នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមសម្ភោធពិព័ណ៌នវានុវត្តន៍ឥណ្ឌាឆ្នាំ២០២៦ ហៅកាត់ថា Bharat Innovates ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ ពិព័ណ៌នេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ មិថុនា នៅទីក្រុងនីស ភាគអាគ្នេយ៍នៃប្រទេសបារាំង។ នៅអំឡុងពិព័ណ៌នវានុវត្តន៍និងបច្ចេកវិទ្យាឥណ្ឌាឆ្នាំ២០២៦ ប្រមុខដឹកនាំទាំងពីរបានប្រកាស អំពីការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-បារាំង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យ ទី១៤ មិថុនានេះ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រអកមូហ្សឲ្យដំណើរ ជាធម្មតា។ ប៉ុន្តែ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ច្បាស់លាស់ អំពីថ្ងៃចុះហត្ថលេខា នៅឡើយទេ។ ចំណែក សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវដោះស្រាយ នៅដំណាក់កាលបន្ទាប់។
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបំពាក់បំប៉នជំនាញដល់កម្លាំងពលកម្មក្នុងស្រុក រួមមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានឲ្យដឹងក្នុងរបាយការណ៍ចុងក្រោយមួយថា កម្ពុជានៅតែបន្តខ្វះកម្លាំងពលកម្មដែលមានជំនាញ និងមានភាពប្រកួតប្រជែងខ្ពស់។ ពោល គឺប្រភេទជំនាញ ការងារដ៏សំខាន់ដែលអាចជំរុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តើកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងាររបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ?
អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការបើកលើកចុងក្រោយ នៅមុនពេលអាជ្ញាធរថៃចាប់ហាមប្រាមការឡើងទៅទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ ដែលថៃបានវាយដណ្តើមយកពីកម្ពុជា នៅក្នុងសង្រ្គាមប្រយុទ្ធគ្នាពីរលើក កាលពីឆ្នាំមុន។
កងទ័ពជើងទឹកអង់គ្លេសបើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤មិថុនា ដើម្បីចូលទៅចាប់ឃាត់កប៉ាល់មួយគ្រឿង ដែលគេសង្ស័យថា បានជួយដឹកប្រេងរុស្ស៊ី ដើម្បីលួចគេចចេញពីទណ្ឌកម្មអន្តរជាតិ។ ចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស នេះជាវិធានការមួយដើម្បីបន្ទុចបង្អាក់ ទប់ស្កាត់កុំឲ្យរុស្ស៊ីបន្តលួចដឹកប្រេងដើម្បីលក់យកលុយទៅចិញ្ចឹមសង្រ្គាមនៅអ៊ុយក្រែន។ ដូចនាយករដ្ឋមន្រ្តីអង់គ្លេសដែរ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានអបអរសាទរសកម្មភាពដ៏ក្លាហានរបស់នាវិកអង់គ្លេស ក្នុងការចាប់ស្ទាក់កប៉ាល់ដឹកប្រេងរុស្ស៊ី។
ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តឲ្យយុវជនខ្មែរទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្រោមកម្មវិធីជួយយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ នៅមុនការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អង្គការសង់ត្រាល់បានរកឃើញថា ពលករខ្មែរមកពីថៃ មួយចំនួនចង់ត្រឡប់ទៅរកការងារនៅប្រទេសថៃវិញ។
អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានប្រកាសពីការបន្តការតស៊ូមតិលើសំណុំរឿងរបស់កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំកាលពីឆ្នាំ២០២២។ មេធាវីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ ត្រូវបានកាត់ទោសពីបទ «ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ពាក់ព័ន្ធនឹងការប្រកាសគាំទ្រការវិលត្រលប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។
គិតត្រឹមរយៈពេល ៥ខែឆ្នាំ២០២៦នេះ កម្ពុជាបានក្លាយជាប្រភពទេសចរណ៍ធំលំដាប់ទី៥របស់វៀតណាម។ នេះបើយោងសេចក្តីរាយការណ៍របស់សារព័ត៌មានហុងហុង The Asset នៅថ្ងៃទី១២ មិថុនា។ តាម The Asset ពលរដ្ឋខ្មែរភាគច្រើនទៅវៀតណាមដើម្បីដើរលេងកម្សាន្ត និងស្វែងរកសេវាព្យបាលសុខភាព ក្រោយកម្ពុជា និងថៃធ្លាក់ចូលក្នុងវិបត្តិជម្លោះព្រំដែន។
