ដូចអ្វីដែលជាការព្រួយបារម្ភរបស់អង្គការមនុស្សធម៌អន្តរជាតិ សេណារីយ៉ូអាក្រក់ កំពុងតែឈានក្លាយជាការពិត ក៏ព្រោះតែសង្គ្រាមអូសបន្លាយនៅមជ្ឈិមបូព៌ា។ ផ្អែកតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រសិនបើតម្លៃប្រេងនៅតែថ្លៃ ខ្ទង់១០០ដុល្លារក្នុងមួយធុងបារីស មនុស្សយ៉ាងហោច៤៥លាននាក់បន្ថែមទៀត នឹងត្រូវប្រឈមនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ។
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រែជាសភាពស្ងប់ស្ងាត់ ដោយសារការបិទច្រកព្រំដែនអស់ជាងមួយឆ្នាំមកនេះ។ ច្រកព្រំដែនកម្ពុជា-ថៃ ដ៏ធំមួយនេះ រឹតតែស្ងាត់ជ្រងំទៅទៀត នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការបង្រ្កាបបទល្មើសឆបោកអនឡាញ។ អាជីវករនៅច្រកប៉ោយប៉ែតមួយចំនួនប្រែទឹកមុខទៅជាស្រពាប់ស្រពោនព្រោះតែការធ្លាក់ចុះចំណូល ក្រោយការចាកចេញរបស់ជនបរទេសជាបន្តបន្ទាប់។
នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហាក់បាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយបានស្រែកជេរបញ្ចោរ និយាយហែកហួរគ្នា និងសើចចំអកទៅលើបុគ្គលណាម្នាក់ ក្នុងចេតនា ដើម្បីសប្បាយ និងចង់បានមុខល្បីឈ្មោះ។ អ្នកតាមដានការអភិវឌ្ឍសង្គមបានព្រមានពីហានិភ័យ ប្រសិនបើគ្មានចំណាត់ការណាមួយសមស្របដើម្បីលុបបំបាត់បាតុភាពទាំងនោះ នៅលើបណ្តាញសង្គម។ ប៉ុន្តែទន្ទឹមនេះ ពួកគេបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងបណ្តុះបណ្តាលផ្នែកអក្ខរកម្ម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីជាចំណេះដឹងចំពោះប្រជាពលរដ្ឋ។ តើការប្រើប្រាស់បណ្តាញសង្គម ដោយគ្មានសីលធម៌ក្នុងខ្លួន នឹងបង្កហានិភ័យយ៉ាងណាខ្លះដល់សង្គម និងថា អ្វីទៅជាវិធានការទប់ស្កាត់នៅចំពោះមុខ?
ថ្ងៃព្រហស្បតិ៍ ទី ៤ ខែ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន ផ្ញើលិខិតមួយច្បាប់ ទៅកាន់ លោក វ៉្លាឌីមៀរ ពូទីន ដើម្បីស្នើជួបមេដឹកនាំរុស្ស៊ី ដោយផ្ទាល់ ក្រោមវត្តមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ។ នៅក្នុងខ្លឹមសារនៃលិខិតនេះ ប្រមុខរដ្ឋអ៊ុយក្រែន បង្ហាញគោលជំហរ ចង់ចរចាស្វែងរកផ្លូវ បញ្ចប់ការប្រយុទ្ធបង្ហូរឈាមគ្នា រវាងប្រទេស ទាំង ២ ដែលកាន់តែមានសន្ទុះខ្លាំងឡើង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ៕
សាលាដំបូងខេត្តកំពត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសជនជាតិចិនចំនួន ៥នាក់ និងជនជាតិភូមាម្នាក់ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្ម។ ជាឃាតកម្មដោយការធ្វើទារុណកម្មដ៏សាហាវឃោរឃៅទៅលើជនរងគ្រោះជាជនបរទេស ២នាក់ មុននឹងយកសពដាក់ក្នុងធុងសំរាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ម្សិលមិញ។
