សមាគមខ្មែរ នៅ Montpellier ធ្វើបាតុកម្ម ទាមទាររកសន្តិភាព និង ប្រឆាំងឥរិយាបថឈ្លានពានពីភាគីថៃ
បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នាំ ២០២៥ សមាគមខ្មែរមួយផ្សេងទៀត នៅទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ដើម្បីសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមខ្មែរ-ថៃ ។ ក្រោមផ្ទៃមេឃខៀវស្រងាត់ និង អាកាសធាតុត្រជាក់ នៃរដូវរងា ជនជាតិខ្មែរ និង បារាំង ជាង ២០០ នាក់ មកពីទីក្រុងធំៗ មួយចំនួន នៅប៉ែកខាងត្បូងបារាំង បាននាំគ្នាដើរដង្ហែក្បួន ដៃកាន់បដា ស្រែកទាមទារ សន្តិភាព និង បរិហារ ឥរិយាបទ ឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ។ ថ្លែងក្នុងសុន្ទរកថា អ្នកស្រី នាង ម៉ាលីន អគ្គលេខានៃសមាគមខ្មែរ នៅ Montpellier បានអំពាវនាវទៅកាន់រដ្ឋាភិបាលបារាំង និង សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគម ជាបន្ទាន់ ដើម្បីជម្រុញឲ្យភាគីថៃ គោរពបទឈប់បាញ់ បញ្ឈប់ទង្វើហិង្សា ឈ្លានពាន មកលើដែនអធិបតេយ្យភាពខ្មែរ និង ជាពិសេស គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដែលបានចែង ។ អ្នកស្រី នាង ម៉ាលីន បន្ថែមទៀតថា ការព្រងើយកន្តើយ មិនអើពើ ពីសំណាក់សហគមន៍អន្តរជាតិ នឹងញ៉ាំងឲ្យប្រទេសមានអំណាចចំនួន តួយ៉ាងប្រទេសថៃ កាន់តែបានចិត្ត និង បន្តបំពានកាន់តែខ្លាំង មកលើប្រទេស ដែលទន់ខ្សោយជាងខ្លួន ។ នៅទីបញ្ចប់ អ្នកស្រី អគ្គលេខានៃសមាគមខ្មែរ Montpellier បានសង្កត់ធ្ងន់ថា កម្មវត្ថុចម្បងបំផុត នៃការជួបជុំគ្នាថ្ងៃនេះ គឺបញ្ជាក់អំពីជំហរ យ៉ាងមុតមាំ នៃប្រជាជនខ្មែរ ទាំងក្នុង និង ក្រៅប្រទេស ដែលចង់បានត្រឹម សន្តិភាព និង ភាពសុខដុមរមនា ប្រកបដោយនិរន្តរភាព រវាងប្រទេសជាតិខាង ៕