ព្រឹទ្ធសភាកម្ពុជាតាមរយៈអ្នកនាំពាក្យ បានសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ទាក់ទងនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុងឱកាសបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២នៅភ្នំពេញកាលពីពេលថ្មីៗនេះ។ នៅពេលនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុន សែនបានលើកឡើងពីសភាពការណ៍ពិតជុំវិញការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ចំពោះប្រធានព្រឹទ្ធសភាថៃ ការលើកឡើងរបស់ភាគីកម្ពុជាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន បានបញ្ជាក់ច្បាស់ៗថា គ្មានទេការកាត់បន្ថយចំនួនក្រសួងស្ថាប័នរដ្ឋ និងថាអ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះ គឺការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងស្ថានប័នរដ្ឋនីមួយៗ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមមួយចំនួន នៅតែមើលឃើញ ភាពចាំបាច់នៃការបង្រួមចំនួនក្រសួងស្ថាប័នរដ្ឋនាពេលអនាគត ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ។ ដំណាលគ្នានេះ អ្នកជំនាញខ្លះទៀត បានយល់ស្របតាមរដ្ឋាភិបាល ចំពោះការរក្សាចំនួនក្រសួងស្ថាប័នដូចសព្វថ្ងៃ ប៉ុន្តែត្រូវមានយន្តការសម្រិតសម្រាំងមន្ត្រីឲ្យធ្វើការចំ ជំនាញ និងបន្ថយចំនួនមន្ត្រី ដែលគ្មានភារកិច្ចច្បាស់លាស់ ព្រមទាំងបើកចំហ ទទួលយកការរិះគន់ចំពោះការផ្តល់សេវាសាធារណៈ និងអំពើពុករលួយ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ចេញរបាយការណ៍ដែលថា ផ្ទៃដី ជាង ៣៨ម៉ឺនហិកតា បានរងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែកចង្កោមរបស់ថៃ។ របាយការណ៍ស្តីពីផ្ទៃដី ដែលរងផលប៉ះពាល់ដោយសារគ្រាប់បែកថៃនេះ ត្រូវបានបង្ហាញដោយអគ្គនាយក CMAC លោក ហេង រតនា ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជានៅថ្ងៃចន្ទទី៣១ ខែសីហាឆ្នាំ២០២៦នេះ។
ទំហំខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់បានបង្ហាញរូបរាងកាន់តែច្បាស់។ ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះទឹកជំនន់មហាប្រល័យនៅនេប៉ាល់ និងចិនបានកើនឡើងដល់ជាង៩០០នាក់ ខណៈអ្នកបាត់ខ្លួន ដែលមានអ្នកទេសចរបរទេស បានកើនឡើងដល់ជាង ៤៧០០នាក់។ នៅនេប៉ាល់ អាជ្ញាធរចាប់ផ្តើមកប់សាកសព ជាបន្តអាសន្ន ដោយមិនរង់ចាំការកំណត់អត្តសញ្ញាណ និងការបិទបញ្ចប់ប្រតិបត្តិការជួយសង្រ្គោះ។ ឈាង បុប្ផាជូនព័ត៌មាននេះ៖
បន្ទាប់ពីស្ងប់ស្ងាត់ប្រមាណ១ខែ កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារទម្លាក់គ្រាប់បែក សាជាថ្មីទៀត ទៅលើអ៊ីរ៉ង់ ដោយសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្រនៅលើកោះឡារ៉ាក់ ( Larak) ដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់បាញ់ប្លោងមីស៊ីល នៅត្រង់ច្រកសមុទ្ទអកមូហ្ស។ ដោយសំអាងលើមូលហេតុការពារខ្លួន កងទ័ពអ៊ីរ៉ង់បានសងសឹក ដោយប្រើដ្រូននិងបាញ់ប្លោងមីស៊ីលជាច្រើនគ្រាប់ វាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសហ្សកដានី និង អេមីរ៉ាត់អារ៉ាប់រួម។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានផ្តល់ជំនួយឥតសំណងចំនួនជាង ១៣ម៉ឺនដុល្លារ ដល់ក្រសួងវប្បធម៌កម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធទិន្នន័យបេតិកភណ្ឌឌីជីថលថ្នាក់ជាតិ និងពង្រឹងសមត្ថភាពក្នុងការការពារ កត់ត្រា និងស្វែងរកសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ ឬត្រូវបាននាំចេញពីប្រទេសដោយខុសច្បាប់។ ក្រសួងវប្បធម៌កម្ពុជា ចាត់ទុកជំនួយរបស់អាមេរិកនេះថា ជាការគាំទ្រដ៏សំខាន់សម្រាប់ពង្រឹងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងវិស័យវប្បធម៌។
ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបបានបង្ហោះតេឡេស្កុបអវកាស ថ្មីដ៏ទំនើបអស្ចារ្យបំផុត ឈ្មោះថា Nancy Grace Roman ។ តេឡេស្កុបនេះ នឹងហោះទៅចម្ងាយ១លាន៥សែនគីឡូម៉ែត្រពីផែនដី ដើម្បីថតស្រង់យករូបភាពដ៏លម្អិតបំផុត នៃលំហចក្រវាលដ៏ធំធេង។ ក្រៅពីសិក្សានិងកំណត់ភពនានានៅក្រៅប្រព័ន្ធព្រះអាទិត្យយើង តេឡេស្កុបអវកាសនេះ នឹងស្រាវជ្រាវលម្អិត អំពីធាតុនិងថាមពលខ្មៅ ដែលស្ថិតនៅពាសពេញលំហចក្រវាល។
រលកកម្តៅខ្លាំងដែលបានវាយប្រហារអឺរ៉ុបក្នុងរដូវក្តៅឆ្នាំ ២០២៦នេះ បណ្តាលឲ្យមនុស្សស្លាប់លើសពីចំនួនធម្មតារហូតដល់ជាង ៣២.០០០នាក់ ពីចន្លោះពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែសីហា។ តួលេខនេះនៅមិនទាន់ជាចំនួនលេខចុងក្រោយទេ ខណៈប្រទេសជាច្រើនកំពុងបន្តប្រមូល និងវិភាគទិន្នន័យចំនួនមនុស្សស្លាប់ដោយកត្តាបួករួមនឹងអាកាសធាតុក្តៅខ្លាំង។
ថ្ងៃសៅរ៍ទី២៩សីហា ប្រជាជនអ៊ីស្លង់បានបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចថាចាប់ផ្តើមឡើងវិញ ឬមិនចាប់ផ្តើម នូវការចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុប។ លទ្ធផលនៅថ្ងៃអាទិត្យនេះបានបង្ហាញថា សំឡេងឆ្លើយថា “ទេ” បានឈ្នះលើសសំឡេងយល់ព្រម។ ការបដិសេធរបស់ប្រជាជនអ៊ីស្លង់ បានធ្វើឲ្យសហភាពអឺរ៉ុបខកចិត្តមិនតិចទេ ព្រោះអឺរ៉ុបសង្ឃឹមលើការពង្រីកសមាជិកថ្មីជាប្រទេសអ្នកមាន ដើម្បីពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួន។
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចដកហូតតំណែងរដ្ឋមន្រ្តីការពារជាតិ និងរៀបចំថ្នាក់ដឹកនាំយោធាជាច្រើនរូបឡើងវិញ។ រដ្ឋមន្ត្រីការពារជាតិលោក No Kwang Chol ត្រូវបានដកចេញពីតំណែង ហើយត្រូវបានបញ្ជូនទៅកាន់តួនាទីថ្មីក្នុងវិស័យផលិតអាវុធ។ ការផ្លាស់ប្តូរនេះត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី ៣០ ខែសីហា។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថាមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង និងបក្ខពួក២នាក់ផ្សេងទៀត ទទួលបានផលប្រយោជន៍ពីការលក់សន្លឹកទិដ្ឋាការប្រមាណ៣លានដុល្លារ ដោយសន្លឹកទិដ្ឋាការមួយផ្នែកបានលក់ទៅឱ្យក្រុមឆបោកអនឡាញ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព ACU បុគ្គលទាំង៣នាក់នេះ កំពុងរងបទចោទចំនួន៣ ហើយត្រូវប្រឈមនឹងការចោទប្រកាន់៣បទល្មើសផ្សេងទៀតនៅពេលខាងមុខ ខណៈអង្គភាពACU កំពុងសុំឱ្យអយ្យការ និងតុលាការបន្តចោទប្រកាន់បន្ថែមទៀត។ អ្នកវិភាគទទូចសុំឱ្យអង្គភាព ACU បន្តបើកការស៊ើបអង្កេតដល់ថ្នាក់លើរបស់ជនត្រូវចោទ ថូ សំណាង។
នាពេលថ្មីៗនេះកងទ័ពថៃ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលថាប្រទេសថៃបានប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្តាញឆបោកអនឡាញ ជាលេសដើម្បីកាន់កាប់តំបន់នានារបស់កម្ពុជាដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។