បន្ទាប់ពីបិទខ្ទប់មិនឲ្យគុយបាមានប្រេងប្រើប្រាស់ និងប្រកាសគំរាមមិនឲ្យក្រុមហ៊ុនបរទេសធ្វើជំនួញជាមួយគុយបា រដ្ឋបាលលោកដូណាល់ ត្រាំបានបន្ថែមកម្រិតដាក់សម្ពាធលើរដ្ឋាភិបាលឡាហាវ៉ាន។ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនកាតធនាគារអាមេរិកជូនដំណឹងពីការផ្អាកសកម្មភាពនៅលើប្រទេសកោះគុយបា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់បញ្ចូលឈ្មោះប្រធានាធិបតីគុយបា ព្រមទាំងកូនចៅរបស់លោករ៉ាអ៊ូល កាស្ត្រូ ដែលជាអតីតប្រធានាធិបតីដ៏មានឥទ្ធិពលម្នាក់។
ខណៈអ៊ីរ៉ង់និងអាមេរិកកំពុងចរចាគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ាប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោកម៉ុចតាបា ខាមីណី បានអះអាងថា អាមេរិកនិងអ៊ីស្រាអែលបានចាញ់សង្រ្គាមយ៉ាងអាម៉ាស់បំផុត។ នេះបើយោងតាមទូរទស្សន៍ជាតិអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា។ ជាមួយគ្នានេះ ក្រុងតេហេរ៉ង់ក៏បានព្រមានអាមេរិកថា សង្រ្គាមទ្រង់ទ្រាយធំអាចនឹងកើតឡើង ប្រសិនបើអ៊ីស្រាអែលមិនព្រមបញ្ឈប់វាយប្រហារ នៅតំបន់ភាគខាងត្បូងលីបង់។
ថ្ងៃទី៤មិថុនា គឺជាថ្ងៃខួបនៃការបង្ក្រាបបាតុកម្មនៅទីលានធានអានមេន ទីក្រុងប៉េកាំង កាលពី៣៧ឆ្នាំមុន។ ជាទំព័រប្រវត្តិសាស្ត្រ ដែលរដ្ឋអំណាចកុម្មុយនីស្តប៉េកាំង បានព្យាយាមរារាំង មិនឲ្យអ្នកណាលើកមកនិយាយឡើយ។ តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងថា គ្មានការរារាំងរិតត្បិតណា អាចមកលុបបំបាត់អតីតកាលបានជាដាចខាត។ សម្តីរបស់លោកប្រមុខការទូតអាមេរិកនេះ ត្រូវបានក្រសួងការបរទេសចិនប្រតិកម្មភ្លាម ថាជាសម្តីប្រមាថមាក់ងាយមកលើចិន។
លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez) ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានធ្វើដំណើរទៅជួបលោកនាយករដ្ឋមន្ត្រីឥណ្ឌា នៅរដ្ឋធានីញូវដេលី នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤មិថុនា។ ទស្សនកិច្ចនេះស្ថិតនៅក្នុងបរិបទដែលវ៉េណេស៊ុយអេឡា កំពុងតែរៀបចំធ្វើទំនើបកម្មវិស័យឧស្សាហកម្មប្រេង ដើម្បីផលិតនិងនាំចេញ ខណៈឥណ្ឌាវិញ ក៏កំពុងតែត្រូវការប្រភពថាមពលនេះពីកន្លែងផ្សេង បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។
ករណីឃាតកម្ម និងចាប់ជំរិតជនជាតិចិនបានកើតមានជារឿយៗក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ករណីជនជាតិចិនសម្លាប់ពលរដ្ឋខ្មែរ និងជនជាតិចិនសម្លាប់ជនជាតិចិនខ្លួនឯង រួចយកសាកសពទៅប្លុងចោលនៅទីវាលបានផ្ទុះកក្រើកលើបណ្តាញសង្គម។ អ្នកតាមដានសង្គម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ខ្លះយល់ថា ករណីឃាតកម្មលើជនជាតិចិនថ្មីៗនេះអាចធ្វើឲ្យទេសចរចិនពិចារណាមកលេងស្រុកខ្មែរ ខណៈគម្រោងលើកលែងទិដ្ឋាការលើជនជាតិចិននឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១៥ មិថុនាដល់ថ្ងៃទី១៥ តុលា ឆ្នាំ ២០២៦។ ក្នុងន័យនេះ ពួកគេបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចាប់ផ្តើមរឹតបន្តឹងសន្តិសុខជាតិ និងបោសសម្អាតឧក្រិដ្ឋកម្មឆបោក។ តើឃាតកម្មលើជនជាតិចិនអាចធ្វើឲ្យទេសចរបរទេសពិចារណាពីការមកលេងស្រុកខ្មែរ ដែរ ឬទេ?
