ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន បានឡើងដល់កំរិតកំពូល ក្រោយភេរវកម្មបាញ់ប្រហារទេសចរ នៅតំបន់កាស្មៀរ។ ក្រៅអំពីប្រកាសប្តេជ្ញាតាមប្រមាញ់ភេរវជន ឱ្យខាងតែបាន នៅថ្ងៃព្រហស្បតិ៍ទី២៤មេសានេះ ឥណ្ឌានិងប៉ាគីស្ថានចេញវិធានការក្តៅដាក់គ្នាទៅវិញទៅមក បណ្តេញមន្ត្រីទូត ផ្អាកការផ្តល់ទិដ្ឋាការ បិទព្រំដែនគោក ព្រំដែនអាកាស... នាយករដ្ឋមន្ត្រីឥណ្ឌាបានថែមទាំងប្រកាសផ្អាកសន្ធិសញ្ញាស្តីពីទន្លេIndus។ សម្រាប់ប៉ាគីស្ថាន ប៉ះពាល់ដល់សន្ធិសញ្ញាទឹក មានន័យថាជាការប្រកាសសង្គ្រាមហើយ។ តើសន្ធិសញ្ញាទឹកទន្លេIndus ជាអ្វី?
ដើម្បីពង្រឹងការគាំទ្របុព្វហេតុប៉ាឡេស្ទីន រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសផ្តាច់កិច្ចសន្យាទិញលក់គ្រឿងសព្វាវុធជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ ការសម្រេចចិត្តនេះ បានបង្កភាពមិនពេញចិត្តពីសំណាក់អ៊ីស្រាអែល ហើយនៅក្នុងជួររដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ព្រមទាំងបានបញ្ចេញប្រតិកម្មរិះគន់ជាខ្លាំង។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី២៧មីនា ដើម្បីជាថ្នូរនឹងសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលលោករ៉ុងឈុន ត្រូវបង់សងជំងឺចិត្តទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់ដើមបណ្តឹង។ ដីការបស់ចៅក្រម យី សុខវួច ដែលចេញតាំងពីថ្ងៃទី២៧មីនានោះ ទើបតែទៅដល់ដៃលោក រ៉ុង ឈុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យលោករ៉ុង ឈុនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងបទសម្ភាសន៍ជាមួយ ជួប នរក្សានៅថ្ងៃនេះ លោក រ៉ុង ឈុន និយាយថា ពេលនេះលោកមិនទាន់ឃើញវត្តមានអាជ្ញាធរចុះទៅរឹបអូសផ្ទះរបស់លោក តាមដីការបស់តុលាការនៅឡើយ។
កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ១០ នាក់ និងរបួសជាង ៧០ នាក់។ នេះបើតាមកងទ័ពជើងអាកាសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតថា រុស្ស៊ីបាញ់មីស៊ីលយ៉ាងហោច ៧០ គ្រាប់ និង ដ្រូន ១៤៥ គ្រឿង។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ីកើតឡើង នៅបន្ទាប់ពីចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ បានរិះគន់ថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន ក្នុងសំណុំរឿងដែនដីគ្រីមេ។ ចំពោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ជំហររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមិនព្រមទទួលស្គាល់ដែនដីគ្រីមេថាជារបស់រុស្ស៊ី នឹងធ្វើឲ្យរាំងស្ទះដល់ផែនការចុះកិច្ចព្រមព្រៀងសន្តិភាព។
នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។
គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់របស់កសិករនៅចំពោះមុខបញ្ហាប្រឈម ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទីព្រហស្បតិ៍ ទី២៤ មេសា អង្គការអាយឌីអ៊ីកម្ពុជា (IDE) ដែលធ្វើការលើផ្នែកអនាម័យ និងបញ្ចប់ភាពក្រីក្រនៅប្រទេសកម្ពុជា បានអះអាងថា ជំនួយរបស់ប្រទេសនូវែលសេឡង់នៅបានជួយគាំទ្រដល់អាជីវកម្មកសិកម្មចំនួនជាង ៣០០កន្លែងផ្សេងទៀត ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអនុវត្តកសិកម្មឆ្លាតវៃ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា?
របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC បានបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់ និងកំពុងរាលនៅទូទាំងពិភពលោក។ បើតាម UNODC ទោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតកិច្ចសហការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា ប៉ុន្តែស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះនៅតែកត់សម្គាល់ឃើញ ការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ទំហំឧស្សាហកម្មដែលបាន និងកំពុងជំរុញឱ្យមានការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប បណ្តាញលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬការលួចប្លន់យកទិន្នន័យជាដើម។
ក្នុងខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានទទូចជាថ្មី ឱ្យមានបទឈប់បាញ់ ទាំងស្រុង ភ្លាម និងដោយគ្មានលក្ខខណ្ឌ អនុប្រធានាធិបតីអាមេរិកលោក JD Vance បានអះអាង បែបដាក់ឱសានវាទ ថាអ៊ុយក្រែននិងរុស្ស៊ីចាំបាច់ត្រូវតែធ្វើសម្បទានទឹកដី ទើបរកសន្តិភាពឃើញ។ បើតាមអនុប្រធានាធិបតីរូបនេះ អាមេរិកបានលើកសំណើលម្អិតបង្ហាញក្រុងកៀវនិងម៉ូស្គូហើយ។ តើផែនការសន្តិភាពស្នើដោយអាមេរិកនេះមានខ្លឹមសារយ៉ាងណា?
រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) បំពេញទស្សនកិច្ចជាលើកទី១ នៅអ៊ីរ៉ាក់។ ចេញពីអ៊ីរ៉ាក់ ប្រមុខទូតបារាំងបន្តទៅអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត ដើម្បីបញ្ចុះបញ្ជូលផែនការសន្តិភាពនៅហ្កាហ្សា។ ពោលគឺរដ្ឋពីររស់នៅក្បែរគ្នា អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជាតិ ដើម្បីនៅក្រៅឃុំ។ សវនាការដែលចាយពេលអស់មួយព្រឹក នៅមិនទាន់មានការសម្រេចអ្វីឡើយ ដោយចៅក្រមអះអាងថា នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០មេសាខាងមុខ។ នៅចំពោះមុខនៃការទន្ទឹងរង់ចាំលទ្ធផលក្រុមគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្តីអស់សង្ឃឹមលើប្រព័ន្ធតុលាការ ដ្បិតថាការស្នើសុំនៅក្រៅឃុំកន្លងមកតែងតែបរាជ័យ។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ។ ក្រោមទិសស្លោក«ព្រះរាជាណាចក្រពីរ ក្នុងគោលដៅតែមួយ» អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមគ្នារវាងថៃ និងកម្ពុជា ដើម្បីស្រូបទាញទេសចរអន្តរជាតិឲ្យបានជាអតិបរមា។ តែខ្លះទៀតយល់ថា កម្ពុជាត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ និងមានសមត្ថភាពគ្រប់គ្រាន់។
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនទៅមុខទៀត បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះបញ្ហាខ្វះថវិកា ដោយសាររដ្ឋបាលលោក ដូណាល់ត្រាំ កាត់ផ្តាច់ជំនួយរបស់USAIDទៅកាន់បណ្តាប្រទេសនានា។ យុទ្ធនាការស្វែងរកជំនួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ និងជាអ្នកដែលបានសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរ នៅក្នុងវេទិកាតុមូលមួយ ជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ «ពីបទមិនរាងចាល» ក្នុងបទល្មើសមជ្ឈិម បន្ទាប់ពីមានការផ្តន្ទាទោសក្នុងបទល្មើសមួយផ្សេងទៀតដែលផ្តើមចេញពីការនិយាយរឿងព្រំដែនកម្ពុជាវៀតណាមកន្លងមក។នៅក្រោយសវនាការ លោក រ៉ុង ឈុន មានសុទិដ្ឋិនិយមថា តុលាការនឹងពិចារណាទម្លាក់បទចោទលើរូបលោកទាំងស្រុង ដើម្បីប្រយោជន៍ជាតិ។
រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះពន្ធសម្រាប់អគារដែលត្រូវបានសាងសង់ ចាប់ពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី ២៣មេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យម្ចាស់គម្រោងដែលមិនទាន់ទទួលបានការសម្រួលពន្ធ អាចទៅស្នើពាក្យសុំពីក្រុមការងារជំរុញវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងទៀត។
កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងការប្រយុទ្ធប្រឆាំងនឹងករណីឆបោកតាមអនឡាញ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលថៃ ធ្វើសន្និសីទកាសែតរួមគ្នា នៅក្រោយពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ ដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ នៅប្រទេសកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លើកយកពីក្តីកង្វល់ ជុំវិញការរំលោភបំពានឆ្លងដែនមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា។ សំណើរបស់ Human Rights Watch នាពេលនេះ ធ្វើឡើងចំពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងតែបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។
ស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បានធូរស្រាលមួយកម្រិត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបន្ធូរបន្ថយរនាំងពន្ធគយចំពោះទំនិញចិន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងព្រមចរចាចុះកិច្ចព្រមព្រៀង។ ចំណែក រដ្ឋអំណាចចិន វិញ ក៏បានប្រកាសបើកចំហទ្វារសម្រាប់ចរចា តែប៉េកាំងបានបដិសេធ មិនទទួលយកកិច្ចព្រមព្រៀងដែលបង្ខូចប្រយោជន៍ចិន នោះឡើយ។
នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការបរទេស អង់គ្លេសបាននិងកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលនៅក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច។ អមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលអង់គ្លេសបានចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ក្រោមការរចនារបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Foster + Partners។
នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិភពលោកខាងក្រៅ តាមរយៈការបណ្តេញជនបរទេសដែលនៅសេសសល់ចេញពីប្រទេសរបស់កម្ពុជា។ កាលពី៥០ឆ្នាំមុន លោក Roland Neveu គឺជាអ្នកថតរូបរបស់កាសែតបារាំងម្នាក់ ដែលស្ថិតនៅក្នុងចំណោមជនបរទេសចុងក្រោយគេ ដែលត្រូវបានគេជម្លៀសចេញពីស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃចុងក្រោយបង្អស់គឺ ថ្ងៃទី៨ ឧសភា ឆ្នាំ១៩៧៥។ ជាសាក្សីដ៏កម្រនៃសោកនាដកម្មមួយរបស់កម្ពុជា លោក Roland Neveu បានផ្តិតយករូបភាពជាច្រើនសន្លឹកដែលជានិមិត្តរូបជាប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
តុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចេញដីកាមួយ នៅថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០២៥ ដោយបង្គាប់ឲ្យទទួលយកបុគ្គលិករបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)ចូលធ្វើការវិញ។ សេចក្តីសម្រេចនេះ ធ្វើឡើង បន្ទាប់ពីចៅក្រមបើកសវនាការទៅលើបណ្តឹងរបស់អ្នកតំណាងវិទ្យុទាំងពីរនេះ ដែលបានតវ៉ាប្រឆាំងនឹងការផ្តាច់ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល(USAGM) ទៅតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមីនា។
កម្មវិធីស្បៀងអាហារពិភពលោក បានប្រកាសផ្តាច់ជំនួយឧបត្ថម្ភគម្រោងផ្គត់ផ្គង់អាហារូបត្ថម្ភ ក្នុងប្រទេស អេត្យូពី។ ការផ្តាច់ជំនួយរបស់ស្ថាប័នអង្គការសហប្រជាជាតិនេះ នឹងប៉ះពាល់ទៅដល់ស្ត្រីនិងកុមារ យ៉ាងតិច ៦៥០ ០០០ នាក់។
ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក?
