របបកូរ៉េខាងជើង បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ស្តីពីស្ថានការណ៍នៅអ៊ីរ៉ង់ ដែលស្ថានីយ៍នុយក្លេអ៊ែរត្រូវបានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបាញ់ប្លោងគ្រាប់វាយកម្ទេច កាលពីចុងសប្តាហ៍កន្លងទៅ។ ស្ថានការណ៍នេះ បានញ៉ាំងការប្តេជ្ញាចិត្តរបស់របបដឹកនាំកូរ៉េខាងជើងឲ្យកាន់តែខ្លាំង ថានឹងបន្តកម្មវិធីផលិតសព្វាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន។
របាយការណ៍រោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia រកឃើញថា វិបត្តិរនាំងពន្ធគយជាកត្តាធំមួយដែលជំរុញឱ្យកម្ពុជារងផលប៉ះពាល់ខ្លាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ របាយការណ៍ស្ទង់មតិដែលចេញផ្សាយនៅថ្ងៃទី២៧មិថុនានេះបានបង្ហាញថា ១ភាគ២ នៃរោងចក្រចំនួន ៣១៥ បារម្ភពីដំណើរការផលិត។ ក្នុងនោះ ២៧ ភាគរយឱ្យដឹងថា អ្នកបញ្ជាទិញបានស្នើ ទម្លាក់តម្លៃផលិតផលសម្រេច។
គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃត្រូវបានបិទទាំងស្រុងនៅលើទីផ្សារកម្ពុជា។ អាជីវករទទួលការបោះដុំផលិតផលមកពីប្រទសថៃ ជាពិសេសនៅផ្សារនាគមាស និងផ្សារដើមគរគឺជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ អាជីវករបានត្អូញត្អែរចំពោះការខ្វះខាតទំនិញដូចជាបន្លែ និងផ្លែឈើសម្រាប់លក់ដូរជូនអតិថិជន។ ប៉ុន្តែអាជីវករដែលនាំចូលផលិតផលក្នុងស្រុក ឬមកពីប្រទេសផ្សេងទៀត ហាក់មានការពេញចិត្តព្រោះការលក់ដូររបស់ពួកគេកាន់តែដាច់ជាងមុន។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ជាពិសេសសំណុំរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្ត្រីថៃ។ ពីខេត្តព្រះវិហារ លោក ហ៊ុន សែន ថាការសម្រេចចិត្តបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ក៏ដោយសារតែនាយករដ្ឋមន្ត្រីថៃបានប្រមាថចំពោះលោកថាជាមនុស្សគ្មានវិជ្ជាជីវៈ។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របោះអុសទៅក្នុងភ្នក់ភ្លើង ដើម្បីបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងនយោបាយផ្ទៃក្នុងថៃ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីការវាយប្រហារសាយប័រ (អ៊ីនធឺនែត) និងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងកត់សម្គាល់ថា វេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាបានរងការវាយប្រហារសាយប័រកាន់តែច្រើនឡើងដែលទាមទារឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ពង្រឹងមុខងារសុវត្ថិភាពរបស់ខ្លួន។
ទីបំផុតទៅ មហាអំណាចអាមេរិក និងមហាយក្សចិន បានសម្រេចយល់ព្រមព្រៀងគ្នាវិញហើយក្រោយពីផ្ទុះសង្គ្រាមពាណិជ្ជកម្មជាច្រើនខែ និងបន្ទាប់ពីចរចាគ្នាច្រើនលើកច្រើនសា នៅហ្សឺណែវផង និងនៅទីក្រុងឡុងដ្រ៍ផង។ ប៉េកាំងយល់ព្រមឲ្យនាំចេញរ៉ែកម្រទៅអាមេរិក ហើយ វ៉ាស៊ីនតោន ក៏ត្រូវបន្ធូរបន្ថយរនាំងពន្ធគយ និងបើកទីផ្សារសម្រាប់ទំនិញចិនដែរ។