មេដឹកនាំសហជីពចំនួន៤រូប គឺលោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ អ្នកស្រី អ៊ូ ទេពផល្លីន និងកញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលារាជធានីភ្នំពេញកោះហៅទៅពិភាក្សានៅថ្ងៃទី៣ មិថុនាទាក់ទងនឹងការដើរដាក់ញត្តិតាមស្ថាប័ន និងស្ថានទូតនានានៅភ្នំពេញក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី១ ឧសភាដោយមិនបានជូនដំណឹងដល់អាជ្ញាធរដែនដី។ លោក អាត់ ធន់ តំណាងមេដឹកនាំសហជីពដែលបានចូលពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញឲ្យដឹងថា មូលហេតុដែលអង្គការសមាគមមិនបានជូនដំណឹងដល់អាជ្ញាធរ ព្រោះថ្ងៃទី១ ឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ និងជាការប្រមូលផ្តុំដាក់ញត្តិទ្រង់ទ្រាយតូច។ តែលោក អាត់ ធន់ ក៏មិនភ្លេចបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមិនបានបដិសេធចំពោះការលើកឡើងរបស់តំណាងសាលារាជធានីភ្នំពេញដែលស្នើឲ្យមានកិច្ចសហការ និងជូនដំណឹងដល់អាជ្ញាធរដែនដីទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា ហាមឃាត់មិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលជាន់ដីស្រុកចិន។ បម្រាមនេះធ្វើឡើងក្រោយពីសមាជិកសភានូវែលសេឡង់ទាំង៤នាក់នេះ បានធ្វើដំណើរទៅកោះតៃវ៉ាន់ នៅដើមខែឧសភា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់នូវែលសេឡង់។ ចំណែក នូវែលសេឡង់បានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវិធានការរបស់រដ្ឋអំណាចចិន។ ប្រមុខការទូតនូវែលសេឡង់ ក៏បានចាត់ឲ្យមន្រ្តីក្រសួងការបរទេសរបស់ខ្លួន ជួបពិភាក្សាជាមួយអាជ្ញាធរចិន អំពីបម្រាមនេះ។
គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានជាប់ជំពាក់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ១៣,៣០ពាន់លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃទី៣ មិថុនា និងថា ចិនជាម្ចាស់បំណុលធំរបស់កម្ពុជាដែលមានទំហំសរុបជាង ៣.៩ពាន់លានដុល្លារ។ តែយ៉ាងណា ទំហំបំណុលដែលកំពុងកើនឡើងជាបន្តបន្ទាប់នេះត្រូវបានក្រសួងសេដ្ឋកិច្ចវាយតម្លៃថា មានកម្រិតហានិភ័យទាប និងបន្តរក្សាបាននូវចីរភាព។
បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សជំទាស់ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដំណាច់ខែឧសភា និងចោទប្រកាន់ពីបទញុះញង់។ នេះបើតាមការចុះផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី៣មិថុនាម្សិលមិញ និងថាការចាប់ខ្លួននេះ ដោយសារតែសកម្មជនបក្សជំទាស់ខាងលើបញ្ចេញមតិទាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៣៦ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ។ ចំនួននេះបានថយចុះជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ចំណែកប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរមានជាង ១៧លានដុល្លារ ពោលថយចុះជិត៣០%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ ហេតុអ្វីចំនួនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានធ្លាក់ចុះ?
