តុលា ជាខែដែលពិភពលោកឧទ្ទិសដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ដូចជារៀងរាល់ឆ្នាំ ពេញមួយខែតុលានេះ អាជ្ញាធរសុខាភិបាលនានាបានរៀបចំកម្មវិធីផ្សេងៗជាច្រើនដើម្បីបញ្ចៀបពលរដ្ឋឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការធ្វើតេស្តេវែករក ជំងឺមហារីកសុដន់ ដែលបើគេឆាប់ដឹង ឆាប់បានទទួលការព្យាបាល នោះសំណាងបានជាសះស្បើយពីជំងឺក៏ខ្ពស់ខ្លាំង។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ មានចំណោទសួរថាតើហេតុអ្វីបានជាមានស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗកើតជំងឺមហារីកសុដន់?
ជ័យលាភីរង្វាន់ណូបែលគីមីវិទ្យាឆ្នាំ២០២៥ ត្រូវបានទៅគីមីវិទូបីរូប ដែលរកឃើញរចនាសម្ព័ន្ធលោហៈសរីរាង្គថ្មី មានសមត្ថភាពអាចចាប់ឧស្ម័នពុល ស្រូបយកចំណាយទឹកពីខ្យល់ក្នុងវាលខ្សាច់ ... អ្នកស្រាវជ្រាវទាំងបី ម្នាក់មានសញ្ជាតិជប៉ុន ម្នាក់កើតនៅអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិកដើមកំណើតហ្សកដានី៕
លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែងរម្លឹកជាថ្មី ដោយក្តីសប្បាយរីករាយចំពោះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលប្រទេសទាំង ២ បានសម្រេចចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅ។ ទស្សនកិច្ច ២ថ្ងៃ របស់មេដឹកនាំអង់គ្លេសនៅឥណ្ឌានេះ ផ្តោតជាសំខាន់លើការផ្តល់សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់ផ្លូវបំបែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅ អាស៊ាន។ ក្តីបារម្ភនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងនៅក្នុងវេទិកាភ្នំពេញលើកទី៤ ស្តីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន» ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃពុធ ទី៨ តុលានេះ។ អ្វីដែលក្រុមអ្នកជំនាញបារម្ភ គឺខ្លាចតែបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដែលអាចអូសបន្លាយធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាលែងចំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
រដ្ឋាភិបាលដាណឺម៉ាកនឹងដាក់ច្បាប់ ហាមឃាត់ក្មេងក្រោមអាយុ១៥ឆ្នាំ មិនឱ្យលេងបណ្តាញសង្គម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាកនៅថ្ងៃទី៧ តុលា នៅចំពោះមុខអង្គសភា។
កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគម្រប់ ៧៣ ឆ្នាំ មិនលាក់លាមអំពី មហិច្ឆតាចង់បន្តមានជីវិតរស់ រហូតដល់អាយុលើសពី ១០០ ឆ្នាំ។ ជាក់ស្តែង លោក ពូទីន បានបំផុសបំផុល និង លើកទឹកចិត្ត តាមរយៈការឧបត្ថម្ភថវិកាដល់ គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រនានា ក្នុងប្រទេស ដែលឆ្ពោះទៅប្រយុទ្ធទល់ នឹងដំណើរចាស់ជរា។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរម្លឹកឡើងវិញពីការបែងចែកតួនាទី និងសិទ្ធិអំណាចរបស់អភិបាលខណ្ឌ ស្រុកក្នុងការចាត់ចែង និងដោះស្រាយរាល់បញ្ហាប្រឈមស្ថិតក្នុងដែនដីដែលខ្លួនគ្រប់គ្រង។ ការរម្លឹកដូចនេះដោយលោក ស សុខាសង្កេតឃើញថា អភិបាលខណ្ឌ ស្រុកមួយចំនួនមិនស្គាល់ពីតួនាទី សិទ្ធិអំណាចខ្លួនឯង ដោយរង់ចាំតែការសម្រេចពីថ្នាក់លើ។ លោក ស សុខា ចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនដោយស្វ័យភាព និងដោយមិនចាំបាច់សុំអនុសាសន៍ ឬឆ្លងយោបល់ថ្នាក់លើ។ អ្វីទៅជាហេតុផល និងឧបសគ្គដែលធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?
នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្លាក់គ្រាប់ពីសំណាក់របបសឹក។ រឿងរ៉ាវនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ទី៦ តុលា តែរដ្ឋាភិបាលក្រុងណៃពិដោរ មិនបានចេញមុខនិយាយពន្យល់បកស្រាយអ្វីទាំងអស់ចំពោះហេតុការណ៍សោកនាកម្មមួយនេះ។
នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បានត្រូវតុលាការកាត់ទោសព្រហ្មទណ្ឌ ដែលស្ថានទម្ងន់ទោសក្នុងកម្រិតផ្សេងៗគ្នា។ អ្នកទោសខ្លះត្រូវជាប់ក្នុងពន្ធនាគារជាង ៤ ឆ្នាំ។ សំណុំរឿងនេះពាក់ព័ន្ធនឹងបាតុកម្មទាមទារទម្លាក់រដ្ឋាភិបាលថៃ កាលពីឆ្នាំ ២០១០។
គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក់ដែលបានរកឃើញឥទ្ធិពលនៃរូងកង់ទិក ម៉ាក្រូស្កូពី និងការកម្រិតថាមពលនៅក្នុងចរន្តអគ្គិសនី។ អ្នកស្រាវជ្រាវទាំង ៣នាក់ គឺលោក John M. Martinis ជនជាតិអាមេរិក Michel H. Devoret ជនជាតិបារាំង និងលោក John Clarke ជាជនជាតិអង់គ្លេស។
បារាំងបានធ្លាក់ផុងក្នុងវិបត្តិនយោបាយ គួរឲ្យព្រួយបារម្ភបំផុត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះតំណែង កាលពីថ្ងៃចន្ទទី៦តុលា ប្រមាណតែ១៤ម៉ោងក្រោយប្រកាសសមាសភាពរដ្ឋាភិបាលថ្មី។ ការលាចុះពីតំណែង ព្រោះតែមានបក្សនយោបាយមិនពេញចិត្តនឹងសមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាមដាក់ញត្តិសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត។ សម្រាប់ពេលនេះ បារាំង មហាអំណាចសេដ្ឋកិច្ចទី២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល ស្របពេលដែលបរិបទសេដ្ឋកិច្ច និងសង្គ្រាមនៅអ៊ុយក្រែនផង កំពុងតែរួមរឹតយ៉ាងខ្លាំង។
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៧ ខែតុលានេះថា កម្ពុជាមិនធ្វើតាមការចង់បានរបស់ថៃ និងថា ស្ថានការណ៍ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។
តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ តុលានេះ មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា ឧត្តមនាវីឯក សំ សុខា លើកឡើងថា ការចូលចតរបស់នាវាចម្បាំងចិន និងអូស្ត្រាលីជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក និងរឹតចំណងសាមគ្គីភាពរវាងប្រទេស និងប្រទេស។ តែលោក សំ សុខា មិនភ្លេចបញ្ជាក់ថា ការដែលនាវាចម្បាំងចិន និងអូស្រា្តលីមិនអាចចូលចតនៅកំពង់ផែរាម ដោយសារតែកំពង់ផែរាមមានជម្រៅទឹករាក់។ សូមស្តាប់បទសម្ភាសជាមួយឧត្តម នាវីឯក សំ សុខា ដែលជាការរៀបចំដោយ ហ៊ុល រស្មី។
ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?
អង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នសម្តែងក្តីបារម្ភពីការវិលចូលស្រុកយ៉ាងក្រាស់ក្រែលរបស់ពលករចំណាកស្រុក ដែលទៅធ្វើការនៅប្រទេសថៃ ក្រោយកម្ពុជា-ថៃមានជម្លោះព្រំដែន។ ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះមើលឃើញពីផលលំបាកពលករ ត្បិតការវិលត្រឡប់ដ៏ច្រើនលើសលប់បែបនេះនឹងប៉ះពាល់ខ្លាំងដល់ស្ថានភាពការងារ និងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលំបាកស្រាប់។
សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិក និងចិន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) ដោយបញ្ជាក់ថា កំណើនការផលិតថាមពលស្អាត ទាបជាងកម្មវត្ថុដែលបានកំណត់នៅក្នុងកិច្ចប្រជុំ COP28។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្អួតពីស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ ក៏ដូចជាការស្តារសន្តិភាពនៅក្នុងតំបន់។ នេះបើតាមកាសែត Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ និងថា សេតវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី៦តុលា នូវយន្តការស៊ើបអង្កេតពិសេសមួយ ស្តីអំពីបទឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន។ ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានលើកឡើងថា ចាប់តាំងពីរបបផ្តាច់ការតាលីបង់បានវិលត្រលប់មកកាន់អំណាចវិញ ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្ត្រី ត្រូវរស់នៅក្នុងការកៀបសង្កត់ និងការភ័យខ្លាចជាប្រចាំ។
