ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទេសខ្លួនមួយនេះ។ អ្នកវិភាគនយោបាយយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងមិនអាចជះឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ម្យ៉ាងវិញទៀត អ្នកវិភាគយល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ អាចជាការបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកលោកដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសកម្ពុជា។
ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។
កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតផ្តល់សេចក្តីយល់ព្រមលើសេចក្តីសម្រេចមួយដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវដំណោះស្រាយរដ្ឋពីរក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយគ្មានការជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវដំណោះស្រាយរដ្ឋពីរក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយគ្មានការជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស។ ការសម្រេចនេះជាការផ្តល់ភ្លើងខៀវឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលជាការប្រាថ្នាចង់បានរបស់ប្រទេសមួយចំនួននៅបស្ចិមលោក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត គិន ភា យល់ឃើញថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាយន្តការមួយនៃការរៀបចំសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ហើយក៏អាចជាមធ្យោបាយមួយដើម្បីបញ្ឈប់ការវាយបង្ហូរឈាមគ្នាក្នុងតំបន់មជ្ឈិមបូព៌ា៕
នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបាញ់ប្លោងដល់រដ្ឋធានីដូហារ លោក ដូណាល់ ត្រាំបានជួបមេដឹកនាំកាតា នៅថ្ងៃសុក្រ ទី១២ កញ្ញា ក្នុងពិធីទទួលទានអាហារពេលល្ងាច នៅទីក្រុងញូយ៉ក។ បើយោងតាមសារព័ត៌មាន Al Jazeera នៅមុនជំនួបជាមួយនឹងលោកដូណាល់ ត្រាំ ប្រមុខដឹកនាំកាតាក៏បានជួបអនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការប្រហាររបស់អ៊ីស្រាអែលចូលដល់ទឹកដីកាតា និងការរៀបចំសន្តិសុខអាមេរិក-កាតា។
តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកដល់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ ដើម្បីសម្លឹងមើលឱកាសវិនិយោគថ្មីៗ ក៏ដូចជាការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់របស់ស្ថានទូតបារាំងនៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៥។ ស្ថានទូតបារាំងបានឱ្យដឹងទៀតថា ក្រៅពីការវិនិយោគ កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ បានទទួលជំនួយហិរញ្ញប្បទានពីប្រទេសបារាំងដែលមានទឹកប្រាក់សរុបជាង១,៥ពាន់លានអឺរ៉ូ ឬប្រមាណជា ១,៧ពាន់លានដុល្លារអាមេរិក។ ជំនួយហិរញ្ញប្បទាននោះត្រូវបានចាត់ចែង និងចំណាយទៅលើវិស័យកសិកម្ម ថាមពល ទឹកស្អាត និងបម្រែបម្រួលអាកាសធាតុ។
ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថាគេនឹងស្នើកញ្ចប់ថវិកាពិសេស ចំនួនប្រមាណ២៨ពាន់លានអឺរ៉ូ ដើម្បីត្រៀមចំណាយក្នុងការពង្រឹងសមត្ថភាពការពារសន្តិសុខកោះតៃវ៉ាន់ ស្របពេលដែលចិនគំរាមឈ្លានពានកាន់តែខ្លាំង។ កញ្ចប់ថវិកាពិសេសនេះ គឺមិនរាប់បញ្ចូលនឹងកញ្ចប់ថវិកាចំណាយរបស់ក្រសួងការពារតៃវ៉ាន់ឡើយ។
នៅប៉ែកខាងកើតឥណ្ឌូណេស៊ី អាជ្ញាធរបានសម្រេចដកហូតផ្ទៃដីមួយចំណែក ដែលធ្លាប់ប្រគល់សិទ្ធិឲ្យក្រុមហ៊ុនបរទេស យកទៅគ្រប់គ្រងវិញ។ ការសម្រេចដូច្នេះ ធ្វើឡើងក្រោយពីមានផ្ទុះរឿងអាស្រូវកាប់បំផ្លាញព្រៃឈើ និងបញ្ហាបំពុលបរិស្ថានដោយសារតែសកម្មភាពចម្រាញ់រ៉ែនីកែល។ ឥណ្ឌូណេស៊ី ជាប្រទេសទី១លើពិភពលោក ដែលនាំចេញរ៉ែនីកែលយ៉ាងច្រើនជាងគេ ហើយទីផ្សារដ៏ធំនោះ គឺស្រុកចិន។
លទ្ធផលនៃកិច្ចប្រជុំពិសេសរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងបានបង្ហាញថា ភាគីទាំង២ បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពប្រក្រតីឡើងវិញ។ ក្នុងនោះ ភាគីទាំង២ ក៏បានពិនិត្យសំណូមពររបស់ជប៉ុនដែលចង់ឲ្យកម្ពុជា និងថៃបើកព្រំដែននៅច្រកខ្លះឡើងវិញសម្រាប់ដឹកជញ្ជូនទំនិញចាំបាច់។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានត្អូញត្អែរថា ការពន្យារពេលបើកព្រំដែនកម្ពុជា និងថៃក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះបានធ្វើឲ្យក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងវិនិយោគនៅកម្ពុជា តាមគោលនយោបាយ «ថៃបូក១» ជួបការលំបាកយ៉ាងខ្លាំង។ តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?