តើទំនាក់ទំនងល្អូកល្អឺន រវាងលោកដូណាល់ ត្រាំ និងលោកនេតាន់យ៉ាហ៊ូ បានក្លាយជារឿងអតីតហើយឬ? ថ្ងៃពុធទី៣មិថុនា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនិងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពិតជាបានប្រកែកគ្នាតឹងសសៃកតាមទូរស័ព្ទពិតមែន ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅលីបង់ និងនៅអ៊ីរ៉ង់។ មុននេះមួយថ្ងៃ គេហទំព័រ Axios បានចុះផ្សាយថា លោកត្រាំបានជេរលោកនេតាន់យ៉ាហ៊ូ ថាជាមនុស្សឆ្កួត។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា និងវៀតណាមបានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់យោធា និងការផ្លាស់ប្តូរព័ត៌មានជំនាញដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងលោក ម៉ម សុផាត អគ្គលេខាធិការរងក្រសួងការពារជាតិកម្ពុជា និងលោក ង្វៀង វ៉ាន់កូវ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងប្រទេសឥណ្ឌា មានព្រឹត្តិការណ៌ឆាបឆេះសណ្ឋាគារមួយយ៉ាងសន្ធោសន្ធៅនៅក្នុងទីក្រុងញូដែលីនាថ្ងៃពុធ ទី ០៣ មិថុនា។ មានមនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជីវិត និងរបួសជាង ៤០នាក់ផ្សេងទៀតដែលភាគច្រើនជាជនបរទេស។ ក្នុងចំណោមអ្នករងគ្រោះទាំងអស់ មានអ្នកខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ស្ទើរស្លាប់ ស្ទើររស់។ អាជ្ញាធរបានបញ្ជាក់ពីការបើកការស៊ើបអង្កេតដើម្បីរកមូលហេតុនៃឆាបឆេះសណ្ធាគារនោះ។
តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះមកក្រោម ៥ ០០០រៀល ជាលើកដំបូងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីឡើងថ្លៃចាប់តាំងពីផ្តើមផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាកាលពីដើមខែមីនា។ តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតបានធ្លាក់មកត្រឹម ៤ ៨៥០រៀលដូចគ្នា ក្នុង១លីត្រ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា មានហេតុផលមួយចំនួនដែលធ្វើឲ្យតម្លៃប្រេងពេលនេះធ្លាក់ចុះបន្តិច។ តាមលោក ប៉ែន សុវិជាតិ ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានធូរស្រាលបន្តិច ទីផ្សារផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី បន្ថែមពីលើច្រកអកមូស្ស ការបន្ថយទណ្ឌកម្មប្រេងរបស់អាមេរិកលើរុស្ស៊ី រួមនឹងការកាត់បន្ថយពន្ធនាំប្រេងចូលរបស់រដ្ឋាភិបាលផង៕
តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះជាលើកដំបូងដែលសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃទាបជាង ៥០០០រៀល បន្ទាប់ពីមានតម្លៃជាង ៥០០០រៀលអស់រយៈពេលជាជាច្រើនសប្តាហ៍។ ដោយឡែក តម្លៃឧស្ម័ន LPG ឬហ្គាសមានតម្លៃ ២៩០០រៀល ក្នុង១លីត្រ។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បីឥណ្ឌាបានសាទរនឹងការធ្លាក់ថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ តែទោះជាយ៉ាងណា ពួកគេចង់ឃើញតម្លៃប្រេងឥន្ធនៈ និងឧស័្មនត្រឡប់ទៅរកតម្លៃដូចមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។
ព្រឹកថ្ងៃ ពុធ ថ្ងៃទី ៣ ខែ មិថុនា នេះ ដ្រូនអ៊ុយក្រែនច្រើនគ្រឿង បានវាយប្រហារទៅលើ រោងចក្រថាមពល និង ទីតាំងយោធារុស្ស៊ី ស្ថិតនៅក្រុង Saint-Pétersbourg ចំថ្ងៃបើកសម្ពោធ វេទិកាសេដ្ឋកិច្ច ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ។ ភ្ញៀវកិត្តិយសប្រមាណ ២ ម៉ឺន នាក់ មកពី ១៣០ ប្រទេស នឹងត្រូវចូលរួមកិច្ចប្រជុំអន្តរជាតិនេះ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ក្រោមអធិបតីភាព របស់ប្រធានាធិបតីរុស្ស៊ី ។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានសម្រេចដកតំណែងលោកដាដាន ហ៊ីនដាយ៉ាណា ប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភ។ ទីភ្នាក់ងារមួយនេះទទួលបន្ទុកផ្តល់អាហារឥតគិតថ្លៃដល់កូនសិស្ស និងស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនសរុបជិត ៨៣លាននាក់។ ការបញ្ចប់តំណែងប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភនេះធ្វើឡើង ក្រោយពីមានផ្ទុះករណីពុលអាហារ និងរឿងអាស្រូវពុករលួយ។
