអភិវឌ្ឍន៍ដ៏លឿនរហ័សនៃអាវុធស្វ័យប្រវត្តិអាចនឹងនាំឱ្យមនុស្សជាតិ «ឆ្លងកាត់បន្ទាត់ក្រហមសីលធម៌» ក្នុងពេលដ៏ខ្លីខាងមុខ ដោយទុកឱ្យម៉ាស៊ីនរ៉ូបូ ជាអ្នកសម្រេចចិត្តសម្លាប់មនុស្ស។
រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃចន្ទ ទី២៤សីហា ដាក់វិធានការទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីកាត់ផ្តាច់ទាំងស្រុងនូវប្រភពចំណូលរបស់អ៊ីរ៉ង់។ ទណ្ឌកម្មវគ្គនេះ មិនដាក់ទៅលើអ៊ីរ៉ង់ដោយផ្ទាល់ទេ តែដាក់ទៅលើប្រទេសដែលជាដៃគូរកស៊ីជាមួយរបបផ្តាច់ការអ៊ីរ៉ង់។ អ៊ីរ៉ង់បានចំអកតបមកវិញថា វិធានការទណ្ឌកម្មបន្ថែមនេះ គឺវាបញ្ជាក់ អំពីបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការកាច់បំបាក់អ៊ីរ៉ង់។
អាល្លឺម៉ង់បានចាប់បញ្ជូនបុរសជនជាតិអាហ្វហ្កានីស្ថានចំនួន ២៣នាក់ ទៅកាន់ទីក្រុងកាប៊ូលវិញ នៅព្រឹកថ្ងៃអង្គារ ទី ២៥ ខែសីហា។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថានដែលត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញ សុទ្ធតែជាឧក្រិដ្ឋជនដែលត្រូវបានតុលាការអាល្លឺម៉ង់កាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាពិសេសបទល្មើសផ្លូវភេទ និង អំពើហិង្សាដែលបណ្តាលឲ្យអ្នកដទៃរងរបួស។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវចំនួន ៣ខ្សែក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងមិនបង្រួមក្រសួង-ស្ថាប័នបញ្ជូលគ្នានោះទេ តែត្រូវពង្រឹងផ្ទៃក្នុង និងថែរក្សាអ្វីដែលមានស្រាប់។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋនៅតែយករូបមន្ត ឬម៉ូដែល «ពង្រឹងជាជាងពង្រីក» និងមិនយកតាមគំរូនៃការរៀបចំរចនាសម្ព័ន្ធប្រទេសឱ្យដូចប្រទេសដទៃទេ។
នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកនយោបាយប្រឆាំងនៅឯក្រៅប្រទេស ដែលធ្វើសកម្មភាពក្រោមឈ្មោះ «រដ្ឋាភិបាលឯករាជ្យ ២៣តុលា» បានអះអាងពីការចូលផ្តល់សក្ខីកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញពាក្យបណ្តឹងទាមទារឲ្យចាប់ខ្លួនមេដឹកនាំថៃ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ក្រុមមន្ត្រីរដ្ឋាភិបាល២៣តុលា បានលើកឡើងពីជោគជ័យ នៅក្នុងជំនួបជាមួយរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ មុននឹងរំពឹងថា ICC នឹងកោះហៅមេដឹកនាំថៃទៅសាកសួរ។ ក៏ប៉ុន្តែ អ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់គ្មានជំនឿ និងខ្លះទៀតមានជំនឿតិចតួចថា ICC នឹងមានចំណាត់ការលើមេដឹកនាំថៃ ក្រោយការស្តាប់សក្ខីកម្ម ដែលផ្តល់ដោយក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា។
ក្នុងសប្តាហ៍នេះ មហោស្រពភាពយន្តនិយាយភាសាបារាំងនៅក្រុងអង់ហ្គូឡែម ប្រទេសបារាំង បានឧទ្ទិសកិត្តិយសដល់ប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន។ ក្រៅពីចាក់បញ្ចាំងកុនខ្មែរ ចំនួន៩ ស្តីអំពីសម័យកាលផ្សេងៗគ្នា ក៏មានពិព័ណ៌រូបថតដ៏កម្រ ជាង៤០សន្លឹក ឆ្លុះបង្ហាញពីជីវភាពប្រជាជន និងភាពដ៏សម្បូរបែបរបស់កម្ពុជា នាសម័យសង្គមរាស្ត្រនិយម។ លើសពីនេះ មហោស្រពភាពយន្តនិយាយភាសាបារាំងលើកទី១៩ ក៏ជាស្ពានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហការក្នុងផ្នែកជាច្រើន រវាងក្រុង អង់ហ្គូឡែម និងខេត្តកំពង់ធំ ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម
ប្រទេសស៊ីរីត្រូវបានអាមេរិកសម្រេចដកចេញជាផ្លូវការពីបញ្ជីខ្មៅ បញ្ជី“ក្រុមប្រទេសគាំទ្រភេរវកម្ម”។ សេចក្តីសម្រេចជាផ្លូវការដែលក្រសួងការបរទេសអាមេរិកបានប្រកាស នៅថ្ងៃចន្ទ ទី ២៤ ខែសីហា ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយសម្រាប់បន្ធូរទណ្ឌកម្ម និងការបើកផ្លូវឲ្យសេដ្ឋកិច្ចស៊ីរីអាចភ្ជាប់ខ្លួនឡើងវិញជាមួយពិភពលោក។
ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UN) អះអាងថា សកម្មភាពអាទិភាពចំនួន ១៦ ក្នុងចំណោម ២២ សម្រាប់កែលម្អវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានអនុវត្តយ៉ាងពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យភាគីពាក់ព័ន្ធបន្តផ្តោតលើការពង្រឹងប្រព័ន្ធទិន្នន័យឥណទាន ការការពារអតិថិជន និងការប្រឹក្សាបំណុល ដើម្បីកាត់បន្ថយហានិភ័យបំណុលរបស់អ្នកខ្ចីប្រាក់នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃអង្គារទី ២៥សីហានេះ។ ស៊ឹម ចាន់សំណាង រាយការណ៍ព័ត៌មាននេះ៖
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅកាន់រុស្ស៊ីនាពេលដ៏ឆាប់ខាងមុខនេះ។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrew Rudenko ក្នុងជំនួបជាមួយ លោក ហ៊ុន សែន កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅវិមានព្រឹទ្ធសភា។ នេះបើតាមការថ្លែងរបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ឆ្នាំ២០២៦។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រី Winterton នឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយសន្តិវិធី អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេស នៅថ្ងៃអង្គារទី២៥ ខែសីហា។
រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលការចោទប្រកាន់ដែលថា អាវុធត្រូវបានដឹកចេញពីកម្ពុជា ចូលទៅក្នុងប្រទេសថៃ និងអះអាងថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់។ ប្រតិកម្មរបស់រដ្ឋបាលខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសអាវុធប្រភេទ AK-47 ចំនួន ២ដើម និងគ្រាប់កាំភ្លើងជាង ២៤ ០០០គ្រាប់ នៅខេត្តត្រាត កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ។