ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ប្រមុខការទូតសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បានសន្យាចាត់វិធានាការចំពោះកម្លាំងកងទ័ពកូរ៉េខាងជើង ដែលប្រកៀកស្មាជួយធ្វើសង្គ្រាមឈ្លានពានរុស្ស៊ី នៅអ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសដែលជិតផុតអាណត្តិរូបនេះ ពុំបានបញ្ជាក់ថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងត្រូវចាត់ការកូរ៉េខាងជើង ដោយរបៀបណានោះឡើយ។
កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។
នៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការកាត់ទោសជនជាតិចិន និងបក្សពួក ២រូបផ្សេងទៀតនៅក្នុងសំណុំរឿងលាយលុយកខ្វក់ចំនួន ៧៣លានដុល្លារអាមេរិក។ ក្នុងចំណោមជនល្មើសទាំង ៣នាក់មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ជាតិខ្មែរ។
កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នៅតាមដងទន្លេចតុមុខ គេឃើញចំណុះទូក ង ជាច្រើនបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនចូលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា។ ថ្លែងរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កីឡាករអុំទូកបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតយកជ័យជម្នះ តែមិនភ្លេចផ្តែផ្តាំដល់កីឡករអុំទូកដទៃទៀតឲ្យរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ។
ថ្ងៃពុធ ទី១៣វិច្ឆិកា កងទ័ពអូស្ត្រាលីនិងឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ដោយប្រើប្រាស់កងកម្លាំងទ័ពជើងទឹក ជើងគោក និងអាកាស ប្រមាណ ជាង ២ ០០០ នាក់។ ថ្នាក់ដឹកនាំអូស្ត្រាលី បញ្ជាក់ថា នេះជាសមយុទ្ធយោធាដ៏ធំបំផុត ដែលអូស្ត្រាលីមិនធ្លាប់ធ្វើនៅក្រៅព្រំដែនរបស់ខ្លួន។
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកានេះ មានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា និងឈ្មួញរកស៊ី យ៉ាងតិច៧ នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយសូប៉ាន់រត់ការដើម្បីឡើងតំណែងតាមរយៈលោក លី សាម៉េត ខណៈ លោក លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទឆបោក និងពីបទ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម»។ តើការបន្តចាប់មនុស្សពាក់ព័ន្ធលោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតអំពើពុករលួយក្នុងជួររដ្ឋាភិបាលថ្មី ឬយ៉ាងណា?
នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៅខេត្តក្វាងទុង ។
នៅលើពិភពលោកសព្វថ្ងៃនេះ កំណើនកម្តៅផែនដី បានជំរុញឲ្យមនុស្សរាប់លាននាក់ ត្រូវសម្រេចចិត្តភៀសខ្លួន ចាកចោលផ្ទះសម្បែង។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ មនុស្សមិនតិចជាង ២២០ លាននាក់នោះឡើយ ដែលត្រូវបង្ខំចិត្តភៀសខ្លួននិងផ្លាស់ទីធ្វើចំណាកស្រុក ព្រោះតែការប្រែប្រួលអាកាសធាតុ។ នេះបើតាម ឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួន ដែលឆ្លៀតឱកាសអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោក ត្រូវចូលរួមជ្រោមជ្រែងកាត់បន្ថយគ្រោះហានិភ័យអាកាសធាតុ។
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំណុំរឿងដែលបានបញ្ចូនទៅឪ្យតុលាការជំនុំជម្រះ គឺពាក់ព័ន្ធនឹងអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
រដ្ឋអំណាចក្រុងប៉េកាំង បានបង្ហាញសមត្ថភាពផលិតសព្វាវុធចិន ដែលកាន់តែទំនើបនិងខ្លាំងក្លា តាមរយៈមហាពិព័រណ៍យន្តហោះឆ្នាំ២០២៤ ដែលបានផ្តោតសារៈសំខាន់ទៅលើ យន្តហោះចម្បាំង និងដ្រូនវាយប្រហារ។ ក្នុងឱកាសនេះ រដ្ឋអំណាចក្រុងប៉េកាំង បង្ហាញយន្តហោះប្រដេញដ៏ទំនើបចុងក្រោយរបស់ខ្លួន ដែលអាចមានសមត្ថភាពស្មើនឹងយន្តហោះចម្បាំងប្រភេទ អែហ្វ-៣៥របស់សហរដ្ឋអាមេរិក។ ក្នុងថ្ងៃបើកសម្ពោធពិព័រណ៍នៅភាគខាងត្បូងប្រទេស, ចិនក៏បានអញ្ជើញសមភាគីរុស្ស៊ី ឲ្យបង្ហាញណែនាំយន្តហោះចម្បាំងជំនាន់ទី៥ដ៏ទំនើបរបស់រុស្ស៊ី ឲ្យហោះហើរបង្ហាញខ្លួននៅលើដែនអាកាសរបស់ចិន។
នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមដោយមាន ៧០ប្រទេសសមាជិកចូលរួម។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលបានផ្តោតសំខាន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ដែលប្រទេសអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់។ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានថ្កោលទោសលើអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។
នៅថ្ងៃទី១២ ខែវិច្ឆិកានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបញ្ជូនខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ទៅតុលាការក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លោក លី សាម៉េត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដែលស្និទនឹងរដ្ឋាភិបាលនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ ចំណាត់ការលើមន្ត្រីជាន់ខ្ពស់ខេត្តពោធិ៍សាត់ម្នាក់ថែមទៀតនេះបានធ្វើឲ្យចំនួនជនសង្ស័យក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លោក លី សាម៉េត កើនឡើងសរុបយ៉ាងតិច៦នាក់។
ព្យុះទីហ្វុងដ៏កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើប្រទេសហ្វីលីពីននៅថ្ងៃចន្ទ ទី១១ វិច្ឆិកានេះ។ ព្យុះតូរ៉ាជីបានបណ្តាលឲ្យផ្លូវថ្នល់ជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ដោយសារការបាក់ស្រុតដី មនុស្សជាច្រើនពាន់នាក់ត្រូវបានជម្លៀសទៅដាក់នៅទីទួល ហើយកំពង់ផែជាច្រើនត្រូវបានបិទទ្វារ។ គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះជាព្យុះទី៤ ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលមិនដល់មួយខែផង។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះអស់ជំនឿមានកាន់តែច្រើន និងបានដើរចេញជាបន្ដបន្ទាប់។ តាមលោកហ៊ុន ម៉ាណែត សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់បានដើរចេញពីបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។
ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ វិច្ឆិកា។ នៅក្នុងកិច្ចសន្ទនានេះលោកត្រាំ បានព្រមានលោកពូទីន ក្នុងសំណុំរឿងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែត Washinton Post។ តែក្នុងថ្ងៃចន្ទ ទី១១វិច្ឆិកានេះ រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រែមឡាំង លោកប៉េស្កូវ បានច្រានចោលភ្លាមៗលើព័ត៌មានរបស់ Washinton Post។
ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេសកម្ពុជា រដ្ឋាភិបាលអាណត្តិទី៧អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងពីសមិទ្ធផលរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ អាចជាការលើកសរសើរខ្លួនឯង និងទំនងជាការឆ្លើយតបនឹងការវិភាគរិះគន់មួយចំនួនដែលថា រដ្ឋាភិបាលកម្ពុជាពុំចេះធ្វើការ និងដើរតែសម្ពោធសមិទ្ធផលដដែលៗ។
កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 បើកធ្វើនៅក្រុងបាគូ ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១វិច្ឆិកានេះ រហូត ដល់២២វិច្ឆិកា ខាងមុខ។ ជំនួបកំពូលរៀបចំដោយអង្គការសហប្រជាជាតិ លើកនេះ ផ្តោតជាសំខាន់ដើម្បីកៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសរកមធ្យោបាយជួយប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុនៃកិច្ចប្រជុំពិភពលោកនេះ ត្រូវថមថយសន្ទុះជាខ្លាំង ព្រោះតែជ័យជម្នះជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ឡើងដឹកនាំសហរដ្ឋអាមេរិកនៅពេលដ៏ខ្លីខាងមុខ។
គ្រួសាររាជវង្សអង់គ្លេសកំពុងរងអង្រួនដោយរឿងអាស្រូវហិរញ្ញវត្ថុ? យោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Sunday Times ព្រះមហាក្សត្រអង់គ្លេស ឆាល ទី៣ និងព្រះរាជបុត្រស្នងរាជ្យ វីលៀម ទាំងពីរអង្គបានទទួលផលចំណេញពីការជួលដី ទីតាំងទៅឲ្យស្ថាប័នរដ្ឋ ដូចជា មន្ទីរពេទ្យ ឬពន្ធនាគារជាដើមដែលកំពុងជួបវិបត្តិថវិកា។ ការចុះផ្សាយរបស់កាសែតអង់គ្លេសមិនត្រឹមបើកកកាយឲ្យគេឃើញទ្រព្យសម្បត្តិមហាសាលរបស់រាជវង្ស ប៉ុន្តែ នៅបានសង្កត់ធ្ងន់ថា ស្ថាប័នរកប្រាក់ចំណូលឲ្យគ្រួសាររាជវង្សអង់គ្លេសទទួលអនុគ្រោះ លើកលែងពន្ធរដ្ឋ ក្នុងខណៈពេលដែលអង់គ្លេសកំពុងមានសេដ្ឋកិច្ចដើរអូសជើង។
ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប់ កាលពីអំឡុងខែមិថុនា បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្លឿននិតីវិធីតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញថា តុលាការនៅពុំទាន់ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ប៉ុន្តែ បែរជាកោះហៅគ្រួសារជនរងគ្រោះឲ្យចូលរួមនីតិវិធីត្រៀមទាញហេតុផល នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលភាគីគ្រួសារជនត្រូវចោទប្តឹងតវ៉ាឱ្យតុលាការលុបចោលការសម្រេចរឹបអូសទ្រព្យសម្បត្តិ។
ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?
រដ្ឋបាលដឹកនាំសហរដ្ឋអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវសន្តិភាព, បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែមិនមែនទាមទារដែនដីដែលបាត់ហើយ មកវិញនោះឡើយ។ នេះបើតាមប្រសាសន៍ទីប្រឹក្សាម្នាក់របស់លោក ដូណាល់ ត្រាំ ដែលបានថ្លែងប្រាប់បណ្តាញទូរទស្សន៍ BBC និងត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍។ ជំហរដូច្នោះ ផ្ទុយខុសខ្លាំងណាស់ ពីអ្វី ដែលថ្នាក់ដឹកនាំអ៊ុយក្រែន ធ្លាប់ទាមទារ។ ចំពោះអ៊ុយក្រែន, សន្តិភាពត្រូវភ្ជាប់ជាមួយយុត្តិធម៌។ ចំណែក វិមានក្រេមឡាំង របស់រុស្ស៊ី ថាជំហរអាមេរិកបែបនោះ ជាសញ្ញាវិជ្ជមានល្អណាស់។
ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”ការគាំទ្រពេញទី” របស់ក្រុងម៉ូស្គូ ដល់បណ្តាប្រទេសអាហ្វ្រិក ។ ពាក្យសន្យានេះ បន្លឺឡើង ក្នុងឱកាស សន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅបុរីSotchi ប៉ែកនិរតី ប្រទេសរុស្ស៊ី។
ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា ស្លឹករឹតឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ លោក ឡោត ឡឹង ដែលមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹតជាង ២០ ឆ្នាំ បានសម្រេចចិត្ត បើកបង្រៀនវិធីចារសំណេរស្លឹករឹតឡើងវិញ ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ៕
បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។
៩វិច្ឆិកា១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវាគម្រប់ខួប៣៥ឆ្នាំ នៃព្រឹត្តិការណ៍បាតុកម្មផ្តួលរំលំជញ្ជាំងក្រុងប៊ែរឡាំង។ កាលពីជាង៣ទសវត្សរ៍មុន ជញ្ជាំងនៅក្រុងប៊ែរឡាំងបានខណ្ឌបែងបែកអាល្លឺម៉ង់ជាពីរ។ ម្ខាងប្លុកលោកសេរី និងម្ខាងពួកកុម្មុយនិស្ត។ គ្រានេះ រដ្ឋាភិបាលអាល្លឺម៉ង់ រៀបចំពិធីផ្លូវការ និងព្រឹត្តិការណ៍សិល្បៈជាច្រើន នៅពីរថ្ងៃសៅរ៍-អាទិត្យ ដោយផ្តោតប្រធានបទសំខាន់ ទៅលើ«សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ» ដែលរដ្ឋាភិបាលក្រុងប៊ែរឡាំងយល់ថា វាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ ក្នុងបរិបទពិភពលោកសព្វថ្ងៃ។
លោកដូណាល់ ត្រាំឈ្នះឆ្នោត វិលត្រលប់មកកាន់អំណាចនៅអាមេរិកជាលើកទី២។ នេះជាសុបិនអាក្រក់ដែលកាណាដាត្រូវជួបក្នុងរយៈពេល៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់របស់លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យស្មើនឹងរលកជនអន្តោប្រវេសន៍បោកមកលើកាណាដា ដែលជាប្រទេសជិតខាងជាប់ព្រំដែនដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដាបាននិយាយថា ព្រំដែនអាមេរិក កាណាដាកំពុងស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់បំផុតនៅក្រោយ លោកដូណាល់ ត្រាំឈ្នះឆ្នោតនៅអាមេរិក។ កាណាដានឹងប្រឈមលំហូរជនអន្តោប្រវេសន៍ចេញពីទឹកដីអាមេរិក ព្រោះថា លោកដូណាល់ ត្រាំបានព្រមានហើយថា រដ្ឋបាលថ្មីរបស់លោកនឹងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្រង់ទ្រាយធំ។