បារាំងកំពុងឈានជើងផុងជ្រៅក្នុងវិបត្តិនយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានសម្រេចលាចុះពីតំណែង។ ការលាចុះពីតំណែង បានធ្វើឡើងភ្លាមៗ ១យប់បន្ទាប់ពីលោក បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មី ហើយដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី បានរងការរិះគន់សឹងពីគ្រប់មជ្ឈដ្ឋាននយោបាយបារាំង។
អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិអាមេរិក២នាក់ត្រូវបានជ្រើសរើសជាជ័យលាភីណូបែលវេជ្ជសាស្រ្តឆ្នាំ ២០២៥។ បើតាមការប្រកាសរបស់ គណៈកម្មការណូបែលនៅទីក្រុងស្តុកខូម កាលពីថ្ងៃ ចន្ទ ទី ៦តុលា អ្នកស្រាវជ្រាវទាំងបីនាក់ត្រូវទទួលរង្វាន់ណូបែលវេជ្ជសាស្រ្ត ចំពោះស្នាដៃរកឃើញរបស់ពួកគេទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធភាពស៊ាំ។ ការកំណត់បាននូវតួនាទីរបស់ឆ្មាំការពារប្រព័ន្ធភាពស៊ាំ នឹងចូលរួមចំណែកជួយឲ្យគេអាចរិះរកវិធីព្យាបាលជំងឺផ្សេងៗដូចជា ជំងឺមហារីក ជំងឺអូតូអ៊ីម្ញូនជាដើម។
របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ អង្គភាពការពារកុមារ ហៅកាត់ថា CPU និងសមត្ថកិច្ចកម្ពុជាបានបង្រ្កាបករណីរំលោភបំពានកុមារធ្ងន់ធ្ងរចំនួន ៣ករណី ដូចជាការបៀតបៀន កេងប្រវ័ញ្ចផ្លូវភេទ និងឃាតកម្ម។ បើតាមរបាយការណ៍ដដែល អង្គភាពបានសហការជាមួយមន្ត្រីជំនាញដើម្បីឃាត់ខ្លួនជនសង្ស័យ និងបន្តសំណុំរឿងតាមនីតិវិធីច្បាប់។
ដើម្បីការពារជំហរពង្រាយកងកម្លាំងឆ្មាំជាតិ រដ្ឋបាលត្រាំបាននិយាយចាត់ទុកទីក្រុងឈីកាហ្គោ (Chicago) ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យថា ជាតំបន់សង្រ្គាម។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានចុះហត្ថលេខាលើក្រឹត្យបញ្ជូនឆ្មាំជាតិចំនួន៣០០នាក់ទៅឈីកាហ្គោ នៅបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាខ្លាំងរវាងភ្នាក់ងារប្រឆាំងជនអន្តោប្រវេសន៍ ហើយនិងបាតុករ។ នៅចុងសប្តាហ៍មុននេះ រដ្ឋបាលលោកត្រាំទើបតែបញ្ជូនកងកម្លាំងឆ្មាំជាតិពីរដ្ឋកាលីហ្វ័រនីញ៉ា ទៅOregon រដ្ឋមួយទៀតដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ។ ដល់វេនដែលលោកដូណាល់ ត្រាំត្រូវធ្វើជាមេធ្មប់សងសឹកក្រុមបក្សប្រឆាំង បក្សប្រជាធិបតេយ្យ?
កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕
វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍នៃការឈប់ផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។ តែយ៉ាងណាមិញ និងបើតាមរបាយការណ៍ដដែល ពលរដ្ឋភៀសសឹក ដែលបានធ្លាក់ចុះនៅត្រឹមចំនួន ១ម៉ឺន១ពាន់នាក់ គិតនៅត្រឹមថ្ងៃទី២២កញ្ញា បែរជាកើនឡើងមកចំនួនជាង១ម៉ឺន៦ពាន់នាក់ នៅត្រឹមថ្ងៃទី២តុលា។
ទោះបីជាប្រឈមនឹងបញ្ហារនាំងពន្ធគយអាមេរិកជាច្រើនខែមកនេះក្តី តែសេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ វៀតណាមមានសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ច កើនឡើងខ្ពស់ រហូតដល់ ៨,២% ដែលជាកំណើនខ្ពស់ខ្លាំងនិងមិនធ្លាប់ជួប ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយ។
អាជ្ញាធរសុខាភិបាលនៃរដ្ឋចំនួន៣នៅឥណ្ឌា បានប្រកាសផ្ទួនៗគ្នានៅថ្ងៃអាទិត្យ ទី៥តុលានេះ ហាមឃាត់ការលក់ផលិតផលថ្នាំស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីបានរកឃើញថាមានផ្ទុកសារធាតុពុល។ យ៉ាងហោចណាស់ មានកុមារឥណ្ឌាចំនួន៩នាក់ បានស្លាប់បន្ទាប់ពីបានផឹកស៊ីរ៉ូក្អកនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ តាមរយៈទិវានេះ ស្ថានទូតបារាំង ដែលមានទីធ្លាជិត ៥ហិចតាបានអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលពិសេសនោះ អ្នកទស្សនាអាចមានឱកាសបានទទួលបទពិសោធន៍ដើរកំសាន្ត ក្នុងឧទ្យានបៃតងធំជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកទស្សនាភាគច្រើនលើកឡើងថា នេះជាលើកដំបូងរបស់ខ្លួន ដែលបានឈានជើងចូលស្ថានទូតបរទេសមួយដែលពោរពេញដោយធម្មជាតិបែបនេះ។ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ សើ ដាវី៖