នៅទីបំផុតទៅ ភាគីថៃបានសម្រេចដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ នៅរសៀលថ្ងៃទី២៩ ខែសីហានេះ។ ជាការដោះលែងតាមដីការបស់តុលាការខេត្តត្រាត ប្រទេសថៃ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេលជាង៦ខែ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកាបរទេសកម្ពុជា។ គួររម្លឹកថា អ្នកនេសាទទាំង២នាក់នេះ ស្ថិតក្នុងចំណោមអ្នកនេសាទខ្មែរ៣នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចូលមកចាប់ខ្លួនក្នុងដែនទឹកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។
មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី វាយប្រហារទៅលើឃ្លាំងស្តុកគ្រាប់មួយនៅជិតរដ្ឋធានីកៀវ នាយប់ថ្ងៃទី ២៨ ឆ្លងចូលថ្ងៃទី ២៩ ខែសីហា។ ការវាយប្រហារនេះ បានបង្កជាអគ្គិភ័យយ៉ាងធំមួយ និងមានការផ្ទុះគ្រាប់ជាបន្តបន្ទាប់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ថា ទីតាំងដែលត្រូវបានវាយប្រហារ មានរក្សាទុកគ្រាប់រំសេវ ដ្រូន និងសារធាតុផ្ទុះដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន។
នៅនេប៉ាល់ ក្រុមសង្គ្រោះកំពុងស្វះស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារដោយទឹកជំនន់មហាប្រល័យនៅតំបន់ព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេទឹកដីចិនកាលពីថ្ងៃទី ២៦ ខែសីហា។ គិតត្រឹមថ្ងៃអាទិត្យ ទី ២៩ សីហានេះ ចំនួនមនុស្សស្លាប់កើនដល់ ៦៣៣នាក់ និងមនុស្សប្រមាណ ៣០០០នាក់ទៀតនៅបន្តបាត់ខ្លួន។ គ្រោះមហន្តរាយនេះ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់នេប៉ាល់។
រដ្ឋបាលលោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី២៨សីហា ថាខ្លួនបានចុះកិច្ចព្រមព្រៀងដ៏ធំមហិមាមួយ ជាមួយវ៉េណេស៊ុយអេឡា ដើម្បីធ្វើអាជីវកម្មប្រេងផ្តាច់មុខ ក្នុងទំហំដល់ទៅ ៦៥ពាន់លានធុងបារីល។ គម្រោងវិនិយោគនេះ មានតម្លៃទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ហើយដែលរដ្ឋវ៉េណាស៊ុយអេឡានឹងអាចទទួលបានចំណូលពន្ធ សរុបប្រមាណ២០៩ពាន់លានដុល្លារ។
កម្ពុជាបានលើកពីការព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ប្រាប់ទៅប្រធានសភាអន្តរជាតិ នៅក្នុងសន្និសីទដែលបានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្តីព្រួយបារម្ភរបស់កម្ពុជាដោយសារតែកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តធ្វើសកម្មភាព ក្នុងតំបន់ដែលយោធាថៃបាន និងកំពុងកាន់កាប់។ ក្នុងន័យនេះ កម្ពុជាចង់ប្រាប់ឲ្យប្រធានសភាអន្តរជាតិចាប់អារម្មណ៍រឿងនេះ។
រដ្ឋាភិបាលកម្ពុជាបានការពារការបន្តឃុំខ្លួនសកម្មជនបរិស្ថានចំនួន៥នាក់នៃចលនាមាតាធម្មជាតិ បើទោះជាក្រុមការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើការឃុំខ្លួនតាមទំនើងចិត្ត បានប្រកាសថា យុវជនទាំង៥ នាក់នោះត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងបានអំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់ក៏ដោយ។ នេះបើតាមសារព័ត៌មាន MONGABAY ដែលដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា មកចុះផ្សាយនាថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៦។
