ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលគ្រោងចំណាយជាង១០ពាន់លានដុល្លារ។ ចំនួននេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយលើប្រតិបត្តិការរបស់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗ រដ្ឋាភិបាលក៏បានព្យាករផងដែរចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៨%។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិ គឺក្នុងហេតុផលចង់ពង្រឹងវិស័យការពារជាតិ និងវិស័យអាទិភាពមួយចំនួនទៀត។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឲ្យ រដ្ឋាភិបាលគួរគិតគូរពិចារណាឲ្យបានល្អិតល្អន់នៅក្នុងការបង្កើនការចំណាយថវិកាជាតិ ជាពិសេសការកាត់បន្ថយមន្រ្តីនយោបាយ និងរៀបចំពង្រឹងប្រសិទ្ធភាពការងារ។