សង្គ្រាមនៅមជ្ឈិមបូព៌ាមិនមែនធ្វើបាបតែសេដ្ឋកិច្ចពិភពលោកទេ តែវាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំង ទៅលើបណ្តាញផ្គត់ផ្គង់ជំនួយមនុស្សធម៌អន្តរជាតិ។ ផ្អែកតាមមន្ត្រីអង្គការសហប្រជាជាតិ តម្លៃចំណាយលើការដឹកជញ្ជូន តម្លៃថាមពល ព្រមទាំងការកកស្ទះខ្លាំងនៅតាមកំពង់ផែជាដើម សុទ្ធតែជាឧបសគ្គដល់ប្រតិបត្តិរបស់អង្គការមនុស្សធម៌។ ចុងក្រោយបង្អស់ គឺកុមារនិងប្រជាជននៅតាមប្រទេសក្រីក្រ ដែលជាអ្នករងគ្រោះ។
ជាការបោះជំហានថ្មីមួយទៀត ដើម្បីរក្សាបច្ចេកវិទ្យាយុទ្ធសាស្រ្តរបស់ខ្លួន ចិនចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិថ្មីស្តីពីការការពារកិច្ចការសម្ងាត់ជំនួញ ចាប់ពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០២៦។ បទប្បញ្ញាតិថ្មីនេះ បានដាក់បញ្ចូលទិន្នន័យ និង អាល់ហ្គោរីត ទៅក្នុងប្រព័ន្ធការពារផ្លូវច្បាប់ជាលើកដំបូង នៅប្រទេសចិន។ នេះបើយោងតាមទីភា្នក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី ០២ មិថុនា។ ការសម្រេចនេះរបស់ចិនធ្វើឡើង នៅខណៈពេលដែលចិន និងអាមេរិកកំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំង នៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
បន្ទាប់ពីទទួលស្គាល់ចំណែកទទួលខុសត្រូវរបស់បារាំងក្នុងអំពើប្រល័យពូជសាសន៍ នៅរវ៉ាន់ដា ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានបោះមួយជំហានថ្មីដើម្បីស្តារទំនាក់ទំនងជាមួយរវ៉ាន់ដា ប្រទេសមួយរបស់ទ្វីបអាហ្រ្វិក។ នៅថ្ងៃអង្គារទី ២មិថុនា មេដឹកនាំបារាំងបានចូលរួមជាមួយប្រធានាធិបតីរវ៉ាន់ដា ដើម្បីបើកសម្ពោធស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះទូតស៊ី ស្លាប់នៅក្នុងអំពើកាប់សម្លាប់ប្រល័យពូជសាសន៍ នៅរវ៉ាន់ដា កាលពី ៣២ឆ្នាំមុន។
អភិបាលស្រុកត្រាំកក់ក្នុងខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវដកចេញពីមុខតំណែង ចាប់ពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានការបែកលេចធ្លាយរឿងអាស្រូវ ជុំវិញការលួងលោម សុំស្នេហាពីស្ត្រីម្នាក់ លើបណ្តាញសង្គម។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារទី២មិថុនានេះថា លោក កេត ម៉ៅ បានប្រព្រឹត្តខុសវិជ្ជាជីវៈជាមន្ត្រីរាជការ និងជាគំរូមិនល្អចំពោះមន្ត្រីក្រោមឱវាទ។ បើតាមលោក វ៉ី សំណាង លោក កេត ម៉ៅ មិនបានបំពេញករណីយកិច្ច ស្របតាមតម្រូវការរបស់ពលរដ្ឋក្នុងតំបន់ និងថា អភិបាលស្រុកត្រាំកក់រូបនេះបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ។ សូមជម្រាបថា នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវជំនួសដោយលោក ហ៊ត មនោ ដែលនឹងចូលមកកាន់តំណែងអភិបាលស្រុកត្រាំកក់។ បច្ចុប្បន្នលោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ និងធ្លាប់ជាអភិបាលរងស្រុកត្រាំកក់ នៅមុនខែមេសា ឆ្នាំ២០២៥៕
រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងលោក Christopher Anderson ដែលមានបទពិសោធន៍ជាមន្រ្តីការទូតជាង២០ឆ្នាំ ជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ការសម្រេចរបស់រដ្ឋបាលលោកត្រាំធ្វើឡើង ក្រោយពីតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅទីក្រុងភ្នំពេញ ទំនេរចោលអស់រយៈពេលជាង២ឆ្នាំ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះសញ្ញាវិជ្ជមានមួយ នៅក្នុងការស្តារទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសក្រោយពីមានការលើកលែងទោស លោក កឹម សុខាមេដឹកនាំក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។