ក្រសួងទេសចរណ៍ និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានផ្តួចផ្តើមគំនិតរួមគ្នាមួយ ក្នុងការជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីឱ្យក្លាយជាផលិតផលទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅតែពីតំបន់ទេសចរណ៍តាមប្រាសាទ។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។ នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សាការងាររវាង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ WWF នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៦។
យោងតាមតួលេខពីអាជ្ញាធរ តូបអាជីវករនៅផ្សារនាគមាសសរុប២១១តូបបានឆាបឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីរសៀលថ្ងៃទី២៨ ខែសីហា ម្សិលមិញ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ដោយពុំមានហេតុផលអ្វីផ្សេងក្រៅពីនេះឡើយ។ ជាដំណោះស្រាយនៅចំពោះមុខ លោកស្រី ដោ សម្ផស្សបានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារត្រៀមរៀបចំសាងសង់តូប ឱ្យអាជីវកររងគ្រោះទាំងអស់លក់ដូរនៅលើទីតាំងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ជាបណ្តោះអាសន្នសិន រហូតដល់ទីតាំងចាស់ត្រូវបានបោសសម្អាត និងសាងសង់ថ្មីឡើងវិញ។
ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ រដ្ឋអំណាចចិនបានដកតំណែង ឧត្តមសេនីយយោធា ដែលជាអនុប្រធានគណៈកម្មាធិការមជ្ឈិមយោធា ដ៏មានឥទ្ធិពល និងជាមនុស្សជំនិតរបស់ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង។ ការសម្រេចបណ្តេញ ឧត្តមសេនីយផ្កាយមាស៣ ចេញពីតំណែងនៅពេលនេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេត កាលពីដើមឆ្នាំ។
នៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ កាលពីសប្តាហ៍កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃ ត្រឡប់មកចូលតុចរចា។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រទី២៨ ខែសីហានេះ បន្ទាប់ពីចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិរបស់កម្ពុជានាពេលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យការទូត ទេសចរណ៍ ពោលគឺជួយស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ជាប់ឈ្មោះមិនល្អនាកន្លងទៅ៕
អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំ និងបង្កើតកម្មវិធី ឈ្មោះ "Kapea Scams” ដើម្បីបង្ការទប់ស្កាត់ និងផ្ដល់កិច្ចការពារដល់សាធារណជនឲ្យរួចផុតពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦នេះថា កម្មវិធីនេះបង្កើតឡើងដើម្បីជួយការពារ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
គិតត្រឹមរសៀលថ្ងៃសុក្រទី២៨សីហា អាជ្ញាធរនេប៉ាល់បានរកឃើញសាកសពមនុស្សចំនួន ៥៣៨នាក់ ដែលស្លាប់ដោយគ្រោះទឹកជំនន់មហាប្រល័យ កាលពីព្រឹកថ្ងៃពុធ នៅតំបន់ជាប់ព្រំដែនជាមួយទីបេ។ នៅមានអ្នកបាត់ខ្លួនប្រមាណ១០០០នាក់ទៀត។ ក៏ប៉ុន្តែប្រតិបត្តិការសង្គ្រោះ ទាំងនៅចិននិងនៅនេប៉ាល់ ត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីមានការប្រកាសអាសន្ន ថាទឹកដ៏ច្រើនសន្ធឹកដែលស្ទះនៅខាងលើ អាចនឹងបាក់ ហូរធ្លាក់ចុះ បង្កជាទឹកជំនន់ម្តងទៀត។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលប្តេជ្ញាពង្រឹងការគោរពច្បាប់អន្តរជាតិ ការទូតសភា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របពេលកម្ពុជាបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ និងជំហររបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្នុងរាជធានីភ្នំពេញ៖
ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ចូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ច្រកថ្មដូន ខេត្តឧត្តរមានជ័យ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
អតីតមេទាហានស៊ែរប៊ីនៅបូស្នី លោករ៉ាតកូ ម្លាឌីកដែលជាប់ឈ្មោះជាមេឃាតករដៃឆៅប្រចាំបាល់កង់បានស្លាប់ហើយ កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ សីហានៅក្នុងពន្ធនាគារ ក្នុងទីក្រុងឡាអេ ក្នុងអាយុ៨៤ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិស៊ែរប៊ី។ លោករ៉ាតកូ ម្លាឌីក ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងបទចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍សម្លាប់មនុស្សនៅSrebrenica នៅឆ្នាំ១៩៩៥។
កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មថ្មី ដែលមានគោលដៅទាក់ទាញការវិនិយោគ បង្កើតការងារ និងជំរុញការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់។ ការលើកកម្ពស់ឱកាសវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងវិនិយោគិន អាជីវកម្មកសិចំណីអាហារ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា។
ដោយបន្តនយោបាយវាតទីនិយមនិងសួនតួនិយម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្តូរឈ្មោះ«បឹងអង់តារីយ៉ូ» របស់កាណាដា ប្រទេសក្បែរខាង មកជា «បឹងអាមេរិក»។ ក្រឹត្យប្រធានាធិបតីអាមេរិកចុះហត្ថលេខា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧សីហា ដោយតម្រូវឲ្យមានសុពលភាពអនុវត្តភ្លាមភ្លែតតែម្តង។ លោក ត្រាំ ធ្វើដូច្នេះ ក្រោយពីទាស់ទែងខ្វែងគំនិតគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា ក្នុងពេលចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ពង្រូល និងទន្សោងជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFI នៅថ្ងៃសុក្រ ទី២៨សីហា គឺ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសបារាំង។ លោកចៅហ្វាយខេត្ត នួន ផារ័ត្ន ទើបតែបានចុះហត្ថលេខាលើ «លិខិតបង្ហាញសុច្ឆន្ទៈនៃភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូឡែម (Angoulême) ខាងត្បូងឆៀងខាងលិចប្រទេសបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅទីក្រុងប៉ារីស អភិបាលខេត្តរូបនេះបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហការភាពជាដៃគូជាមួយក្រុងអង់ហ្គូឡែមរបស់បារាំងនឹងចូលរួមចំណែកក្នុងការពង្រីកទីផ្សារទេសចរណ៍ ពិសេសជនជាតិបារាំង និងជំរុញការអភិរក្សកេរមត៌កវប្បធម៌នៅក្នុងខេត្ត។ លោក នួន ផារ័ត្ន ក៏ប្តេជ្ញាចិត្តថា នឹងធ្វើឲ្យ កំពង់ធំ មានសក្តានុពលខ្លាំងខាងកសិកម្ម ហើយឈានទៅកសិឧស្សាហកម្ម។ តទៅនេះ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនិង លោក នួន ផារ័ត្ន៖