ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២៨ ខែ មករា ។ នេះ ជាលើកទី ២ ហើយ ដែលមេដឹកនាំស៊ីរីរូបនេះ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គិតតាំងពីលោក បានឡើងកាន់អំណាចនៅស៊ីរី កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ។ នៅក្នុងជំនួបថ្មីនេះ លោក ពូទីន និង លោក អាម៉េដ អាល់ ឆារ៉េ បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសអំពីវត្តមាន នៃកងទ័ពរុស្ស៊ី នៅប្រទេសស៊ីរី ។
អ្នកទោស១១នាក់ដែលជាសមាជិករបស់ក្រុមគ្រួសារត្រកូលMing ដែលធ្លាប់មានអំណាច ឥទ្ធិពលនៅភូមា ត្រូវតុលាការចិនកាត់ទោសពីបទឃាតកម្ម ដោយចេតនា បន្លំបោកប្រាស់ និងបង្កើតកាស៊ីណូខុសច្បាប់ កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញ ដែលបានប៉ះពាល់ធ្វើឲ្យប្រជាជនចិនរងគ្រោះ ទាំងខាតបង់លុយ និងអាយុជីវិត រដ្ឋអំណាចប៉េកាំងបានបើកប្រតិបត្តិការតាមចាប់មេខ្លោងឧក្រិដ្ឋកម្មអនឡាញជាច្រើននាក់ ពីប្រទេសភូមា ថៃ និងកម្ពុជា តួយ៉ាងអតីតឧកញ៉ា ចេនហ្ស៊ីដែលទើបត្រូវចាប់បញ្ជូនទៅចិន កាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន។
កម្ពុជា គ្មានការលក់កោះណាមួយនៅលើដែនសមុទ្រខ្លួនទៅឱ្យក្រុមហ៊ុនឯកជនឡើយ។ នេះជាការអះអាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៨មករាម្សិលមិញបន្ទាប់ពីមានការលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានលក់កោះចំនួន២ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជនរបស់ឧកញ៉ាខ្មែរម្នាក់។
សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានក្លាយជាកម្មវត្ថុនៃការលើកយកមកពិភាក្សាគ្នា លើបណ្តាញសង្គម។ ការចាប់អារម្មណ៍ពីសំណាក់មហាជនចំពោះសាររបស់មេទ័ពខ្មែរដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយតៗគ្នា នៅលើបណ្តាញសង្គម នូវសៀវភៅមួយក្បាល ដែលមានឈ្មោះថា «កម្ពុជាឈ្នះថៃ សម័យតេជោធិបតី» និពន្ធដោយមន្ត្រីជាន់ខ្ពស់១រូប នៃក្រសួងមហាផ្ទៃ។
ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទ ឱ្យបានឆាប់រហ័ស ក្នុងឆ្នាំ២០២៦ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ចេញមុខ ប្រកាស លក់ទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបញ្ចប់គម្រោងដែលមានបញ្ហា។ លោក ឡាយ ហេងតុង ជនរងគ្រោះម្នាក់ ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២៩ ខែមករាថា ជនរងគ្រោះទាំងអស់កំពុងរង់ចាំមើលដំណោះស្រាយពីក្រសួងដែនដី ជាមួយក្តីសង្ឃឹមថា ពួកគេអាចមានផ្ទះរស់នៅបានសមរម្យដូចពលរដ្ឋដទៃ។ តាមលោក ឡាយ ហេងតុង ការសន្យារបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឱ្យពលរដ្ឋរងគ្រោះមានសង្ឃឹមច្រើន ដ្បិត កន្លងមក ពួកគេជួបរឿងកុហក បោកប្រាស់ច្រើនដងពីសំណាក់ក្រុមហ៊ុន។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា ដើម្បីឱ្យភូមាមានស្ថិរភាពនយោបាយយូរអង្វែង គឺមានតែការបោះឆ្នោតដែលអាចជឿទុកចិត្តបាន តម្លាភាព និងការគាំទ្រពីពលរដ្ឋភូមា។ ការលើកឡើងយ៉ាងដូច្នេះរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែមករា។ បើតាមភាគីកម្ពុជា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច នៅតែជាឯកសារគោលរបស់អាស៊ានក្នុងការជួយឲ្យភូមាអាចវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយដែលដឹកនាំ និងគ្រប់គ្រងដោយភូមាខ្លួនឯង។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការរំកិលធ្លាក់ចំណាត់ថ្នាក់របស់កម្ពុជាទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FATF។ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាកំពុងកើតក្តីបារម្ភ ក្នុងកាលៈទេសៈមួយដែលរូបភាពនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាកំពុងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ចំពោះលោកស្រី ជា សិរី កម្ពុជាត្រូវជៀសវាងការធ្លាក់ទៅក្នុងបញ្ជីប្រផេះសាជាថ្មីនៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដើម្បីការពារ ការផ្តល់ទំនុកចិត្តរបស់សាធារណជន និងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។ តើកម្ពុជាត្រូវធ្វើបែបណា ដើម្បីបញ្ចៀសកុំឲ្យធ្លាក់ទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិញ្ញវត្ថុ FATF?