បុរសវ័យ ៣៩ឆ្នាំម្នាក់ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ាសម្រេចឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ ៣ខែ ក្នុងបទល្មើសឆបោកប្រាក់ប្រមាណ ៣៦.៩លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគហិរញ្ញវត្ថុឌីជីថលដែលយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់បោកប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បន្ថែមពីលើការជាប់ពន្ធនាគារ តុលាការរដ្ឋកាលីហ្វ័រញ៉ាក៏តម្រូវឱ្យឧក្រិដ្ឋជនបង់សំណងជម្ងឺចិត្តជាង ២៦លានដុល្លារអាមេរិកទៅឲ្យជនរងគ្រោះទាំងអស់។
នៅនេប៉ាល់ មនុស្សស្លាប់ យ៉ាងហោច ជាង ៥០ នាក់ ក្នុងបាតុកម្មហិង្សា។ ស្ថានភាពស្រុកទេស នៅមិនទាន់ស្ងប់ស្ងាត់នោះទេ។ អ្នកជាប់ទោស ជាង ១២ ៥០០ នាក់ នាំគ្នាហែកគុករត់។ ដើម្បីទប់ទល់សភាពការណ៍ចលាចល ប្រធានាធិបតីនេប៉ាល់ អាចនឹងតែងតាំងលោកស្រីអតីតប្រធានចៅក្រមតុលាការកំពូល ឲ្យដឹកនាំរដ្ឋាភិបាលអន្តរកាល ក៏ប៉ុន្តែ បេក្ខភាពលោកស្រីចៅក្រមរូបនេះ ពុំទាន់បានទទួលការគាំទ្រជាឯកច្ឆ័ន្ទ នៅឡើយ។
ថ្ងៃសុក្រ ទី ១២ ខែកញ្ញា នេះ ប្រទេស រុស្ស៊ី និង បេឡារុស បានចាប់ផ្តើមបើក សមយុទ្ធយោធារួមគ្នា ក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយ។ ប្រតិបត្តិការយោធាទ្វេភាគីនេះ នឹងប្រពឹត្តទៅ នៅក្នុងដែនដីនៃប្រទេសទាំងពីរ ព្រមទាំងនៅក្នុងផ្ទៃសមុទ្រ បាល់ទិក និង បារែន។ នេះ បើតាមសេចក្តីប្រកាសឲ្យដឹង ពីសំណាក់ក្រសួងការពារជាតិរុស្ស៊ី។
២ថ្ងៃបន្ទាប់ពីដ្រូនរុស្ស៊ី១៩គ្រឿង បានហោះបំពានចូលដល់បូឡូញ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ បានប្រមូលកម្លាំងគ្នា ដើម្បីបញ្ជាក់ថាគេមិនចាញ់ការសម្លុតរបស់រុស្ស៊ីជាដាច់ខាត។ អាល្លឺម៉ង់ បារាំង បានប្រកាសបញ្ជូនយន្តហោះចម្បាំង រីឯហូឡង់វិញ បានសន្យាប្រញេបប្រញាប់បញ្ជូនប្រព័ន្ធខែលមីស៊ីល២គ្រឿង ដើម្បីការពារដែនអាកាសប៉ូឡូញ។ ឆ្លើយតបទៅនឹងសំដីរបស់លោកដូណាល់ ត្រាំ ដែលថាដ្រូនរុស្ស៊ីហោះចូលប៉ូឡូញ ប្រហែលអាចមកពីកំហុសបច្ចេកទេសដោយអចេតនានោះ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បានបញ្ជាក់ច្បាស់ៗ បើដ្រូន១ឬ២ វាអាចមែន តែនេះ១៩គ្រឿង។ ប៉ូឡូញហ៊ានអះអាង ថានេះគឺជាការគំរាមសម្លុតយ៉ាងច្បាស់របស់រុស្ស៊ី។
ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើចង្ហាន់ រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។
មេដឹកនាំបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញសារស្វាគមន៍ចំពោះលទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ បណ្តាប្រទេសទាំងនោះបានលើកទឹកចិត្តឲ្យភាគីកម្ពុជា-ថៃបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់ការកសាងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ឡើងវិញ។
ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា មានផលិតផលខ្មែរជាង ១០០មុខបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ឆ្នាំនេះ។ តាមរយៈពិព័រណ៍លើកនេះ ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា សន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះផលិតផលក្នុងស្រុកមានការកើនឡើងដោយសារតែការពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាង។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា-វៀតណាមបានពិភាក្សាគ្នាលើការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបញ្ហាសន្តិសុខក្នុងតំបន់។ ក្នុងពេលមានជម្លោះព្រំដែនជាមួយថៃ កម្ពុជាក៏បានអរគុណវៀតណាមចំពោះការគាំទ្រដល់កិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាមក្នុងក្រុមសង្កេតការណ៍អន្តរកាលផងដែរ។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានយុវជននៅតាមបណ្តាប្រទេសអឺរ៉ុបអាយុ១៦ឆ្នាំ កាន់តែតិចទៅៗ ដែលសេពសុរានិងសេពសារធាតុញៀនផ្សេងៗ ដូចជាបារីនិងកញ្ឆាជាដើម។ នេះបើផ្អែកតាមលទ្ធផលនៃការអង្កេតស្រាវជ្រាវ ដែលអង្គភាពបារាំងឃ្លាំមើលការប្រើប្រាស់សារធាតុញៀន បានធ្វើកាលពីឆ្នាំ២០២៤ ហើយដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១១កញ្ញា។ ក្នុងចំណោមយុវជនតាមបណ្តាប្រទេសអឺរ៉ុប គឺយុវជនបារាំងដែលគេសង្កេតឃើញ ថាសេពគ្រឿងស្រវឹង ជក់បារីជក់កញ្ឆា មានចំនួនកាន់តែតិចទៅៗ។
អ្នកសារព័ត៌មានអន្តរជាតិ មកពីប្រទេសជាច្រើន រួមទាំងអង្គការអ្នកកាសែតគ្មានព្រំដែន បានស្នើសុំឲ្យរដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ យោគយល់ និងបន្ធូរបន្ថយលក្ខខណ្ឌរឹតត្បិតទិដ្ឋាការសម្រាប់អ្នកសារព័ត៌មានបរទេស។ ក្រុមអ្នកកាសែតអន្តរជាតិ ពន្យល់ថា ការរឹតត្បិត ទិដ្ឋាការនេះ នាំឲ្យប៉ះពាល់ដល់គុណភាពព័ត៌មាន និងបរិមាណសេចក្តីរាយការណ៍ព័ត៌មានប្រចាំថ្ងៃ ពីសហរដ្ឋអាមេរិក។
នៅប្រទេសបារាំង គណៈកម្មការសភាទទួលបន្ទុកស៊ើបអង្កេតករណីបណ្តាញសង្គមTikTok បានណែនាំឲ្យបិទខ្ទប់បណ្តាញសង្គមចំពោះក្មេងអាយុក្រោម ១៥ឆ្នាំ និងបានស្នើឲ្យដាក់បំរាមហាមឃាត់ក្មេងជំទង់ អាយុពី១៥ ទៅ១៨ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម នៅពេលយប់។ សេចក្តីណែនាំរបស់គណៈកម្មការសភាបារាំងនេះ បានធ្វើឡើង ដោយឈរទៅលើស្ថានភាពរងគ្រោះជាក់ស្តែង នៃឥទ្ធិពលអវិជ្ជមានពីបណ្តាញសង្គម ចំពោះសុខភាពស្មារតីរបស់កុមារនិងក្មេងជំទង់។ ក្មេងៗបារាំងមួយចំនួន ឈានដល់ធ្វើអត្តឃាត ទៀតផង ក្រោយពីងប់ងុលជ្រុលហួសនឹងបណ្តាញសង្គម។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទ្ទេសខ្លួនមួយនេះ។ តែក្រុមប្រឹក្សាជាតិតស៊ូនៅមិនទាន់បង្ហាញពីសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលក្រៅប្រទេសនេះនៅឡើយទេ តែគេគ្រោងបង្ហាញនៅថ្ងៃទី២៥ ខែតុលា បន្ទាប់ពីដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់កម្ពុជា ក្នុងការសម្រេចចិត្តកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ។ ភាពវិជ្ជមានគឺ ការដោះមីនរួមគ្នានឹងធ្វើឲ្យថៃលែងមានលេសចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់មីនតាមបន្ទាត់ព្រំដែន។ តែភាពអវិជ្ជមានគឺ ពួកគេបារម្ភថា ថៃនឹងងាយស្រួលចូលទន្ទ្រានទឹកដីកម្ពុជា ក្រោយការដោះមីនបានជោគជ័យ។
ក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងបិទទ្វារបាន២ថ្ងៃ អាជីវករលក់ម្ហូបអាហារនៅមុខព្រលានយន្តហោះត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលដែលពឹងអាស្រ័យលើអ្នករត់តាក់ស៊ី។ បច្ចុប្បន្ន អ្នករត់តាក់ស៊ីមួយភាគធំបានផ្លាស់ប្តូរទៅរកភ្ញៀវនៅព្រលានយន្តហោះថ្មីជំនួសវិញ។
