នៅហុងកុង ចៅក្រមតុលាការជាន់ខ្ពស់ បានសម្រេចសេចក្តីឲ្យអ្នកស្រឡាញ់ដូចគ្នា ២គូ ឈ្នះក្តីក្នុងសំណុំរឿងផ្ទេរមត៌ក និងករណីសិទ្ធិស្នើសុំលំនៅដ្ឋានរដ្ឋ។ សាលដីការបស់សាលាឧទ្ធរណ៍យ៉ាងដូច្នេះ បានបើកសិទ្ធិសេរីភាព ដល់អ្នកស្រឡាញ់ភេទដូចគ្នា បានមួយកម្រិតធំ។ ក្រុមអ្នកស្នេហាភេទដូចគ្នា និងអង្គការការពារសិទ្ធិមនុស្ស នៅហុងកុង បានអបអរនឹងជ័យជម្នះ ជាប្រវត្តិសាស្ត្រមួយនេះ។
នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា អាមេរិកនៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកព័ត៌មានរបស់ The Sunday Guardian មួយនេះថាជាព័ត៌មាន «មិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក»។ គួររម្លឹកថាកាលពីថ្ងៃទី១០ វិច្ឆិកា កាសែតឥណ្ឌា The Sunday Guardian បានចោទប្រកាន់រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនថាជាអ្នកនៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងពីការសម្រេចចិត្តបញ្ជូនមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមអង្កេតការណ៍បោះឆ្នោតនៅភូមាដែលគ្រោងរៀបចំធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមលោកហ៊ុន សែន ការបោះឆ្នោតនៅភូមាដែលរៀបចំដោយរបបសឹកនឹងត្រូវធ្វើឡើងដោយយកតាមលំនាំនៃការបោះឆ្នោតនៅកម្ពុជា។
ពីទីក្រុងវ៉ាស៊ីនតោន បណ្តាសមាជិកសភាអាមេរិក បានស្នើយោបល់ឲ្យរដ្ឋាភិបាលរបស់ខ្លួន គិតពិចារណាឡើងវិញ ពីទំនាក់ទំនងវិស័យហិរញ្ញវត្ថុជាមួយនឹងរដ្ឋបាលទីក្រុង ហុងកុង ជាពិសេសផ្នែកធនាគារ។ នេះក៏ព្រោះតែសមាជិកសភាអាមេរិក ចោទប្រកាន់ថា ហុងកុង កំពុងតែក្លាយជាកន្លែងលាងលុយកខ្វក់ និងជាជំរំឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជួយជ្រោមជ្រែងប្រទេសផ្សេងៗដែលជាសត្រូវរបស់អាមេរិក ឲ្យរួចគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ច។
កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Méthamphétamine) សរុបប្រមាណជាង ៥តោន នៅលើទូកនេសាទមួយ មកពីប្រទេសភូមា។ កងឆ្មាំសមុទ្រឥណ្ឌា បានចេញល្បាតនិងប្រទះឃើញទូកនេសាទនេះ ពីលើឧទ្ធម្ភាគចក្រ នៅសមុទ្រអង់ដាម៉ង់ (Andaman) ដែលនៅស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងភូមា។
នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិកឪ្យកម្ពុជា។ តាម ADB ប្រាក់កម្ចីក្នុងទំហំ ៥០លានដុល្លារនេះនឹងជួយឪ្យកម្ពុជាបង្កើនបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ពិសេសដើម្បីជួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។
ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់មួយនៅប្រទេសថៃ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ប្រមាណ ២០០លានអឺរ៉ូ មុនពេលរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា។
នៅភូមា ចាប់តាំងពីរបបសឹក ធ្វើរដ្ឋប្រហារដណ្តើមក្តាប់អំណាច នៅដើមឆ្នាំ២០២១មក មានក្រុមប្រដាប់អាវុធ ជនជាតិភាគតិច ជាច្រើនប្រភពនិងច្រើនប្រភេទ មិនតិចជាង ១០ ក្រុមនោះឡើយ ដែលបាននាំគ្នាងើបបះបោរប្រឆាំងរដ្ឋបាលទីក្រុងណៃពិដោរ។ ដើមសប្តាហ៍នេះ ចលនាក្រុមប្រដាប់អាវុធធំមួយ បានប្រកាសបោះដៃចង់ចរចា។
អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលក្នុងចំណោមមន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន ១២ទីតាំងដែលត្រូវបានត្រួតពិនិត្យ។ គ្លីនិកឯកជនទាំង៥ទីតាំងខាងលើត្រូវបានអាជ្ញាធរខេត្តបិទទ្វារទាំងស្រុង។ ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោយម្ចាស់គ្លីនីកឯកជនមួយឈ្មោះ សុង ហាក់ម៉ារីណាដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវបានចាក់ថ្នាំខុសបច្ចេកទេសកាលពីសប្តាហ៍មុនបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកសពទៅផ្លុងចោលនៅកម្ពោធព្រៃ។ តាមរយៈហេតុការណ៍នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនដំណឹងរំលឹកឲ្យអភិបាលខេត្ត-រាជធានី ពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានកត់សម្គាល់ថា ទីតាំងដែលបំរើសេវាសុខាភិបាលដោយគ្មានការអនុញ្ញាតមិនមានច្រើនទេ។ តែលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានពន្យល់បែបឧទាហរណ៍ថាតួលេខគ្លីនិកឯកជនខុសច្បាប់ ដែលនៅមានលើសលុប ឬមិនមាន ក៏ជាការទទួលស្គាល់ថាអាចជាការមើលរំលងក៏ថាបាន។ សូមស្តាប់ប្រសាសន៍លោកកុយ វ៉ាន់នី ដែលរៀបចំដោយ ញឹម សុផល៖
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌នៅកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះដោយលោកហ៊ុន សែនបានសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនបានបំភ្លេចគុណតម្លៃនៃសន្តិភាព និងមានអ្នកខ្លះទៀតបានទាមទារឱ្យមានការផ្លាស់ប្តូរតាមបែបមិនប្រជាធិបតេយ្យដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ តាមប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល កម្ពុជាឈឺចាប់គ្រប់គ្រាន់ និងមិនត្រូវការបង្កើតសង្គ្រាមទៀតទេ។
ប្រទេសរូម៉ានី ដែលមានព្រំដែនជាប់អ៊ុយក្រែន បានរៀបចំការបោះឆ្នោតប្រធានាធិបតី ជុំទី១ កាលពីថ្ងៃអាទិត្យ ទី២៤វិច្ឆិកា។ លទ្ធផលរាប់សន្លឹកឆ្នោត៩៩% បង្ហាញថា បេក្ខជនឯករាជ្យដែលមានទំនោរគាំទ្ររុស្ស៊ី និងចង់ឲ្យអឺរ៉ុបឈប់ជួយអ៊ុយក្រែន កំពុងតែឋិតនៅលំដាប់លេខរៀងឈានមុខគេ។
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ ង៉ូវហេងកំពត បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រមួយ។ សិប្បកម្មទឹកត្រីង៉ូវហេងកំពត ផលិតទឹកត្រីតាមបែបប្រពៃណីទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ជាពិសេសផ្ដោតលើសុវត្ថិភាពចំណីអាហារជាចំបង៕
នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័ព្យដែលជាបាឡុងទី១ បើរាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។ គួរជម្រាបថាជារឿយៗ ចិនតែងបានបញ្ជូនយន្តហោះចម្បាំង ដ្រូនវាយប្រហារ និងនាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងបាឡុងទៅឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីបន្តដាក់សម្ពាធលើកោះមួយនេះដែលចិនចាត់ទុកជាដែនដីខេត្តរបស់ខ្លួន។
សកម្មជនបរិស្ថានចំនួន៦នាក់ ត្រូវបានចាប់ខ្លួន កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែងក្រោមបទចោទបានចូលទៅក្នុងតំបន់ហាមឃាត់។ អ្នកឃ្លាំមើលសង្គម ចាត់ទុកការចោទប្រកាន់បែបនេះថាមិនសូវសមហេតុផលឡើយ និងបានចោទសួរទៅវិញថា ហេតុអ្វីបានជាបញ្ហាព្រៃឈើនៅតែជារឿងដ៏រសើបដែលសកម្មជនព្រៃឈើតែងតែប្រឈមមុខនឹងការចាប់ខ្លួន?
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យប្រទេសទាំងអស់ចូលរួមជាមួយកម្ពុជានៅក្នុងបេសកកម្មបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងនៅក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» នៅខេត្តសៀមរាប។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។
ក្រោយពីសង្ស័យរុស្ស៊ី នៅពេលនេះ ប្រទេសបស្ចិមលោក បានដាក់ក្តីសង្ស័យលើ ចិន វិញម្តង។ ឆ្មាំសមុទ្រស៊ុយអ៊ែត ដាណឺម៉ាក និងហ្វាំងឡង់ រួមគ្នាតាមដាននាវាចិនមួយគ្រឿង ដែលគេសង្ស័យថាអាចមានពាក់ព័ន្ធ នឹងការធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ។ ទោះជាយ៉ាងក៏ដោយចុះ ឆ្នាំសមុទ្រនិងតម្រួតនគរបាលអឺរ៉ុប ពុំអាចចាប់ឃាត់នាវាចិន១គ្រឿងនោះបានទេ នៅពេលនេះ ពីព្រោះវាចតនៅតំបន់ដែនទឹកសមុទ្រអន្តរជាតិ។
នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេសអាស៊ែបៃហ្សង់ បានអនុម័តបាននូវកិច្ចព្រមព្រៀងរួមមួយ ដោយប្រទេសឧស្សាហកម្មអ្នកមាន សន្យាប្រមូលថវិកាចំនួនយ៉ាងហោច ៣០០ពាន់លានដុល្លារ ដើម្បីជួបប្រទេសក្រីក្រកំពុងអភិវឌ្ឍក្នុងការទប់ទល់នឹងវិបត្តិអាកាសធាតុ។ ទោះជាយ៉ាងនេះក្តី មានប្រទេសជាច្រើន បានសំដែងការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងនេះ ដោយខ្លះលើកឡើងថាថវិកាទាបខ្លាំងពេក និងខ្លះទៀត បានរិះគន់ថាវាគ្មានខ្លឹមសារកំណត់ឲ្យខ្លាំងក្លា ឈានទៅបោះបង់ចោលការប្រើប្រាស់ថាមពលហ្វូស៊ីល។ ការសំដីរិះគន់ខ្លាំងៗក៏មានផងដែរ ទៅលើប្រទេសអាស៊ែបៃហ្សង់ ដែលជាអ្នកដឹកនាំរៀបចំសន្និសីទនេះ។
ព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ ខួបលើកទី១៥ ដែលត្រូវបានប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រមូលផ្តុំសិល្បករអ្នកថតរូបទាំងកម្ពុជា អាស៊ីនិងអឺរ៉ុប ចំនួន១០០នាក់ និងបានដាក់តាំងបង្ហាញស្នាដៃរូបថតចំនួន៧៥០សន្លឹក នៅតាមស្ថាប័នចំនួន២០កន្លែងផ្សេងៗ ទាំងនៅទីក្រុងភ្នំពេញ និងបន្តទៅខេត្តសៀមរាបនិងបាត់ដំបង។ អ្វីដែលគួរអោយគួរឱ្យកត់សំគាល់ គឺសន្ទុះនៃការចាប់អារម្មណ៍ទៅលើមហោស្រពរូបថតភ្នំពេញ ជាពិសេសលើវិស័យថតរូបកាន់តែមានច្រើនជាងមុន។
រដ្ឋាភិបាលអ៊ីស្រាអែល សម្រេចចិត្តជាឯកច្ឆន្ទ តែងតាំង បណ្ឌិត យេកគីអែល ឡៃធ័រ ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីស្រាអែល។ លោកទូតអ៊ីស្រាអែលថ្មីប្រចាំក្រុងវ៉ាស៊ីនតោន រូបនេះ ជាមនុស្សដ៏ជំនិតរបស់នាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ ហើយនិងជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ របស់លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងគ្នានេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ថ្មី ក៏បានសម្រេចដាក់មនុស្សនិយមគាំទ្រអ៊ីស្រាអែលយ៉ាងពេញទំហឹង ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល។