សំណុំរឿងព្រំដែនកម្ពុជា-ថៃ កំពុងក្លាយជាប្រធានបទក្តៅគគុកម្តងទៀតនៅលើឆាកការទូតក្នុងតំបន់។ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានអំពាវនាវឲ្យមានការពិភាក្សាគ្នាបន្ថែមលើបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។ ក្រៅតែពីសំណុំរឿងជម្លោះខ្មែរ-ថៃ ប្លុកអាស៊ានក៏កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនទៀត រួមមាន ជម្លោះសមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយនៅភូមាជាដើម។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកបានទេ។ ការខកខានមិនអាចបើកកិច្ចប្រជុំ RBC នៅថ្ងៃនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បណ្តាលមកពីក្រុមលេខា RBC នៃភាគីទាំងពីរ ដែលបានជជែកគ្នាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ មិនទាន់អាចរកចំណុចរួមបាន។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃពុធទី២៨មករាបានដំឡើងសំឡេងគំរាមអ៊ីរ៉ង់ តាមរយៈការអះអាងថា នាវាចម្បាំងដ៏ធំមួយគ្រឿងទៀតរបស់អាមេរិកកំពុងធ្វើដំណើរទៅកាន់ឈូងសមុទ្រពែរ្ស។ លោកត្រាំបានប្រាប់អ៊ីរ៉ង់ឲ្យប្រញាប់ចុះកិច្ចព្រមព្រៀង គ្មានអាវុធនុយក្លេអ៊ែរ បើសិនអ៊ីរ៉ង់មិនចង់ធ្លាក់ក្នុងការវាយប្រហារដ៏ដំណំរបស់អាមេរិក។
ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។
បារាំង បញ្ជាក់ជាថ្មីអំពីសាមគ្គីភាពជាមួយអឺរ៉ុប ដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកនិងហ្រ្កូអិនឡង់ដ៍។ ក្រៅពីសម្តែងសាមគ្គីភាពក្នុងរង្វង់អឺរ៉ុបនេះ បារាំងក៏ជំរុញឲ្យប្រទេសអឺរ៉ុប ត្រូវតែបំពាក់អាវុធ និងត្រូវធ្វើឲ្យលឿនបំផុត ព្រោះស្ថានភាពគំរាមកំហែងជាក់ស្តែង កាន់តែស្ទុះរហ័សខ្លាំង។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និងភាគីថៃ គឺមានរយៈពេល១ខែហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយថ្ងៃពុធ ទី២៨មករានេះ បញ្ជាក់ថា ទោះបីមិនមានការប៉ះទង្គិចដោយអាវុធក្នុងរយៈពេល ១ខែនេះក៏ដោយ ក៏ប៉ុន្តែផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលត្រូវការការដោះស្រាយជាបន្ទាន់។
លោកស្រី គីម កុនហ៊ី ភរិយាលោកយូន ស៊ុកយោល អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានតុលាការប្រកាសសាលក្រម ឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ ពីបទពុករលួយ។ ដោយឡែក នៅក្នុងសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុ ដែលរដ្ឋអាជ្ញាបានទាមទារទោសជាប់ពន្ធនាគារ១៥ឆ្នាំ លើលោកស្រីនោះ គឺតុលាការកូរ៉េខាងត្បូងបានច្រានចោល។
ក្រោយទិញក្រុមហ៊ុនរ៉ែមាសកាណាដា និងជ្រៀតចូលទីផ្សារភាគហ៊ុនហុងកុង ក្រុមហ៊ុនចិន ស្សឺជីង ម៉ាញនីង កាន់តែបង្កើនសកម្មភាពរុករក និងជីកចម្រាញ់រ៉ែមាស នៅតំបន់អាហ្វ្រិក។ ក្នុងបរិបទមាសកំពុងឡើងថ្លៃខ្ពស់ខ្លាំង ក្រុមហ៊ុនជីករ៉ែមាសចិនមួយនេះ ក៏ប្រមូលទិញទីតាំងរ៉ែមាសច្រើនថែមទៀត នៅប្រទេសម៉ាលី កូតឌីវ័រ និងអេត្យូពី ។
ករណីសម្លាប់ រំលោភបំពាន និងធ្វើទារុណកម្មបានកើតឡើងនៅក្នុងអគារប្រតិបតិ្តការឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ នេះបើតាមការរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។ ជារបាយការណ៍ថ្មីដែល Amnesty International ចងក្រងឡើង តាមរយៈការជួបសម្ភាសជាមួយអ្នករស់រានមានជីវិត ពីបទល្មើសឆបោកអនឡាញ ៣៥នាក់ ដែលទើបត្រូវបានដោះលែង ឬបានរត់គេចខ្លួនពីអគារប្រតិបត្តិការអនឡាញនៅកម្ពុជា ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយនេះ។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាព្រមានថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផេះ ឬធ្ងន់ធ្ងរជាងនេះ នៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF។ ការព្រមានរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាផ្តើមមានវិធានការក្តៅ កំចាត់បទល្មើសឆបោកអនឡាញ ដើម្បីលាងមុខមាត់នៅលើឆាកអន្តរជាតិ។
ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួលរ៉ាក់ទាក់នូវដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕
នៅថ្ងៃទី២៧ មករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានប្រកាសហាមឃាត់ការលក់ និងចែកចាយម្សៅទឹកដោះគោទារកម៉ាក Babybio Optima 1 ផលិតនៅប្រទេសបារាំង ចំនួនបីប្រភេទ ក្រោយសង្ស័យមានសារធាតុពុលប៉ះពាល់សុខភាពទារក។ ចំណែកក្រុមហ៊ុនដែលនាំចូលផលិតផលម្សៅទឹកដោះគោនេះ ក៏បានប្រាប់ឲ្យអតិថិជនបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងយកផលិតផលត្រឡប់មកជូនហាងវិញ។
យ៉ាងហោចណាស់ មានកុមារភៀសសឹកជាង ៥០០នាក់ បានខកខានការសិក្សាពេញលេញ ដោយសារសាលារៀន និងផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ អំឡុងពេលសង្គ្រាមតាមព្រំដែនខ្មែរ-ថៃ កន្លងទៅនេះ។ តែកុមារភៀសសឹក ជាពិសេសនៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពកម្ពុជា និងកងទ័ពថៃកន្លងទៅ ស្ថិតក្នុងស្រុកបន្ទាយអំពិល ពេលនេះកំពុងបន្តការសិក្សាយ៉ាងយកចិត្តទុកដាក់នៅក្នុងសាលារៀនបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ទោះដិតដាមដោយការឈឺចាប់ និងការភ័យខ្លាចនៃស្រមោលភ្លើងសង្គ្រាមក៏ដោយ តែកុមារភៀសសឹកទាំងនោះ នៅតែចង់បន្តការសិក្សាដើម្បីអនាគតរបស់ពួកគេ។
រដ្ឋាភិបាលសង្គមនិយមអេស្ប៉ាញ នឹងសម្រុះសម្រួលបទដ្ឋានច្បាប់ ដើម្បីបើកផ្លូវផ្តល់លិខិតស្នាមស្នាក់នៅនិងធ្វើការស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ៥០០ ០០០ នាក់។ ក្រៅពីហេតុផលមនុស្សធម៌និងសិទ្ធិមនុស្ស វិធានការដូច្នេះ ក៏ជួយលើកស្ទួយសន្ទុះសេដ្ឋកិច្ចអេស្ប៉ាញ។
នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កាលពីថ្ងៃអង្គារទី២៧មករា មានប្រជាជនភូមាអ្នកជាតិនិយមច្រើនរយនាក់ បានធ្វើបាតុកម្មដើម្បីប្រឆាំងនឹងដំណើរនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចោទប្រកាន់ថាភូមា បានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ សូមបញ្ជាក់ថា ក្នុងកំឡុងពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ កំពុងបើកសវនាការ ដើម្បីពិនិត្យសំណុំរឿង ទាក់ទិននឹងការកាប់សម្លាប់ ធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ាង ពីសំណាក់កងទ័ពភូមា។
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បានចាប់ផ្តើមបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ (ថ្ងៃទី ២៧ និងទី២៨ ខែមករា ឆ្នាំ២០២៦) នៅក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ ក្រុមលេខាធិការដ្ឋាន កម្ពុជា-ថៃ ជួបប្រជុំគ្នា នៅក្នុងទឹកដីកម្ពុជា ដើម្បីត្រៀមកិច្ចប្រជុំធំ RBC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ក្រោយពីចរចាគ្នាអស់ពេល២០ឆ្នាំ ទីបំផុតទៅ សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំសម្បើម។ មហាកិច្ចព្រមព្រៀងនេះ ជំរុញឲ្យ ឥណ្ឌានិងសហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង បន្ទាប់ពីភាគីនីមួយៗ សុទ្ធតែរកផ្លូវគេចចេញពីផលវិបាកនៃរនាំងពន្ធគយរបស់អាមេរិក និងនយោបាយរឹតត្បិតការនាំចេញវត្ថុធាតុដើមរបស់ចិន។