ជាព្រឹត្តិការណ៍មិនធ្លាប់មាននៅទីផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉ក។ នៅថ្ងៃសុក្រទី១២មិថុនា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនSpace X របស់មហាសេដ្ឋីអាមេរិក Elon Musk មានតម្លៃ១៦០ដុល្លារក្នុង១ភាគហ៊ុន ពោលគឺកើនឡើងជិត២០% នៃតម្លៃដើម១៣៥ដុល្លារ។ ការណ៍នេះធ្វើក្រុមហ៊ុនអវកាសSpace Xរបស់លោកElon Musk មានតម្លៃសរុបជាង២ទ្រីលានដុល្លារ។ ភាគហ៊ុនរបស់Space X ឡើងថ្លៃ លោកElon Musk កាន់តែចំណេញប្រាក់ច្រើន រហូតធ្វើឲ្យលោកមិនត្រឹមក្លាយជាមនុស្សទី១លើផែនដី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ តែប៉ុណ្ណោះទេ ប៉ុន្តែ ទ្រព្យរបស់លោកមានច្រើនជាង ១ទ្រីលានដុល្លារ ស្មើនឹងផលិតផលក្នុងស្រុកសរុបមួយឆ្នាំរបស់ប្រទេសស្វ៊ីស ឬប៉ូឡូញ។
នៅអាល់បានី ចលនាបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សណ្ឋាគារប្រណិត ដែលមានគ្រួសាររបស់លោកដូណាល់ ត្រាំ ជាអ្នកវិនិយោគ បានរីកមុខកាន់តែធំឡើងៗ។ រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃអស់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់គម្រោងដ៏ចម្រូងចម្រាស ចំណែកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ត្រូវតែចុះចេញពីតំណែង។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានទូរស័ព្ទផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសៅរ៍ ទី១៣ មិថុនានេះដើម្បីសម្តែងការតវ៉ា មិនពេញចិត្ត និងទាមទារឲ្យអាមេរិកគោរពសិទ្ធិ និងសុវត្ថិភាពរបស់កប៉ាល់ពាណិជ្ជកម្មស៊ីវិល។ រដ្ឋាភិបាលឥណ្ឌាទើបតែបានកោះហៅមន្រ្តីនៅស្ថានទូតអាមេរិកប្រចាំក្រុងញូវដេលី បន្ទាប់ពីជនជាតិឥណ្ឌា ៣នាក់ស្លាប់ នៅក្នុងប្រតិបត្តិការវាយប្រហាររបស់កងទ័ពអាមេរិក ទៅលើកប៉ាល់ដឹកប្រេងមួយ នៅឈូងសមុទ្រអូម៉ង់។ ហេតុការណ៍នេះបានធ្វើឥណ្ឌាព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់បុគ្គលិកជនជាតិឥណ្ឌាជាច្រើននាក់ ដែលកំពុងបម្រើការនៅតាមកប៉ាល់ដឹកទំនិញ នៅក្នុងបរិបទសង្រ្គាមនៅដើមបូព៌ា។
ប៉ូលិសវៀតណាមបានចាប់ខ្លួនជនជាតិចិន និងវៀតណាម ៤នាក់ ពីបទពាក់ព័ន្ធការរៀបចំទីតាំងប្រព្រឹត្តសកម្មភាពឆបោកអនឡាញឆ្លងដែនពីប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈវៀតណាមនៅថ្ងៃសុក្រ ទី១២មិថុនា។
កម្ពុជាមិនអះអាងថា បញ្ហាប្រឈម ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដោះស្រាយទាំងស្រុង ប៉ុន្តែយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមើលស្រាលការងារដែលសេសសល់នោះដែរ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅក្នុងសេចក្តីបំភ្លឺ នៅថ្ងៃសុក្រទី១២មិថុនា។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនកត់សម្គាល់ឃើញថា បណ្តាព័ត៌មានអន្តរជាតិមួយចំនួនបានដកស្រង់ និងយល់ខុសពីខ្លឹមសារ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការបង្ក្រាបបទល្មើសឆបោកអនឡាញ។
អ្នកជំនួញអាមេរិកម្នាក់ដែលជាម្ចាស់និពន្ធសៀវភៅនិយាយពីរដ្ឋប្រហារយោធាភូមា ឆ្នាំ ២០២១ ត្រូវបានអាជ្ញាធរភូមាចាប់ឃុំខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១មិថុនាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ទី ១៣មិថុនា។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា អាមេរិកកំពុងតាមដានប៉ុន្តែ សុំមិនអត្ថាធិប្បាយច្រើន ដើម្បីសុវត្ថិភាពឯកជន។
ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការលើការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។ ចំពោះអង្គការការពារសិទ្ធិមនុស្សមួយនេះ ដល់វេលាហើយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហា ការបញ្ចាំខ្លួនដោះបំណុល ដែលជាដើមចមនាំឲ្យមានពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ដែលលួចនាំចូលពីប្រទេសថៃ និងដែលកំពុងចរាចរលក់ក្នុងភូមិសាស្ត្រខេត្តផ្ទាល់។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី១៣មិថុនានេះ លោក លី សុវណ្ណរិទ្ធ មិនទាន់អាចផ្តល់លទ្ធផលនៃការចុះបង្ក្រាបបាននៅឡើយទេ ដោយត្រឹមអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងបង្កើនការបង្ក្រាបការនាំចូលទំនិញថៃដូចការបង្ក្រាបបទល្មើសអនឡាញដែរ។
អាជ្ញាធរកម្ពុជាបន្តចាប់ខ្លួន និងផ្តន្ទាទោសពលរដ្ឋ ២រូបទៀត ពីបទញុះញង់ ក្រោយបានបង្ហោះសារទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ។ បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ គិតត្រឹមថ្ងៃទី១៣មិថុនានេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងផ្តន្ទាទោសមនុស្សសរុបជាង ១០០នាក់ ពាក់ព័ន្ធនឹងការនិយាយភាគច្រើនពីបញ្ហាព្រំដែននៅលើបណ្តាញសង្គម។
ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រសួងអប់រំបំពាក់សម្ភារៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅសម្រេចគោលដៅនាពេលខាងមុខ៕
នៅទីក្រុងហ្សាកាតា ថ្ងៃសុក្រ ទី ១២មិថុនា និស្សិតឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការលំបាកសេដ្ឋកិច្ចបណ្តាលមកពីការ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនិងការខ្ជះខ្ជាយថវិការដ្ឋ។ ការធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលឥណ្ឌូណេស៊ី កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
នៅថ្ងៃសុក្រ ទី ១២ ខែមិថុនា រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ ទៅលើអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល។ ការកាត់ទោសនេះ ពាក់ព័ន្ធនឹងសំណុំរឿងកូរ៉េខាងត្បូងបញ្ជូនដ្រូនយោធា ហោះចូលទៅលើដែនអាកាសកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ ២០២៤។ អ្នកនាំពាក្យតុលាការកូរ៉េខាងត្បូង បានអះអាងថាលោក យូន ស៊ុកយោល បានព្យាយាមបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធាជាមួយកូរ៉េខាងជើង ដើម្បីយកលេសប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសរបស់ខ្លួន។
ការយាងសោយទិវង្គត របស់បុត្រីច្បងនៃព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី ផ័ឆរគិទិយ៉ាផា បានទុកឲ្យអនាគតនៃរាជបល្ល័ង្កថៃ ស្ថិតនៅក្នុងភាពកាន់តែមិនប្រាកដប្រជា។ កន្លងមក មជ្ឈដ្ឋាននយោបាយនិងប្រជាជនថៃទូទៅ បានសំឡឹងឃើញថា មានតែព្រះអង្គម្ចាស់ក្សត្រី ផ័ឆរគិទិយ៉ាផា តែមួយព្រះអង្គគត់ដែលសក្តិសមនឹងឡើងស្នងរាជពីព្រះបិតា។ ចំណោទគ្មានអ្នកស្នងរាជនេះ កំពុងតែចោទឡើង ស្របពេលដែល ស្ថាប័នព្រះមហាក្សត្រថៃ កាន់តែរងនូវការរិះគន់ និងអស់ជំនឿចិត្ត ពីសំណាក់យុវជនថៃ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំនួន២ ដើម្បីឲ្យជួយលាងជម្រះរូបលោកចេញពីបញ្ជីទណ្ឌកម្មអាមេរិក ក្នុងសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកអនឡាញ ចេន ហ្ស៊ី។ បើតាមលិខិតដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាន លោក ស សុខា បានយល់ព្រមបង់ប្រាក់ជាង ៣០ម៉ឺនដុល្លារដើម្បីរកកិច្ចអន្តរាគមន៍ពីក្រុមហ៊ុនមេធាវីអាមេរិកទាំង២។
ព្រះបរមរាជវាំងថៃ នៅព្រឹកថ្ងៃទី១២មិថុនា បានចេញសេចក្តីថ្លែងការណ៍ពីដំណឹងសោយទីវង្គតរបស់ព្រះរាជបុត្រីច្បងព្រះមហាក្សត្រ ព្រះនាងម្ចាស់ ផាចារ័ក គិតិយាផា ក្នុងព្រះជន្ម ៤៧ព្រះវស្សា។ ភ្លាមៗ ព្រះមហាក្សត្រថៃដែលត្រូវជាបិតាបានចេញព្រះរាជក្រឹត្យមួយបង្គាប់ឱ្យព្រះបរមរាជវាំងថៃរៀបចំពិធីបុណ្យសពឱ្យខ្ពង់ខ្ពស់ និងថា ព្រះសពត្រូវតម្កល់នៅសាលបល្ល័ង្កពិម៉ាន់រ៉ាត់យា ក្នុងព្រះបរមរាជវាំង។
សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង្រឹងការអនុវត្តច្បាប់៕
បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានរួមគ្នាលើកគម្រោងរួមគ្នាផលិតប្រព័ន្ធប្រយុទ្ធផ្លូវអាកាសដ៏ទំនើបមួយ ហៅកាត់ថា SCAF។ ក៏ប៉ុន្តែ ជិត១០ឆ្នាំមកនេះ គម្រោងនេះបានជាប់គាំងមិនទៅមុខ ដោយមូលហេតុមិនចុះសម្រុងគ្នាជាច្រើន។ នៅទីបំផុត ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់ បានប្រកាសកាលពីដើមសប្តាហ៍នេះ សម្រេចបោះបង់ចោលគម្រោងនេះ។ ក្រុមហ៊ុនឧស្សាហកម្មសព្វាវុធអឺរ៉ុប បានថ្លែងការព្រួយបារម្ភថាអឺរ៉ុប កំពុងតែបាត់បង់ពេលវេលាឈានទៅរកស្វ័យភាពការពារខ្លួន នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ ដែលកាន់តែគំរាមសន្តិសុខអឺរ៉ុប។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានព្រមានថា នឹងយកប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបង្កក មកបង់ថ្លៃការខូចខាតរបស់ប្រទេសសម័្ពន្ធមិត្តអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្ស។ ការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងស្របពេលអាមេរិកកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់នៅក្នុងការចរចា និងគំរាមចាត់វិធានការថ្មីបន្ថែមទៀត ប្រសិនអ៊ីរ៉ង់នៅតែបន្តវាយប្រហារ។
ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកម្រិតទៀត នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីកងទ័ពអាមេរិកនិងអ៊ីរ៉ង់ បានបន្តបាញ់ប្លោងគ្រាប់វាយប្រហារគ្នា។ ក្រោយការវាយប្រហាររបស់អាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះអ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត បារ៉ែន និងហ្សកដានី។ អ៊ីរ៉ង់អះអាងទៀតថា បទឈប់បាញ់ លែងមានន័យអ្វីទៀតហើយ។ តែទោះជាយ៉ាងនេះក្តី ប្រភពពីមន្ត្រីទូតបានអះអាងថា ភាគីទាំង២នៅតែបន្តចរចាគ្នាដដែល។
ការប្រកួតបាល់ទាត់ពិភពលោក(Coupe du Monde ឬ FIFA World Cup 2026) នឹងចាប់ផ្តើមនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន៣ ធ្វើជាម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ នៅកម្ពុជា ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍កីឡាពិភពលោកដ៏មានប្រជាប្រិយនេះ រយៈពេលជាង១ខែ ដែលរួមមានជាង ១០០ប្រកួត។
រដ្ឋាភិបាលនៃប្រទេសចំនួន ២ គឺជប៉ុន និងសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយជាសាច់ប្រាក់សរុបជាង ១លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ។ ក្នុងសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ជប៉ុនបានផ្តល់ថវិកា ៩០ម៉ឺនដុល្លារ ក្នុងគម្រោងជួសជុលប្រាសាទបាយ័ន ខណៈអាមេរិកប្រកាសឱ្យថវិកាបន្ថែម ២៥ម៉ឺនដុល្លារ ដើម្បីអភិរក្សប្រាសាទភ្នំបាខែង។
ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពីចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?
តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិត បុរសជនជាតិចិនអ៊ុយហ្គួរ ២នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១១ មិថុនា ពីបទប្រព្រឹត្តអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក កាលពីឆ្នាំ២០១៥។ ហេតុការណ៍នេះបានឆក់យកជីវិតមនុស្សចំនួន ២០នាក់ និងរបួសជាង១០០នាក់។ អំពើភេរវកម្មនេះ ត្រូវបានគេវាយតម្លៃថា ជាការសងសឹកនឹងរដ្ឋាភិបាលថៃ ដែលបានចាប់បញ្ជូន ជនជាតិចិនអ៊ុយហ្គួរជាច្រើននាក់ ទៅឲ្យអាជ្ញាធរចិន។