អំពើហិង្សា ការរើសអើងសាសនានិងជាតិសាសន៍ កំពុងតែធ្វើឲ្យប្រជាជនឥណ្ឌាអ្នកកាន់សាសនាអ៊ីស្លាម មានការព្រួយបារម្ភជាខ្លាំង។ ផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលឥណ្ឌា គឺអាជ្ញាធរឥណ្ឌាបានចាប់បញ្ជូនអ្នកកាន់សាសនាអ៊ីស្លាម ទៅកាន់ប្រទេសបង់ក្លាដេស ដោយចោទថាជាអន្តោប្រវេសន៍ខុសច្បាប់ បើទោះបីអ្នកខ្លះអះអាងថា គេកើតនៅឥណ្ឌា និងមានសញ្ជាតិឥណ្ឌាក៏ដោយ។ អាជ្ញាធរបង់ក្លាដែស ដែលមិនទទួលពួកគេ បានបណ្តេញមនុស្សទាំងនោះឲ្យត្រលប់មកឥណ្ឌាវិញ។ ការចាប់បញ្ជូនមនុស្សទៅកាន់ប្រទេសផ្សេង ដោយផ្អែកលើលក្ខខណ្ឌជាតិសាសន៍និងសាសនា និងដោយគ្មានការយល់ព្រមទទួលពីភាគីម្ខាងទៀត វាគឺជាអំពើខុសច្បាប់។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានរម្លឹកស្មារតីសមត្ថកិច្ចកម្ពុជាឱ្យពង្រឹងភារកិច្ចខ្លួនក្នុងការបង្រ្កាប កាត់ផ្តាច់ និងលុបបំបាត់ការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនគ្រប់តំបន់នៅទូទាំងប្រទេស។ ក្នុងសារលិខិតក្នុងទិវា២៦មិថុនានេះ លោក ហ៊ុន ម៉ាណែតបានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនពីគ្រប់ភាគីក្រសួងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
ពិភពលោកកំពុងតែជួបស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប។ នៅអាស៊ីឯណេះវិញ រដ្ឋអំណាចចិន បានទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ង់ និង រុស្ស៊ី ព្រមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ដូចជា ឥណ្ឌា និងប៉ាគីស្ថាន។ បន្ថែមលើបរិបទសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែល, ការបើកប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរៀបចំដោយប៉េកាំងនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពី អង្គការអូតង់ ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ និងបញ្ជាក់ជំហររួមបន្តគាំទ្រអ៊ុយក្រែន។
លោកហ្សេឡេនស្គី បានជួបជាមួយលោកដូណាល់ ត្រាំ កាលពីរសៀល ថ្ងៃពុធទី២៥មិថុនា នៅក្រៅក្របខណ្ឌនៃជំនួបកំពូលអូតង់ ដែលបានប្រព្រឹត្តធ្វើទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រធានាធិបតីទាំង២ ដែលធ្លាប់បានឈ្លោះប្រកែកគ្នាតឹងសរសៃកនៅឯសេតវិមានកាលពីខែកុម្ភៈនោះ បានអះអាងថាការនិយាយគ្នាលើកនេះ គឺមានលទ្ធផលល្អ ប្រកបដោយការស្ថាបនា។ លោកហ្សេឡេនស្គី បានឲ្យដឹងថា លោកបាននិយាយជាមួយលោកដូណាល់ ត្រាំ អំពីដំណើរការឈានទៅរកបទឈប់បាញ់ជាមួយរុស្ស៊ី និងលទ្ធភាពទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិក ដើម្បីយកមកការពារសន្តិសុខអ៊ុយក្រែន។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្ពោធរមណីយដ្ឋានទេសចរណ៍ដ៏ធំមហិមា នៅតំបន់មាត់ឆ្នេរ បូព៌ាប្រទេស។ នេះបើតាមបណ្តាញឃោសនារដ្ឋកូរ៉េខាងជើង ដោយបញ្ជាក់ទៀតថា ទីកន្លែងលំហែកម្សាន្តដ៏ទំនើបថ្មីនេះ អាចទទួលស្វាគមន៍ភ្ញៀវទេសចរ យ៉ាងតិច ២០ ០០០នាក់។
បុរសវ័យចំណាស់ ៦នាក់ដែលជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។
កាលពី៨០ឆ្នាំមុន នៅថ្ងៃទី២៦មិថុនា ប្រទេសចំនួន៥០បានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី២៦មិថុនានេះ អង្គការសហប្រជាជាតិត្រូវប្រារព្ធខួប៨០ឆ្នាំនៃធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើតអង្គការសហប្រជាជាតិជាផ្លូវការ ប៉ុន្តែ ការប្រារព្ធខួបកំណើត៨០ឆ្នាំប្រព្រឹត្តទៅ នៅក្នុងកាលៈទេសៈមួយដែលស្ថាប័នអន្តរជាតិកំពូលមួយនេះ កំពុងជួបវិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់សំឡេង ឥទ្ធិពលនៅក្នុងពិភពលោកមួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយមនុស្សធម៌ផ្ទុះឡើងសឹងនៅគ្រប់ទីកន្លែង។ មានអាយុ៨០ឆ្នាំ តើអង្គការសហប្រជាជាតិនឹងរស់រាន ឆ្លងរួចផុតពីវិបត្តិដ៏ធំលើកនេះឬ ក៏ត្រូវដួលរំលំដូចសង្គមប្រជាជាតិកាលពីឆ្នាំ១៩៤៦?