របាយការណ៍របស់អង្គការការពារសិទ្ធមនុស្ស Amnesty International ចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមិថុនា បានបង្ហាញថា បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សបានចាប់ខ្លួនមនុស្សចំនួនជាង ១ពាន់នាក់។ ពួកគេទាំងនេះត្រូវបានចាប់ខ្លួន ព្រោះតែបានចែករំលែកមាតិកា និងការបញ្ចេញទស្សនៈ នៅលើបណ្តាញសង្គម អំពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។ អង្គការ Amnesty International ចាត់ទុក ទង្វើនេះថា ជាការបង្រ្កាបទ្រង់ទ្រាយធំមួយ ដែលប្រឆាំងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងសង្គ្រាម។ អង្គការការពារសិទ្ធិមនុស្សខាងលើបានអំពាវនាវឲ្យបណ្តាប្រទេសនៅឈូងសមុទ្រពែក្សដោះលែងមនុស្សទាំងអស់ ព្រោះការបញ្ចេញមតិនៅលើបណ្តាញសង្គមមិនមែនជាបទល្មើសច្បាប់អន្តរជាតិនោះទេ។
ជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី បានយកលិខិតចំហររបស់ លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃមកផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ ជាលិខិតដែលអ្នកជំនាញថៃ បង្ហាញការមិនយល់ស្របទៅនឹងជំហររបស់នាយករដ្ឋមន្ត្រីថៃ ដែលបានប្រកាសប្រើផែនទីខ្នាត ១/៥០ ០០០ មកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។
នៅក្នុងឱកាសទស្សនកិច្ចរបស់លោកប្រធានាធិបតីវៀតណាម នៅរដ្ឋធានីម៉ានីល វៀតណាមនិងហ្វីលីពីន បានប្រកាសសន្យាពង្រឹងកិច្ចសហការជាមួយគ្នា ក្នុងវិស័យការពារជាតិ ដើម្បីរួមគ្នាការពារសន្តិសុខសមុទ្រ។ សូមបញ្ជាក់ថា ទាំងវៀតណាមទាំងហ្វីលីពីន សុទ្ធតែមានជម្លោះជាមួយចិននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង។ ទូកនេសាទរបស់ប្រទេសទាំង២នេះ តែងត្រូវបានកប៉ាល់របស់កងឆ្មាំសមុទ្រចិន ដេញសំឡុតជារឿយៗ។
ជំនួបកំពូល Choose France លើកទី៩ ដែលជាការណាត់ជួបវិស័យជំនួញនិងការវិនិយោគនៅបារាំង បានបើកទ្វារចាប់ផ្តើមនៅថ្ងៃចន្ទទី១មិថុនា នៅអតីតព្រះរាជវាំង វែរសៃ (Versailles)។ ក្នុងឱកាសជំនួបកំពូល Choose France ឆ្នាំនេះ បារាំងបានទទួលការសន្យាវិនិយោគពីបរទេស ក្នុងទឹកប្រាក់សរុប ដល់ទៅ៩៣ពាន់អឺរ៉ូ។ ទំហំទឹកប្រាក់ដ៏ច្រើនអនេកនេះ ភាគច្រើនគឺជាគម្រោងវិនិយោគ នៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សហព័ន្ធសហជីពអន្តរជាតិហៅកាត់ជាភាសាអង់គ្លេស ITUC បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៦ ស្តីពីសិទ្ធិរបស់កម្មករ និងនិយោជិតនៅទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍ ITUC បានទាញសញ្ញាអាសន្នពីការធ្លាក់ចុះគួរឲ្យព្រួយបារម្ភពីសិទ្ធិរបស់កម្មករ និងនិយោជិតនៅសឹងគ្រប់ប្រទេសលើលោក ក្នុងនោះមានទាំងប្រទេសប្រជាធិបតេយ្យធំៗ ដូចយ៉ាងសហរដ្ឋអាមេរិក ឬបារាំងផងដែរ។ សម្រាប់ ITUC នេះជាសញ្ញាមួយដែលបញ្ជាក់ថា វិបត្តិមួយនេះបានក្លាយជាលក្ខណៈប្រព័ន្ធ។
អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នៅក្នុងលិខិត ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិចំនួន ៥រូបដែលកំពុងជាប់ឃុំ មុនកិច្ចប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅកម្ពុជានាចុងឆ្នាំ២០២៦នេះ។ តែមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាយល់ថា ការអំពាវនាវណាមួយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងថា មានតែតុលាការទេដែលមានសិទ្ធិសម្រេចលើសំណុំរឿងរបស់សកម្មជនទាំង ៥រូបនេះ។