កម្ពុជានៅតែបន្តនាំចេញសត្វស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិហៅកាត់ថា (CITES) បានណែនាំឲ្យផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបរទេសម៉ុងហ្គាបេ នៅថ្ងៃទី២១ មេសា ដោយបន្ថែមថា កម្ពុជាបានក្លាយជាអ្នកផ្គត់ផ្គង់សត្វស្វាកន្ទុយវែងដ៏ធំមួយសម្រាប់ស្រាវជ្រាវ និងពិសោធន៍វេជ្ជសាស្រ្ត បន្ទាប់ពីប្រទេសចិនបានបញ្ឈប់ការនាំចេញនៅឆ្នាំ២០២០។
ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មជាមួយចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ដំឡើងរនាំងពន្ធគយបន្ថែមទៀត ពីជាង ៣០% រហូតដល់ជាង ៣ ០០០% ចំពោះផ្ទាំងកញ្ចក់សូឡាស្រូបពន្លឺព្រះអាទិត្យ ដែលបានផលិតក្នុងប្រទេសអាស៊ីអាគ្នេយ៍ និងដែលនាំចូលទៅសហរដ្ឋអាមេរិក។ រដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ប្រើវិធានការនេះដើម្បីតាមដាក់សម្ពាធលើក្រុមហ៊ុនចិន។
អាមេរិកមានបំណងដំឡើងពន្ធគយលើផ្ទាំងសូឡារបស់កម្ពុជា ដែលនាំទៅអាមេរិកដល់ទៅជាង ៣៥០០ភាគរយ ខណៈផ្ទាំងសូឡានរបស់វៀតណាមនឹងអាចរងការដំឡើងពន្ធជាង៣៩៥ ភាគរយ ថៃ ជាង៣៧៥ ភាគរយ និងម៉ាឡេស៊ី ជាង៣៤ភាគរយ។ នេះបើសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទទី ២១មេសា។ គម្រោងចង់ដំឡើងពន្ធលើផ្ទាំងសូឡា នាំចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពី ការស៊ើបអង្កេតរយៈពេលមួយឆ្នាំបានរកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នៅអាស៊ីអាគ្នេយ៍ ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភធនពីរដ្ឋាភិបាល ដែលមានចិននៅពីក្រោយខ្នង។ ការណ៍នេះធ្វើឲ្យក្រុមហ៊ុនអាចលក់ផលិតផលរបស់ពួកគេទៅឲ្យសហរដ្ឋអាមេរិក ក្នុងតម្លៃដ៏ទាប រហូតធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកអាមេរិកពិបាកនឹងប្រកួតប្រជែង។ តើការដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកលើផ្ទាំងសូឡារបស់កម្ពុជាដែលនាំចូលទៅអាមេរិកនឹងជះផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតថ្លែងថា ខេត្តពោធិ៍សាត់បានដើរតួនាទីសំខាន់ក្នុងការថែរក្សា និងទប់ស្កាត់បទល្មើសធនធានធម្មជាតិផ្សេងៗ។ ដោយសារតែខេត្តពោធិ៍សាត់មានទីតាំងជាប់នឹងបឹងទន្លេសាប លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យពិនិត្យមើលយ៉ាងម៉ត់ចត់នូវសកម្មភាពនេសាទ ព្រោះថាអាចមានជនឆ្លៀតឱកាសបន្លំជាប្រជាសហគមន៍ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ។ សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនេសាទលៀសនៅបឹងទន្លេសាបធ្វើឡើងនៅក្រោមទិដ្ឋភាពមួយចំនួន ដូចជាការយកម៉ាស៊ីន និងទូកអូសលៀសក្នុងទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើជាចំណីសត្វដទៃទៀត រហូតធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស ហើយនៅពេលដែលខ្មែរដាច់ពូជលៀស ប្រទេសជិតខាងនឹងដឹកលៀសមកឱ្យខ្មែរហូប។ លោកបណ្ឌិត សុខ ទូច បន្តថាលៀស និងខ្ចៅជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ជាអ្នកធានាតុល្យភាពអេកូឡូស៊ី ព្រមទាំងបានចោទសួរថាការនេសាទបែបបំផ្លាញដូចនេះ តើវាអាចបន្តពូជ និងឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?