នៅប្រទេសហូឡង់ អង្គការសម្ព័ន្ធយោធាអូតង់ បិទបញ្ចប់កិច្ចប្រជុំកំពូល ២ថ្ងៃ ដោយជោគជ័យ។ ជោគជ័យ ដ្បិតថា ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ទាំង ៣២ ប្រទេស បានយល់ព្រមគ្នាចេញសេចក្តីថ្លែងការណ៍រួម ដោយសម្រេចដំឡើងកញ្ចប់ថវិកាការពារជាតិ ស្របតាមការទាមទាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រៅពីសំណុំរឿងដំឡើងថវិកាដ៏រស៊ើបនេះ អង្គការអូតង់ក៏បានប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែន និងចាត់ទុក រុស្ស៊ី ជាប្រភពគំរាមកំហែងសន្តិសុខ។
កម្ពុជាបានប្រគល់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន ៦នាក់បន្ថែមទៀត ទៅឱ្យភាគីវៀតណាម។ ការប្រគល់អដ្ឋិធាតុនេះធ្វើឡើងក្នុងពិធីមិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម រវាងតំណាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ធំ។ តាមកងទ័ពជើងគោក ការប្រគល់ត្រឡប់វិញនូវអដ្ឋិធាតុទាហានវៀតណាមនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងការជីករុករកជំហានទី២ ដំណាក់កាលទី២៤ នៃរដូវប្រាំងឆ្នាំ ២០២៤-២០២៥។
គណបក្សកម្លាំងជាតិ បានប្រកាសនៅថ្ងៃទី ២៥ ខែមិថុនា នេះថា សមាជិករបស់ខ្លួនគឺលោក សុខ សុន ត្រូវបានចាប់ខ្លួនដោយមិនដឹងមូលហេតុ ដោយអាជ្ញាធរមានសត្ថកិច្ចខេត្តសៀមរាបកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥។ មន្ត្រីសិទ្ធិមនុស្សថា ការចាប់ខ្លួនសកម្មជនបក្សជំទាស់ជាថ្មីនេះ នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា រងការរិះគន់ថាលម្ហនយោបាយសម្រាប់អ្នកជំទាស់នៅមានការរឹតត្បិត។
ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរ។ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា វិធានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានបង្កការរាំងស្ទៈខ្លាំងដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស ខណៈទេសចរបរទេសភាគច្រើនតែងនិយមធ្វើដំណើរមកប្រទេសថៃ រួចបន្តដំណើរតាមផ្លូវគោកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញយល់ថា ផលប៉ះពាល់អាចមានរយៈពេលខ្លី ខណៈភ្ញៀវទេសចរបរទេសអាចធ្វើដំណើរតាមផ្លូវអាកាសជំនួសវិញ។
រដ្ឋសភាវៀតណាម បានអនុម័តកែប្រែច្បាប់ព្រហ្មទណ្ឌ ដោយសម្រេចលុបចោលទោសប្រហារជីវិត ចំពោះបទល្មើសធ្ងន់ធ្ងរ ៨ ករណី ជាអាទិ៍ បទល្មើសចេតនាចង់ផ្តួលរំលំរដ្ឋអំណាច ឬបទល្មើសបំផ្លាញសន្តិភាព ជាដើម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម និង រដ្ឋមន្ត្រីសន្តិសុខសាធារណៈ បានពន្យល់និងបកស្រាយព្រមគ្នាថា ការធ្វើវិសោធនកម្មនេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ចំណែក កាសែតរដ្ឋវៀតណាម បញ្ជាក់ថា ដើម្បីកសាងទំនុកចិត្តក្នុងវិស័យវិនិយោគទុន។
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបានមកធ្វើ ឲ្យគេដាក់ការសង្ស័យកាន់តែខ្លាំង ចំពោះប្រសិទ្ធភាពជាក់ស្តែង នៃការវាយប្រហារទម្លាក់គ្រាប់បែក ដែលកងទ័ពអាមេរិកបានធ្វើទៅលើស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់។ លោកដូណាល់ ត្រាំ បានអួតអះអាងថាការវាយប្រហារដ៏អស្ចារ្យនេះ បានកម្ទេចឲ្យខ្ទេចខ្ទីទាំងស្រុង នូវសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែស្រាប់តែមានរបាយការណ៍សម្ងាត់មួយរបស់ចារកិច្ចអាមេរិក បែកធ្លាយជាសាធារណៈ ហើយដែលបណ្តាញព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ការវាយប្រហារនេះ បានត្រឹមតែបង្អាក់ដំណើរការកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ តែប៉ុន្មានខែតែប៉ុណ្ណោះ មិនបានកម្ទេចបានទាំងស្រុងនោះឡើយ។