ប្រទេសចិនបានអះអាងជាថ្មីម្តងទៀតពីការរីកចម្រើននៃទំនាក់ទំនងរវាងចិន និងកម្ពុជាដែលបានប្រែក្លាយទៅជាសហគមន៍វាសនារួមរវាងចិន-កម្ពុជា នៅគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ការវិវត្តន៍នេះត្រូវបានចិនចាត់ទុកថាជានិមិត្តរូបនៃទំនុកចិត្ត និងសាមគ្គីភាពរវាងប្រទេសទាំង២ និងបានបើកចក្ខុវិស័យនៃការអភិវឌ្ឍន៍កាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការលើកឡើងរបស់ប្រទេសមហាអំណាចចិននាពេលនេះ គឺនៅពេលចិនរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃជ័យជម្នះសង្គ្រាមរបស់ចិនប្រឆាំងនឹងជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧បានចេញរបាយការណ៍បឋមស្តីពីផលប៉ះពាល់ផ្នែកបរិស្ថានក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលបណ្តាលមកពីការប្រើសារធាតុគីមី និងផ្សែងពុលពីសំណាក់ទាហានថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅថ្ងៃទី១១កញ្ញានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC បានរកឃើញពីផលប៉ះពាល់ក្នុងកម្រិតទ្រង់ទ្រាយធំពុំធ្លាប់មាន ជាពិសេសផលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋខ្មែរ។ តាម លោក រស់ សុដ្ឋា ផ្សែងពុលដែលទាហានថៃបាញ់ស្រោចពីលើមេឃអំឡុងពេលមានសង្គ្រាមបានបណ្តាលឱ្យពលរដ្ឋខ្មែរជាច្រើននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ សត្វចិញ្ចឹមរបស់អ្នកភូមិស្លាប់ស្ទើរទាំងអស់ និងដំណាំក៏ត្រូវខូចខាត។ ទន្ទឹមនេះ ប្រភពទឹក ខ្យល់ និងដីក៏ត្រូវបានរបាយការណ៍នេះរកឃើញថាបានរងនូវការបំពុលផងដែរ។ តាមប្រធានអង្គការ CHRAC អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញនឹងបន្តចុះវាយតម្លៃពីកម្រិតផលប៉ះពាល់ម្តងទៀត ដើម្បីធ្វើជារបាយការណ៍ពេញលេញដាក់ជូនរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាតិ និងអគ្គលេខាធិការអាស៊ាន៕
នៅប្រទេសស្រីលង្កា រដ្ឋសភាបានអនុម័តច្បាប់ដកហូតសិទ្ធិស្នាក់នៅនិវេសនដ្ឋានសាធារណៈរបស់រដ្ឋ សម្រាប់អតីតប្រធានាធិបតី ហើយថែមទាំងដកហូតឯកសិទ្ធិពិសេសផ្សេងៗទៀត។ ជាប្រតិកម្មភ្លាមៗ អ្នកនយោបាយបក្សប្រឆាំងរិះគន់ថា ច្បាប់ថ្មីនេះជាវិធានការសងសឹករបស់រដ្ឋាភិបាលឆ្វេងនិយម និងថា ប្រធានាធិបតីបច្ចុប្បន្នកំពុងតែបោសសម្អាតអ្នកប្រឆាំងនឹងខ្លួន។
ក្រសួងទេសចរណ៍នាពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយឲ្យប្រតិបត្តិករទាំងអស់ពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីណែនាំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ហើយប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញជាដើម។ អ្នកជំនាញលើកឡើងថា រដូវភ្ជុំបិណ្ឌគឺជាពេលដែលមានកំណើនទេសចរណ៍ក្នុងស្រុក។ តែទន្ទឹមគ្នានោះ អ្នកជំនាញ លើកឡើងថា ប្រតិបត្តិករទេសចរណ៍គួរតែពង្រឹងបន្ថែមទៀតលើសេវាកម្មរបស់ខ្លួន ខណៈនៅមានចំណុចខ្វះខាតខ្លះនាពេលកន្លងមក៕