ចំនួនប្រជាជនអ៊ីរ៉ង់ដែលស្លាប់ ក្នុងចលនាបាតុកម្មដើមខែមករានេះ គឺមិនមែនជាង៣០០០នាក់ទេ តែមានដល់ទៅជាង៦០០០នាក់។ នេះបើផ្អែកតាមការបូកសរុប របស់អង្គការក្រៅឯករាជ្យ។ ជាងនេះទៀត ក្រុមអង្គការក្រៅរដ្ឋាភិបាល កំពុងតែពិនិត្យតាមដាន តួលេខមួយទៀត ដែលអះអាងថា អាចមានប្រជាជនអ៊ីរ៉ង់ ១ម៉ឺន៧ពាន់នាក់ ដែលស្លាប់ដោយការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ក្នុងរវាង៣សប្តាហ៍មកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចចិត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ។ អ្នកឃ្លាំមើលសង្គម និងនយោបាយកម្ពុជាមួយចំនួនបានសាទរចំពោះជំហរកម្ពុជា ដែលមិនរារែកនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ។ កម្ពុជាចូលរួម ដោយសម្អាងលើហេតុផលថា អាមេរិកក្រោមការគ្រប់គ្រងរបស់លោក ត្រាំ បានខិតខំបញ្ចប់ជម្លោះនានានៅជុំវិញពិភពលោក ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ។ តែអ្នកវិភាគខ្លះទៀតយល់ថា ក្រុមប្រឹក្សានេះនឹងមិនហុចប្រយោជន៍ច្រើនដល់កម្ពុជានោះឡើយ។ តើជារឿងត្រឹមត្រូវដែរទេ សម្រាប់កម្ពុជា ដែលសម្រេចចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព?
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខតវ៉ាជាថ្មីទៅអង្គការសហប្រជាជាតិក្នុងករណីដែលពលរដ្ឋភៀសសឹកខ្មែរជាង ១១ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនបាន ក្រោយផ្ទះសំបែងរបស់ពួកគេរងការបំផ្លាញដោយយោថាថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទូចឱ្យអង្គការសហប្រជាជាតិ(UN)ចាត់វិធានការចំពោះទង្វើរបស់ថៃ និងទាមទាឱ្យរដ្ឋាភិបាលទីក្រុងបាងកកទទួលខុសត្រូវចំពោះសកម្មភាពយោធាខ្លួន។
ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជាតិខ្មែរ និងការបញ្ជូនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនវិញ គឺជាវិធានការច្បាប់ស្របតាមអធិបតេយ្យភាពរបស់កម្ពុជា និងបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងដំណើរការទទួលបានសញ្ជាតិខ្មែរ។ តាមក្រសួងការបទេសកម្ពុជា សកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងយុត្តិធម៌ជាមួយប្រទេសចិនផងដែរ។
កងទ័ពជើងទឹកបារាំង បានធ្វើអន្តរាគមន៍ ចាប់នាវាដឹកប្រេងមួយគ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា ដឹកប្រេងរុស្ស៊ី ដើម្បីបញ្ជៀសទណ្ឌកម្មអន្តរជាតិ។ ក្រុមកម្មករ និង ប្រធានក្រុមនាវិក របស់នាវានេះ សុទ្ធតែជាជនជាតិឥណ្ឌា។ ក្នុងពេលភ្លាមៗ រដ្ឋាភិបាលក្រុងម៉ូស្កូ និងរដ្ឋាភិបាលក្រុងញូវដែលី មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ។
អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងការផ្លាស់ប្តូរក្នុងជួរដឹកនាំយោធាចិន។ ការប្រកាសរបស់តៃវ៉ាន់យ៉ាងដូច្នេះ ធ្វើឡើងក្រោយពីរដ្ឋអំណាចកុម្មុនិស្តចិន ទម្លាយដំណឹងថា ឧត្តមសេនីយផ្កាយមាស៣ ចំនួន ២នាក់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញ ការរំលោភច្បាប់ និងបំពានវិន័យរបស់បក្ស។
៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕
កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន២ទីតាំង គឺទី១ស្ថិតនៅក្នុងខេត្តតាកែវ និងទី២ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នា និងបិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ជាសាច់ប្រាក់ចំពោះការបន្តធ្វើការដោយគ្មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ នេះបើតាមសហជីព ដែលការពារប្រយោជន៍កម្មករ។ តែមន្ត្រីក្រសួងការងារកម្ពុជាបានអះអាងថា កម្មករបានបញ្ឈប់បាតុកម្មរបស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនបានព្រមព្រៀងតាមសំណើរបស់កម្មករ។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី។ តាមលោក ប៉ែន បូណា អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?