អាហារ បន្លែផ្លែឈើ ដែលមានជាតិគីមី កំពុងក្លាយជាកង្វល់របស់មនុស្សទូទៅណាស់ រហូតខ្លះសម្រេចចិត្តមិនបរិភោគតែម្តង បើមិនដឹងប្រភពនៃបន្លែផ្លែឈើនោះច្បាស់លាស់។ ចុះបើអង្ករក៏មានជាតិគីមីដែរ តើយើងនឹងឈប់បរិភោគបាយឬយ៉ាងណា? បើតាមការសិក្សាទើបចេញថ្មី អង្ករក៏មានផ្ទុកជាតិគីមីដែរ នាពេលបច្ចុប្បន្ននេះ។ បើដូច្នេះមែន តើវាអាចបង្កហានិភ័យដល់សុខភាពយ៉ាងណា បើខ្មែរយើងបរិភោគបាយជារៀងរាល់ថ្ងៃនោះ?
នៅព្រឹកថ្ងៃពុធទី២៥មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្ថានភាពស្ងាត់ជ្រងំ បន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ដោយឯកតោភាគី នៅថ្ងៃទី២៤ ខែមិថុនា។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធនេះថា ពលរដ្ឋខ្មែរជាង ៦ពាន់៤រយនាក់បានចាកចេញពីទឹកដីថៃ ខណៈពលរដ្ឋថៃចំនួនជាង ១ពាន់៣រយនាក់បានចាកចេញពីទឹកដីកម្ពុជា ក្នុងថ្ងៃទី២៤មិថុនា។ បើតាម លោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលចង់វិលចូលស្រុកវិញ ក្នុងពេលកើតមានជម្លោះព្រំដែនកម្ពុជា-ថៃនាពេលនេះ។
ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមិថុនា ដោយជំរុញឲ្យកម្ពុជាពន្លឿនការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ឲ្យបានឆាប់បំផុត។ ការជំរុញនេះធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនាថា កម្ពុជាបានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងប្តឹងថៃទៅតុលាការ ICJ លើវិវាទព្រំដែនចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។ ការចាប់ផ្តើមរៀបចំឯកសារប្តឹងថៃនេះ គឺបន្ទាប់ពីកម្ពុជាបានដាក់លិខិតជូនដំណឹងទៅICJ កាលពីថ្ងៃទី១៥ ខែមិថុនា។
នៅប្រទេសស៊ីរី ថ្ងៃអង្គារ៍ ទី២៤មិថុនា ពួកអ៊ីស្លាមប្រដាប់អាវុធ ១ក្រុម បានចេញមុខប្រកាសទទួលស្គាល់អំពើភេរវកម្ម ក្នុងវិហារគ្រិស្តសាសនា ១កន្លែង នៅរដ្ឋធានីដាម៉ាស។ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត កើតឡើងនៅថ្ងៃអាទិត្យកន្លងទៅ ក្នុងឱកាសដែលក្រុមគ្រិស្តបរិស័ទជួបជុំសូត្រធម៌និងអានព្រះគម្ពីរ ហើយដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២៥នាក់ និងរបួស ៦៣នាក់។
អង្គការសម្ព័ន្ធយោធាអូតង់ បើកកិច្ចប្រជុំកំពូល ចំនួនពីរថ្ងៃ គឺថ្ងៃទី២៤-២៥មិថុនា នៅក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ៣២ ប្រទេស ចូលរួមកិច្ចប្រជុំដ៏តានតឹងនេះ ដែលត្រូវជជែកគ្នាដោយប្រុងប្រយ័ត្នអំពីសំណុំរឿងការពារជាតិរបស់រដ្ឋសមាជិក និង បញ្ហាសង្គ្រាមអ៊ុយក្រែន។ ចំណែក សហរដ្ឋអាមេរិក ក៏ជាសំណុំរឿងធំដែរ ព្រោះអាមេរិកដើរតួ ជាអ្នកការពារផង និងជាអ្នកគំរាមកំហែងផង។
ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ តែភាគីថៃអះអាងថា ខ្លូននឹងលើកលែងការចេញចូលច្រកព្រំដែនសម្រាប់អ្នកជំងឺ និងសិស្សសាលាតែប៉ុណ្ណោះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ការសម្រេចបិទច្រកព្រំដែនទាំងស្រុងនាពេលនេះបាននិងកំពុងទាញទម្លាក់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ឲ្យធ្លាក់ចុះ ខណៈស្ថានការណ៍ជម្លោះព្រំដែនកំពុងមានភាពក្តៅគគុក និងតានតឹងខ្លាំង។ តើហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះទៅនៅពេលនេះ?
តើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល នឹងត្រូវចប់ជាស្ថាពរនៅថ្ងៃទី២៤មិថុនានេះពិតមែនឬ? កាលពីវេលាយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ លោកដូណាល់ ត្រាំ បង្ហោះសារធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានអះអាងថា លោកបានស្នើបទឈប់បាញ់ជាស្ថាពរមួយ ទៅកាន់ភាគីជម្លោះទាំង២ អ៊ីរ៉ង់-អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាគេបានសុខចិត្តទទួលយកបទឈប់បាញ់នេះហើយ។ តែដោយឡែក អ៊ីរ៉ង់វិញមិនបានបញ្ជាក់ថាយល់ព្រមទទួល ឬមិនទទួល ឲ្យច្បាស់នោះទេ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានអកឲ្យលោក Somkid Chueakong ជំនួយការនាយករដ្ឋមន្រ្តីថៃ ប្តឹងលោក ហ៊ុន សែន ទៅកាន់តុលាការអន្តរជាតិករណីដែលថៃ មិនសុខចិត្តនឹងការបញ្ចេញសំឡេងសន្ទនារវាងប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ប្រតិកម្មរបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក Somkid Chueakong បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសន្តិសុខជាតិថៃ ដោយប្តឹងប្រធានព្រឹទ្ធសភាកម្ពុជា ពីបទគំរាមកំហែងដល់សន្តិសុខជាតិថៃ តាមរយៈការបញ្ចេញសំឡេងសន្ទនាជាឯកជនជាមួយនាយករដ្ឋមន្ត្រីថៃនាពេលថ្មីៗនេះ។
ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើវិវាទព្រំដែនចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។ ក្នុងសចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ចូនទៅ ICJ ត្រូវធ្វើការជាមួយមេធាវីអន្តរជាតិ និងបំពេញការងារមួយចំនួនទៀត ដូចជាធ្វើជាអ្នកតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការ ICJ រហូតដល់ការបញ្ចប់ក្តីក្តាំ។
ចាប់ពីថ្ងៃទី២៣មិថុនាតទៅ ភាគីថៃសម្រេច ជាឯកតោភាគី បិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា នៅក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ សេចក្តីថ្លែងការណ៍របស់កងទ័ពថៃ ឱ្យដឹងថា ចាប់ពីថ្ងៃជូនដំណឹងនេះ ទាហានថៃនឹងយាមកាមតឹងតែង ហាមមិនឱ្យមានការឆ្លងចេញ-ចូលទឹកដីថៃជាដាច់ខាត លើកលែងតែការធ្វើដំណើររបស់អ្នកជំងឺ សិស្សសាលា និងសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទទី២៣មិថុនា លោក អាបាស អារ៉ាកឈី ប្រមុខការទូតអ៊ីរ៉ង់ បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ ដើម្បីជួបជាមួយលោកពូទីន។ នៅក្នុងបរិបទដែលរបបដឹកនាំអ៊ីរ៉ង់កាន់តែចុះទន់ខ្សោយ ដោយរងការបាញ់ប្រហារជាបន្តបន្ទាប់ ពីអ៊ីស្រាអែលនិងពីអាមេរិក អ៊ីរ៉ង់កំពុងតែស្វះស្វែងរកការគាំទ្រពីខាងក្រៅ។ លោកប្រមុខការទូតអ៊ីរ៉ង់បានអះអាងថា ការទៅជួបពិភាក្សាយោបល់ជាមួយរុស្ស៊ី វាជារឿងមានសារៈសំខាន់ខ្លាំងណាស់។
ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេលកន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការដែលមិនព្រមរត់ចោលផ្ទះសម្បែងរបស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់ទម្លាក់«ដ្រូនស៊ើបការណ៍»របស់ភាគីថៃធ្លាក់អស់មួយចំនួន ដោយសារតែហោះរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួន នៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះដ្រូននាពេលកន្លងមក។