អ្នកស្រី នួន កុម្ភៈ បានជន្នះផ្នត់គំនិតដែលថា «ស្ត្រីមិនអាចធ្វើជាអ្នកដឹកនាំបាន ឬស្រ្តីវិលចង្ក្រានមិនជុំ» បានជំរុញឲ្យស្ត្រីមេម៉ាយរូបនេះ ក្លាយជាមេភូមិក្នុងវ័យ២៥ឆ្នាំ។ បន្ទាប់ពីមានការប្រកួតប្រជែងជាមួយបេក្ខជនជាបុរស៤រូបផ្សេងទៀត អ្នកស្រី នួន កុម្ភៈ បានទទួលសំឡេងគាំទ្រជាឯកឆន្ទ ដើម្បីក្លាយជាមេភូមិត្រពាំងរពៅ តាំងពីខែកញ្ញា ឆ្នាំ២០២៤ មកនេះ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការប្រតិតបត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនា ដែលស្ថិតក្រោមរដ្ឋអំណាចរបស់វៀតណាម។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក ហ៊ុន សែន និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃសុក្រទី២២វិច្ឆិកា និងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែបានដង្ហែអង្គឋិនទានដ៏ធំមួយទៅកាន់វត្តខ្មែរមួយចំនួនក្នុងទឹកដីកម្ពុជាក្រោម កាលពីខែដើមវិច្ឆិកានេះ។
ភ្ញៀវទេសចរបស្ចិមលោក យ៉ាងហោច ៦ នាក់ស្លាប់បាត់បង់ជីវិត ព្រោះតែពុលស្រា នៅក្នុងទីក្រុងទេសចរណ៍មួយរបស់ប្រទេសឡាវ។ ចំនួនអ្នកស្លាប់បានកើនឡើងនេះ គឺបន្ទាប់ពីយុវតីជនជាតិអូស្ត្រាលី ទី២ ទទួលមរណភាព នៅមន្ទីរពេទ្យក្រុងបាងកក។ ក្នុងចំណោមអ្នកស្លាប់នោះ ជាសរុប មានជនជាតិដាណឺម៉ាក់ ២ នាក់, អាមេរិកម្នាក់, អង់គ្លេសម្នាក់ ជាមេធាវីស្រី វ័យ២៨ឆ្នាំ ហើយនិងអូស្ត្រាលី ២ នាក់។
សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បានដើរមកដល់ថ្ងៃចុងក្រោយហើយ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គឺនៅតែគ្មានការស្រុះស្រួលគ្នាណាមួយទេ ស្តីពីកញ្ចប់ថវិកាដែលគេសន្យាថានឹងជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីទប់ទល់ជាមួយវិបត្តិអាកាសធាតុ។ ក្រុមសកម្មជន អង្គការបរិស្ថាន និងមន្ត្រីការទូតជាច្រើន បានបង្ហាញទុទិដ្ឋិនិយមថា សន្និសីទCOP29 ប្រហែលជាគ្មានលទ្ធផលទទួលកិច្ចព្រមព្រៀងមួយដែលគ្រប់ភាគីអាចទទួលយកបានទេ។
នៅប៉ាគីស្ថាន ខាងតំបន់ជាប់ព្រំដែនអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់យ៉ាងតិច ប្រមាណជា ៤០ នាក់។ នេះក៏ព្រោះតែការវាយប្រហារប្រដាប់អាវុធ រវាងក្រុមអ៊ីស្លាម និកាយស៊ីអ៊ីត និងស៊ូនីត។ ហេតុការណ៍ប៉ះទង្គិចបង្ហូរឈាមគ្នានេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ តែ ក្បួនហែសព បានបង្កជាក្តីខឹងសម្បារ និងបាតុកម្មជាហូរហែ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ទៀត។
ទំនាស់ឈ្លោះប្រកែកគ្នា កាន់តែមានខ្លាំងឡើង រវាងលោកប្រធានាធីបតីហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ារកូស និងលោកស្រីអនុប្រធានាធិបតី សារ៉ា ឌូទែរត៍។ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា គេបានបញ្ជាឲ្យកងរក្សាសន្តិសុខ ត្រូវបង្កើនការប្រុងប្រយ័ត្នយ៉ាងអាសន្នបំផុត ដើម្បីការពារអាយុជីវិតលោកប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ារកូស បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី បាននិយាយគំរាមយ៉ាងច្បាស់ៗ ឲ្យកងអង្គរក្សខ្លួនសម្លាប់លោកប្រធានាធិបតី។
អ៊ីរ៉ង់បានប្រកាសឲ្យដឹងថា គេនឹងដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមថ្មីទំនើប។ ការសម្រេចនេះ គឺជាការឆ្លើយតប ទៅនឹងការសម្រេចរបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ដែលបានរិះគន់ចោទប្រកាន់ថាអ៊ីរ៉ង់ មិនសហការនៅក្នុងបេសកកម្មត្រួតពិនិត្យតាមដានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ការរិះគន់ពីAIEA និងចម្លើយផ្គើនពីខាងអ៊ីរ៉ង់វិញនេះ គឺវាកំពុងសបញ្ជាក់ អំពីដំណើរទាល់ច្រក គ្មានដំណោះស្រាយ នៅក្នុងការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ទន្ទឹមគ្នានេះ មានការព្រួយបារម្ភកាន់តែធំ ថាក្នុងពេលអនាគតដ៏ខ្លី អ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរ។
គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី២១វិច្ឆិកា។ បើតាមReuters ប្រភពពាក់ព័ន្ធក្នុងគម្រោងផ្ទាល់បានទម្លាយឱ្យដឹងថា ទីក្រុងប៉េកាំងគ្មានភាពច្បាស់លាស់ និងមិនបានធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់លុយវិនិយោគដល់គម្រោងព្រែកជីកហ្វូណនជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។
ស្ថានការណ៍នៅក្នុងសង្រ្គាមអ៊ុយក្រែនកាន់តែធ្លាក់ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែលេចត្រដែតគួរឲ្យព្រួយបារម្ភ។ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីលអ៊ីពែសូនិក លឿនជាងសំឡេង១០ដង ទៅលើទីក្រុងនីប្រូ Dniproរបស់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងអ៊ុយក្រែនដែលប្រើមីស៊ីលរបស់អាមេរិក និងអង់គ្លេសចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី។ អូតង់វិញអះអាងថា មីស៊ីលបាលីស្ទិករបស់រុស្ស៊ីនឹងមិនធ្វើឲ្យអូតង់ប្តូរជំហរក្នុងការជួយអ៊ុយក្រែនដែលកំពុងត្រូវរុស្ស៊ីធ្វើសង្រ្គាមឈ្លានពាននោះទេ។ អង្គការសហប្រជាជាតិ និងប្រទេសចិនជាដើមបង្ហាញក្តីព្រួយបារម្ភខ្លាំង និងទាមទារឲ្យភាគីជម្លោះអត់ធ្មត់ និងដោះស្រាយភាពតានតឹងតាមរយៈការចរចា។
ជាថ្នូរនឹងការបញ្ជូនកម្លាំងទ័ពទៅជួយរុស្ស៊ី កូរ៉េខាងជើងបានទទួលពីរុស្ស៊ីវិញ នូវមីស៊ីលការពារផ្លូវអាកាសជាច្រើនគ្រាប់។ នេះបើផ្អែកតាមការអះអាង របស់លោករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី២២វិច្ឆិកា។ ជាងនេះទៀត បើផ្អែកតាមការផ្សាយរបស់បណ្តាញព័ត៌មាន BBC គឺគិតចាប់ពីខែមីនាមក រុស្ស៊ីបានផ្គត់ផ្គង់ប្រេងទៅឲ្យកូរ៉េខាងជើង ចំនួនជាង១លានធុងបារីល ដោយបំពាននឹងទណ្ឌកម្មអន្តរជាតិ។
ស្ថានការណ៍នៅក្នុងសង្រ្គាមអ៊ុយក្រែន កាន់តែពុះកញ្ជ្រោលពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពីប្រកាសចាត់វិធានការវាយបកនឹងការបើកភ្លើងខៀវរបស់អាមេរិកឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី ម៉ូស្គូទំនងបាញ់មីស៊ីលអន្តរទ្វីប នៅក្នុងការវាយប្រហារមីស៊ីលទៅលើអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ វិច្ឆិកា។ វិមានក្រេមឡាំងមិនឆ្លើយបញ្ជាក់ព័ត៌មានដែលកងទ័ពអ៊ុយក្រែនបានប្រកាសឲ្យដឹងនោះទេ។ ចំពោះថ្នាក់ដឹកនាំអឺរ៉ុប បើសិនជាការពិតមែន នោះរុស្ស៊ីកំពុងមានចេតនាធ្វើឲ្យសង្រ្គាមអ៊ុយក្រែនធ្លាក់ធ្ងន់ធ្ងរ រាលដាលកាន់តែធំទៅៗ។
តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកាតាមចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងលោកអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល យ៉ោវ ហ្កាឡន់ត៍ ដោយចោទពីបទឧក្រិដកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋាភិបាលអ៊ីស្រាអែល បានច្រានចោលភ្លាមនូវដីកានេះ ដោយចាត់ទុកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ លែងមានន័យអ្វីទៀតហើយ។ នៅក្នុងដីកាមួយដាច់ដោយឡែក តុលាការក្រុងឡាអេ ក៏បានប្រកាសតាមចាប់ខ្លួនមេក្លោធំម្នាក់ របស់ក្រុមហាម៉ាស ឈ្មោះ ម៉ូហាម៉េដ ឌីហ្វ ពីបទឧក្រិដ្ឋដូចគ្នា។