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា និងថៃបានបើកកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មការព្រំដែនទូទៅ (GBC) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃស្តីទី លោក Nattaphon Narphanit។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ GBC នេះ។ តែសំណើរបស់ជប៉ុនដែលស្នើឲ្យភាគីកម្ពុជា-ថៃបើកច្រកទំនិញតាមព្រំដែនត្រូវបានលោក បណ្ឌិត យង់ ពៅយល់ថា កម្ពុជាគួរតែមានការសិក្សាលម្អិតមួយ និងត្រូវមានលក្ខខណ្ឌជាមួយថៃឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថៃបើក-បិទច្រកព្រំដែនជាឯកតោភាគីតាមទំនើងចិត្ត៕
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងរដ្ឋមន្ត្រីការពារជាតិ លោកសេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) ជានាយករដ្ឋមន្ត្រីថ្មី ខណៈបាតុកម្មផ្ទុះឡើងសឹងពេញផ្ទៃប្រទេសបារាំង។ គណបក្សប្រឆាំងឆ្វេងនិយមជ្រុល បានប្រកាសថា នឹងដាក់ញត្តិ ជាថ្មី ទៅកាន់រដ្ឋសភា ដើម្បីរៀបចំបោះឆ្នោតមិនផ្តល់ទំនុកចិត្ត និងទម្លាក់នាយករដ្ឋមន្ត្រីថ្មី នេះទៀត។
នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាកែវ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការ អ្នកធ្វើដំណើរជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅមកពីសឹងគ្រប់ទិសទីបានចូលទស្សនា និងបានកើតសរសើរស្នាដៃដ៏ល្អឯកនៃសំណង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាលំដាប់ពិភពលោកដែលមានលក្ខណៈធំទូលាយថ្មីប្លែក និងគួរឲ្យទាក់ទាញ៕
សកម្មជននយោបាយនៃគណបក្សភ្លើងទៀន ១រូប និងគណបក្សឆន្ទៈខ្មែរ ១រូបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី៥ កញ្ញា ដោយមិនទាន់ដឹងមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅថ្ងៃអង្គារទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជននយោបាយទាំង ២រូបជាការបំភិតបំភ័យដល់សកម្មជននយោបាយផ្សេងទៀតរបស់គណបក្សនៅទូទាំងប្រទេស។
ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បានឲ្យដឹងថា ទាហានខ្មែរទាំង ១៨នាក់ ដែលយោធាថៃចាប់ខ្លួននោះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់។ ក្រោយយោធាថៃចាប់ខ្លួនចំនួន ៤៣ថ្ងៃ និងបើតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ទាហានខ្មែរទាំង ១៨នាក់បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាលើកទី១ តាមរយៈសារដែលផ្ញើតាមអង្គការមនុស្សធម៌ ICRC។
កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញានេះ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៥៤ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើឲ្យរដ្ឋាភិបាលលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអាចឈានដល់ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ។ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរថាជាការរំលោភលើបទដ្ឋានអន្តរជាតិ និងថា ច្បាប់នេះពុំមានភាពចាំបាច់ទេ។
កាលពីរសៀលថ្ងៃអង្គារទី៩កញ្ញា សំឡេងផ្ទុះបានលាន់ឮ នៅទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា បានអះអាងថា គឺកងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ បាញ់ប្លោងគ្រាប់ សំដៅចង់សម្លាប់មេក្រុមហាម៉ាស ដែលស្នាក់នៅទីក្រុងដូហា។ កាតាបានបរិហារ ចាត់ទុកការវាយប្រហារនេះ ថាជាអំពើដ៏កំសាកនិងថោកទាបបំផុតរបស់អ៊ីស្រាអែល។