កិច្ចព្រមព្រៀងផ្នែកសន្តិសុខសមុទ្ររវាងក្រុងប៉េកាំងនិងក្រុងហ្សាការតា ត្រូវចុះហត្ថលេខា នៅក្នុងដំណើរបំពេញទស្សនកិច្ច៣ថ្ងៃនៅស្រុកចិន របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។ ថ្នាក់ដឹកនាំរូបនេះ បានជ្រើសរើស ចិន ជាប្រទេសទី១ សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូង ក្នុងនាមជាប្រមុខរដ្ឋថ្មី របស់ឥណ្ឌូណេស៊ី។ ពីចំណែកខ្លួន ប្រធានាធិបតី ស៊ី ជីនពីង ទទួលស្វាគមសមភាគីឥណ្ឌូណេស៊ីដោយកក់ក្តៅ និងសន្យាពង្រឹងចំណងមេត្រីភាព ឲ្យកាន់តែកើនដល់កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុត បើទោះបីជាប្រទេសជាតិទាំងពីរ មានជំនាស់ទាមទារដែនទឹកដែនកោះ នឹងគ្នាក្តី។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជាថ្ងៃខួប៧១ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ អ្នកតាមដាននយោបាយ សុទ្ធតែបានអបអរថ្ងៃប្រវត្តិសាស្ត្រមួយនេះ និងបានកត់សំគាល់ពីការវិវត្តមួយចំនួនទាក់ទងនឹងឯករាជ្យភាពនេះ ពិសេសនៅខណៈពេលដែលមានការប្រទាញប្រទង់គ្នាខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចអាមេរិក និងចិន ។ នៅចំពោះមុខបញ្ហាប្រឈមនេះ តើកម្ពុជាគួររក្សាគោលជំហរបែបណាចំពោះនយោបាយការបរទេសរបស់ខ្លួន?
ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិកជាថ្មី ជាគ្រោះមហន្តរាយដល់បរិស្ថានអាកាសធាតុ។ ដ្បិតថា ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ ជាមនុស្សដែលមិនជឿថាមានវិបត្តិអាកាសធាតុ ឬផែនដីឡើងកម្តៅអ្វីទេ ទោះបីជាមានការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រគ្រប់មជ្ឈដ្ឋានក្តី។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ជាអ្នកគាំទ្រជំរុញឲ្យបូមចម្រាញ់ប្រេងឥន្ធនៈ។ ចំហេះប្រេងបង្ខូចបរិស្ថានជាខ្លាំង។ អាស្រ័យហេតុដូច្នេះ ការឡើងក្តាប់អំណាចជាថ្មីរបស់លោក ត្រាំ នឹងកែប្រែទស្សនវិស័យនយោបាយដឹកនាំរបស់មហាអំណាចអាមេរិកក្នុងផ្នែកបរិស្ថានអាកាសធាតុ កម្រិត ១៨០ ដឺក្រេ ហើយនិងថែមទាំងធ្វើឲ្យខូចខាតដល់ការខិតខំប្រឹងប្រែងរបស់ពិភពលោក នាពេលកន្លងទៅ ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
អឺរ៉ុបនៅតែមិនទាន់មានសព្វាវុធ និងកងទ័ពគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ។ នេះបើតាមវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាសន្តិសុខ ហៅកាត់ជាភាសាអង់គ្លេស IISS។ នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសុក្រទី ៨វិច្ឆិកា វិទ្យាស្ថានអង់គ្លេស IISS បញ្ជាក់ថា ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ អឺរ៉ុបបានបង្កើនថវិកាការពារជាតិច្រើនជាង កាលពី១០ឆ្នាំមុនមែន ប៉ុន្តែ អឺរ៉ុបនៅតែគ្មានគ្រប់គ្រាន់សព្វាវុធ និងកងទ័ពដើម្បីការពារខ្លួន។ វិទ្យាស្ថានIISS ចេញផ្សាយរបាយការណ៍បង្ហាញចំណុចខ្សោយរបស់វិស័យការពារជាតិអឺរ៉ុប នៅខណៈពេលដែលអឺរ៉ុបកំពុងបារម្ភថា លោកដូណាល់ ត្រាំដែលទើបឈ្នះឆ្នោតប្រធានាធិបតីអាមេរិក អាចដោះដៃ លែងខ្វល់ពីសន្តិសុខរបស់អឺរ៉ុប នៅចំពោះមុខរុស្ស៊ី ដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។