ថ្ងៃទី៥តុលា គឺជាទិវាគ្រូបង្រៀនពិភពលោក។ ឆ្លៀតយកឱកាសនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើឲ្យមានការដំឡើងប្រាក់ខែគ្រូបង្រៀននៅកម្ពុជាឲ្យបាន១ភាគ៤នៃប្រាក់ខែតំណាងរាស្ត្របច្ចុប្បន្នឬស្មើនឹង១២៥០ដុល្លារសហរដ្ឋអាមេរិក។ ប្រាក់ខែតំណាងរាស្ត្រដែលមានប្រមាណ៥ពាន់ដុល្លារក្នុង១ខែ។ តែក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀនត្រូវបានដំឡើងជាបន្តបន្ទាប់។ ពោលគឺឥឡូវនេះ ជាមធ្យមគ្រូបង្រៀនម្នាក់ទទួលបាន២លានរៀល ឬប្រមាណ៥០០ដុល្លារក្នុងមួយខែ៕
មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា នាវាចម្បាំង ប្រភេទ ០៥៦C នឹងត្រូវប្រគល់ជូនកម្ពុជា តែការមកដល់របស់នាវាចម្បាំងប្រភេទនេះនៅមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ជំនួយនេះអាចរួមចំណែកអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ប៉ុន្តែកម្ពុជាត្រូវការធ្វើទំនើបកម្មវិស័យការពារជាតិបន្ថែមទៀត។
បាំងតែ២ថ្ងៃប៉ុណ្ណោះ សង្គ្រាមហ្កាហ្សា នឹងឈានចូលគម្រប់ខួប ២ ឆ្នាំគត់ ដែលបានសម្លាប់ជីវិតមនុស្ស ជាង ៦ ម៉ឺននាក់។ ក្រោមសម្ពាធពីសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងក្រុមហាម៉ាសផ្តើមចរចាគ្នាជាថ្មី នៅប្រទេសអេហ្ស៊ីប ដើម្បីធ្វើបទឈប់បាញ់ និងរំដោះចំណាប់ខ្មាំង។
នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន និងជនជាតិចិនរាប់សិបនាក់ ដែលបណ្តាលឲ្យមានភាពឆោឡោពេញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៥តុលានេះថា ករណីប៉ះទង្គិចរបស់ជនជាតិប៉ាគីស្ថាន និងជនជាតិចិននាពេលថ្មីៗនេះ មិនមែនដោយសារបញ្ហាមិនបើកប្រាក់ខែនោះទេ។ ប៉ុន្តែអំពើហិង្សានោះបានកើតឡើង ដោយសារបញ្ហាទំនាស់សាសនា។ ពោលគឺថៅកែជាជនជាតិចិនបាននិយាយលើសលស់ខាងសាសនា លើបុគ្គលិកជាជនជាតិប៉ាគីស្ថាន។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកជាជនជាតិប៉ាគីស្ថានជាង៥០នាក់ និងថៅកែជាជនជាតិចិនចំនួន២រូប ដើម្បីបន្តនីតិវិធីសាកសួរ។
នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូមិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បានបញ្ជាក់មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ឲ្យបានដឹងថា កិច្ចប្រជុំគណៈកម្មកាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ (RBC) ក្នុងពេលខាងមុខនេះ ពុំមានសមត្ថកិច្ចផ្លូវការណាមួយដែលអាចកំណត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានឡើយ។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា ទៅនឹងការស្នើរបស់ភាគីថៃដែលចង់ឲ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ស្ថិតក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ឲ្យបានមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នៅចុងសប្តាហ៍ក្រោយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិដែលថា កម្ពុជាជាញឹកញាប់បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយជំទាស់នៅកម្ពុជា។ ប្រតិកម្មរបស់តំណាងកម្ពុជានៅUNដូចនេះ កើតឡើងនាសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជាទីដែលកម្ពុជារងការរិះគន់ឥតសំចៃមាត់ពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា តំណាងកម្ពុជានៅUNបានបកស្រាយថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមិនល្អឥតខ្ចោះទេ តែកម្ពុជាបានព្យាយាមធ្វើឱ្យមានភាពល្អប្រសើរជាលំដាប់ និងកំពុងបន្តធ្វើកំណែទម្រង់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។