មេធាវីការពារក្តីរបស់លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិបានអះអាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា លោក និងកូនក្តីរបស់លោក នឹងចូលរួមក្នុងសវនាការនៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាដំបូងរាជធានីភ្នំពេញ។ នៅក្នុងសវនាការនៅថ្ងៃពុធស្អែកនេះ លោក រ៉ុង ឈុន ត្រូវបានចោទពីបទ មិនរាងចាល ក្នុងបទល្មើសមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមត្រូវបានលើកម្តងហើយ កាលពីខែមករា ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥។ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជានានាមើលឃើញផ្សេងៗគ្នាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាអាចនឹងមានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។ អ្វីជាការកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ មានបញ្ហាធំៗមួយចំនួនដែលប្រទេសជិតខាងទាំងពីរហាក់ពិបាកនិយាយចុះសម្រុងគ្នា ដូចជាបញ្ហាព្រំដែន បញ្ហាតំបន់ត្រួតស៊ីគ្នា ឬបញ្ហាវប្បធម៌។ តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ តើកម្ពុជាមានក្តីរំពឹងលើដំណោះស្រាយបញ្ហាចម្រូងចម្រាសជាមួយថៃបានកម្រិតណា?
កម្ពុជា និងចិនបានប្រារព្ធខួបលើកទី ១០ នៃព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដោយបានចាក់បញ្ចាំងខ្សែភាពយន្តចិនចំនួន ៥រឿងនៅលើវាលស្មៅក្នុងបរិវេណអង្គរវត្តកាលពីថ្ងៃទី ១៨ មេសា ឆ្នាំ២០២៥។ លោក Shen Haixiong អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការចិនបានដាក់ក្តីសង្ឃឹមនឹងមានការផ្លាស់ប្តូរភាពយន្តរវាងប្រទេសទាំងពីរថែមទៀតដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងវិស័យវប្បធម៌។ ដោយឡែក លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ មេសានេះថា ការចាក់បញ្ចាំងភាពយន្តចិននៅកម្ពុជាធ្វើឡើងក្នុងក្របខណ្ឌសហប្រតិបត្តការដែលមានការផ្លាស់ប្តូរគ្នាជារៀងរាល់ឆ្នាំ។ តាមលោកប៉ុក បូរក្ស ការផ្លាស់ប្តូរភាពយន្តនេះក៏នឹងអាចជួយដល់ផលិតករក្នុងការបង្ហាញស្នាដៃរបស់ខ្លួននៅលើឆាកអន្តរជាតិ ខណៈដែលទីផ្សារភាពយន្តនៅកម្ពុជាមានលក្ខណៈតូចចង្អៀតនៅឡើយ។
សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បានសោយទិវង្គតនៅព្រឹកថ្ងៃចន្ទ ទី២១មេសា ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។ នេះបើផ្អែកតាមលិខិតប្រកាសរបស់ បុរីវ៉ាទីកង់។ សុខភាពរបស់សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានចុះទ្រុឌទ្រោមជាខ្លាំង ជាច្រើនខែមកហើយ ដោយសារតែជម្ងឺសួតដ៏ធ្ងន់ធ្ងរ និងបន្ទាប់ពីព្រះអង្គបានទទួលការវះកាត់ព្យាបាល ជាច្រើនលើក។
នៅថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងរិះគន់អ្នកបញ្ចេញយោបល់តាមបណ្តាញសង្គមដែលថា កម្ពុជានឹងបានត្រឹមតែស្ពៃ បើចាប់យកចិន និងបានត្រឹមតែសាច់គោ បើចាប់យកអាមេរិក។ តែនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត លោក ហ៊ុន ម៉ាណែតបានអះអាងថា កម្ពុជាត្រូវការមហាអំណាចទាំងពីរដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ។ តាមលោកហ៊ុន ម៉ាណែត គ្មានភាគីណាមួយមកគំរាមកម្ពុជាឲ្យរើសយកអាមេរិក ឬចិននោះទេ។
កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតានៅថ្ងៃទី២១ ខែមេសា។ តាមលោកស្រី ម៉ាលី សុជាតា សមយុទ្ធនេះនឹងគ្របដណ្តប់លើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះថា ចិនបានគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក ពោលមិនមែនទើបតែប្រកាសគាំទ្រនៅពេលមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះទេ។ ការចេញមកបញ្ជាក់ជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ គឺបន្ទាប់ពី លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូបានធ្វើអត្ថាធិប្បាយថា ការដែលចិនប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនក្នុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី១៧ មេសា គឺដើម្បីទប់ទល់នឹងអាមេរិកដែលបានដំឡើងពន្ធលើទំនិញចិន។